លោក ហ៊ុន សែន សង្ឃឹមថា បរិយាកាសបោះឆ្នោតរើសសមាជិកសភានៅថ្ងៃទី២៨ កក្កដា ខាងមុខ មិនបង្កើតឲ្យមានបរិយាកាសបែកបាក់ជាតិ និងមានអំពើហិង្សារវាងប្រជាពលរដ្ឋដែលគាំទ្រគណបក្សនយោបាយខុសគ្នាឡើយ។
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតថ្ងៃទី២ មេសា នៅកោះពេជ្រ លោកនាយករដ្ឋមន្ត្រីបានប្រកាសឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បង្កលក្ខណៈល្អ ឲ្យគ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតក្នុងការបោះឆ្នោតឲ្យមានឱកាសធ្វើសកម្មភាពនយោបាយដូចៗគ្នា៖ «ខ្ញុំអំពាវនាវចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិ ស្ថាប័នថ្នាក់ជាតិ ក៏ដូចជាកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវខិតខំរក្សាបរិយាកាសនយោបាយអព្យាក្រឹតសម្រាប់ដំណើរការនៃការបោះឆ្នោតទាំងមូល។ បណ្ដាបក្សនយោបាយទាំងអស់ ត្រូវតែមានសេរីភាពធ្វើសកម្មភាពនៅឯមូលដ្ឋាន»។
លោក ហ៊ុន សែន បានអំពាវនាវឲ្យអាជ្ញាធរដែនដីតាមមូលដ្ឋាន អនុញ្ញាតឲ្យគណបក្សនយោបាយនានាអាចដាក់តាំងដូចគ្នាស្លាកសញ្ញាគណបក្ស ឬរូបថតប្រធានគណបក្សនយោបាយ នៅតាមទីសាធារណៈរបស់រដ្ឋ នៅតាមផ្លូវជាតិ ស្ពាន ជាដើម៖ «សុំឲ្យអាជ្ញាធរនៅមូលដ្ឋាន យកចិត្តទុកដាក់ជួយសម្រួលបង្កលក្ខណៈឲ្យបណ្ដាបក្សនយោបាយទាំងអស់ បានលើកផ្លាកគណបក្សរបស់គេ។ បើគណបក្សកាន់អំណាចលើកបាន គេក៏អាចលើកបាន។ ប៉ុន្តែបើសិនជាចំផ្ទះប្រជាពលរដ្ឋ គឺត្រូវសុំប្រជាពលរដ្ឋ។ យើងនិយាយនៅទីនេះ គឺគ្រាន់តែកន្លែងសាធារណៈប៉ុណ្ណោះ ដូចជា គល់ស្ពានព្រះមុនីវង្សអីចឹង មានអ្នកយាមស្ពានច្រើនណាស់។ ដូច្នេះ បើគណបក្សប្រជាជនអាចយាមស្ពាននោះបាន គណបក្សដទៃក៏អាចឈរយាមស្ពាននោះបានដែរ»។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានប៉ូលិស ប៉េអិម ទាហាន ប្រកាន់គោលការណ៍អព្យាក្រឹត និងចូលរួមការពារអ្នកនយោបាយដែលចុះឃោសនាជួបជាមួយសកម្មជនគណបក្ស និងប្រជាពលរដ្ឋ ដើម្បីស្វែងរកសន្លឹកឆ្នោតនៅតាមខេត្ត ខណ្ឌ នានា៖ «ពិតមែនហើយ ក្នុងនាមគណបក្សប្រជាជន យើងក៏ចង់បានសន្លឹកឆ្នោតដែរ ប៉ុន្តែយើងក៏មានកាតព្វកិច្ចក្នុងនាមជានាយករដ្ឋមន្ត្រី ក្នុងនាមរដ្ឋាភិបាល ដែលត្រូវមានការទទួលខុសត្រូវលើបរិយាកាសបោះឆ្នោតអព្យាក្រឹត សន្តិសុខ សណ្ដាប់ធ្នាប់ សេរី យុត្តិធម៌ ដែលអាចប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ហើយកុំឲ្យការបោះឆ្នោតនេះក្លាយជាការបាក់បែកជាតិ»។
លោក ហ៊ុន សែន ក៏បានហាមអាជ្ញាធរគ្រប់ជាន់ថ្នាក់ កុំឲ្យរារាំងប្រជាពលរដ្ឋចូលរួមស្តាប់ការប្រជុំនយោបាយរបស់គណបក្សនយោបាយនានា និងគំរាមប្រជាពលរដ្ឋដែលចូលរួមស្តាប់ការឃោសនារបស់គណបក្សនយោបាយ ពីព្រោះនេះជាសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ៖ «គណបក្សនយោបាយមានសិទ្ធិទៅធ្វើសកម្មភាពនយោបាយនៅគ្រប់ទីកន្លែងដែលគេចង់ទៅ។ យើងមិនត្រូវរារាំងការចូលរួមរបស់ប្រជាជនដែរ។ វាជាអំពើឆោតល្ងង់របស់គណបក្សក្នុងរដ្ឋាភិបាល បើសិនជាគំរាមកំហែងទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋ»។
បើសិនជាកើតមានជម្លោះរវាងសមាជិកគណបក្សនយោបាយដែលចូលរួមគណបក្សនយោបាយខុសគ្នា លោក ហ៊ុន សែន បានអំពាវនាវឲ្យមានការដោះស្រាយដោយសន្តិវិធី។ ក្នុងករណីមិនអាចដោះស្រាយបានដោយសន្តិវិធី គឺមានតែការប្ដឹងទៅតុលាការតែប៉ុណ្ណោះ។
ចាប់តាំងពីក្រោយមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៦ មីនា មក លោក ហ៊ុន សែន ដែលត្រូវគណបក្សប្រកាសជាផ្លូវការថា ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានចាប់ផ្ដើមថ្លែងនៅក្នុងសុន្ទរកថាជាសាធារណៈរបស់លោកតាមវេទិកានានា ទាក់ទងការបោះឆ្នោតរើសសមាជិកសភាអាណត្តិទី៥។
នៅក្នុងសេចក្តីថ្លែងជាសាធារណៈមួយចំនួន លោក ហ៊ុន សែន តែងតែចំអក ឬឆ្លើយតបដោយមិនបញ្ចេញឈ្មោះអ្នកនយោបាយដែលបានរិះគន់ការដឹកនាំប្រទេសរបស់លោក ក្នុងរយៈពេលជិត ៣០ឆ្នាំកន្លងមក ក្នុងឋានៈជានាយករដ្ឋមន្ត្រី។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅថ្ងៃទី២ មេសា ថា ការថ្លែងរបស់លោក ហ៊ុន សែន នោះ ជាការល្អហើយ ដើម្បីឲ្យបរិយាកាសបោះឆ្នោតមានភាពត្រឹមត្រូវ ពីព្រោះគាត់ជានាយករដ្ឋមន្ត្រី ប៉ុន្តែសុំកុំនិយាយផ្សេង ធ្វើសកម្មភាពផ្សេង៖ «សុំកុំនិយាយតែមាត់។ ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌នោះ ទាល់តែឲ្យប្រព័ន្ធផ្សព្វផ្សាយនោះឲ្យមានទាំងអស់គ្នា មិនមែនមានតែបក្សកាន់អំណាចទេ។ ហើយកុំយកតួនាទីខ្លួនជានាយករដ្ឋមន្ត្រីដើរឃោសនាអីចឹង មិនត្រូវទេ ពីព្រោះប្រើប្រាស់ថវិកាជាតិ ប្រើប្រាស់អង្គរក្សជាតិ ជិះយន្តហោះ ជិះឡាន លុយរដ្ឋទាំងអស់ ហើយយកមកឃោសនាឲ្យខ្លួនឯង គណបក្សនោះ ខុសហើយ។ បើចង់ឲ្យបោះឆ្នោត សេរី និងត្រឹមត្រូវ យុត្តិធម៌ សុំឲ្យធ្វើឲ្យស្មើភាពគ្នា»។
លោក កឹម សុខា បានឲ្យដឹងថា មកទល់បច្ចុប្បន្ន ការដាក់តាំងស្លាកសញ្ញាគណបក្ស មិនទាន់មានបញ្ហាកើតមានជាឧបសគ្គធំដុំនៅឡើយទេ។
ចំណែកលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការសង្កេតការណ៍បោះឆ្នោតមួយឈ្មោះ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្រ្វែល (COMFREL) មានប្រសាសន៍ថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីនេះ ជាការល្អ តែបើមានចេញជាក្រដាសលាយលក្ខណ៍អក្សរទៀតនោះ កាន់តែច្បាស់៖ «បើសិនជាមានជាសារាចរនោះ វាល្អ ជាពិសេសទាក់ទងជាមួយកងកម្លាំងប្រដាប់អាវុធ។ មន្ត្រីតុលាការ អាជ្ញាធរអីហ្នឹង ឲ្យគាត់បានដឹង។ បើមានសារាចរនោះ ស្រណុកយើងយកមកផ្ទៀងផ្ទាត់»។
រីឯលោក អំ សំអាត មន្ត្រីអង្កេតជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) មានយោបល់ថា បើលោកនាយករដ្ឋមន្ត្រីបានលើកជាអនុសាសន៍ជាមុន ដូច្នេះវាជួយការពារទង្វើមិនត្រឹមត្រូវរបស់បុគ្គលអាជ្ញាធរមូលដ្ឋានមួយចំនួន៖ «ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភនោះ តើមន្ត្រី ឬអាជ្ញាធរមូលដ្ឋានទាំងអស់ គាត់អាចយកប្រសាសន៍នាយករដ្ឋមន្ត្រីនោះទៅអនុវត្តន៍កម្រិតណា»។
ប្រទេសកម្ពុជា រៀបចំការបោះឆ្នោតរើសតំណាងរាស្ត្រអាណត្តិទី៥ នៅថ្ងៃទី២៨ កក្កដា ខាងមុខ។ មកទល់ពេលនេះ គេមិនទាន់ដឹងថាមានគណបក្សនយោបាយចំនួនប៉ុន្មានចូលរួមប្រកួតដណ្ដើមអាសនៈចំនួន១២៣ នៅរដ្ឋសភាឡើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅក្នុងការបោះឆ្នោតនោះ មានប្រជាពលរដ្ឋគ្រប់អាយុមានសិទ្ធិបោះឆ្នោតចំនួនជាង ៩លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។