ប្រជាពលរដ្ឋជាង ២លានគ្រួសារកំពុងជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជន។ ប្រមុខរដ្ឋាភិបាលយល់ថា ការជំពាក់បំណុលច្រើន គឺដោយសារប្រជាពលរដ្ឋខ្មែរភាន់ច្រឡំ ស្មានថាអ្នកឲ្យលុយខ្ចីជាស្ថាប័នរដ្ឋ និងចាញ់ឃោសនាអ្នកនយោបាយរឿងលុបបំណុល។ ប៉ុន្តែអ្នកវិភាគ និងមន្ត្រីគណបក្សប្រឆាំងសង្កេតឃើញថា ការជំពាក់បំណុល គឺមកពីជីវភាពខ្វះខាត និងបញ្ហាកសិផលគ្មានទីផ្សារ។ រដ្ឋាភិបាលបញ្ជាឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ដូរនិមិត្តសញ្ញាពាណិជ្ជកម្ម និងគំរាមចងស្លាបសេកអ្នកណាថាអាចលុបបំណុល។ ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដៀលលោក សម រង្ស៊ី ថាជាមនុស្សចង្រៃ ព្រោះរឿងបំណុលនេះ។
ប្រមុខរដ្ឋាភិបាលសម្ដែងភាពក្រេវក្រោធដាក់អ្នកស្រុកបារាំងម្នាក់ ដែលហ៊ានស្នើឲ្យរដ្ឋាភិបាលជួយដោះស្រាយបំណុលជូនប្រជាពលរដ្ឋខ្មែររាប់លានគ្រួសារ ដែលជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងកាលពីព្រឹកថ្ងៃទី៦ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាអ្នកចង់ឲ្យរដ្ឋាភិបាលធ្វើដូច្នេះ គឺជាមនុស្សឧបទ្រព៖ « អាមួយស្រែកពីប៉ារីសមក៍ ថាវាឈប់ធ្វើនយោបាយហើយ វានៅតែស្រែកមក៍ទៀត ! មកឲ្យរដ្ឋចេញមុខសងជួស។ អ្ហា៎ក ! វាទៅជាចង្រៃអ៊ីចឹងទៅ អាមនុស្សចង្រៃអ៊ីចឹង ! ឲ្យលោក ហ៊ុន សែន ចេញមក ដើម្បីសងលុយជួសប្រជាជន។ ប្រជាជនទៅខ្ចីលុយមីក្រូហិរញ្ញវត្ថុ ឲ្យអញទៅសង។ អានេះពិតជាមនុស្សអាក្រក់មែនម៉ង ! ចាកចេញទៅហើយ នៅមកវិលវល់ៗនៅតែហ្នឹង មិនប្រកាច់នៅឲ្យស្ងៀមសិនមើល៍ !»។
ទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិននិយាយចំឈ្មោះក៏ដោយ កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី បានស្នើឲ្យរដ្ឋាភិបាលជួយកសិករ។ លោក សម រង្ស៊ី សរសេរសារនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកកាលពីថ្ងៃទី២៧ ខែកុម្ភៈ ថា « រដ្ឋាភិបាលត្រូវចេញមុខជួយកសិករដែលជំពាក់លុយគេវ័ណ្ឌក »។ លោកបន្តថា « រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវចំពោះទុក្ខវេទនារបស់កសិកររាប់លាននាក់ដែលធ្វើស្រែ ធ្វើចម្ការដោយខាតបង់រាល់ឆ្នាំ ជាហេតុតម្រូវឲ្យកសិករទាំងនោះខ្ចីលុយពីស្ថាប័នមីក្រូហិរញ្ញវត្ថុកាន់តែច្រើនឡើងៗ ដើម្បីបំពេញកង្វះខាតរហូតដល់ត្រូវគេរឹបអូសដីធ្លី ដោយសារតែគ្មានលទ្ធភាពសងលុយម្ចាស់បំណុល »។
ទីប្រឹក្សានៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ប៊ុន មុនី លើកឡើងថា បច្ចុប្បន្ន ប្រជាពលរដ្ឋចំនួន ២លានគ្រួសារដែលភាគច្រើនរស់នៅទីជនបទ ឬ ៦០ភាគរយនៃចំនួនគ្រួសារសរុបនៅកម្ពុជា កំពុងជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជនចំនួនប្រមាណ ៦០ស្ថាប័ន។ ពលរដ្ឋភាគច្រើនខ្ចីប្រាក់ចន្លោះពី ៣ពាន់ដុល្លារទៅ ៤ពាន់ដុល្លារ។
ស្របពេលដែលប្រជាពលរដ្ឋស្ទើរពាក់កណ្ដាលប្រទេស ដែលភាគច្រើនជាអ្នកជនបទកំពុងផុងខ្លួនជំពាក់ប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជនយ៉ាងសន្ធឹកបែបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដីបន្ទោសថា រឿងនេះមកពីប្រជាពលរដ្ឋយល់ច្រឡំ ស្មានថាស្ថាប័នឲ្យខ្ចីប្រាក់ទាំងនោះជារបស់រដ្ឋ ព្រោះនោះជាលុយអង្គការ និងថាមកពីចាញ់ឃោសនាអ្នកនយោបាយគណបក្សប្រឆាំង ដែលសន្យាថានឹងលុបបំណុលពេលគណបក្សប្រឆាំងឈ្នះឆ្នោត៖ « ដល់អង្គការហ្នឹងវាជាប់ពីសម័យ ប៉ុល ពត មក៍។ អង្គការគឺរដ្ឋ បូកបន្ថែមដល់អ្នកនយោបាយទៅខ្សឹបថាអ្ហែងខ្ចីៗ ប្រឹងខ្ចី ដល់ខ្ញុំឈ្នះ ខ្ញុំលុបចោល »។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក សុន ឆ័យ បានច្រានចោលការលើកឡើងបែបនេះ ដោយអះអាងថា លោកមិនដែលធ្លាប់ឮអំពីការឃោសនារបស់គណបក្សសង្គ្រោះជាតិ រឿងលុបបំណុល បើគណបក្សលោកឈ្នះឆ្នោត ដូចការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះទេ។ លោក សុន ឆ័យ បានបន្តថា មានវិធីជួយដោះស្រាយបញ្ហានេះបាន ដោយរដ្ឋាភិបាលត្រូវសម្រួលជាមួយនឹងស្ថាប័នហិរញ្ញវត្ថុដើម្បីកាត់បន្ថយការប្រាក់ ដោយការយោគយល់ស្រុះស្រួល។
ប្រជាពលរដ្ឋតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និងខេត្តស្ទឹងត្រែង បញ្ជាក់ថា ពួកគាត់ខ្ចីប្រាក់ គឺដោយសារជីវភាពខ្វះខាត ភាពក្រីក្រ ខ្វះដើមទុនរកស៊ី គ្មានការងារធ្វើ កសិផលធ្លាក់ថ្លៃ ឈឺថ្កាត់គ្មានលុយបង់ថ្លៃពេទ្យ។
លោកស្រី សាត ស៊ីហ៊ាប ជាកសិករនៅស្រុកកោះសូទិន ខេត្តកំពង់ចាម អះអាងថា គាត់បង្ខំចិត្តត្រូវជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនដោយមានការប្រាក់ផង ដោយសារជីវភាពខ្វះខាតគ្មានប្រាក់បង់ថ្លៃព្យាបាលជំងឺកាលគាត់ធ្លាក់ខ្លួនឈឺ មិនមែនអ្នកនយោបាយខ្សឹបគាត់ឲ្យខ្ចីនោះឡើយ៖ « កាលហ្នឹងគេថាវា ២ , ៧ % ចេះតែយកអ៊ីចឹង ហ្នឹងហើយ ! បើយើងមិនយកមើលខ្លួនទេ បានលុយឯណា បើយើងក្រអត់មានលុយ។ កូនវាថាម៉ែអើយយកទៅ ចាំកូនធ្វើការរោងចក្រកូនដោះ។ ធ្វើការរោងចក្រឯណា កាលហ្នឹងរោងចក្រគេរំសាយ មានបានធ្វើឯណា »។
លោកស្រីបន្តថា ដោយសារចង់ដោះបំណុលម្តាយ កូនរបស់គាត់ម្នាក់បានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសចិន។ ម្នាក់ទៀតត្រូវធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដើម្បីជួយម្តាយ៖ «ដល់ពេលក្រោយមក មេខ្យល់វានៅស្រុកចិន ហ្នឹង វាដកទូរស័ព្ទមិនឲ្យកូនខ្ញុំទាក់ទងទៅស្ថានទូត។ ដល់ពេលចុងក្រោយមក៍ ខ្ញុំអត់បានដឹងដំណឹងកូន។ រាល់ថ្ងៃហ្នឹងបានកូនដែលរត់ទៅថៃ។ បានអាថៃ ហ្នឹងវាផ្ដោះប្ដូរសង»។
អ្នកស្រុកចម្ការលើ ខេត្តកំពង់ចាម លោកស្រី សន ច្រិប ជំពាក់លុយធនាគារឯកជនដែរ ដោយសារជីវភាពខ្វះខាត គ្មានប្រាក់ចិញ្ចឹមកូន និងឲ្យកូនរៀន ទើបលោកស្រីត្រូវខ្ចីប្រាក់ធនាគារ។ ប៉ុន្តែដោយជីវភាពកាន់តែយ៉ាប់យ៉ឺន លោកស្រីគិតចង់បញ្ឈប់កូនពីសាលា ដើម្បីធ្វើការជួយរកប្រាក់ដោះបំណុល៖ « ចង់ឲ្យឈប់រៀន ទៅធ្វើរោងចក្រយកលុយមកសងគេវិញ »។
ចំណែកប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង លោក កោ សុភា ដែលជាជាងជួសជុលម៉ូតូ និងលោកស្រី គង់ តឹងឡឹង ជាអ្នកលក់ដូរនៅផ្ទះ បានបញ្ជាក់ថា ពួកគាត់ខ្ចីប្រាក់ធនាគារ គឺដោយសារខ្វះដើមទុនរកស៊ី មិនមែនដោយសារមាននរណាសន្យាលុបបំណុលនោះទេ៖ « លោក កោ សុភា៖ យកលុយហ្នឹងដើម្បីទិញអីវ៉ាន់រកស៊ីធ្វើជាងម៉ូតូ។ លោកស្រី គង់ តឹងឡឹង៖ ខ្ចីដោយសារអត់ហ្នឹងណា៎ ! ខ្ចីដើម្បីយកមកប្រកបមុខរបររកស៊ីរកចុកយើងនេះណា »។
លោកបណ្ឌិត មាស នី ព្រួយបារម្ភពីការជំពាក់បំណុលដ៏សន្ធឹកសន្ធាប់ និងភាពគ្មានលទ្ធភាពសងប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងនេះ។ លោកព្រួយបារម្ភដោយសារតែផលប៉ះពាល់នេះ រាលដាលដល់កសិករស្ទើរគ្រប់គ្នា៖ « បើយើងនិយាយពីប្រាក់កម្ចីនេះ គឺធ្ងន់ណាស់។ ធ្ងន់មែនទែន ! វាត្រូវនឹងពេលដែលមានវិបត្តិអត់មានទីផ្សារផលិតផលហ្នឹងផង។ យើងឃើញពីរឆ្នាំចុងក្រោយនេះ មិនមែនតែប៉ះកសិករតូចៗទេ ចាប់ផ្ដើមប៉ះដល់កសិករថ្នាក់កណ្ដាល ថ្នាក់ធំ ព្រោះដំបូង ឬស្រូវបានមកលក់ទៅអត់ចេញ ឬអត់មានទីផ្សារ ឬអត់ចំណេញ »។
ស្របពេលដែលមិនទាន់មានដំណោះស្រាយក្នុងរឿងពលរដ្ឋជំពាក់បំណុលគ្រឹះស្ថានឥណទានឯកជនទាំងនេះ រដ្ឋាភិបាលងាកមករកវិធីផ្លាស់ប្ដូរនិមិត្តសញ្ញាពាណិជ្ជកម្ម (ឬឡូហ្គោ) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជនណាដែលមាននិមិត្តសញ្ញាពាណិជ្ជកម្មស្រដៀងនិមិត្តសញ្ញារបស់ស្ថាប័នរដ្ឋ ដោយអះអាងថា ការធ្វើដូច្នេះ អាចធ្វើឲ្យប្រជាពលរដ្ឋលែងភាន់ច្រឡំថា គ្រឹះស្ថានទាំងនោះជារបស់រដ្ឋ។ រដ្ឋាភិបាលចេញបញ្ជាឲ្យធ្វើយុទ្ធនាការនេះពេញមួយឆ្នាំ ដោយបង្គាប់ឲ្យផ្សព្វផ្សាយសារតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញទូរស័ព្ទចល័តក្នុងស្រុក។
សំឡេងពេលហៅទូរស័ព្ទ (Ringtone) ពីក្រុមហ៊ុនទូរស័ព្ទ៖ « គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ។ សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ។ សូមអរគុណ »។
លោក ហ៊ុន សែន បានព្រមានខ្លាំងៗថា នឹងបិទគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនទាំងឡាយណាដែលមិនព្រមធ្វើតាមបញ្ជារដ្ឋាភិបាល ក្នុងការប្ដូរនិមិត្តសញ្ញាពាណិជ្ជកម្ម និងផ្សាយសារដូចខាងលើជាសាធារណៈ និងគំរាមចងស្លាបសេកអ្នកនយោបាយណាដែលហ៊ានសន្យាលុបបំណុល៖ « អ្នកណាលុបបំណុល ចាប់វ៉ៃខ្នោះនៅនឹងកន្លែង។ ឯងលុបបំណុលយ៉ាងម៉េច ? ដើរតែភូតគេទេអ្ហី ? អាហ្នឹងអត់ទេ និយាយឲ្យច្បាស់ៗ ត្រូវសងគេទាំងការទាំងដើម »។
មានស្ថាប័នឯកជនជាងដប់ រួមមានធនាគារអេស៊ីលីដា (Acleda) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានប្ដូរនិមិត្តសញ្ញាពាណិជ្ជកម្មរបស់ខ្លួន ទោះបីនិមិត្តសញ្ញារបស់ខ្លួនប្រើប្រាស់ជាផ្លូវការអស់រយៈពេល ២៤ឆ្នាំហើយក៏ដោយក្តី។ ធនាគារអេស៊ីលីដា បានប៉ាន់ស្មានថា ការផ្លាស់ប្ដូរឡូហ្គោនេះបានចំណាយជិត ៤លានដុល្លារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ចំណាយប្រាក់ជិត ១លានដុល្លារ ដែលជាបន្ទុករបស់ធនាគារផ្ទាល់។
ទោះបីជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី ចាត់ទុកចំណាត់ការរបស់រដ្ឋាភិបាលបែបនេះ ថាមិនមែនជាដំណោះស្រាយទេ ប៉ុន្តែជាការគេចមិនដោះស្រាយបញ្ហាជូនពលរដ្ឋដែលរងគ្រោះដោយសារបំណុល៖ « សារដែលគេផ្សព្វផ្សាយបែបនេះ គ្រាន់តែដើម្បីឲ្យរដ្ឋាភិបាលគន្លាស់ដៃ មិនយកចិត្តទុកដាក់ ហើយមិនទទួលខុសត្រូវចំពោះស្ថានភាពហិរញ្ញវត្ថុដ៏ដុនដាបរបស់កសិករខ្មែររាប់លាននាក់ដែលជំពាក់លុយស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនោះយ៉ាងវ័ណ្ឌក។ តាមការពិត រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវចំពោះទុក្ខវេទនារបស់កសិកររាប់លាននាក់ ដែលធ្វើស្រែធ្វើចម្ការដោយខាតបង់រាល់ឆ្នាំ ជាហេតុតម្រូវឲ្យកសិករទាំងនោះខ្ចីលុយពីស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនោះកាន់តែច្រើនឡើងៗ ដើម្បីបំពេញកង្វះខាតរហូតដល់ត្រូវគេរឹបអូសដីធ្លី ដោយសារតែគ្មានលទ្ធភាពសងលុយម្ចាស់បំណុល »។
អតីតប្រធានគណបក្សសង្គ្រោះជាតិ រូបនេះស្នើបន្ថែមថា រដ្ឋាភិបាលត្រូវតែរៀបចំវិស័យកសិកម្មឡើងវិញ ដើម្បីធានាឲ្យកសិករមានដីធ្លីគ្រប់គ្រាន់ដើម្បីប្រកបអាជីវកម្ម មានទឹកគ្រប់គ្រាន់ដើម្បីស្រោចស្រពស្រែចម្ការ មានការទ្រទ្រង់បច្ចេកទេសគ្រប់បែបយ៉ាង ដើម្បីបង្កើនផលិតភាពកសិកម្ម ហើយជាពិសេស ត្រូវតែរៀបចំទីផ្សារដើម្បីឲ្យកសិករអាចលក់ផលដំណាំដែលប្រមូលបានក្នុងតម្លៃខ្ពស់សមរម្យ ដើម្បីទ្រទ្រង់ជីវភាពរស់នៅ ដោយមិនចាំបាច់ទៅខ្ចីលុយពីគេ ឬក៏បង្ខំចិត្តចំណាកស្រុកដូចសព្វថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។