កាលពីដើមសប្ដាហ៍នេះ ទីស្ដីការគណៈរដ្ឋមន្ត្រីផ្សព្វផ្សាយជាចំហសារនយោបាយនិយាយពីសម្ដីវាយប្រហារគ្នារវាងប្រធានបក្សប្រឆាំងពីរ នៅមុនការច្របាច់បញ្ចូលគ្នា គឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស។ នៅក្នុងពិធីជួបជុំប្រជាពលរដ្ឋមួយនៅខេត្តកំពង់ចាម នៅថ្ងៃទី២ ឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បានបន្ទរថា សារនោះល្អ និងផ្សាយឲ្យបានច្រើន។ ប៉ុន្តែ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ចាត់ទុកថា សារនយោបាយដែលលោក ហ៊ុន សែន ប្រើប្រាស់នៅពេលនេះ គឺគ្មានតម្លៃទៀតនោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យប្រព័ន្ធព័ត៌មាននានាគួរត្រូវបានផ្សព្វផ្សាយឲ្យបានសកម្មជាងនេះបន្ថែមទៀត អំពីសារនយោបាយរបស់គណបក្សប្រឆាំង ដែលចោទប្រកាន់គ្នាទៅវិញ ថាជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា ដែលលោក ហ៊ុន សែន ហៅថា មិនគួរត្រូវបានលាក់លៀមអំពើពុតត្បុតរបស់បក្សប្រឆាំងឡើយ។
ការថ្លែងរបស់លោក ហ៊ុន សែន ដែលត្រូវគេដឹងថា ធ្វើឡើងដើម្បីចំណេញផ្នែកនយោបាយនៅមុនការបោះឆ្នោតសកល ថ្ងៃទី២៨ កក្កដា ត្រូវចាប់ផ្ដើមនោះ លោក ហ៊ុន សែន គិតថា សារដែលត្រូវគេទម្លាយជាចំហដែលមន្ត្រីក្នុងគណបក្សប្រឆាំងពីរ ទម្លាក់កំហុសគ្នាទៅវិញទៅមកនោះ គឺជាអ្វីដែលពលរដ្ឋត្រូវដឹងជាសាធារណៈ។
បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបញ្ចេញឈ្មោះថាជាគណបក្សនយោបាយណាមួយក៏ដោយ នៅគ្រាលោកថ្លែងនៅក្នុងពិធីបញ្ចុះខណ្ឌសីមានៅវត្តក្ដុល ក្នុងស្រុកមេមត់ ខេត្តកំពង់ចាម នៅថ្ងៃទី២ ខែឧសភា តែគេដឹងថា គឺជាគណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការរួមបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស។ លោក ហ៊ុន សែន ចំអកថា គណបក្សប្រឆាំងមួយនេះមិនគួរបិទបាំងពីភាពមិនស្មោះត្រង់ និងការមិនជឿទុកចិត្តគ្នាតទៅទៀតនោះទេ៖ «ខ្លាចអី កុំខ្លាចខ្លួនឯងទាស់គ្នាជេរគ្នាយ៉ាងម៉េច បង្ហោះឲ្យអស់ និយាយគ្នាឲ្យអស់ទៅ។ ឥឡូវមានវិទ្យុប៉ុន្មានចាក់ទៅ លោកឯងយកទៅចាក់យកទៅហ្វ្រី (Free) ម៉ាសេរី។ ឥឡូវឮថាគេកំពុងធ្វើជាឌីសផង ធ្វើជាអីផងចាក់ទៅ ព្រោះគេជេរគ្នាល្អស្ដាប់ដែរ ខ្ញុំសើចដែរ យប់មិញខ្ញុំស្ដាប់ដែរ ដល់ខ្ញុំស្ដាប់ខ្ញុំសើចដែរ។ គេដាក់អីចំណងជើង អាយ៉ៃឆ្លងឆ្លើយរវាងជើងខ្លាំងពីរនាក់»។
ឆ្លើយតបបញ្ហានេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា លោកនឹងមិនព្រួយបារម្ភនឹងឧបសគ្គណាមួយចំពោះសារនោះឡើយ។ លោកគិតថា នេះជាវិធីរបស់លោក ហ៊ុន សែន ដែលតែងប្រើ ប៉ុន្តែលោកបញ្ជាក់ថា នៅទីបំផុត តាមរយៈយន្តការនេះនឹងអាចធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ត្រូវធ្លាក់ការគាំទ្រទៅវិញ៖ «រឿងដដែលហើយគណបក្សប្រជាជន លោកនាយករដ្ឋមន្ត្រី គាត់ចេះធ្វើនយោបាយតែរបៀបដដែលហ្នឹង។ នយោបាយបំបែកបំបាក់ នយោបាយដែលញុះញង់គ្នាឲ្យឈ្លោះគ្នា នយោបាយទិញដូរអីហ្នឹង គឺដដែលៗតែប៉ុណ្ណឹងទេ។ ប៉ុន្តែនយោបាយរបស់គាត់ហ្នឹង គឺអស់តម្លៃរលីងហើយសម្រាប់ស្រុកខ្មែរ។ យើងនេះ ប្រជាពលរដ្ឋគេដឹងហើយ គេដឹងអ្នកណាជានរណាហើយ។ ហើយប្រជាពលរដ្ឋគេសរសើរពួកយើងខ្ញុំទៅវិញទេ ដែលពួកយើងខ្ញុំជាអ្នកប្រជាធិបតេយ្យ ពេលដែលយើងរិះគន់គ្នាយើងរិះគន់គ្នា ដោយអត់មានប្រើអំពើហិង្សាអីទេ។ យើងរិះគន់គ្នា ហើយដល់ពេលណាយើងឃើញបញ្ហាគ្រោះថ្នាក់របស់ប្រទេសជាតិ យើងយកប្រយោជន៍ជាតិជាធំ»។
លោក ហង្ស ពុទ្ធា នាយកអង្គការនិកហ្វិច (NICFEC) ចាត់ទុកថា នេះជាយុទ្ធសាស្ត្ររបស់អ្នកនយោបាយដែលតែងប្រើប្រាស់ក្នុងន័យផ្ដួលដៃគូដែលខ្សោយជាងខ្លួន៖ «សម្រាប់អ្នកនយោបាយ លោកតែងតែស្វែងរកចំណុចខ្សោយពីគណបក្សផ្សេងទៀត ដើម្បីជំរុញការឃោសនារបស់គណបក្សខ្លួន ហើយដើម្បីឲ្យគណបក្សផ្សេងហ្នឹងមានកិត្យានុភាពហ្នឹងទាបជាងគណបក្សរបស់ខ្លួន។ អ៊ីចឹង ខ្ញុំគិតថានេះជារឿងធម្មតាទេសម្រាប់អ្នកនយោបាយ»។
សារដែលមានរយៈពេលជាង ២៥នាទី ត្រូវបានទីស្ដីការគណៈរដ្ឋមន្ត្រីចែកចាយជាសាធារណៈ កាលពីថ្ងៃទី១ ឧសភា ស្ដីពីអាយ៉ៃឆ្លើយឆ្លងជើងខ្លាំងពីរ គឺជាសម្ដីមានការចោទប្រកាន់គ្នារវាងបក្សប្រឆាំងពីរ ថាជាគណបក្សបម្រើគោលនយោបាយឲ្យគណបក្សប្រជាជនកម្ពុជា តែរៀងៗខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។