លោក ហ៊ុន សែន ប្រកាស​ឲ្យ​អ្នក​គាំទ្រ​បក្ស​ប្រជាជន​ងើប​តប​ត​នឹង​បក្ស​ប្រឆាំង​វិញ

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ទៅ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ដែល​បាន​រិះគន់​លោក នៅ​ខណៈ​ទាំង លោក សម រង្ស៊ី និង​លោក កឹម សុខា កំពុង​បំពេញ​ទស្សនកិច្ច​នៅ​បរទេស​នោះ។ លោក ហ៊ុន សែន ប្រកាស​ថា មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ កំពុង​តែ​បង្ក​ឲ្យ​មាន​អស្ថិរភាព​សង្គម។ លោក​ព្រមាន​ថា មេ​ដឹក​នាំ​ទាំង​ពីរ​នឹង​ប្រឈម​មុខ​ផ្លូវ​ច្បាប់ ហើយ​លោក​នឹង​មិន​លើក​លែង​ឲ្យ​ទៀត​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ប្រកាន់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​អ្នក​កេង​ចំណេញ​នយោបាយ​ពី​អស្ថិរភាព​នយោបាយ​នៅ​កម្ពុជា។ លោក​ព្រមាន​ថា សំណុំ​រឿង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​មិន​ទាន់​បញ្ចប់​នោះ​ឡើយ ទុក​ឲ្យ​តុលាការ​ជា​អ្នក​ចាត់​ចែង ហើយ​លោក​ក៏​មិន​ទទួល​យក​ការ​ស្នើសុំ​លើក​លែង​ទោស​ពី លោក សម រង្ស៊ី ទៀត​ដែរ។

លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​នយោបាយ​ទាំង​កំហឹង​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​នៅ​តាម​គណនី​ហ្វេសប៊ុក (facebook) របស់​លោក​មាន​រយៈពេល​ជាង ៤០​នាទី​នៅ​ល្ងាច​ថ្ងៃ​ទី​១២ វិច្ឆិកា។ លោក ហ៊ុន សែន ថែម​ទាំង​ប្រកាស​ឲ្យ​អ្នក​គាំទ្រ​លោក​ងើប​ឡើង ដើម្បី​ត​ទល់​ទៅ​នឹង​សកម្មភាព​គណបក្ស​ប្រឆាំង​ទៀត​ផង៖ «ការ​ញុះញង់​ឲ្យ​ខ្ញុំ​ព្រះ​ករុណា​ខឹង ការ​ញុះញង់​ឲ្យ​មាន​បញ្ហា​នេះ បញ្ហា​នោះ​កើត​ឡើង ដូច​ជា​បាតុកម្ម​នៅ​ញីវយ៉ក និង​បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស ដែល​ខ្ញុំ​ព្រះករុណា​ខ្ញុំ​និយាយ​ត្រង់ៗ​ថា បើ​គ្មាន​បាតុកម្ម​នៅ​ញីវយ៉ក និង​គ្មាន​បាតុកម្ម​នៅ​ប៉ារីស ដែល​រៀបចំ​ដោយ​បក្ស​ប្រឆាំង​ទេ វា​ក៏​គ្មាន​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ​ដែរ។ នេះ​ជា​សិទ្ធិ​នយោបាយ​ដូច​គ្នា ហើយ​សូម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន អ្នក​គាំទ្រ​រដ្ឋាភិបាល​ដើម្បី​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយ​តប​ចំពោះ​ទង្វើ​​អាក្រក់​របស់​បក្ស​ប្រឆាំង និង​អ្នក​គាំទ្រ​របស់​គេ»

ការ​បញ្ចេញ​​សារ​នយោបាយ​ជា​ថ្មី​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី លោក សម រង្ស៊ី និង​លោក កឹម សុខា លើក​ឡើង​ថា កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ឯ​បរទេស។ លោក កឹម សុខា ថ្លែង​ថា រដ្ឋាភិបាល​ជប៉ុន មាន​តួនាទី​សំខាន់​ណាស់​សម្រាប់​ជួយ​រក​ដំណោះស្រាយ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។

ដោយឡែក លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា ថា រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ នឹង​ប្រើប្រាស់​មធ្យោបាយ​គ្រប់​ប្រភេទ ដើម្បី​រារាំង​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ដោយសារ​តែ​ព្រួយ​បារម្ភ​ពី​ការ​ចាញ់​ឆ្នោត។

លោក សម រង្ស៊ី បន្ត​ថា ក្តី​បារម្ភ​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ បន្ទាប់​ពី​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះអាសន្ន​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា (Myanmar/Burma) បង្ហាញ​ថា គណបក្ស​ប្រឆាំង​ដែល​ដឹក​នាំ​ដោយ អ្នកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) បាន​ឈ្នះ​ឆ្នោត។

លោក សម រង្ស៊ី បន្ត​ថា យុទ្ធសាស្ត្រ​របស់ លោក ហ៊ុន សែន ដើម្បី​អាច​រក្សា​អំណាច​បាន​ទៅ​ទៀត​នោះ គឺ​បង្កើត​ឲ្យ​មាន​ឧបសគ្គ​ដើម្បី​រារាំង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។ លោក​បន្ត​ទៀត​ថា ដើម្បី​អាច​បង្ក​ឧបសគ្គ​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នោះ រដ្ឋាភិបាល​ព្យាយាម​បង្កើត​អំពើ​ហិង្សា​ដើម្បី​អាច​ឈាន​ទៅ​ដល់​ការ​ធ្វើ​រដ្ឋ​ប្រហារ ឬ​ក៏​ការ​ប្រកាស​អាសន្ន​ថ្នាក់​ជាតិ​ណា​មួយ។ លោក​ស្នើ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​កម្ពុជា ជាពិសេស​ប្រទេស​ជប៉ុន ជួយ​តាម​ដាន និង​ធានា​ថា ការ​បោះ​ឆ្នោត​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ ត្រូវ​តែ​កើត​ឡើង​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

ទោះ​យ៉ាង​ណា​ក៏​ដោយ លោ ហ៊ុន សែន បាន​ព្រមាន​ទៅ​លោក សម រង្ស៊ី ត្រូវ​ប្រយ័ត្នប្រយែង​ពី​ការ​ធ្វើ​សេចក្ដី​ថ្លែងការណ៍ និង​ចោទ​ប្រកាន់​លោក ជា​មេដឹកនាំ​ក្បត់​ជាតិ ឬ​ផ្ដាច់ការ​នោះ ព្រោះ​ថា​សំណុំ​រឿង​លោក សម រង្ស៊ី និង​លោក កឹម សុខា មិន​ទាន់​បញ្ចប់​នៅ​ឡើយ៖ «យើង​អាច​ចាត់​ចំណាត់​ការ​ផ្លូវ​ច្បាប់ បើ​សិន​ឯកឧត្ដម​នៅ​តែ​បន្ត​ម្ដង​ហើយ​ម្ដង​ទៀត។ លើក​មុន​ឯកឧត្ដម​តែង​រត់​ចេញ​ពី​ប្រទេស ខ្ញុំ​បាន​សុំ​លើក​លែង​ទោស​ឲ្យ​ឯកឧត្ដម​២​ដង តែ​លើក​នេះ​សង្ឃឹម​ថា ឯកឧត្ដម​មិន​អាច​រត់​រួច​ត​ទៅ​ទៀត​ទេ។ បើ​សិន​ជា​មាន​ការ​ចាំបាច់ យន្តការ​ច្បាប់​មិន​អាច​ផ្ដល់​ជូន​ឯកឧត្ដម​បាន​ត​ទៅ​ទៀត​ទេ»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អនុប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ឡើយ។ ទាក់ទង​ស្ថិរភាព​សង្គម​វិញ លោក ប៉ុល ហំម អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គោលការណ៍​ធ្វើ​ឲ្យ​ប្រទេស​មាន​ស្ថិរភាព​នយោបាយ និង​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ៖ «ធ្វើ​ម៉េច​ឲ្យ​សន្តិភាព ឲ្យ​មាន​ការ​អភិវឌ្ឍ ដោះស្រាយ​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ ហើយ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ពេញ​លេញ»

ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ លើក​ឡើង​ថា លោក ហ៊ុន សែន ថ្លែង​សារ​នយោបាយ​នៅ​ពេល​នេះ គ្មាន​អ្វី​ខុស​ឆ្គង​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ លោក ហ៊ុន សែន ព្រមាន​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ពី​ការ​ប្រើប្រាស់​ផ្លូវ​ច្បាប់​ដើម្បី​ចាប់​ចង​នេះ មិន​មែន​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ ហើយ​មេ​ដឹក​នាំ​ខ្មែរ ត្រូវ​បញ្ឈប់​ការ​លាប​ពណ៌​គ្នា និង​វាយ​ប្រហារ​គ្នា​ដោយ​ពាក្យ​មិន​សមរម្យ​នោះ៖ «ខ្ញុំ​ថា​អាច​គ្រោះ​ថ្នាក់​ដែរ ព្រោះ​ថា តាំង​ពី​ដើម​វា​មាន​ការ​ប៉ះទង្គិច​គ្នា មាន​ក្រុម​កាន់​ដំបង ក្រុម​ឆក់​ឱកាស ក្រុម​ខិលខូច​យក​ឱកាស​ហ្នឹង​ទៅ​វ៉ៃ​បាតុករ​ត្រឹមត្រូវ»

ការ​ព្រមាន​របស់ លោក ហ៊ុន សែន ទៅ​លើ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នេះ មិន​មែន​ជា​រឿង​លើក​ទី​១ នោះ​ទេ។ ក្រៅ​ពី​នេះ​ទៀត អ្នក​វិភាគ​លើក​ឡើង​ថា លោក ហ៊ុន សែន តែង​តែ​ព្រមាន​ទៅ​ដៃគូ​ប្រកួត​ប្រជែង និង​ជា​ការ​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ការ​ក្ដោបក្ដាប់​អំណាច។ អ្នកវិភាគ​សង្កត់​ធ្ងន់​ថា ជោគជ័យ​របស់​បក្ស​ប្រឆាំង​នៅ​ភូមា ក៏​ជា​មេរៀន​មួយ​សម្រាប់​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា ដើម្បី​រក​វិធី​ទប់ស្កាត់​បក្ស​ប្រឆាំង​នៅ​មុន​ការ​ប្រកួត​មក​ដល់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។