ការថ្លែងបដិសេធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះ គឺជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋសភានៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ នាមន្ទីររដ្ឋសភា។ ប្រមុខដឹកនាំមានប្រសាសន៍ថា គ្មានច្បាប់តម្រូវឲ្យមានការបោះឆ្នោតឡើងវិញទេ។ លើសពីនេះ បើតាមរដ្ឋធម្មនុញ្ញ រូបលោក ឬព្រះមហាក្សត្រក្តី រួមនឹងរដ្ឋសភា មិនមានសិទ្ធិក្នុងការរំលាយរដ្ឋសភាចោលទេ។
លោកបន្តថា ចំពោះការបោះឆ្នោតអាចធ្វើទៅបានជារៀងរាល់ ៥ឆ្នាំម្តង ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា នឹងមិនចុះចេញពីតំណែងទៅតាមការទាមទាររបស់បក្សប្រឆាំងទេ ព្រោះមិនបានប្រព្រឹត្តកំហុសឆ្គង។ ហើយថា រដ្ឋសភាក៏មិនបានទម្លាក់រូបលោកពីតំណែងដែរ។
បន្ថែមលើនេះ លោក ហ៊ុន សែន បានព្រមានទៅមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានគម្រោងដឹកនាំធ្វើបាតុកម្មបិទផ្លូវសាធារណៈថាជាទង្វើខុសច្បាប់។ ហើយថា រដ្ឋាភិបាលនឹងឆ្លើយតប ឬមានវិធានការតាមផ្លូវច្បាប់។ លោក ហ៊ុន សែន បានស្នើដល់គណបក្សប្រឆាំងត្រូវមានការប្រុងប្រយ័ត្នចំពោះការធ្វើបាតុកម្មរបស់ខ្លួន។
ស្របពេលនេះ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ក៏បានចេញសេចក្តីអំពាវនាវមួយដល់គណបក្សសង្គ្រោះជាតិ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងអនុវត្តឲ្យបានតាមច្បាប់ និងបទបញ្ញត្តិនានា ដោយស្មារតីទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ ដើម្បីបុព្វហេតុប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហាក់មិនបានចាប់អារម្មណ៍ទៅនឹងសារព្រមានរបស់រាជរដ្ឋាភិបាល ឬលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ដោយអះអាងថា នឹងបន្តដឹកនាំធ្វើមហាបាតុកម្មអហិង្សារហូតមានដំណោះស្រាយ។
លោក ហូរ វ៉ាន់ បេក្ខជនតំណាងរាស្ត្រ និងជាអនុប្រធានគណៈកម្មការវិន័យគណបក្សសង្គ្រោះជាតិ មិនឆ្លើយតបទៅនឹងសារព្រមានរបស់ លោក ហ៊ុន សែន ទេ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរដឹកនាំមហាបាតុកម្មអហិង្សារហូត ដោយគ្មានញញើតនឹងសារគំរាមណាមួយទេ។
បន្ថែមលើនេះ លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋ ដែលបង្ហាញវត្តមាននៅទីលានប្រជាធិបតេយ្យ នឹងដើរហែក្បួនតាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ល្ងាចថ្ងៃសុក្រ ទី២០ ខែធ្នូ ក៏បានបន្តទាមទារឲ្យ លោក ហ៊ុន សែន ចុះចេញពីតំណែង និងស្នើឲ្យមានការបោះឆ្នោតឡើងវិញដដែល។
គណបក្សសង្គ្រោះជាតិ បានប្រកាសដឹកនាំធ្វើមហាបាតុកម្មអហិង្សា ចាប់ពីថ្ងៃទី១៥ ខែធ្នូ រហូតទៅ ដើម្បីដាក់សម្ពាធឲ្យ លោក ហ៊ុន សែន ចុះចេញពីតំណែង និងទាមទារឲ្យរៀបចំបោះឆ្នោតសភានីតិកាលទី៥ឡើងវិញ។ បញ្ហានេះ ទាំង លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន-អនុប្រធានគណបក្សសង្គ្រោះជាតិ និងក្រុមបាតុករច្រើនពាន់នាក់ សុទ្ធតែបានអះអាងថា នឹងប្ដេជ្ញាបន្តប្រមូលផ្តុំធ្វើមហាបាតុកម្មរហូតមានដំណោះស្រាយ ទើបបញ្ឈប់ការតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។