លោក ហ៊ុន សែន ចង់​ឲ្យ​បក្ស​ប្រឆាំង​គោរព​សន្យា​រឿង​រក្សា​តំណែង​មន្ត្រី​ចាស់​បើ​ឈ្នះ​ឆ្នោត

0:00 / 0:00

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៩​តុលា​ នេះ​ថា​លោក​សង្ឃឹម​ថា​គណបក្ស​ប្រឆាំង​នឹង​​មិន​​ដក​តួនាទី​របស់​មន្ត្រី​រាជការ​ចាស់​ចេញ បើ​សិន​ជា​គណបក្ស​នេះ​ឈ្នះ​ឆ្នោត ​​នៅឆ្នាំ​ ​២០១៨​ ខាង​មុខ។ លោក​អះអាង​ថា​ គណបក្ស​ប្រឆាំង​ធ្លាប់​សន្យា​បែប​នេះ​ ហើយ​លោក​ចង់​អោយ​គណបក្ស​ប្រឆាំង​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​។ ​ទោះជា​យ៉ាង​ក៏​ដោយ​គណបក្ស​សង្គ្រោះជាតិ​ ឆ្លើយ​តប​ភ្លាម​ៗ​វិញ​ថា​ គណបក្ស​មិន​ដែល​សន្យា​បែប​នេះ​ឡើយ​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គោរព​ពាក្យ​សច្ចៈ ដែល​ថា​គណបក្ស​មួយ​នេះ នឹង​រក្សា​ទុក​នូវ​តំណែង​របស់​មន្ត្រី​រាជការ​នៃ​របប​ចាស់ បើ​សិន​ជា​គណបក្ស​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។

លោក ហ៊ុន សែន ថ្លែង​ទាំង​ក្តី​ជឿជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​ឡើយ ត្បិត​មន្ត្រី​ដែល​តស៊ូ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​យល់ព្រម​ឡើយ​ចំពោះ​ការ​រក្សា​តួនាទី​មន្ត្រី​ចាស់ ហើយ​ផ្ទុយ​ទៅ​វិញ មន្ត្រី​នៃ​របប​ចាស់ ក៏​នឹង​មិន​សុខ​ចិត្ត​ដែរ បើ​សិន​ជា​មាន​ការ​ដក​តួនាទី​របស់​ពួក​គេ៖ «ការ​សន្យា​កន្លែង​ខ្លះ ចៅហ្វាយ​ស្រុក​មាន​ដល់ ១០​នាក់ ថា​បើ​ឈ្នះ​ឲ្យ​អ្នក​ឯង​ធ្វើ​ចៅហ្វាយ​ស្រុក។ អធិការ​ប៉ូលិស មេ​ទាហាន មេ​ប៉ូលិស​គ្រប់​ទាំងអស់។ អ៊ីចឹង​ទេ អ្នក​គាំទ្រ​ទាំងឡាយ ចុះ​បើ​អា​ចាស់​វា​នៅ ធ្វើ​ម៉េច​អញ​ចូល​បាន។ អា​នេះ​ចុះ​ទឹក​ក្រពើ​ឡើង​លើ​ខ្លា លោក​ប្រធាន! ទុក​អា​ចាស់ អា​ថ្មី​ចូល​អត់​បាន។ អញ​ប្រឹង​ចង់​ងាប់ ដល់​ឈ្នះ​ហើយ​ទុក​អា​ចាស់​ដដែល»

មន្ត្រី​ដែល លោក ហ៊ុន សែន លើក​ឡើង គឺ​ជា​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ក្នុង​អង្គភាព​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា ដែល​ជិតស្និទ្ធ​នឹង​រូប​លោក។ ក្នុង​សុន្ទរកថា​នៅ​ចំពោះ​មុខ​និស្សិត គ្រូបង្រៀន សាស្ត្រាចារ្យ និង​មន្ត្រី​រាជការ ដែល​មាន​វត្តមាន​ក្នុង​សាល​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ លោក ហ៊ុន សែន ថ្លែង​ចំៗ​ថា មន្ត្រី​ទាំង​នេះ​នឹង​ប្រើ​កង​កម្លាំង​របស់​ខ្លួន ដើម្បី​ការពារ​តួនាទី បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ដក​តំណែង​របស់​ពួក​គេ។ សារ​នយោបាយ​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ហាក់​មាន​បំណង​ក្រើន​រំឭក​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​គាំទ្រ​អំពី​បញ្ហា​អស្ថិរភាព​សង្គម បើ​សិន​ជា​គណបក្ស​មួយ​នេះ​ឈ្នះ​ឆ្នោត៖ «ហ៊ាន​ប៉ះ ប៉ុល សារឿន ប៉ះ នេត្រ សាវឿន ពួក​នេះ​ទាញ​កម្លាំង​ដាក់​ភឹង។ ឯង​សន្យា ឯង​ថា​អត់​ដក​អញ ឥឡូវ​ឯង​ដក​ម៉េច។ ចៅហ្វាយ​ខេត្ត​នានា​ទាញ​កម្លាំង​ដាក់​ភឹង។ ឯង​សន្យា​មិន​គោរព​យ៉ាង​ម៉េច។ ដល់​ធ្វើ​អត់​បាន ក្រុម​អ្នក​គាំទ្រ​វិញ​ម្តង។ ទេ! លោក​ឯង​សន្យា​ឲ្យ​អញ​ធ្វើ​ចៅហ្វាយ​ស្រុក ម៉េច​ក៏​មិន​ឲ្យ​អញ​ទុក​អា​ពួក​ហ្នឹង​ដដែល។ លោក​ប្រធាន​ដោះស្រាយ​ទៅ»

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់ លោក ហ៊ុន សែន នេះ មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា គណបក្ស​របស់​លោក​នឹង​រក្សា​ទុក​នូវ​តំណែង​មន្ត្រី​រាជការ​សាធារណៈ ប៉ុន្តែ​នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​មន្ត្រី​ស្ថិត​ក្នុង​តួនាទី​នយោបាយ៖ «គណបក្ស​ឈ្នះ​ឆ្នោត​ត្រូវ​ការ​ផ្លាស់ប្ដូរ​មន្ត្រី​នយោបាយ។ នៅ​ប្រទេស​ណា​ក៏ដោយ គឺ​គេ​ផ្លាស់ប្ដូរ​មន្ត្រី​នយោបាយ។ បន្ទាប់​មក​ទៀត មន្ត្រី​រាជការ​សាធារណៈ​ដែល​មាន​កង​កម្លាំង​ប្រដាប់​អាវុធ ប៉ូលិស ទាហាន លោកគ្រូ​អ្នកគ្រូ បុគ្គលិក​ពេទ្យ និង​មន្ត្រី​ដទៃ​ទៀត​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ជា​មន្ត្រី​រាជការ​សាធារណៈ បម្រើ​សេវា​សាធារណៈ គេ​មិន​ដែល​ផ្លាស់ប្ដូរ​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ នាយក​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ យល់​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ធ្វើ​បាន​ចំពោះ​ការ​រក្សា​តួនាទី​របស់​មន្ត្រី​រាជការ​សាធារណៈ និង​ផ្លាស់ប្ដូរ​តួនាទី​មន្ត្រី​នយោបាយ។ លោក អ៊ូ វីរៈ អះអាង​ថា វា​ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដែល​មន្ត្រី​នយោបាយ​ចាប់​ពី​ឋានៈ​អនុរដ្ឋលេខាធិការ​រហូត​ដល់​នាយក​រដ្ឋមន្ត្រី នឹង​ត្រូវ​ផ្លាស់ប្ដូរ ក្រោយ​ពី​គណៈរដ្ឋមន្ត្រី​ថ្មី​ចូល​កាន់​តំណែង។ បើ​សិន​ជា​មន្ត្រី​រាជការ​សាធារណៈ ដូចជា កង​កម្លាំង​ប្រដាប់​អាវុធ​ប្រើប្រាស់​កម្លាំង​ដើម្បី​ច្បាម​យក​អំណាច ឬ​ក្រាញ​អំណាច ពេល​មាន​ការ​ផ្លាស់ប្ដូរ​តួនាទី កម្ពុជា នឹង​ក្លាយ​ជា​ប្រទេស​យោធា​និយម មិន​មែន​ប្រជាធិបតេយ្យ​នោះ​ទេ ដែល​មាន​ន័យ​ថា ការ​បោះ​ឆ្នោត​នឹង​គ្មាន​ន័យ​អ្វី​ទាំងអស់។ នេះ ជា​ការ​លើក​ឡើង​របស់ លោក អ៊ូ វីរៈ៖ «តាម​ពិត​ជា​តួនាទី​របស់ លោក ហ៊ុន សែន ពេល​ដែល​គាត់​កំពុង​កាន់​អំណាច​ពេល​បច្ចុប្បន្ន ដើម្បី​ឲ្យ​មន្ត្រី​ទាំងឡាយ​ធានា​ថា ខ្លួន​ស្មោះ​ត្រង់​ជាមួយ​នឹង​ជាតិ ប៉ុន្តែ​មិន​មែន​ស្មោះ​ត្រង់​ជាមួយ​គណបក្ស​នយោបាយ​ទេ មាន​ន័យ​ថា គណបក្ស​នយោបាយ​មួយ​ណា​ទទួល​បាន​ការ​បោះ​ឆ្នោត និង​គាំទ្រ​ពី​ប្រជាពលរដ្ឋ គឺ​មន្ត្រី​ទាំងឡាយ​ត្រូវ​តែ​ស្តាប់​គណបក្ស​នយោបាយ​មួយ​ហ្នឹង»

ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ ត្រង់​មាត្រា​៩ ចែង​ថា យោធិន​ត្រូវ​មាន​អព្យាក្រឹតភាព​ក្នុង​មុខ​នាទី និង​ក្នុង​សកម្មភាព​ការងារ ហើយ​ត្រូវ​បាន​ហាម​ឃាត់​ការ​ប្រើ​មុខងារ និង​សម្ភារៈ​របស់​រដ្ឋ ដើម្បី​បម្រើ​សកម្មភាព​នយោបាយ​ណា​មួយ។ ចំពោះ​តួនាទី​មន្ត្រី​វិញ ព្រះមហាក្សត្រ​មាន​ព្រះរាជ​សិទ្ធិ​ផ្លាស់ប្ដូរ​មុខងារ​មន្ត្រី​ជាន់​ខ្ពស់​ស៊ីវិល និង​យោធា។ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា​២១ ចែង​ថា តាម​សេចក្តី​ស្នើ​របស់​គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​តែង​តាំង ផ្លាស់ប្ដូរ ឬ​បញ្ចប់​ភារកិច្ច​មន្ត្រី​ជាន់​ខ្ពស់​ស៊ីវិល និង​យោធា​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។