កម្ពុជា បង្ហាញជំហរថានឹងមិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃ ដែលកំពុងជួបភាពវឹកវរនោះទេ។ ការប្រកាសនេះ បន្ទាប់ពីមានដំណឹងថា អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវគេបណ្ដេញចេញពីតំណែងដោយរដ្ឋប្រហារយោធានោះ បានត្រៀមបង្កើតនូវរដ្ឋាភិបាលនិរទេស ដែលអាចនឹងសម្លឹងកម្ពុជា ថាជាជម្រើសមួយនៃការដាក់ទីតាំងរដ្ឋាភិបាលនិរទេសនោះ។
លោកនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ប្រទេសកម្ពុជា មិនមែនជាទីតាំងសម្រាប់ផ្ដល់ឲ្យប្រទេសណាមួយ ឬក្រុមណាមួយបង្កើតទីតាំងរដ្ឋាភិបាលនិរទេសក្នុងប្រទេសរបស់ខ្លួនឡើយ។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី២៧ ឧសភា នៅមជ្ឈមណ្ឌលកោះពេជ្រ លោក ហ៊ុន សែន បានបញ្ជាក់ថា គោលជំហររបស់កម្ពុជា ទៅនឹងសភាពការណ៍នៅប្រទេសថៃ បច្ចុប្បន្នថា កម្ពុជា នឹងមិនអនុញ្ញាតឲ្យប្រទេសណាមួយដែលលោកបានសំដៅយ៉ាងច្បាស់ថា គឺប្រទេសថៃ យកទីតាំងបង្កើតរដ្ឋាភិបាលនិរទេសនោះទេ។ លោកបានយោងទៅលើរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ដែលថានឹងមិនអនុញ្ញាតឲ្យក្លាយជាទីតាំង ដើម្បីប្រឆាំងរដ្ឋនឹងប្រទេសផ្សេងទៀតឡើយ។
លោក ហ៊ុន សែន៖ «ខ្ញុំសូមបញ្ជាក់ថា កម្ពុជា មិនមែនជាទីតាំងសម្រាប់ការផ្ដល់ឲ្យប្រទេសណាមួយ ឬក្រុមណាមួយ មិនថាប្រទេសថៃ ឬប្រទេសណាទេ បង្កើតរដ្ឋាភិបាលនិរទេសនៅក្នុងប្រទេសរបស់ខ្លួនទេ។ រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា នឹងមិនអនុញ្ញាតឲ្យកម្ពុជា ក្លាយជាទីតាំងប្រឆាំងនឹងប្រទេសណាមួយទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះបន្ទាប់ពី លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានឆ្លើយជាមួយអ្នកកាសែតថា ការផ្ដល់ទីតាំងសម្រាប់រដ្ឋាភិបាលនិរទេស គឺអាស្រ័យទៅនឹងអារម្មណ៍របស់ លោក ហ៊ុន សែន និងលោក ថាក់ស៊ីន។ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) ជាបងប្រុសរបស់ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានគេដឹងថា ជាមិត្តភ័ក្ដិស្និទ្ធស្នាលនឹងគ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ទាក់ទងបញ្ហានេះ អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច មានមតិថា ក៏សម្រេចរបស់រដ្ឋាភិបាល គឺបានឆ្លើយតបទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្លើយតបនឹងធម្មនុញ្ញអាស៊ាន ដែលមិនផ្ដល់ឱកាសឲ្យប្រទេសមួយលូកចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេសមួយទៀតទេ ហើយក៏ឆ្លើយតបនឹងរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ដែរ។ ប៉ុន្តែ លោកថា នៅក្នុងកាលៈទេសៈណាមួយ បើសិនជាកម្ពុជា បែរជាផ្ដល់ទីតាំងដល់រដ្ឋាភិបាលនិរទេសនោះ លុះត្រាតែកម្ពុជា មានឯកភាពជាតិជាមុនសិន។
លោកបណ្ឌិត សុខ ទូច៖ «បើសិនជាកម្ពុជា ចេះ កម្ពុជា ខ្លួនឯងមានឯកភាពជាតិសិន ពេលណាអត់ទាន់មានឯកភាពជាតិ ខ្លួនឯងកើតជំងឺរបេង ហើយផ្ដល់ជំងឺហ្នឹងមកមួយទៀត ក្រែងលោយើងទប់ខ្លួនវាមិនរួច តែបើយើងឯកភាពជាតិ យើងធ្វើអីក៏បានដែរ ព្រោះថៃ ក៏ធ្លាប់ប្រើរូបមន្តហ្នឹងដែរ នៅពេលដែលកម្ពុជា មានទំនាស់គ្នានៅឆ្នាំ១៩៧៩ ថៃ បានជួលដីឲ្យបង្កើតត្រីភាគី អ៊ីចឹងធ្លាប់មានរឿងហ្នឹង ប៉ុន្តែឥឡូវនេះយើងនិយាយអត់បាន ដោយសារតែប្រទេសកម្ពុជា ជាប្រទេសកំពុងមានការបាក់បែកផ្ទៃក្នុង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា លោកថ្លែងក្នុងឋានៈជាអ្នកវិភាគដែលមិនមែនជានាយករដ្ឋមន្ត្រីកម្ពុជា ផ្ដល់មេរៀននោះទេ។ ការផ្ដល់គំនិតឲ្យបង្កើតរដ្ឋាភិបាលនិរទេសនេះ គឺជារឿងដ៏គ្រោះថ្នាក់មួយ៖ «លោក អាំង ស្ដែដាន់ គួរតែដកគំនិតនេះចេញទៅ គំនិតនេះនាំ ថាក់ស៊ីន នាំ យីងឡាក់ នាំរដ្ឋាភិបាលភឿថៃ ទៅរកគ្រោះថ្នាក់ហើយ។ អ្នកច្បាប់អន្តរជាតិ ហើយធ្វើជាមេធាវីឲ្យ ថាក់ស៊ីន ឲ្យ យីងឡាក់ គំនិតនេះបើខ្ញុំជា ថាក់ស៊ីន ខ្ញុំបដិសេធចោលភ្លាមហ្មង បើខ្ញុំជា យីងឡាក់ ខ្ញុំបដិសេធចោលភ្លាមហ្មង។ បង្កើតរដ្ឋាភិបាលនិរទេស បង្កើតនៅប្រទេសណា? កម្ពុជា អត់ហើយអាហ្នឹងច្បាស់ ឡាវ ប្រហែលជាអត់ហើយ មុខតែអត់ហើយ អាស៊ានអត់មានប្រទេសណាទេ ហើយទៅបង្កើតនៅណា? ឥឡូវបង្កើតនៅឋានព្រះច័ន្ទអី? ចុះបើយើងបង្កើតរដ្ឋាភិបាល នែ!នរណាហ៊ានទទួល បើទីតាំងទូតរបស់ទាំងអស់ទំនាក់ទំនងជាមួយថៃ នៅទីក្រុងបាងកក ទាំងអស់។ អ៊ីចឹងទេ នរណាក៏ដោយដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលនិរទេស ធ្វើដំណើរទៅប្រទេសនេះប្រទេសនោះ យីសគេអត់ហ៊ានទទួលទេ ក្រែងលោរដ្ឋាភិបាលបាងកក ខឹង បិទទ្វារខ្លួនឯងសុទ្ធ ផ្ដល់គំនិតហ្នឹងផ្ដល់ឲ្យ ថាក់ស៊ីន ងាប់ហ្មង ធ្វើឲ្យ យ៉ីងឡាក់ ងាប់ហ្មង»។
ទន្ទឹមនឹងគ្នានេះ លោកនាយករដ្ឋមន្ត្រីបានប្រាប់ឲ្យខេត្តនៅជាប់ព្រំដែនរក្សាភាពស្ងៀមស្ងាត់ និងហាមប្រាមមិនឲ្យចល័តកម្លាំងទ័ពនោះទេ។ លោកក៏បានអំពាវនាវប្រជាជនកម្ពុជា ដែលទៅធ្វើការនៅប្រទេសថៃ និងចូលទៅកាន់ប្រទេសថៃ គោរពច្បាប់នៃប្រទេសនេះ រាល់ការហាមជួបប្រជុំ កុំចូលរួមជាមួយក្រុមណាមួយប្រឆាំងក្រុមណាមួយ ឬធ្វើបាតុកម្មឡើយ ដើម្បីជៀសវាងគ្រោះថ្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។