លោក ហ៊ុន សែន ប្ដេជ្ញា​ទប់ស្កាត់​ក្រុម​អ្នក​រិះគន់​ណា​ដែល​ប៉ុនប៉ង​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ក្នុង​សង្គម​កម្ពុជា

0:00 / 0:00

ស្រប​ពេល​ដែល​ពិភពលោក​ប្រារព្ធ​ទិវា​សន្តិភាព​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បញ្ចេញ​សារ​ប្ដេជ្ញា​ចិត្ត​ក្នុង​អត្ថន័យ​ហាក់​បង្កប់​ដោយ​អំពើ​ហិង្សា​ ដើម្បី​ទប់ស្កាត់​ក្រុម​អ្នក​រិះគន់​ទាំង​ឡាយ​ណា​ដែល​ប៉ុនប៉ង​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ក្នុង​សង្គម​កម្ពុជា។ អ្នក​ឃ្លាំមើល​នយោបាយ​យល់​ឃើញ​ថា​ រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​ផ្ដល់​ជូន​នូវ​សន្តិភាព​ពិត​ប្រាកដ​សម្រាប់​ពលរដ្ឋ​ទាំង​អស់​គ្នា​ ខណៈ​មាន​ការ​កើន​ឡើង​ខ្ពស់​នៃ​អំពើ​អយុត្តិធម៌​សង្គម។

លោក​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ឲ្យ​ចូលរួម​ក្នុង​ការ​ថែរក្សា​សន្តិភាព ពង្រឹង​ឯកភាព​ជាតិ​ អនុវត្ត​វប្បធម៌​សន្ទនា​ គោរព​ច្បាប់​ និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ លោក ហ៊ុន​ សែន​ បន្ត​ថា​ ដោយ​មាន​ការ​យល់​ដឹង​ពី​តម្លៃ​ដែល​ពុំ​អាច​កាត់​ថ្លៃ​បាន​ និង​សារសំខាន់​នៃ​សន្តិភាព​ កម្ពុជា​ចូល​រួម​ជាមួយ​ពិភពលោក​ក្នុង​ទិវា​សន្តិភាព​នេះ​ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​អត្ថន័យ​នៃ​សន្តិភាព​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ ពង្រឹង​សាមគ្គីភាព​ ឯកភាព​ជាតិ​ដើម្បី​ថែរក្សា​ឲ្យ​បាន​គង់វង្ស​នូវ​សុខ​សន្តិភាព​នេះ​ ដែល​លោក​ថា​ ជា​មូលដ្ឋាន​គ្រឹះ​ដ៏​ចាំបាច់​ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ និង​ការ​រីក​ចម្រើន។

សារ​អំពាវនាវ​របស់​លោក​ ហ៊ុន​ សែន​ ពី​ខាង​លើ​នេះ​ ហាក់​មាន​ភាព​ផ្ទុយ​គ្នា​ស្រលះ​ទៅ​នឹង​ស្ថានការណ៍​វិវត្តន៍​ចុង​ក្រោយ​នៅ​កម្ពុជា​ ខណៈ​ដែល​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន​ សែន​ បន្ត​ការ​គំរាមកំហែង​ និង​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ឈប់ឈរ​ដល់​បណ្ដា​ក្រុម​អ្នក​រិះគន់​ មន្ត្រី​គណបក្ស​ប្រឆាំង​ សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។​

ក្នុង​ន័យ​បង្កប់​ដោយ​អត្ថន័យ​ហិង្សា​និយម​ លោក ហ៊ុន សែន មិន​ភ្លេច​លើក​ឡើង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ របស់​លោក​ដើម្បី​ទប់ស្កាត់​រាល់​ឧបាយកល​ និង​ការ​ប៉ុនប៉ង​តាម​គ្រប់​រូបភាព​ ដែល​លោក​ថា​ ធ្វើ​ឡើង​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​សភាព​វឹកវរ​ និង​អស្ថិរភាព។​

លោក​ ហ៊ុន​ សែន ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​ទប់​ស្កាត់​នូវ​រាល់​សកម្មភាព​ ល្បិច​កិច្ចកល​ ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ ការ​អុចអាល​រើសអើង​ពូជសាសន៍​ ដែល​អាច​បង្ក​ហិង្សា​ ការ​បះបោរ​ និង​បំបែក​បំបាក់​សាមគ្គីភាព​ជាតិ​ ជ្រក​ក្រោម​ផ្លាក​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ ដែល​មាន​គោល​បំណង​បម្រើ​ផលប្រយោជន៍​នយោបាយ​របស់​បុគ្គល​ ឬ​ក្រុម​មនុស្ស​មួយ​ក្ដាប់​តូច​ និង​បរទេស​ដែល​ចង់​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ស្រប​ច្បាប់។​

លោក​ ហ៊ុន​ សែន​ ព្រមាន​ថា ការ​រិះគន់​ មួលបង្កាច់​រដ្ឋាភិបាល​ដោយ​ឥត​ឈប់ឈរ​ ដែល​ធ្វើ​ឡើង​ដោយ​លំអៀង​ និង​មើល​លើ​ហេតុការណ៍​តែ​មួយ​ជ្រុង​ និង​ការ​បន្ត​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​ផ្ទុយ​នឹង​គោលការណ៍​នីតិរដ្ឋ​ ពិត​ជា​មិន​មែន​នាំ​មក​នូវ​សុខ​លទ្ធិ​ប្រជាធិបតេយ្យ​ប្រកប​ដោយ​សន្តិភាព​នោះ​ទេ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ វា​អាច​បំផ្លាញ​សន្តិភាព​ ដែល​កម្ពុជា​ទើប​តែ​បាន​ស្គាល់​មិន​ដល់​ ២​ទសវត្សរ៍​ផង​នោះ​ឲ្យ​រលាយ​សាប​សូន្យ​ ដូច​ករណី​ប្រទេស​មួយ​ចំនួន​ដែល​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ ដោយសារ​បដិវត្តន៍​ពណ៌​ដែល​ជ្រក​ក្រោម​ស្លាក​លទ្ធិ​ប្រជាធិបតេយ្យ។​

សម្រាប់​អ្នក​វិភាគ​ និង​ឃ្លាំមើល​នយោបាយ​នៅ​កម្ពុជា​ លោក​បណ្ឌិត​ មាស​ នី​ លោក​យល់​ឃើញ​ថា សន្តិភាព​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​នេះ​ មាន​តែ​សម្រាប់​ក្រុម​មនុស្ស​អ្នក​មាន​អំណាច​ និង​ក្រុម​អ្នក​មាន​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ និង​ក្រុម​អ្នក​ដែល​មាន​ទស្សនៈ​មិន​យល់​ស្រប​ជាមួយ​នឹង​រដ្ឋាភិបាល​ ពិបាក​នឹង​ប្រាកដ​ថា ពួក​គេ​កំពុង​ទទួល​បាន​នូវ​សន្តិភាព​ពេញ​លេញ​នោះ​ឡើយ ពោល​គឺ​ទាំង​សន្តិភាព​ផ្លូវ​ចិត្ត​ សុខភាព​ និង​យុត្តិធម៌​សង្គម។​

លោក​បណ្ឌិត​ ​មាស​ នី​ ថា​ លោក​មើល​ឃើញ​ពី​ភាព​ខុស​គ្នា​នៃ​ការ​យល់​ឃើញ​អំពី​ពាក្យ​សន្តិភាព​នៅ​ក្នុង​សង្គម​កម្ពុជា។​ នៅ​ស្រុក​ខ្មែរ​លោក​ថា​ រដ្ឋាភិបាល​គិត​ត្រឹម​តែ​សន្តិភាព​ក្នុង​សង្គម​មួយ​ដែល​មិន​មាន​សង្គ្រាម​ប្រដាប់​អាវុធ​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ទទួល​បរាជ័យ​ក្នុង​ការ​រក្សា​ឲ្យ​មាន​យុត្តិធម៌​សង្គម​ដែល​ត្រឹមត្រូវ​ មិន​មាន​អ្នក​មាន​អំណាច​មក​ជិះជាន់​អ្នក​តូច​តាច​ ហើយ​មនុស្ស​គ្រប់​រូប​ទាំង​មន្ត្រី​ថ្នាក់​តូច​ ថ្នាក់​ធំ​ត្រូវ​រស់​នៅ​ក្រោម​សំណាញ់​ច្បាប់​ទាំង​អស់​គ្នា។

លោក​បណ្ឌិត​ មាស នី៖ «អ៊ីចឹង​នៅ​ក្នុង​ស្ថានភាព​បែប​ហ្នឹង​ គឺ​ដរាប​ណា​រដ្ឋាភិបាល​ គាត់​គិត​ថា សន្តិភាព​ដែល​មាន​ត្រឹម​តែ​ការ​មិន​មាន​ការ​ប្រឈម​នឹង​កម្លាំង​ប្រដាប់​អាវុធ​ តែ​មិន​គិត​អំពី​យុត្តិធម៌​សង្គម​នោះ​ទេ​ ខ្ញុំ​គិត​ថា​ សង្គម​ខ្មែរ​នឹង​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​រហូត។​ ប៉ុន្តែ​មួយ​វិញ​ទៀត​ ក៏​មាន​បង​ប្អូន​យើង​ខ្លះ​​ ក៏​គាត់​គិត​ដែរ​ថា​ ប្រហែល​ជា​រដ្ឋាភិបាល​មន្ត្រី​ជាន់​ខ្ពស់​ រដ្ឋាភិបាល​ហ្នឹង​គាត់​គិត​ថា សន្តិភាព​ហ្នឹង​គឺ​មាន​សម្រាប់​តែ​គ្រួសារ​គាត់​ ឬ​ក៏​បក្ខពួក​របស់​គាត់​ដែល​គាត់​អាច​មាន​អំណាច​ក្នុង​ការ​ប្រើប្រាស់ ឬ​ក៏​ពេល​ខ្លះ​អាច​នៅ​ពី​លើ​ច្បាប់​បាន...»

លោក​បណ្ឌិត​ មាស​ នី ស្នើ​ឲ្យ​កម្ពុជា ចេះ​យក​គំរូ​តាម​ប្រទេស​ជិត​ខាង​ដែល​អាច​ដោះស្រាយ​ស្ថានការណ៍​នយោបាយ​បាន​ដោយ​រលូន​ និង​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ ហើយ​ថា​ ជាតិ​សាសន៍​ទាំង​នោះ​មិន​ដែល​យក​ពាក្យ​សង្គ្រាម​មក​គំរាម​គ្នា ឬ​ចាប់​ចង​ដាក់​ពន្ធនាគារ​ក្រុម​អ្នក​ប្រឆាំង​នោះ​ទេ។​ លោក​ថា​ សង្គម​កម្ពុជា បច្ចុប្បន្ន​មិន​ទាន់​មើល​ឃើញ​សន្តិភាព​ក្នុង​អត្ថន័យ​ដូច​គ្នា​នៅ​ឡើយ​ទេ។

លោក​បណ្ឌិត​ មាស នី៖ «បើ​យើង​មាន​អយុត្តិធម៌​សង្គម​នេះ​យូរ ច្រើន​ពេក​ទៅ​ ធ្វើ​ឲ្យ​អស្ថិរភាព​ហើយ។ បើ​ដូច​រដ្ឋាភិបាល​គាត់​មាន​ការ​ព្រួយ​បារម្ភ​ពី​រឿង​បដិវត្ត​ពណ៌​អី​ហ្នឹង ការ​ព្រួយ​បារម្ភ​របស់​គាត់​គឺ​ត្រូវ​ហើយ​ ព្រោះ​កាល​ណា​មាន​អយុត្តិធម៌​កើត​ច្រើន មនុស្ស​មិន​សប្បាយ​ចិត្ត ពេល​នោះ​គេ​នឹង​បង្ហាញ​កំហឹង​របស់​គេ។ អ៊ីចឹង​វា​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​មួយ​ដល់​រដ្ឋាភិបាល​អំពី​ការ​ធ្វើ​បដិវត្ត​ពណ៌​នេះ។ ការ​ធ្វើ​បដិវត្ត​ពណ៌​នេះ​ មិន​មែន​ជា​ការ​ដោះស្រាយ​ជាមួយ​បដិវត្ត​ពណ៌​ដោយ​ធ្វើ​ការ​គំរាម​តែ​មួយ​មុខ​ប៉ុណ្ណឹង​ទេ។ គឺ​ត្រូវការ​ដោះស្រាយ​នូវ​បញ្ហា​អយុត្តិធម៌​សង្គម​ដែល​កំពុង​កើត​មាន... ធ្វើ​ឲ្យ​មនុស្ស​ហ្នឹង​គេ​ថា មាន​ភាព​សុខដុមរមនា​នៅ​ក្នុង​ចិត្ត​ទៅ​កុំ​ឲ្យ​មាន​បញ្ហា​សង្គម​អី​ វា​មិន​មែន​ថា​អត់​សោះ​នោះ​ទេ។ ប៉ុន្តែ​កុំ​ឲ្យ​វា​ហួស​ហេតុ​ពេក​ អា​ហ្នឹង​បដិវត្ត​ពណ៌​មិន​ចាំបាច់​ភ័យ​ទេ។ វា​មិន​អាច​កើត​មាន​ឡើង​ទៅ​រួច​នោះ​ទេ​ បាទ!»

ក្រៅ​ពី​សារ​ប្ដេជ្ញា​របស់​លោក​ ហ៊ុន​ សែន​ ខាង​លើ​នេះ​ លោក​ក៏​មិន​បាន​បំភ្លេច​លើក​ឡើង​ពី​ការ​ចូលរួម​ចំណែក​របស់​កម្ពុជា ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ជួយ​ស្វែងរក​សន្តិភាព​ដល់​ប្រទេស​ដែល​កំពុង​មាន​ជម្លោះ​ ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ។​ លោក​ ហ៊ុន​ សែន​ ថា​ ចាប់​ពី​ឆ្នាំ​២០០៦​ រហូត​មក​ដល់​បច្ចុប្បន្ន​ កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​ជាង​ ៤.៧០០​នាក់​ រួម​ទាំង​ស្ត្រី​ និង​បុរស​បម្រើ​ការ​បេសកកម្ម​រក្សា​សន្តិភាព​ ដូចជា​ការ​បោសសំអាត​មីន​ កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​ តម្រួត​យោធា​ វិស្វកម្ម​ និង​សំណង់​ សេនាធិការ​ និង​សង្កេតការណ៍​ទៅ​ក្នុង​ប្រទេស​ចំនួន​ ០៨​ នៅ​លើ​ពិភពលោក​ រួម​មាន​ ស៊ូដង់​ ស៊ូដង់​ខាង​ត្បូង​ ឆាដ អាហ្វ្រិក​កណ្ដាល​ លីបង់​ សាយព្រឹស​ ស៊ីរី និង​ម៉ាលី។

ក្នុង​សារ​ជា​វីដេអូ​ផ្ញើ​ជូន​ប្រជាជាតិ​នានា នៅ​ទូទាំង​សាកលលោក​សម្រាប់​ទិវា​សន្តិភាព​ពិភពលោក​នេះ​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​ អង់តូនីញ៉ូ​ ហ្គោទែរ៉េស​ (Antonio Guterres) បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​ជា​សាកល។​ លោក​មាន​ប្រសាសន៍​ថា​ សន្តិភាព​គឺ​ជា​សិទ្ធិ​ និង​សេចក្ដី​ប្រាថ្នា​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ទាំង​អស់​ ហើយ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការវិវឌ្ឍន៍​ សុខុមាលភាព​ និង​វិបុលភាព​ក្នុង​សង្គម​នីមួយៗ។ លោក​ថា​ គ្មាន​ផលប្រយោជន៍​ក្រុម​ណា​មួយ​ មហិច្ឆតា​ជាតិ​សាសន៍​ណា​មួយ ឬ​ភាព​ខុស​ប្លែក​គ្នា​ណាមួយ​គួរ​ត្រូវ​អនុញ្ញាត​ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​ដល់​សន្តិភាព​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។