លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​អ្នកណា​ដែល​ថា​ផែនទី​រដ្ឋាភិបាល​ក្លែងក្លាយ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា នេះ​ត​ទៅ រដ្ឋាភិបាល​នឹង​ចាប់​ខ្លួន​អ្នក​ដែល​អ្នក​និយាយ​ថា រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ឬ​ផែនទី​ចោរ និង​ថា បើ​ទុក​ឲ្យ​មាន​អ្នក​និយាយ​ដូច​នេះ នឹង​ធ្វើ​ឲ្យ​ផ្ទុះ​សង្គ្រាម​ថែម​ទៀត​ផង។

ទោះ​ជា​មាន​ការ​ព្រមាន​បែប​នេះ​ក្ដី មន្ត្រី​គណបក្ស​ប្រឆាំង​មិន​ទាន់​ជឿ​ថា ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​នោះ ត្រឹមត្រូវ​កម្រិត​ណា​នោះ​ទេ។

លើស​ពី​ការ​ព្រមាន​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​នឹង​ចុះ​ចេញ​ពី​តំណែង ហើយ​ដើរ​ចូល​ពន្ធនាគារ ប្រសិន​បើ​ផែនទី​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​មិន​ដូច​នឹង​ផែនទី​របស់​បារាំង ឲ្យ​ខ្ចី​នោះ៖ «ខ្ញុំ​ព្រះករុណា​ខ្ញុំ បាន​ប្ដេជ្ញា​ចិត្ត​រួច​ហើយ​ថា ប្រសិនបើ​ផែនទី​មក​ពី​បារាំង ខុស​គ្នា​ផែនទី​ដែល​ចុះ​ហត្ថលេខា​ជាមួយ​វៀតណាម ខ្ញុំ​ព្រះរុណា​ខ្ញុំ​នឹង​ចុះ​ចេញ​ពី​តំណែង​ភ្លាម មិន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ត​ទៅ​ទៀត ហើយ​ក៏​ស្ម័គ្រចិត្ត​ចូល​ទៅ​មន្ទីរ​ឃុំឃាំង រង់ចាំ​តុលាការ​កាត់​ទោស ព្រោះ​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​ជា​ប្រវត្តិសាស្ត្រ ក្នុង​នាម​ជា​កូន​ប្រុស ហ៊ាន​ស៊ី​ហ៊ាន​សង»

សារ​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្ទៀងផ្ទាត់​ឃើញ​ថា ផែនទី​ខ្លួន​កំពុង​ប្រើប្រាស់​ដូច​គ្នា​ទៅ​នឹង​ផែនទី យូ.ធី.អឹម (UTM) ១៨​ផ្ទាំង​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​អាមេរិក ទម្លាក់​គ្រាប់​បែក​នៅ​កម្ពុជា និង​ដូច​គ្នា​ទៅ​នឹង​ផែនទី​របស់​ប្រទេស​បារាំង ចំនួន ២៦​ផ្ទាំង ដែល​ផែនទី​ទាំង​នោះ​មាន​ខ្នាត ១/១០០.០០០ ដូច​គ្នា។

លោក ហ៊ុន សែន ដែល​កំពុង​កាន់​អំណាច​ជិត ៣០​ឆ្នាំ​មក​ហើយ​នោះ និយាយ​ចំៗ​ថា បើ​អ្នក​ណា​មិន​ឲ្យ​លោក​បាន​សុខ​ពី​រឿង​ផែនទី​នេះ លោក​ក៏​មិន​ឲ្យ​គេ​បាន​សុខ​ដែរ និង​ប្រាប់​ឲ្យ​ដៃគូ​ប្រកួត​ប្រជែង​នយោបាយ កុំ​យក​រឿង​ផែនទី​ជា​អាជីវកម្ម​នយោបាយ។ លោក​បន្ត​ថា រដ្ឋាភិបាល​នឹង​ធ្វើ​ការ​ចាប់​ខ្លួន​មិន​រើស​មុខ និង​គ្មាន​ការ​លើក​លែង​លើ​អ្នក​ណា​ម្នាក់​ឡើយ៖ «ខ្ញុំ​សុំ​បញ្ជាក់​ថា ខ្ញុំ​មិន​អត់​ឱន​ឲ្យ​អ្នក​ណា​មួយ​ដែល​បន្ត​ប្រើ​ពាក្យ​ផែនទី​មិន​ ត្រឹមត្រូវ ផែនទី​ក្លែងក្លាយ ផែនទី​ចោរ ហើយ​ក៏​សុំ​បញ្ជាក់ បើ​គេ​មិន​ឲ្យ​ខ្ញុំ​សុខ ខ្ញុំ​ក៏​មិន​ឲ្យ​គេ​សុខ​ដែរ អ៊ីចឹង​មន្ត្រី​ទាំង​អស់ អ្នក​អនុវត្ត​ច្បាប់​ទាំង​អស់ ត្រូវ​ចាប់​ខ្លួន​នៅ​ហ្នឹង ចំពោះ​អ្នក​ណា​ក៏ដោយ​ដែល​ប្រើ​ពាក្យ​នេះ»

ការ​ព្រមាន​ចាប់​ខ្លួន​របស់ លោក ហ៊ុន សែន នេះ ត្រូវ​បាន លោក កែម ឡី អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​យល់​ថា គ្មាន​ប្រសិទ្ធភាព​យូរ​អង្វែង​ឡើយ ប៉ុន្តែ​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សង្ស័យ​ចំពោះ​ការងារ​របស់​រដ្ឋាភិបាល​រឿង​ផែនទី​ទៅ​វិញ​ទេ។ លោក កែម ឡី ទាមទារ​ឲ្យ លោក ហ៊ុន សែន បង្ហាញ​ថា ការ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​នេះ រដ្ឋាភិបាល​កម្ពុជា យោង​លើ​ច្បាប់​អ្វី​ខ្លះ?៖ «នៅ​ពេល​គាត់​ចង់​ចាប់​អ្នក​ណា​ដែល​និយាយ​ថា ផែនទី​ក្លែងក្លាយ គាត់​យោង​ច្បាប់​អី?»

ការ​ព្រមាន​របស់ លោក ហ៊ុន សែន ដូច​នេះ ក្រោយ​ពេល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ធ្លាប់​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ។

ដោយឡែក​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ហៅ​ការ​ព្រមាន​នេះ​ថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ។ លោក អ៊ូ ច័ន្ទឫទ្ធិ មិន​ទាន់​ជឿ​ថា ផែនទី​របស់​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ត្រឹមត្រូវ​កម្រិត​ណា​នោះ​ទេ។ លោក​បន្ត​ថា គណបក្ស​របស់​លោក​កំពុង​ប្រមូល​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ធ្វើ​ការ​បន្ថែម​លើ​ការងារ​នេះ៖ «ក្នុង ​ដំណាក់កាល​នេះ យើង​មិន​អាច​ប្រកាស​ថា តើ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ត្រឹមត្រូវ​កម្រិត​ណា​ទេ? ខ្ញុំ​យល់​ថា បើ​រដ្ឋាភិបាល​ថា ផែនហ្នឹង (ផែនទី​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់) ក្លែងក្លាយ ឬ​មិន​ក្លែងក្លាយ បង្ហាញ​ការ​ពិត​ទៅ​ចប់​ហើយ មិន​បាច់​ទៅ​គំរាម​ចាប់​អ្នក​នេះ អ្នក​នោះ​ទេ»

អ្នក​វិភាគ​សង្គម លោក កែម ឡី ទាមទារ​ឲ្យ លោក ហ៊ុន សែន យក​ផែនទី​ពី​អង្គការ​សហប្រជាជាតិ ផលិត​ឡើង​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ និង​ឆ្នាំ​១៩៥៣ បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន (Indo-China Geographic Service) ដែល​ត្រូវ​បាន​ប្រគល់​ជូន​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ​១៩៦៤ មក​បង្ហាញ​សិន និង​យក​អ្នក​ជំនាញ​ផ្នែក​ផែនទី​ទៅ​ផ្ទៀងផ្ទាត់​រវាង​ផែនដី និង​ផែនទី ថា​តើ​ត្រឹមត្រូវ​នឹង​បង្គោល​ព្រំដែន​ដែល​រដ្ឋាភិបាល​បាន​វាស់វែង​ជាមួយ​នឹង​វៀតណាម ដែរ​ឬ​យ៉ាង​ណា មុន​នឹង​ព្រមាន​ចាប់​ខ្លួន​អ្នក​រិះគន់?៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។