ស្របពេលដែលអ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា ភាគច្រើនមើលឃើញថា កម្ពុជា ហាក់មិនទាន់ប្រកាន់ខ្ជាប់នូវនយោបាយការបរទេសអព្យាក្រឹតដូចបានចែងក្នុងរដ្ឋធម្មនុញ្ញខ្លួននៅឡើយទេ ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន និងកម្ពុជា-សហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបបញ្ជាក់ជាថ្មីទៀតថា នយោបាយការបរទេសរបស់កម្ពុជា គឺឯករាជ្យ មិនលម្អៀងទៅរកមហាអំណាចចិន ឬសហរដ្ឋអាមេរិក ឡើយ។
តើនយោបាយការបរទេសកម្ពុជា ពិតជាមិនលម្អៀងទៅរកចិន មែនឬយ៉ាងណា?
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា១ ចែងថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។
ប៉ុន្តែអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា កន្លងមកធ្លាប់រិះគន់ថា ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន និងកម្ពុជា-សហរដ្ឋអាមេរិក កម្ពុជា ហាក់មិនទាន់បានអនុវត្តពេញលេញនូវគោលការណ៍ឯករាជ្យ អព្យាក្រឹត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួននៅឡើយ ដោយជញ្ជីងទំនាក់ទំនងការបរទេសកម្ពុជា ហាក់ផ្អៀងទៅខាងប្រទេសចិន ច្រើនជាង។
ទំនាក់ទំនងគ្មានតុល្យភាពរវាងកម្ពុជា-ចិន និងកម្ពុជា-សហរដ្ឋអាមេរិក នេះ បានក្លាយជាប្រធានបទជជែកគ្នាជាថ្មីទៀតក្នុងចំណោមអ្នកតាមដានស្ថានការណ៍នយោបាយការបរទេសកម្ពុជា នៅពេលរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ចន ឃែរី (John Kerry) បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីពេលថ្មីៗ និងស្របពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន មុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅពាក់កណ្ដាលខែកុម្ភៈ នេះ។
ដោយសារតែមានមនុស្សមួយចំនួនលើកឡើងថា លោក ហោ ណាំហុង ធ្វើដំណើរទៅកាន់ប្រទេសចិន ពេលនេះ គឺដើម្បីលួងចិត្តមហាអំណាចចិន ក្រោយពេលមានទស្សនកិច្ចរបស់ លោក ចន ឃែរី មកកម្ពុជា និងមុនពេល លោក ហ៊ុន សែន ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ទើបធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខបកស្រាយជាថ្មីទៀតនូវជំហរគោលនយោបាយការបរទេសរបស់កម្ពុជា ពិសេសគឺគោលនយោបាយក្នុងទំនាក់ទំនងកម្ពុជា-ចិន និងកម្ពុជា-សហរដ្ឋអាមេរិក នេះតែម្តង។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៃសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ លោក ហ៊ុន សែន ដែលត្រូវបានមនុស្សមួយចំនួនចាត់ទុកថា ជាបុរសខ្លាំងនៅកម្ពុជា នៅតែរក្សាជំហរថា នយោបាយការបរទេសរបស់កម្ពុជា មិនបានលម្អៀងទៅកាន់ប្រទេសមហាអំណាចណាមួយឡើយ មិនថាទៅកាន់ប្រទេសចិន ឬសហរដ្ឋអាមេរិក នោះទេ៖ « គ្មានការចាំបាច់ទៅរាយការណ៍ឲ្យចិន ថាខ្ញុំធ្វើជាមួយអាមេរិក អ៊ីចេះ ហើយគ្មានការចាំបាច់ទៅនិយាយរាយការណ៍ឲ្យអាមេរិក ថាខ្ញុំធ្វើជាមួយចិន អ៊ីចុះ ហើយគ្មានការចាំបាច់ទៅក្រុងតូក្យូ (Tokyo) ដើម្បីប្រាប់ជប៉ុន ថា ខ្ញុំត្រូវធ្វើអ៊ីចេះ។ វាអត់មានការចាំបាច់អីបន្តិចសោះ។ ខ្មែរគឺខ្មែរ គ្មានអ្នកណាស្គាល់ខ្មែរលើសខ្មែរទេ ហើយមានតែខ្មែរមួយគត់ដែលមានសិទ្ធិសម្រេចជោគវាសនារបស់ខ្មែរ គ្មានការចាំបាច់ទៅប្រាប់ថៃ ថាខ្ញុំធ្វើជាមួយវៀតណាម អ៊ីចេះ ហើយទៅប្រាប់វៀតណាម ថាខ្ញុំត្រូវធ្វើជាមួយថៃ អ៊ីចេះ។ ក្នុងឋានៈជាប្រទេសពីរធំ មួយជិត ១០០លាននាក់ មួយ ៦០លាននាក់នៅសងខាង យើងអត់ទេ។ យើងត្រូវធ្វើមិត្តទាំងអស់ »។
បើទោះជារដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើមមានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយចិន ក្រោយឆ្នាំ១៩៩៧ ក្តី ប៉ុន្តែចិន ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាប្រទេសមហាមិត្តរបស់ខ្លួន ហើយទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ត្រូវបានថ្នាក់ដឹកនាំទាំងសងខាង ជំរុញរហូតទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៀតផង។
បច្ចុប្បន្ន ចិន គឺជាប្រទេសដែលបោះទុនវិនិយោគច្រើនជាងគេបង្អស់នៅកម្ពុជា ហើយទំហំដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានជាង ៣ពាន់លានដុល្លារ។ កម្ពុជា-ចិន ប្ដេជ្ញាថាបង្កើនការដោះដូរពាណិជ្ជកម្មឲ្យដល់ ៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧។
ចិន ក៏ជាប្រទេសផ្តល់ជំនួយអភិវឌ្ឍន៍ធំជាងគេបង្អស់របស់កម្ពុជា ជាពិសេសគឺជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ មានស្ពាន ថ្នល់ ហើយដែលសូម្បីតែអគារធ្វើការរបស់រដ្ឋ ដូចជាទីស្ដីការគណៈរដ្ឋមន្ត្រី ឬអគាររដ្ឋបាលរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាដើម ក៏ត្រូវបានសាងសង់ក្រោមជំនួយ និងកម្ចីរបស់ចិន។ កម្ពុជា ក៏កំពុងសុំជំនួយពីចិន ដើម្បីសាងសង់ពហុកីឡដ្ឋានជាតិដែលរដ្ឋាភិបាលដាក់ឈ្មោះថា "មរតកតេជោ" ផងដែរ។
បើនិយាយពីវិស័យយោធាវិញ ចិន គឺជាប្រទេសដែលផ្តល់ជំនួយយោធាច្រើនជាងគេមកកម្ពុជា។ ជំនួយទាំងនោះមានដូចជា រថយន្តយោធា ឧទ្ធម្ភាគចក្រ ឯកសណ្ឋានកងទ័ព ថ្នាំសង្កូវ ការសាងសង់សាលាបណ្តុះបណ្តាលយោធាឲ្យកម្ពុជា ជាដើម។ ថ្មីៗនេះទៀត កម្ពុជា ក៏ត្រូវបានប្រទេសចិន ស្វាគមន៍ឲ្យចូលរួមជាសមាជិកស្ថាបនិកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ពន្ធអាស៊ី អេ.អាយ.អាយ.ប៊ី (AIIB) ដែលមានចិន ជាប្រទេសនាំមុខ។
រឹតតែអស្ចារ្យទៀតនោះ ទោះបីជាចិន ជាប្រទេសផ្តល់ជំនួយធំជាងគេឲ្យកម្ពុជា ក្តី តែចិន មិនដែលនិយាយសូម្បីមួយម៉ាត់ពីភាពអវិជ្ជមាននៅកម្ពុជា ដូចជាការរំលោភសិទ្ធិមនុស្ស អំពើពុករលួយ ឬអយុត្តិធម៌សង្គម។ ប្រការនេះ គឺផ្ទុយពីសហរដ្ឋអាមេរិក ដែលមិនត្រឹមតែផ្តល់ជំនួយមកកម្ពុជា តិចជាងចិន ប៉ុណ្ណោះទេ តែតែងរិះគន់ទៅលើការដឹកនាំរបស់ លោក ហ៊ុន សែន ពិសេសពីការរំលោភសិទ្ធិមនុស្ស ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីភាពពលរដ្ឋ ប្រព័ន្ធតុលាការ អំពើនិទ្ទណ្ឌភាព ជាដើម ដែលធ្វើឲ្យរដ្ឋាភិបាលកម្ពុជា មិនសប្បាយចិត្ត ហើយតែងប្រតិកម្មតបថា សហរដ្ឋអាមេរិក ជាប្រទេសតែងលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលមិនមែនជាទម្លាប់របស់ប្រទេសចិន។
ទោះជាបែបនេះក្តី លោក ហ៊ុន សែន ថ្លែងបញ្ជាក់ថា កម្ពុជា មិនត្រូវការរើសអ្នកណាមួយ ហើយត្រូវចោលអ្នកណាមួយនោះទេ។ លោកថា កម្ពុជា ត្រូវការធ្វើជាមិត្តរបស់ប្រទេសទាំងអស់៖ « ចន ឃែរី បាននិយាយជាមួយខ្ញុំយ៉ាងច្បាស់ថា ខ្ញុំមកនេះមិនមែនដើម្បីឲ្យមានការជ្រើសរើសរវាងអាមេរិក និងចិន នោះទេ។ ខ្ញុំបានប្រាប់ ចន ឃែរី ភ្លាម។ ខ្ញុំថា ខ្ញុំក៏អត់មានការចាំបាច់រើសអ្នកណាដែរ ព្រោះខ្ញុំត្រូវការធ្វើមិត្តទាំងអស់។ តើវាមានប្រយោជន៍អីឲ្យខ្ញុំរើសអ្នកនេះ ចោលអ្នកនោះ ហើយឲ្យខ្ញុំចូលជាមួយអ្នកនេះ ប្រឆាំងអ្នកនោះ គឺអត់ទេ »។
ទោះជាយ៉ាងណាក៏ដោយ កាលពីកម្ពុជា ធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០១២ សមាជិកអាស៊ានទាំង១០ មិនអាចចេញសេចក្តីប្រកាសរួមមួយរបស់ខ្លួននៅក្រោយកិច្ចប្រជុំជុំវិញការបង្កើតក្រមប្រតិបត្តិ (COC = Code of Conduct) ក្នុងដំណោះស្រាយសមុទ្រចិនខាងត្បូង នោះឡើយ។
ការអាក់ខាននេះ ត្រូវបានគេសង្ស័យថា ដោយសារមានចិន នៅពីក្រោយកម្ពុជា ហើយរដ្ឋាភិបាលនៃប្រទេសដែលមានជម្លោះដែនកោះជាមួយចិន នៅសមុទ្រចិនខាងត្បូង ក៏បានសម្ដែងការខកចិត្តជាមួយរដ្ឋាភិបាលកម្ពុជា។
យ៉ាងនេះក្តី លោក ហ៊ុន សែន បានបដិសេធម្តងហើយម្តងទៀតថា កម្ពុជា មិនបានទទួលរងគំនាបអ្វីពីចិន នោះទេ។ លោកថា មិនមែនមានតែកម្ពុជា ទេដែលមិនមានសមត្ថភាពធ្វើឲ្យក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង លេចចេញជារូបរាង ប៉ុន្តែប្រទេសជាម្ចាស់ផ្ទះមុនកម្ពុជា និងក្រោយកម្ពុជា ក៏មិនមានសមត្ថភាពបង្កើតក្រមប្រតិបត្តិនេះដូចគ្នា។ លោក ហ៊ុន សែន ក៏មិនមានសង្ឃឹមថា ក្រមប្រតិបត្តិនេះអាចចេញជារូបរាងក្នុងឆ្នាំ២០១៦ នេះឡើយ។ ក្នុងជម្លោះសមុទ្រចិនខាងត្បូង នេះ កម្ពុជា គាំទ្រឲ្យមានការដោះស្រាយជាលក្ខណៈទ្វេភាគីរវាងប្រទេសជម្លោះ ដូចប្រទេសចិន ដែរ ប៉ុន្តែប្រទេសមានជម្លោះជាមួយចិន និងសហរដ្ឋអាមេរិក ចង់ឃើញជម្លោះនេះដោះស្រាយតាមរយៈយន្តការពហុភាគីវិញ។
ទោះក្នុងហេតុផលណាក៏ដោយចុះ កម្ពុជា ហាក់កំពុងបង្ហាញខ្លួនឯងពឹងផ្អែកខ្លាំងទៅលើមហាអំណាចណាមួយ ហើយក៏ហាក់សំអាងថា មានប្រទេសអ្នកមានណាមួយនៅពីក្រោយជាបង្អែក ជាពិសេសនៅពេលដែលមានការគំរាមពីបស្ចិមប្រទេស ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ពីការកាត់ផ្តាច់ជំនួយមកកម្ពុជា ម្តងៗក្នុងរឿងរំលោភសិទ្ធិមនុស្ស។ ជាក់ស្តែងកាលពីឆ្នាំ២០០៩ បើទោះជាមានការរិះគន់ពីសហគមន៍អន្តរជាតិ និងការគំរាមពីសហរដ្ឋអាមេរិក ថា នឹងផ្តាច់ជំនួយយោធាមកកម្ពុជា បើកម្ពុជា បញ្ជូនជនភៀសខ្លួនអ៊ុយហ្គរ៍ (Uighur)ចំនួន ២០នាក់ត្រឡប់ទៅប្រទេសចិន វិញ។ កម្ពុជា មិនបានចាប់អារម្មណ៍ឡើយ។ ទីបំផុត ជនភៀសខ្លួនទាំង ២០នាក់នោះ ត្រូវបានកម្ពុជា បញ្ជូនទៅឲ្យចិន។ មួយថ្ងៃក្រោយមក ចិន បានផ្តល់ជំនួយ និងកម្ចីប្រមាណ ១,២ពាន់លានដុល្លារមកឲ្យកម្ពុជា។
ក្នុងនាមជាប្រទេសក្រីក្រ ប្រាកដណាស់ កម្ពុជា ត្រូវការឲ្យមានមិត្តច្រើនដូចការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រោះការដែលមានមិត្តច្រើននេះ អាចផ្តល់ប្រយោជន៍ច្រើនមកដល់កម្ពុជា ទាំងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ទាំងការទាក់ទាញលំហូរនៃទុនវិនិយោគរបស់ប្រទេសជាមិត្តទាំងនោះមកជួយជំរុញសេដ្ឋកិច្ចកម្ពុជា។
ប៉ុន្តែកន្លងមក រដ្ឋាភិបាលហាក់ពុំសូវខ្វល់ពីការបាត់បង់ផលប្រយោជន៍ពីប្រទេសជាមិត្តមួយចំនួនឡើយ ពិសេសពីមិត្តណាដែលហ៊ានរិះគន់រដ្ឋាភិបាលចំៗពីរឿងធ្វើបាបបក្សប្រឆាំង ពីការរំលោភសិទ្ធិមនុស្ស ពីអំពើពុករលួយ ឬពីការដឹកនាំបែបផ្ដាច់ការរបស់រដ្ឋាភិបាល។ នៅពេលមានការគំរាមផ្តាច់ជំនួយពីប្រទេសទាំងនោះម្តងៗ រដ្ឋាភិបាលតែងឆ្លើយតបទៅវិញថា កម្ពុជា មិនខ្វល់ឡើយ។ ប៉ុន្តែស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលក៏ងាកទៅលេងស្និទ្ធជាមួយមហាអំណាចចិន ដែលមិនដែលរិះគន់ពីការដឹកនាំរបស់ខ្លួនម្តងណានោះ។ ប្រការនេះ ហាក់ផ្ទុយពីការលើកឡើងរបស់ លោក ហ៊ុន សែន ដែលថាកម្ពុជា ត្រូវធ្វើជាមិត្តរបស់ប្រទេសទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។