កូនស្រីច្បងរបស់ លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា មិនមានជំនឿថា រដ្ឋាភិបាល លោក ហ៊ុនសែន ហ៊ានរំលាយគណបក្សប្រឆាំងដ៏ធំជាងគេនោះក្នុងប្រទេសកម្ពុជាមិនឲ្យចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨ នេះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយអាស៊ីសេរី កាលពីយប់ថ្ងៃទី១២ កញ្ញា កឹម មនោវិទ្យា បានចាត់ទុកវិធានការរបស់អាជ្ញាធររដ្ឋាភិបាល ការចោទប្រកាន់លើបញ្ហាផ្សេងៗ មកលើគណបក្សសង្គ្រោះជាតិ ពីសំណាក់រដ្ឋាភិបាលនោះ គឺគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រ ចង់បំបាក់ស្មារតី ឬទឹកចិត្ត គណបក្សប្រឆាំង និងអ្នកគាំទ្រ ដើម្បីយកប្រៀបលើគូប្រកួតដ៏សំខាន់នៅមុនការបោះឆ្នោតតែប៉ុណ្ណោះ។ ម្យ៉ាងទៀតរដ្ឋាភិបាល ចង់ស្ទង់ឆន្ទៈអន្តរជាតិសាកមើល ថាតើរឿងនេះ នឹងមានប្រតិកម្មប៉ុណ្ណាពីសហគមន៍អន្តរជាតិនោះ។
កញ្ញាបានដាក់ជាសំនួរថា បើរដ្ឋាភិបាលពិតចង់ចោទប្រកាន់សហរដ្ឋអាមេរិក ថា ជាអ្នកនៅពីក្រោយខ្នងគណបក្សប្រឆាំង ឬលោក កឹម សុខា ក្នុងការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់មែននោះ និងមានភស្តុតាងជាក់ស្ដែងពិតប្រាកដមែននោះ ហេតុអ្វីមិនធ្វើការចោទប្រកាន់ផ្លូវការទៅរដ្ឋាភិបាលអាមេរិក ឬមានវិធានការជជែកផ្ទាល់ជាមួយស្ថានទូតអាមេរិកនៅកម្ពុជាតែម្ដងទៅ ហេតុអីបានធ្វើបាបតែខ្មែរគ្នាឯង ធ្វើបាបតែគណបក្សសង្គ្រោះជាតិ ដែលត្រូវប្រកួតប្រជែងក្នុងការបោះឆ្នោត៖ «បើការចោទប្រកាន់នេះពិតជាមានន័យមែននោះ សូមធ្វើការចោទប្រកាន់ជាផ្លូវការទៅសហរដ្ឋអាមេរិកទៅ ហេតុអីទុកឲ្យស្ថានទូតហ្នឹងនៅមានដំណើរការក្នុងប្រទេសកម្ពុជាទៀត ? ហេតុអ្វីក្រសួងការបរទេសមិនចេញសេចក្ដីថ្លែងការណ៍ ឬការព្រមានណាមួយទៅសហរដ្ឋអាមេរិកជាផ្លូវការទៅ… ? ការចោទកន្លងមកថា មានអ្វីៗជាមួយអាមេរិកនេះ គ្រាន់តែចោទជាសម្ដីក្រៅផ្លូវការទេ »។
អាស៊ីសេរីមិនទាន់អាចទាក់ទងមន្ត្រីរដ្ឋាភិបាល ដើម្បីសុំការឆ្លើយតបចំពោះការលើកឡើងជុំវិញរឿងនេះបាននៅឡើយ កាលពីថ្ងៃទី១១ កញ្ញា។
កញ្ញា កឹម មនោវិទ្យា បន្តទៀតថា លោក កឹម សុខា បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋខ្មែរកុំភ្លេច ទៅចុះឈ្មោះបោះឆ្នោត និងកុំចាញ់ចិត្តសាស្ត្រគណបក្សកាន់អំណាចនោះឲ្យសោះ។
ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង បានផ្ដល់សម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃទី១១ កញ្ញា ថា ការចាប់ខ្លួនលោក កឹម សុខា ជាការអនុវត្តទៅតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។