មេដឹកនាំគណបក្សប្រឆាំងអះអាងថា ស្ថានភាពនយោបាយនៅកម្ពុជា បច្ចុប្បន្ន កំពុងមានភាពដុនដាបដែលអាចនឹងឈានទៅរកវិបត្តិផ្នែកនយោបាយ។ ការថ្លែងបែបនេះ ក្នុងពេលដែលប្រមុខដឹកនាំបក្សប្រឆាំង ជួបទ្វេភាគីជាមួយប្រតិភូជាន់ខ្ពស់នៃប្រទេសអាល្លឺម៉ង់ (Germany)។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យប្រទេសអាល្លឺម៉ង់ ជួយអន្តរាគមន៍ និងដោះស្រាយបញ្ហាកំពុងប្រឈមដែលគណបក្សប្រឆាំងចាត់ទុកថា គឺជាវិបត្តិនយោបាយដែលកំពុងមានស្ថានភាពអាប់អួទៅៗ។
ថ្លែងប្រាប់អ្នកកាសែតក្រោយកិច្ចប្រជុំបិទទ្វារបានបិទបញ្ចប់ទៅកាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សប្រឆាំងអះអាងថា នៅក្នុងជំនួបទ្វេភាគីគឺប្រមុខដឹកនាំបក្សប្រឆាំង លោក កឹម សុខា បានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ កម្ពុជាកំពុងធ្វើដំណើរលើផ្លូវដ៏ស្មុគស្មាញ និងឧបសគ្គបំផុត ជាពិសេសការមិនចុះសម្រុងនឹងគ្នាផ្នែកនយោបាយ។ មិនតែប៉ុណ្ណោះ គណបក្សនយោបាយទាំងពីរមកដល់ពេលនេះទៅហើយ គឺនៅមិនទាន់អាចអង្គុយលើតុចរចា ដើម្បីស្វែងរកដំណោះស្រាយនយោបាយដែលកំពុងមានភាពប្រេះឆានេះបាននៅឡើយទេ។
លោក យឹម សុវណ្ណ ចាត់ទុកជំនួបទ្វេភាគីនៅពេលនេះថា នឹងអាចជួយស្ដារស្ថានភាពនយោបាយដែលកំពុងមានវិបត្តិនៅពេលនេះបានមួយផ្នែក។ លោកបន្តថា «ប្រទេសអាល្លឺម៉ង់ ក៏ដូចជាសហគមន៍អន្តរជាតិ និងសហគមន៍អឺរ៉ុប មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជា។ ជាចុងក្រោយ លោកបាននិយាយពាក្យយ៉ាងខ្លីបំផុតថា ស្ថានទូតអាល្លឺម៉ង់ នៅក្នុងប្រទេសកម្ពុជា តាមដានស្ថានការណ៍ដែលវិវឌ្ឍន៍ទៅភាពគ្រោះថ្នាក់នេះ។ គាត់បានបញ្ជាក់យ៉ាងខ្លីថា សិទ្ធិមនុស្ស និងសិទ្ធិគណបក្សប្រឆាំង ត្រូវតែបានការពារ»។
ជំនួបទ្វេភាគីដែលប្រើពេលមិនបានមួយម៉ោងស្រួលបួលផងនោះ រដ្ឋមន្ត្រីក្រសួងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍របស់ប្រទេសអាល្លឺម៉ង់ លោក ហ្គឺត មូល័រ (Gerd Muller) សន្យាថា នឹងពិនិត្យយ៉ាងល្អិតល្អន់អំពីបញ្ហា និងព័ត៌មានលម្អិតក្នុងរយៈពេលនៃការបំពេញទស្សនកិច្ចនេះ ហើយដាក់របាយការណ៍ជូនបណ្ដាប្រទេសទាំង ២៨ នៅក្នុងទ្វីបអឺរ៉ុប។ ប្រតិភូប្រទេសអាល្លឺម៉ង់ ដែលបំពេញទស្សនកិច្ចនេះ ក៏នឹងជួបសន្ទនាដែរជាមួយរដ្ឋាភិបាល។
ជុំវិញវិបត្តិនយោបាយនេះ កន្លងទៅសហភាពអឺរ៉ុប បានព្រមានកាត់ជំនួយមកកម្ពុជា។ ទាំងសហគមន៍អន្តរជាតិ មានស្ថានទូតសហរដ្ឋអាមេរិក ព្រមទាំងសហភាពអឺរ៉ុបជាដើម សុទ្ធតែយល់ឃើញថា ស្ថានភាពនៅកម្ពុជា ផ្ដើមចេញពីជម្លោះនយោបាយ គឺមិនអំណោយផលឡើយ។
កាលពីថ្ងៃទី១៣ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍ជានិច្ចចំពោះកិច្ចសន្ទនាផ្នែកនយោបាយ។ ក៏ប៉ុន្តែលោក ហ៊ុន សែន បានព្រមានបិទផ្លូវចរចា ប្រសិនបើការចរចាក្នុងដំណោះស្រាយនយោបាយនោះ ក្ដោបលើយុត្តាធិការរបស់តុលាការ និងលើកយកសំណុំរឿងអ្នកជាប់ឃុំមកដាក់សម្ពាធលើដៃគូ។
ក្នុងរយៈពេលចុងក្រោយនេះ បក្សនយោបាយទាំងពីរហាក់មើលមុខគ្នាលែងចំទៅហើយ។ក្រោយពីមន្ត្រី និងសកម្មជនបក្សប្រឆាំងមួយចំនួនត្រូវជាប់បណ្ដឹងតាមផ្លូវតុលាការជាហូរហែមក បញ្ហាការខ្វែងគំនិតគ្នាផ្លូវនយោបាយបានក្លាយជាចំណោទដ៏ស្មុគស្មាញ និងបានរុញច្រានស្ថានការណ៍បង្កទៅជាតានតឹងឡើងៗ។
ជាញឹកញាប់បក្សប្រឆាំងចោទប្រកាន់ថា រដ្ឋាភិបាលតែងប្រើប្រាស់តុលាការធ្វើជាឧបករណ៍ដ៏មានប្រសិទ្ធភាពរុញឲ្យបក្សប្រឆាំងឲ្យចុះខ្សោយ។ ប៉ុន្តែរដ្ឋាភិបាលវិញ តែងច្រានចោលជានិច្ច ហើយយល់ឃើញថា បក្សប្រឆាំងទៅវិញទេគឺជាអ្នកបង្កបញ្ហា។
អ្នកឃ្លាំមើលការវិវត្តនយោបាយយល់ឃើញថា ប្រសិនបើបក្សទាំងពីរនៅតែប្រកាន់ជំហរបែបនេះ នឹងធ្វើឲ្យកម្ពុជា ត្រូវចុះខ្សោយ។ ម្យ៉ាងវិញទៀត ជម្លោះនេះនឹងជះឥទ្ធិពលកាន់តែអាក្រក់ទៅដល់វិស័យសេដ្ឋកិច្ច ទេសចរណ៍ និងការវិនិយោគ។
ជុំវិញជំនួបទ្វេភាគីកាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា វិញ គណបក្សប្រឆាំងក៏បានស្នើឲ្យប្រទេសអាល្លឺម៉ង់ លើកយកបញ្ហារបស់កម្ពុជា ដែលកំពុងប្រឈមនេះ ដាក់បញ្ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំក្នុងក្របខ័ណ្ឌជាអន្តរជាតិ រួចបញ្ចូលបក្សនយោបាយទាំងពីរនេះផង។
ឆ្លើយតបសំណើរបស់បក្សប្រឆាំងនេះ លោក យឹម សុវណ្ណ បញ្ជាក់ថា ប្រតិភូអាល្លឺម៉ង់ សន្យាថា នឹងប្រើប្រាស់គ្រប់មធ្យោបាយក្នុងកិច្ចអន្តរាគមន៍របស់ខ្លួនទៅតាមសំណើរបស់បក្សសង្គ្រោះជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។