លោក កឹម សុខា ប្រកាស​ជំហរ​ជា​ថ្មី​​ថា​បក្ស​ខ្លួន​នៅ​តែ​ប្រកាន់​គោលការណ៍​អហិង្សា

0:00 / 0:00

អតីត​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​អំពាវនាវ​ដល់​សមាជិក និង​អ្នក​គាំទ្រ​របស់​ខ្លួន​ឲ្យ​បន្ត​រក្សា​នូវ​វប្បធម៌​អហិង្សា ដូច​ដែល​គណបក្ស​នេះ​ធ្លាប់​អនុវត្ត​កន្លង​មក។ អ្នក​វិភាគ​សង្គម​វិញ​យល់​ឃើញ​ថា ការ​ប្រើប្រាស់​មធ្យោបាយ​ដូច​នេះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ជម្រើស​ដ៏​ល្អ ប្រសិន​បើ​គណបក្ស​នេះ​អនុវត្ត​បាន​មែន។

នេះ​ជា​ការ​បង្ហាញ​វត្តមាន​ជា​សាធារណៈ លើក​ទី១​ហើយ របស់​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​នៅ​បន្ទាប់​ពី​ខ្លួន​ត្រូវ​រង​បណ្ដឹង​យ៉ាង​ស្អេកស្កះ និង​មាន​ដីកា​ឲ្យ​ចាប់​ខ្លួន​ពី​តុលាការ​ក្រុង​ភ្នំពេញ នោះ។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ជា​ច្រើន​នាក់ នៅ​ទីស្នាក់ការ​កណ្ដាល​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មិថុនា លោក កឹម សុខា ឲ្យ​ដឹង​ថា គណបក្ស​ប្រឆាំង​នឹង​នៅ​បន្ត​រក្សា​គោលជំហរ​របស់​ខ្លួន​គឺ​ប្រកាន់​យក​គោលការណ៍​អហិង្សា ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ។ លោក​បន្ត​ថា គ្មាន​ជម្រើស​ណា​មួយ​ដែល​ល្អ​ជាង​ការ​ប្រើប្រាស់​វិធីសាស្ត្រ​ត្រជាក់​ក្នុង​ការ​បញ្ចប់​បញ្ហា​ឡើយ។ លោក​បន្ត​ថា «ដើម្បី​ដោះស្រាយ​បញ្ហា គឺ​ដោះ​ដោយ​បញ្ញា ដោះ​ដោយ​អហិង្សា។ នេះ​ហើយ​ដែល​យើង​ជា​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​យក​ឱវាទ​នេះ។ ហើយ​ការ​សម្រេច​ថ្ងៃ​នេះ គឺ​ដើម្បី​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា យើង​នៅ​តែ​ប្រកាន់​ភ្ជាប់​នូវ​អហិង្សា​ជានិច្ច»។

ក្នុង​ជីវិត​នយោបាយ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោក កឹម សុខា ដែល​ធ្លាប់​អង្គុយ​កៅអី​ក្នុង​តួនាទី​ជា​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា​បាន​មួយ​មួយ​រយៈ លោក​ត្រូវ​រង​បណ្ដឹង និង​បទ​ចោទ​ជា​ច្រើន​សំណុំរឿង​ជា​ហូរហែ​មក​ហើយ។ ចុង​ក្រោយ​នេះ លោក កឹម សុខា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក ថាន់ ឡេង ចេញ​ដីកា​បង្គាប់​ឲ្យ​ខ្លួន​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ខាង​មុខ​នេះ។ ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា កន្លង​ទៅ​នេះ​ក្រោម​បទ​ចោទ​ថា លោក កឹម សុខា ព្យាយាម​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ។

ស្ថិត​ក្នុង​ស្ថានភាព​ដ៏​តានតឹង​ផ្នែក​នយោបាយ និង​មាន​ដីកា​ចាប់​ខ្លួន​ផ្ទួន​ៗ​ផង ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង ពុំ​បាន​ចេញ​ក្រៅ​ជា​សាធារណៈ​ដូច​លើក​មុនៗ​ឡើយ។ លោក កឹម សុខា បាន​ធ្វើ​ពហិការ​មិន​ចេញ​មុខ​ជា​សាធារណៈ​អស់​ពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ។

ការ​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​របស់​លោក​ជា​សាធារណៈ​នៅ​ពេល​នេះ​គឺ​ជា​ការ​ជាប់​ជួន​ចំ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ពិធី​តាម​បែប​ព្រះពុទ្ធសាសនា​គឺ​ពិធី​រាប់​បាត្រ​ដែល​មាន​ព្រះសង្ឃ​ចំនួន ១២៣​អង្គ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា នៅ​ទីស្នាក់ការ​​គណបក្ស។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​ជ្រើសរើស​មធ្យោបាយ​មិន​តបត​ដោយ​អំពើ​ហិង្សា គឺ​វិធីសាស្ត្រ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក។ មាន​ប្រទេស​ច្រើន​ណាស់​មក​ហើយ​ដែល​ប្រកាន់​គោលការណ៍​អហិង្សា​នេះ តែង​ឈ្នះ​ក្នុង​សមរភូមិ​នយោបាយ។ ក៏ប៉ុន្តែ យន្តការ​បែប​នេះ​ត្រូវ​អត់ធ្មត់ និង​ចិត្ត​អំណត់​បន្តិច។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ចាត់​ទុក​ថា វា​ជា​ជម្រើស​ដែល​មិន​អាច​ខ្វះ​បាន​ចំពោះ​ការ​ប្រើ​វិធី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា រឿង​ដែល​មាន​ការ​ព្រួយបារម្ភ​គឺ​ខ្លាច​មាន​ភាព​ប្រេះឆា​ផ្ទៃ​ក្នុង​ប៉ុណ្ណោះ ប្រសិន​បក្ស​នយោបាយ​មួយ​បាន​សម្អាត​ផ្ទៃ​ក្នុង​ល្អ​ហើយ វា​ជា​ឱកាស​ដ៏​ល្អ​​បំផុត ហើយ​ភាព​ជោគជ័យ​ក៏​នឹង​ងាយ​ទទួល​បាន​ដែរ។ លោក​បន្ត​ថា «យុទ្ធនាការ​អហិង្សា​ហ្នឹង គឺ​ឈ្នះ​ហើយ​ឲ្យ​តែ​បាន ហើយ​អហិង្សា​ហ្នឹង​យើង​ត្រូវ​តែ​បន្ត​ថែម​ទៀត បើ​ទោះ​ជា​វ៉ៃ​គេ​ចាប់​គេ​ចង ឬ​គេ​សម្លាប់​អី ក៏​យើង​ឥត​ត្រូវ​ត​ដៃ។ ធ្វើ​សកម្មភាព​ដោយ​អហិង្សា​រហូត អា​ហ្នឹង​ជា​គំរូ មហាត្មៈ គន្ធី ហើយ​អាច​នឹង​ទទួល​ជោគជ័យ​បើ​អាច​ធ្វើ​បាន»។

លោក កឹម សុខា ដែល​ជា​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​រង​បណ្ដឹង​ជា​ច្រើន​សំណុំរឿង​មួយ​រយៈពេល​មក​នេះ​ក្រោយពេល​លោក​ត្រូវ​បាន​សមាជិក​សភា​គណ​បក្ស​កាន់​អំណាច​បោះ​ឆ្នោត​ទម្លាក់​ពី​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា​មក។ គេ​សង្កេត​ឃើញ​ថា មាន​មនុស្ស​ជា​ច្រើន​ក្រុម​តែង​ព្យាយាម​កសាង​សំណុំរឿង​ជា​ច្រើន​ករណី ដើម្បី​ដាក់​បន្ទុក​ប្រឆាំង​លោក កឹម សុខា ក្នុង​បំណង​ឲ្យ​លោក​ជាប់ទោស​ទណ្ឌ​ទាំង​មាន​អភ័យឯកសិទ្ធិសភា។

បើ​ទោះ​ជា​បែប​ណា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​ជា​ស្ថាប័ន​មួយ​តែង​ចាត់​វិធានការ​ក្នុង​សំណុំរឿង​លោក កឹម សុខា សារភាព​កាល​ពី​ថ្ងៃ​ទី​៦ មិថុនា ថា បញ្ហា​របស់​លោក កឹម សុខា នេះ ទាំង​ខាង​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ពិត​ជា​ពិបាក​ចាត់ការ​ណាស់។ លោក​បន្ត​ថា ភាព​ស្មុគស្មាញ​ និង​ជា​ឧបសគ្គ​ផ្នែក​ផ្លូវ​ច្បាប់​នេះ​ដោយសារ​តែ​ប្រមុខ​បក្ស​ប្រឆាំង​បាន​​​ការពារ​ដោយ​ច្បាប់​រួច​ទៅ​ហើយ ដែល​មិន​ងាយ​នឹង​ចាប់​ខ្លួន​បាន​ស្រួល​ឡើយ។ លោក​បន្ត​ថា «របាយការណ៍​សំយោគ​យើង ក៏​យើង​ឥត​ហ៊ាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទេ ពីព្រោះ​អភ័យ​ឯកសិទ្ធិ​របស់​សភា​ការពារ ៤​ចំណុច ការពារ​មិន​ឲ្យ​ចោទ​ប្រកាន់​គាត់​ទៅ​តុលាការ ការពារ​មិន​ឲ្យ​ឃាត់​ខ្លួន​គាត់ ការពារ​មិន​ឲ្យ​ចាប់​ខ្លួន​គាត់ និង​ការពារ​មិន​ឃុំ​ខ្លួន​គាត់។ ៤​ចំណុច​ហ្នឹង​ឯង។ លើក​លែង​តែ​បទល្មើស​ជាក់ស្ដែង​ទេ ៤​ចំណុច​ហ្នឹង​រលាយ ប៉ុន្តែ​នេះ​មាន​ជាក់ស្ដែង​ណា លើស​ពី​មួយ​អាទិត្យ​ហើយ លែង​ជាក់ស្ដែង​ហើយ»។

ក្នុង​អំឡុង​ពេល​ដែល​លោក កឹម សុខា មាន​ដីកា​ចាប់​ខ្លួន និង​ដីកា​​បង្គាប់​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ផង អ្នក​គាំទ្រ​វិញ​បាន​ព្រមាន​ធ្វើ​បាតុកម្ម​អហិង្សា​ទ្រង់ទ្រាយ​ធំ​ក្នុង​បំណង​ប្រឆាំង​ចំណាត់​ការ​របស់​តុលាការ។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​បាន​អះអាង​ថា ប្រសិន​បើ​ការ​ចាប់​ខ្លួន​លោក កឹម សុខា មិន​ធ្វើ​ឲ្យ​ចំណេញ​ដល់​​ជាតិ​ទេ នោះ​អាជ្ញាធរ​រដ្ឋ​នឹង​ផ្អាក​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។