មន្ត្រីជាន់ខ្ពស់ផ្នែកកិច្ចការព្រំដែនកម្ពុជា ចោទថា វៀតណាម ចង់បានទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ដាក់ដាំ ដែលជាទីតាំងមិនទាន់មានការឯកភាពគ្នារវាងរដ្ឋាភិបាលកម្ពុជា និងវៀតណាម។ ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង ថ្លែងដូចនេះ ដើម្បីរក្សាជំហររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអះអាងថា តំបន់ដាក់ដាំ ជារបស់កម្ពុជា ខណៈដែលភាគីវៀតណាម កំពុងឈ្លានពានយក និងអះអាងថាជាដីរបស់ខ្លួន។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លើកឡើងបែបនេះប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ វិច្ឆិកា បន្ទាប់ពីក្រសួងការបទេសវៀតណាម កាលពីថ្ងៃទី២ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍ដ៏កម្រមួយ ប្រតិកម្មឆ្លើយតបនឹងសម្ដីរបស់ លោក ហ៊ុន សែន ទាក់ទងនឹងរឿងដីនៅព្រំដែនកម្ពុជា-វៀតណាម នៅតំបន់ដាក់ដាំដាក់ហ៊ូត។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា វៀតណាម មានគ្រប់គ្រាន់នូវមូលដ្ឋានច្បាប់ ប្រវត្តិសាស្ត្រ និងការគ្រប់គ្រងស្ថានភាពពិតដើម្បីបញ្ជាក់ថា តំបន់នេះស្ថិតក្នុងបូរណភាពទឹកដីពេញលេញ និងគ្រប់គ្រាន់របស់វៀតណាម។
ផ្ទុយពីការលើកឡើងនេះ លោក វ៉ា គឹមហុង បញ្ជាក់ថា កម្ពុជា មានសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង ឆ្នាំ១៩១៤ ខ្សែព្រំដែនតាមព្រែកដាក់ហ៊ូត។ ដូច្នេះ តំបន់ដាក់ដាំដាក់ហ៊ូត ស្ថិតក្នុងបូរណភាពទឹកដីរបស់កម្ពុជា។ លោកបន្តថា ការអះអាងរបស់វៀតណាម ព្រោះវៀតណាម ចង់បានតំបន់នោះ៖ «គេ (វៀតណាម) ធ្លាប់កាន់កាប់រួចហើយ គេចង់កាន់កាប់បន្តទៀត គេមិនព្រមទទួលស្គាល់សិទ្ធិក្នុងការទាមទាររបស់យើង។ យើងមានសិទ្ធិក្នុងការទាមទារ ព្រោះសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង នៅពេលនេះ គឺជាច្បាប់»។
កាលពីថ្ងៃទី២៥ ខែតុលា លោក ហ៊ុន សែន បានថ្លែងពីប្រទេសបារាំង ថា វៀតណាម បានចរចាក្រៅផ្លូវការជាមួយលោក ដោយភាគីវៀតណាម យកតំបន់ដាក់ដាំ ៦០ភាគរយ ហើយឲ្យកម្ពុជា ៤០ភាគរយ ប៉ុន្តែ លោក ហ៊ុន សែន មិនបានយល់ព្រមទេ។ លោកបញ្ជាក់ថា ទីតាំងនោះជារបស់កម្ពុជា ដូច្នេះកម្ពុជា ត្រូវជាម្ចាស់លើដែនដីនោះ។ លោក ហ៊ុន សែន ប្រកាសជំហរមុខពលរដ្ឋខ្មែរនៅបារាំង ថា លោកនៅតែតស៊ូជាមួយវៀតណាម ព្រោះប្រសិនបើវៀតណាម យកដីនោះបាន កម្ពុជា នឹងបាត់បង់ផ្ទៃដីអស់ជាង ៥១គីឡូម៉ែត្រការ៉េ។
ទោះបែបនេះក្ដី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ឡេ ហាយប៊ិញ (Le Hai Binh) បានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា តំបន់ព្រំដែនដាក់ដាំរបស់ខេត្តដាក់ណុង (វៀតណាម) ជាប់នឹងខេត្តមណ្ឌលគិរី (កម្ពុជា) គឺស្ថិតក្នុងបូរណភាពទឹកដីពេញលេញ និងគ្រប់គ្រាន់របស់វៀតណាម តាំងពីដើមរៀងមក។
ឆ្លើយតបករណីនេះ លោក វ៉ា គឹមហុង លើកឡើងថា ត្បិតតំបន់ដាក់ដាំដាក់ហ៊ូត សព្វថ្ងៃត្រូវវៀតណាម គ្រប់គ្រង ប៉ុន្តែមិនមែនមានន័យថា មានសិទ្ធិពេញលេញ ឬមានបូរណភាពលើតំបន់នោះទេ។ លោកថា កម្ពុជា នៅតែរក្សាបន្តការចរចា ដើម្បីរកដំណោះស្រាយលើបញ្ហាមិនទាន់ដោះស្រាយនៅតំបន់ដាក់ដាំដាក់ហ៊ូត៖ «កម្ពុជា នៅតែបន្តការចរចា ហេតុដូច្នេះនៅក្នុងសន្ធិសញ្ញាបំពេញបន្ថែម ប្រការ១ វាក្យខណ្ឌ១ ថា ភាគីទាំងពីរបន្តការចរចា»។
ដោយឡែកសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ទិប ទាវ បញ្ចេញទស្សនៈថា ការឆ្លើយតបរបស់វៀតណាម នៅពេលនេះ ជាការឆ្លើយតបដដែល ដើម្បីបំភ្លៃយកទឹកដៃកម្ពុជា នៅតំបន់ដាក់ដាំ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា យកផែនទីតម្កល់នៅអង្គការសហប្រជាជាតិឆ្នាំ១៩៥៤ មកតតាំងជាមួយវៀតណាម នោះកម្ពុជា នឹងអាចគ្រប់គ្រងតំបន់នោះបាន៖ «រាល់អ្វីដែលភាគីវៀតណាម ចេះតែលើកឡើង គឺស្របពេលដែលរដ្ឋាភិបាលពុំទាន់មានអំណះអំណាងអ្វីជាក់លាក់ឆ្លើយតបទៅភាគីវៀតណាម»។
លោក ហ៊ុន សែន ថា មួយឆ្នាំៗរដ្ឋាភិបាលកម្ពុជា ផ្ញើកំណត់ទូតច្រើនណាស់ទៅរដ្ឋាភិបាលវៀតណាម ស្នើឲ្យបញ្ឈប់ការសាងសង់ផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន ដែលភាគីវៀតណាម សាងសង់លើតំបន់ដាក់ដាំដាក់ហ៊ូត ដែលកំពុងមានបញ្ហានោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។