ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ នរោត្តម មុនីនាថ សីហនុ នៅព្រឹកថ្ងៃទី២៣ កក្កដា យាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ អ្នកតាមដានស្ថានការណ៍នយោបាយយល់ឃើញថា ព្រះរាជដំណើររបស់ព្រះអង្គនៅពេលនេះ អាចមានហេតុផលនយោបាយ ច្រើនជាងការពិនិត្យព្រះរាជសុខភាព។
នេះគឺជាលើកទីពីរហើយដែលព្រះមហាក្សត្រ និងសម្ដេចម៉ែ សព្វព្រះរាជហឫទ័យយាងទៅពិនិត្យព្រះរាជសុខភាពនៅក្រៅប្រទេស ស្របពេលដែលស្ថានការណ៍នយោបាយកម្ពុជា កំពុងស្ថិតក្នុងភាពចម្រូងចម្រាស ជុំវិញរឿងវិសោធនកម្មច្បាប់គណបក្សនយោបាយថ្មី ដែលរដ្ឋសភា និងព្រឹទ្ធសភាទើបអនុម័ត និងពិនិត្យចប់សព្វគ្រប់តាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកតាមដានស្ថានការណ៍នយោបាយយល់ឃើញថា ការយាងចេញទៅក្រៅប្រទេសរបស់អង្គព្រះមហាក្សត្រនៅពេលនេះ អាចដោយសារទ្រង់មិនសព្វព្រះរាជហឫទ័យ និងមិនចង់ឡាយព្រះហស្តលេខាដាក់ឲ្យប្រើច្បាប់ថ្មី ដែលមជ្ឈដ្ឋាននានាចាត់ទុកថាជាច្បាប់មិនបម្រើផលប្រយោជន៍ជាតិ តែបម្រើផលប្រយោជន៍បក្សកាន់អំណាច។
អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង យល់ឃើញថា ព្រះរាជដំណើររបស់ព្រះមហាក្សត្រនៅពេលនេះ អាចដោយសារទ្រង់ស្មុគស្មាញក្នុងព្រះហឫទ័យជុំវិញការឡាយព្រះហស្តលេខាលើច្បាប់ថ្មី ដែលគ្រោងនឹងបញ្ជូនមកស្ថាប័នព្រះមហាក្សត្រក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៖ « ខ្ញុំថា មិនមែន រឿងសុខភាព លោកឈឺអីញយៗម្ល៉េះ ! សូម ជម្រាបជូន បងប្អូន ថា ព្រះបាទ សីហមុនី មិនងាយឈឺទេ។ លោកសោយប្រយ័ត្នប្រយែងណាស់។ លោក កាន់សីល ទៅទៀត ។ អត់ទេ ! មិនមែនជា រឿងចៃដន្យ ទេ។ និយាយឲ្យខ្លីទៅ ខ្ញុំ មើលឃើញថា លោកមិនចង់ ឡាយព្រះហស្តលេខា លើច្បាប់ថ្មីហ្នឹង។ ប្រហែលជា ស្មុគស្មាញពេក ទើបព្រះអង្គយាង ចេញទៅ ទុកឲ្យ លោក សាយ ឈុំ ចុះហត្ថលេខា វិញ »។
ចំណែកអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត មាស នី វិញគិតថា ការយាងចេញទៅប្រទេសចិន របស់អង្គព្រះមហាក្សត្រនៅគ្រានេះ អាចដោយសារទ្រង់មិនសព្វព្រះរាជហឫទ័យ ច្រើនជាងការទៅពិនិត្យព្រះរាជសុខភាព។ លោកសង្កេតឃើញថា នេះអាចជាទម្លាប់របស់ព្រះមហាក្សត្រ ព្រោះសូម្បីតែបិតារបស់ទ្រង់ គឺព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ក៏ព្រះអង្គតែងយាងចេញទៅបរទេសដែរ នៅពេលទ្រង់មិនសព្វព្រះរាជហឫទ័យចំពោះរាជកិច្ចណាដែលទ្រង់ព្រះតម្រិះថា ផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញ៖ « នៅក្នុង កាលៈទេសៈដែល ប្រព័ន្ធតុលាការ មិនមាន ឯករាជ្យ ច្បាប់ហ្នឹង អាចនឹង នាំទៅរក ការបាក់ បែក ឬ ឈានទៅដល់ ការបាត់បង់ ការឯកភាព ជាតិទៅថ្ងៃ ខាងមុខ ។ បើសិនជា ច្បាប់នេះប៉ះពាល់ដល់ឯកភាពជាតិមែន ហើយព្រះអង្គមិន ឡាយព្រះហស្តលេខា នោះ មានន័យថា ព្រះអង្គបានបំពេញ ព្រះរាជតួនាទី របស់ទ្រង់ ហើយ »។
អាស៊ីសេរី មិនអាចទាក់ទងទីប្រឹក្សាព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ បានទេនៅថ្ងៃទី២៣ កក្កដា ដើម្បីសាកសួរព័ត៌មានបន្ថែមអំពីដំណើរយាងទៅពិនិត្យព្រះរាជសុខភាពរបស់អង្គព្រះមហាក្សត្រ និងសម្ដេចម៉ែនៅប្រទេសចិន នាពេលនេះ។
កាលពីថ្ងៃទី១៩ កក្កដា កន្លងទៅ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្វាយលិខិតមួយច្បាប់ទៅព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីសុំកុំឲ្យទ្រង់ឡាយព្រះហស្តលេខាលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលទើបត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាប្រជុំអនុម័ត និងពិនិត្យចប់សព្វគ្រប់កាលពីពេលថ្មីៗនេះ។
គណបក្សសង្គ្រោះជាតិ ចាត់ទុកសេចក្តីស្នើច្បាប់ថ្មីនេះ ថាផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ធ្វើឲ្យជាតិបែកបាក់ ព្រមទាំងមានចរិតនយោបាយគាបសង្កត់លើសិទ្ធិបុគ្គល និងគណបក្សនយោបាយ ដែលអាចធ្វើឲ្យការបោះឆ្នោតជាតិខាងមុខមិនសេរី និងមិនយុត្តិធម៌ ហើយជាពិសេសវាដើរផ្ទុយនឹងព្រះរាជបំណងរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ទៀតផង ដែលព្រះអង្គចង់ឲ្យមានការបង្រួបបង្រួមជាតិ និងដោះស្រាយបញ្ហារវាងខ្មែរ និងខ្មែរ។
ការយាងចេញទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ស្របពេលស្ថានការណ៍នយោបាយតានតឹងនេះ បានកើតឡើងម្តងរួចមកហើយកាលពីដើមខែមីនា កន្លងទៅ។
សេចក្តីស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយលើកទីមួយ ដែលចែងមិនឲ្យទណ្ឌិតធ្វើជាប្រធានគណបក្សនយោបាយបាននោះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចាត់ទុកថាជាច្បាប់សំដៅរឹតបន្តឹងគណបក្សប្រឆាំង និងប៉ះពាល់ដល់គោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ក៏ប៉ុន្តែវាត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញឯកភាពលើខ្លឹមសារទាំងស្រុងដោយគ្មានការកែប្រែ។ តាមគម្រោងនៅពេលនោះ ច្បាប់នេះនឹងត្រូវថ្វាយព្រះមហាក្សត្រដើម្បីព្រះអង្គឡាយព្រះហស្តលេខា ក៏ប៉ុន្តែព្រះមហាក្សត្រ និងសម្ដេចម៉ែ បានយាងចេញទៅទីក្រុងប៉េកាំង នៅថ្ងៃដដែលនោះ ដើម្បីទៅពិនិត្យព្រះរាជសុខភាព។
ទោះបីជាយ៉ាងណា ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ បានចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ច្បាប់នេះក្នុងនាមលោកជាប្រមុខរដ្ឋស្តីទី ជំនួសព្រះមហាក្សត្រពេលទ្រង់អវត្តមាន។
បច្ចុប្បន្ននេះ សេចក្តីស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយជាលើកទីពីរ ដែលរារាំងទណ្ឌិតមិនឲ្យពាក់ព័ន្ធជាមួយគណបក្សនយោបាយនោះ កំពុងស្ថិតក្នុងដៃក្រុមប្រឹក្សាធម្មនុញ្ញ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់ថា រដ្ឋសភាកំពុងរង់ចាំការពិនិត្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញ រួចនឹងបញ្ជូនទៅស្ថាប័នព្រះមហាក្សត្រភ្លាមៗតែម្តង ដោយសារច្បាប់នេះត្រូវបានដាក់ជាការប្រញាប់។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន វិញបញ្ជាក់ថា ទោះបីជាមិនមានវត្តមានរបស់ព្រះមហាក្សត្រក៏ដោយ ក៏ច្បាប់នេះនឹងត្រូវចូលជាធរមាននៅរវាងប៉ុន្មានថ្ងៃខាងមុខនេះដែរ បន្ទាប់ពីប្រមុខរដ្ឋស្តីទី គឺលោក សាយ ឈុំ ចុះហត្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ច្បាប់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។