ព្រះមហាក្សត្រ​កោត​សរសើរ​លោក ហ៊ុន សែន ពី​ស្នាដៃ​ដឹក​នាំ​និង​អភិវឌ្ឍ​ប្រទេស

0:00 / 0:00

ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅ​ក្នុង​ខួប​១០​ឆ្នាំ​នៃ​ការ​គ្រងរាជ្យ កាល​ពី​ថ្ងៃ​ទី​២៩ តុលា បាន​កោត​សរសើរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​អភិវឌ្ឍ និង​សន្តិភាព​សម្រាប់​ប្រទេស​ជាតិ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​សង្គម​អះអាង​ថា ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ។

ព្រះមហាក្សត្រ មាន​ព្រះរាជ​បន្ទូល​នៅ​មុខ​មន្ត្រី​រាជ​រដ្ឋាភិបាល ព្រះសង្ឃ និង​ពលរដ្ឋ​ប្រមាណ​មួយ​ម៉ឺន​នាក់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មនុស្ស​វ័យ​ឆ្លាត ហើយ​បង្កើត​ឲ្យ​មាន​គោល​នយោបាយ​សមស្រប​មួយ​ចំនួន ដែល​នាំ​ឲ្យ​ប្រទេស​កម្ពុជា ទទួល​បាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ។ ព្រះមហាក្សត្រ បញ្ជាក់​ទៀត​ថា ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា នឹង​មាន​អនាគត​ល្អ​ទៅ​ថ្ងៃ​ក្រោយ​ជា​មិន​ខាន។

ដោយ​ឡែក​ព្រះរាជសារ​ព្រះមហាក្សត្រ ចុះ​កាល​ពី​ថ្ងៃ​ទី​២៧ តុលា ផ្ញើ​ទៅ​ឲ្យ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា បញ្ជក់​ថា ព្រះអង្គ​សូម​កោត​សរសើរ​ចំពោះ អ្នកស្រី ប៊ុន រ៉ានី ដែល​មាន​សន្តាន​ចិត្ត​ដ៏​ល្អ​ប្រពៃ​ប្រកប​ដោយ​ការ​សន្តោស បាន​បរិច្ចាគ​ទាំង​កម្លាំង​កាយ​ចិត្ត និង​សម្ភារៈ ដឹក​នាំ​មនុស្ស​ធម៌​ចូលរួម​ជួយ​រំលែក​សេចក្តី​ទុក្ខ​លំបាក​របស់​ប្រជារាស្ត្រ ជាពិសេស​ស្ត្រី និង​កុមារ។

លោក ហ៊ុន សែន មាន​កំណើត​ពី​ខេត្ត​កំពង់ចាម។ ដំណើរ​ជីវិត​របស់​គាត់ វិវឌ្ឍ​តាំង​ពី​ជា​ក្មេង​វត្ត ជា​ទាហាន​ខ្មែរ​ក្រហម ជា​អ្នក​ការទូត និង​ចុង​ក្រោយ​បំផុត ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។ លោក​ក៏​ត្រូវ​បាន​គេ​ហៅ​ថា ជា​បុរស​ខ្លាំង​នៅ​កម្ពុជា។ លោក​បាន​ដឹក​នាំ​ប្រទេស​កម្ពុជា ជិត​រយៈពេល​បី​ទសវត្សរ៍​ហើយ។

កាល​ពី​ការ​បោះ​ឆ្នោត​ចុង​ក្រោយ ខែ​កក្កដា ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក បាន​ធ្លាក់​ប្រជាប្រិយភាព និង​សំឡេង​ឆ្នោត។ លទ្ធផល​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៣​អាសនៈ ធ្លាក់​ចុះ​ពី ៩០​អាសនៈ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី បញ្ជាក់​ថា ក្នុង​រយៈពេល​បី​ទសវត្សរ៍​ក្រោម​ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន មាន​ផល​វិជ្ជមាន និង​ផល​អវិជ្ជមាន៖ «ការ​គ្រប់គ្រង​ប្រទេស និង​សេដ្ឋកិច្ច វា​ស្មើ​សូន្យ ហេតុ​អ្វី​យើង​បាន​មួយ​វា​បាត់​មួយ យើង​បាន​ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែ​យើង​បាត់​ធនធាន​ធម្មជាតិ យើង​បាន​នូវ​ស្ថិរភាព​សន្តិសុខ យើង​បំផ្លាញ​សីលធម៌ យើង​មាន​ហានិភ័យ​ជាតិ​ធំៗ​ទាក់ទង​នឹង​ដែន​ដី»

លោក​បណ្ឌិត កែម ឡី អះអាង​ទៀត​ថា ការ​កោត​សរសើរ​របស់​ព្រះមហាក្សត្រ​ចំពោះ លោក ហ៊ុន សែន ប្រហែល​ជា​សារ​នយោបាយ​តែ​ប៉ុណ្ណោះ៖ «ជា​រួម គ្រាន់​ជា​ការ​ប្រើប្រាស់​កេង​ចំណេញ​នយោបាយ ដើម្បី​ធានា​ផល​ប្រយោជន៍​នយោបាយ ព្រះមហាក្សត្រ គង់​នៅ​ក្នុង​វាំង​ឥឡូវ​នេះ វា​អត់​ខុស​ពី​អតីត​ព្រះមហាក្សត្រ​គង់​ក្នុង​វាំង​កាល​ពី​ឆ្នាំ ប៉ុល ពត ឆ្នាំ​១៩៧៥-១៩៧៨ ដោយសារ​សិទ្ធិ​អំណាច​គ្រប់គ្រង​ដោយ​មនុស្ស​មួយ​ក្រុម​តូច»

ព្រះមហាក្សត្រ មាន​ព្រះជន្ម ៦២​ព្រះវស្សា។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​សម្បត្តិ បន្ទាប់​ពី​ព្រះបិតា​របស់​ព្រះអង្គ សម្ដេច​ព្រះ​នរោត្តម សីហនុ ដាក់​រាជ្យ​ជា​លើក​ទី​២ និង​ជា​លើក​ចុង​ក្រោយ កាល​ពី​ឆ្នាំ​២០០៤។ ព្រះអង្គ​គ្រងរាជ្យ​សម្បត្តិ តែ​មិន​កាន់​អំណាច​ទេ។ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ជា​រាជបុត្រ​ច្បង​របស់​សម្ដេច​ព្រះបាទ នរោត្ដម សីហនុ និង​ព្រះរាជ​មាតា​ព្រះនាម នរោត្ដម មុនីនាថ សីហនុ។ កាល​ពី​ឆ្នាំ​២០០៤ ក្នុង​ឱកាស​ឡើង​គ្រងរាជ្យ ព្រះមហាក្សត្រ​មាន​ព្រះរាជ​បន្ទូល​សន្យា​ថា នឹង​ធ្វើ​ជា​ព្រះមហាក្សត្រ​ល្អ​សម្រាប់​រាស្ត្រ ដោយ​បំបាត់​អំពើ​ពុក​រលួយ និង​ជៀសវាង​មន្ត្រី​ដែល​អែបអប​ព្រះអង្គ៖ «ព្រះរាជ​បិតា​នៃ​ខ្ញុំ មាន​ព្រះរាជ​ឱង្ការ​ដូច​ត​ទៅ​នេះ កូន! ការ​ដែល​ត្រូវ​ចងចាំ​ដរាប គឺ​ការ​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ។ យើង​ត្រូវ​ជៀសវាង​ឲ្យ​ផុត​ស្រឡះ​អំពី​អំពើ​ពុក​រលួយ​គ្រប់​បែប​យ៉ាង។ យើង​អនុវត្ត​អ្វីៗ គឺ​សំដៅ​បម្រើ​ការពារ​ឧត្តម​ប្រយោជន៍ ដែល​ជា​អាយុ​ជីវិត​ជាតិ​មាតុភូមិ និង​ប្រជាជន​ខ្មែរ»

កាល​ពី​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​បាន​ក្រោយ​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នោះ ព្រះមហាក្សត្រ រង​ការ​រិះគន់​ជាច្រើន ដោយសារ​តែ​ព្រះអង្គ​បាន​យាង​ចូល​ទៅ​ធ្វើ​ជា​ព្រះ​រាជាធិបតី​នៅ​ក្នុង​កិច្ច​ប្រជុំ​ដំបូង នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពហិការ​កិច្ច​ប្រជុំ​រដ្ឋសភា។ ប៉ុន្តែ​ក្រោយ​មក​ទៀត ព្រះមហាក្សត្រ ត្រូវ​បាន​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ អញ្ជើញ​ធ្វើ​ជា​សាក្សី​លើ​កិច្ច​ព្រមព្រៀង​នយោបាយ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

អតីត​ជា​មន្ត្រី​ការទូត​ជាន់​ខ្ពស់ និង​ជា​អ្នក​រាំ​របាំ​បាឡេ ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហមុនី ទ្រង់​សោយរាជ្យ​ជា​ប្រមុខ​រដ្ឋ​ដោយ​ស្ងប់ស្ងាត់ ក្រោយ​ព្រះ​បិតា​ព្រះអង្គ​បាន​ដាក់​រាជ្យ​កាល​ពី​ឆ្នាំ​២០០៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។