ក្រសួងមហាផ្ទៃ ព្រមានចាប់ខ្លួនកូនស្រីលោក កឹម សុខា និងតំណាងរាស្ត្របក្សឆាំងផ្សេងទៀតដែលកំពុងធ្វើសកម្មភាពនយោបាយនៅក្រៅប្រទេស និងព្រមានបិទអង្គការណាដែលធ្វើយុទ្ធនាការ «ថ្ងៃអាទិត្យពណ៌ស» ទាមទារដោះលែងអ្នកទោសមនសិការ។ រីឯអ្នកវិភាគយល់ថា ការព្រមានពីចំណាត់ការក្ដៅរបស់រដ្ឋាភិបាលនៅដើមឆ្នាំ២០១៨ នេះ គឺផ្ទុយពីរដ្ឋធម្មនុញ្ញ និងកាន់តែផ្ដាច់ការ។
ទោះបីជាឆ្នាំចាស់ផុតទៅឈានចូលឆ្នាំថ្មី ២០១៨ ហើយក្តី រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែមិនអាចកែប្រែចិត្តគំនិតចាស់របស់ខ្លួន ពោលគឺនៅដើមឆ្នាំថ្មីនេះ រដ្ឋាភិបាលនៅតែក្តៅក្រហាយចងកម្មចងពៀរជាមួយបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាលដដែល។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ ថា អាជ្ញាធរកម្ពុជា នឹងរង់ចាំចាប់ខ្លួនកញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា និងមន្ត្រីគណបក្សសង្គ្រោះជាតិ ផ្សេងៗទៀត ដែលកំពុងធ្វើនយោបាយនៅក្រៅប្រទេស ប្រសិនបើពួកគាត់ហ៊ានជិះយន្តហោះត្រឡប់មកជាន់ទឹកដីកម្ពុជាវិញ នៅពេលណាមួយ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ខៀវ សុភ័គ បានទេ ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន នៅថ្ងៃទី២ ខែមករា នេះ។
ការព្រមានចាប់ខ្លួននេះ គឺក្រោយពីកញ្ញា កឹម មនោវិទ្យា និងតំណាងរាស្ត្របក្សឆាំងមួយចំនួន កាលពីចុងឆ្នាំ២០១៧ បានធ្វើយុទ្ធនាការអំពាវនាវដល់អង្គការសហប្រជាជាតិ ពិនិត្យមើលឡើងវិញអំពីសមាជិកភាពរបស់កម្ពុជា ដោយព្យួរអាសនៈ។ ជាមួយគ្នានោះ ពួកគេបានប្រាប់ទៅបរទេសអោយដាក់ទណ្ឌកម្មលើកម្ពុជា ដូចជាបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាល មិនឲ្យចូលទឹកដីអាមេរិក និងសហគមន៍អឺរ៉ុប បង្កកទ្រព្យសម្បត្តិ និងមិនឲ្យបញ្ជាទិញទំនិញពីកម្ពុជា ជាដើម។ ការអំពាវនាវរបស់ពួកគាត់ដែលបានសម្រេចលទ្ធផលបណ្ដើរៗនេះ គឺដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់លោក កឹម សុខា ដាក់គុក ហើយរំលាយគណបក្សសង្គ្រោះជាតិ បិទអង្គការរបស់អាមេរិកមួយចំនួន និងបិទស្ថាប័នព័ត៌មានឯករាជ្យជាដើម។
លោក ខៀវ សុភ័គ ឲ្យដឹងដែរថា ចំពោះបុគ្គលចំនួន ១១៨នាក់ នៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលសម្រេចមិនឲ្យធ្វើនយោបាយ ៥ឆ្នាំនោះ គឺក្រសួងមហាផ្ទៃ នឹងស្នើទៅតុលាការកំពូល ម្តងទៀត ដើម្បីហាមឃាត់ធ្វើនយោបាយរយៈពេល ៥ឆ្នាំបន្ថែមទៀត ដែលមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ រូបនេះអះអាងថា ជាសកម្មភាពរឹងទទឹង និងខុសច្បាប់កម្ពុជា។
អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលនេះ វាផ្ទុយពីច្បាប់ និងបង្ហាញពីភាពផ្ដាច់ការឲ្យឃើញកាន់តែច្បាស់៖ «វិធានការកាន់តែផ្ដាច់ការទៅៗ ។ជាប្រជាពលរដ្ឋ គេមានសិទ្ធិសេរីភាពធ្វើសកម្មភាពនយោបាយ ប្រើប្រាស់សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយរបស់គេម្នាក់ៗ។ តាមពិតច្បាប់ ការំលាយគណបក្សប្រឆាំងនេះ គឺផ្ទុយពីរដ្ឋធម្មនុញ្ញរួចទៅហើយ»។
អាស៊ីសេរី មិនអាចទាក់ទងកញ្ញា កឹម មនោវិទ្យា និងអ្នកស្រី មូរ សុខហួរ ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី២ ខែមករា នេះ។
ក្រៅពីព្រមានលើអ្នកនយោបាយបក្សប្រឆាំងនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានព្រមាននឹងបិទអង្គការណាដែលធ្វើសកម្មភាពផ្ទុយនឹងលក្ខន្តិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ស្របពេលដែលថ្មីៗនេះ មានក្រុមសង្គមស៊ីវិលខ្លះ បាននាំគ្នាធ្វើយុទ្ធនាការថ្មីទៀតដែលគេហៅថា «ថ្ងៃអាទិត្យពណ៌ស»។
លោក ខៀវ សុភ័គ អះអាងថា អាជ្ញាធរកំពុងតាមដានសកម្មភាពរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិល និងកត់ត្រាទុកសកម្មភាពទាំងអស់នោះថែមទៀតផង។
យុទ្ធនាការ «ថ្ងៃអាទិត្យពណ៌ស» គឺមានសកម្មជនមួយចំនួនបានស្លៀកពាក់ពណ៌ស និងបង្ហោះសារលើហ្វេសប៊ុក (Facebook) ទាមទារឲ្យដោះលែងអ្នកទោសនយោបាយ រួមមានលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ អតីតបុគ្គលិកវិទ្យុអាស៊ីសេរី តំណាងរាស្ត្រ និងសកម្មជនបក្សប្រឆាំង សកម្មជនបរិស្ថាន អ្នកវិភាគនយោបាយ លោក គឹម សុខ និងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី ជាដើម។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ថា យុទ្ធនាការ «ថ្ងៃអាទិត្យពណ៌ស» គឺមិនផ្ទុយពីច្បាប់នោះឡើយ។ លោកបន្ថែមថា បច្ចុប្បន្ននេះ គឺគេមិនបានយកចិត្តទុកដាក់មើលអំពីបំណងរបស់អ្នកទាមទារឡើយ ប៉ុន្តែគេតែងតែផ្ដោតថា ការទាមទារទាំងឡាយរបស់ប្រជាពលរដ្ឋ និងក្រុមសង្គមស៊ីវិល គឺជាចលនានាំឲ្យមានបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាលទៅវិញ៖ «គេអត់បានគិតថា ជាការទាមទារក្នុងគោលបំណងណាមួយច្បាស់លាស់។នេះហើយគឺជារឿងពិតប្រាកដដែលយើងមើលឃើញ។ នៅក្នុងច្បាប់ ហើយប្រទេសកម្ពុជាដែលជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ គឺជៀសមិនផុតនោះទេពីអំពើទាំងអស់នេះ ដែលប្រជាពលរដ្ឋនៅក្នុងសង្គមនេះ អាចលើកឡើងទាមទារតាមមធ្យោបាយដែលខ្លួនចង់ធ្វើតែប្រកាន់គោលការណ៍សន្តិវិធី អហិង្សា ដែលមធ្យោបាយដែលខ្លួនអាចធ្វើទៅបាន»។
សមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការសមាគមដទៃមួយចំនួនទៀត មិនទាន់ឃើញចូលរួមធ្វើយុទ្ធនាការ «ថ្ងៃអាទិត្យពណ៌ស» នេះនៅឡើយទេ ដោយពួកគេអះអាងថា បារម្ភខ្លាចក្រសួងមហាផ្ទៃ រកលេសបិទអង្គការនេះចោល។
មាត្រា ១៩ នៃសេចក្ដីប្រកាសជាសកលអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចែងថា មនុស្សម្នាក់ៗមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងយោបល់។ សេរីភាពនេះរួមមានសិទ្ធិបញ្ចេញមតិដោយគ្មានការរារាំង និងសិទ្ធិដើម្បីស្វែងរក ទទួល និងផ្ដល់ព័ត៌មាន និងគំនិតតាមរយៈផ្សព្វផ្សាយបែបណាក៏បានដោយមិនគិតពីព្រំដែន។ រីឯមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញវិញចែងថា ពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។
អ្នកវិភាគ និងសង្គមស៊ីវិល ស្នើអោយអ្នកនយោបាយ ជាពិសេសគណបក្សកាន់អំណាច ចាប់ផ្ដើមចរចាត្រូវរ៉ូវគ្នា និងដឹកនាំប្រទេសវិលទៅរករបបប្រជាធិបតេយ្យ គោរពរដ្ឋធម្មនុញ្ញ គោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីជាកាដូសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងឆ្នាំថ្មី ឆ្នាំសកលនេះ និងដើម្បីបញ្ចៀសការរិះគន់ និងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាងនេះពីសហគមន៍អន្តរជាតិ។
កូនស្រីលោក កឹម សុខា ប្រកាសចូលរួមជាមួយពលរដ្ឋងើបតវ៉ាអហិង្សាដើម្បីទាមទារសិទ្ធិសេរីភាព
កូនស្រីច្បង លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ជាអគ្គនាយករងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ អះអាងថា កញ្ញាមិនខ្វល់ទៅនឹងការព្រមានរបស់ក្រសួងមហាផ្ទៃ ចង់ចាប់ខ្លួនរបស់កញ្ញានៅពេលវិលចូលស្រុកវិញឡើយ។ កញ្ញា កឹម មនោវិទ្យា ចាត់ទុកសកម្មភាពរបស់រដ្ឋាភិបាលពីមួយជំហានទៅមួយជំហានសព្វថ្ងៃនេះ ថាកំពុងតែប្រព្រឹត្តខុសច្បាប់កាន់តែធ្ងន់ធ្ងរដែលជាទង្វើរបស់មេដឹកនាំផ្ដាច់ការ។
ទន្ទឹមនឹងនេះ កញ្ញាអះអាងថា កញ្ញានឹងទៅចូលរួមជាមួយប្រជាពលរដ្ឋ បើសិនជាមានការងើបតវ៉ាដោយអហិង្សាដើម្បីទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យឲ្យប្រសើរឡើងវិញជាដើម។
សូមស្ដាប់បទសម្ភាសន៍រវាងលោក ទីន ហ្សាការីយ៉ា និងកញ្ញា កឹម មនោវិទ្យា អំពីរឿងនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។