សមាជិកសភាទាំង១២៣រូប នៃនីតិកាលទី៥រួមទាំងលោក សម រង្ស៊ី ដែលសព្វថ្ងៃជាទណ្ឌិតផងនោះត្រូវបានព្រះមហាក្សត្រ ព្រះបាទបរមនាថ នរោត្តម សីហមុនី ប្រទានគ្រឿងឥស្សរិយយសនារសៀលថ្ងៃទី២៤ខែធ្នូនៅមន្ទីររដ្ឋសភា។
ប៉ុន្តែប្រមុខដឹកនាំគណបក្សទាំងពីរ ដែលមានសំឡេងនៅក្នុងរដ្ឋសភារួមមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ស ខេង លោក សុខ អាន នៃគណបក្សប្រជាជនកម្ពុជានិងប្រធានស្តីទីគណបក្សសង្គ្រោះជាតិនិងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀតមិនបានមកទទួលទេ។
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ប៉ុល ហំម ឲ្យដឹងថា មូលហេតុដែលលោក កឹម សុខា មិនបានចូលរួមនៅពេលនេះព្រោះលោក កឹម សុខា ឈឺធ្មេញចេញទៅក្រៅប្រទេសដើម្បីព្យាបាល។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យដឹងថា ប្រមុខគណបក្សប្រជាជនកម្ពុជាមានធុរៈទើបមិនអាចមកចូលរួមបាន។
ទាក់ទងនឹងការផ្ដល់គ្រឿងឥស្សរិយយសដល់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលកំពុងជាប់ទោស មានឈ្មោះជាទណ្ឌិតនោះត្រូវបានអ្នកនាំពាក្យរដ្ឋសភា នៃគណបក្សសំឡេងភាគច្រើននិងជាសមាជិកក្រុមស្នើសុំគ្រឿងឥស្សរិយយសលោក ឈាង វុន ពន្យល់ថាបើទោះជាលោក សម រង្ស៊ី ជាប់ទោសនៅតុលាការ ក៏មានសិទ្ធិទទួលគ្រឿងឥស្សរិយយសនេះដែរ៖ «សូម្បីគាត់ ( លោក សម រង្ស៊ី ) ក្លាយជាទណ្ឌិតហើយក៏ដោយ អ្វីដែល គាត់មានពី មុនមក ត្រូវទុកឲ្យគាត់»។
ការប្រគល់គ្រឿងឥស្សរិយយសដល់សមាជិករដ្ឋសភា ត្រូវធ្វើឡើង២ដង ក្នុងមួយអាណត្តិ ហើយការប្រគល់លើកទី១នេះ ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក ហេង សំរិន និងអនុប្រធានទី២រដ្ឋសភា លោក ងួន ញ៉ិល។
ទាំងប្រមុខគណបក្សកាន់អំណាចនិងប្រមុខគណបក្សប្រឆាំងទទួលបានគ្រឿងឥស្សរិយយស ជាតូបការដូចៗគ្នាខណៈគ្រឿងឥស្សរិយយសដែលផ្ដល់នោះមានប្រាំបីភេទផ្សេងៗគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។