គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ប្រកាសជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង។ អង្គការមិនមែនរដ្ឋាភិបាល សាទរចំពោះការជ្រើសរើសនេះ ប៉ុន្តែស្នើឲ្យ គ.ជ.ប ទុករយៈពេលវែងសម្រាប់ការជ្រើសរើស ដែលអាចឲ្យអ្នកមានសមត្ថភាពបានត្រៀមខ្លួនរួចរាល់ដើម្បីដាក់ពាក្យ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្ដើមទទួលពាក្យពីបេក្ខជនក្នុងរយៈពេល ១០ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែធ្នូ។
សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា សមាជិក គ.ជ.ប ទាំង ៩រូប គឺជាអ្នកសម្រេចជ្រើសរើស ចាប់តាំងពីការជម្រុះបេក្ខជនរហូតដល់ការជ្រើសរើសចុងក្រោយ។ លោក ហង្ស ពុទ្ធា ឲ្យដឹងដែរថា អគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប ក្នុងតំណែង នឹងបន្តបំពេញការងាររហូតដល់អ្នកថ្មីត្រូវបានជ្រើសរើសមកជំនួស៖ «បន្ទាប់ពីការឈប់ទទួលពាក្យទៅ គ.ជ.ប អាចនឹងរកពេលវេលាស្របប្រមាណ ២សប្ដាហ៍ ដើម្បីពិនិត្យទៅលើបេក្ខជននីមួយៗ។ យើងចង់ឲ្យបានមុនឆ្នាំ២០១៦ ប៉ុន្តែមិនទាន់សម្រេចជាចុងក្រោយថា ត្រូវតែបានដែរ ប៉ុន្តែយ៉ាងយូរបំផុតក៏នៅត្រឹមខែ១ ហ្នឹង»។
សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ចេញនៅថ្ងៃទី១៦ ខែធ្នូ បញ្ជាក់ថា ស្ថាប័ននេះត្រូវការជ្រើសរើសអគ្គលេខាធិការចំនួន ១រូប និងអគ្គលេខាធិការរងចំនួន ៤រូប។ អ្នកដែលអាចដាក់ពាក្យ ត្រូវមានលក្ខណៈសម្បត្តិចំនួន ៦ចំណុច រួមមាន មានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់ក្នុងរយៈពេលបំពេញការងារ មានអាយុយ៉ាងតិច ៣០ឆ្នាំ មានសិទ្ធិបោះឆ្នោត មានសញ្ញាបត្រចាប់ពីថ្នាក់ឧត្ដមសិក្សាឡើងទៅ មានបទពិសោធន៍ការងារយ៉ាងតិច ៥ឆ្នាំ និងមិនត្រូវជាសហព័ទ្ធ ឬញាតិសាលោហិត ឬញាតិពន្ធរហូតដល់ថ្នាក់ទី៣ របស់ប្រធាន អនុប្រធាន គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។
សេចក្ដីជូនដំណឹងដដែលបញ្ជាក់ទៀតថា អ្នកដែលមានបំណងដាក់ពាក្យ អាចទៅទាក់ទងនៅការិយាល័យបុគ្គលិកនៅទីស្ដីការ គ.ជ.ប។ ពាក្យសុំបម្រើការងារ នឹងមានចែកជូនដោយឥតគិតថ្លៃ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា សាទរចំពោះការជ្រើសរើសនេះ ដ្បិត គ.ជ.ប កំពុងត្រូវការអ្នកកាន់ការក្នុងតួនាទីនេះ នៅពេលចុះបញ្ជីឈ្មោះបោះឆ្នោតថ្មី ប៉ុន្តែលោកស្នើឲ្យ គ.ជ.ប បន្ថែមរយៈពេលនៃការជ្រើសរើស ដើម្បីឲ្យអ្នកមានសមត្ថភាពអាចចូលរួមបានច្រើន៖ «តាមធម្មតា តួនាទីធំចឹងយើងត្រូវរើស មិនអាចធ្វើតាមរបៀបរើស គ.ជ.ប លើកមុនដែលធ្វើតាមរបៀបរើសរបៀបធ្វើការតាមអ្នកនយោបាយ ដែលសម្រេចតែខាងនយោបាយទេ។ ការរើសអគ្គលេខាធិការអគ្គលេខាធិការរង គួរធ្វើឲ្យបានពេលយូរ សំខាន់ធ្វើឲ្យមានតម្លាភាព មានទំនុកចិត្តពីសាធារណជន ជាពិសេសឲ្យមានការចូលរួមសង្កេតឲ្យបានទូលំទូលាយផង»។
ករណីនេះ លោក ហង្ស ពុទ្ធា បញ្ជាក់ដែរថា គ.ជ.ប អាចនឹងពិភាក្សាដើម្បីដាក់សំណើទៅក្រសួងយុត្តិធម៌ ដើម្បីឲ្យជួយពន្លឿននីតិវិធីក្នុងការធ្វើលិខិតថ្កោលទោស ដែលសម្រួលឲ្យបេក្ខជនអាចដាក់ពាក្យទាន់ពេលវេលា។
អគ្គលេខាធិការ គ.ជ.ប ក្នុងតួនាទីបច្ចុប្បន្ន លោក ទេព នីថា ដែលបានកាន់តំណែងនេះរយៈពេលជាង ១០ឆ្នាំមកហើយនេះ មានប្រសាសន៍ថា លោកនឹងដាក់ពាក្យចូលរួមក្នុងការជ្រើសរើសនេះដែរ៖ «ខ្ញុំមានសិទ្ធិដូចជាប្រជាពលរដ្ឋទូទៅដែរ ខ្ញុំចូលរួមដាក់ពាក្យ។ តាមពិតទៅ ការសំខាន់ គឺយើងធ្លាប់ធ្វើការងារនៅទីនេះ យើងមានបទពិសោធន៍ ហើយសមត្ថភាព ឬក៏សុខភាពរបស់យើងនៅអាចបំពេញការងារបាន យើងត្រូវតែចូលរួមចំណែក»។
ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មាត្រា៥៥ ចែងថា អគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប ត្រូវតែងតាំងដោយព្រះរាជក្រឹត្យតាមសំណើប្រធាន គ.ជ.ប បន្ទាប់ពីបានការយល់ព្រមពីសំឡេងភាគច្រើនដាច់ខាតនៃសមាសភាព គ.ជ.ប។ អគ្គលេខាធិការមានឋានៈស្មើរដ្ឋលេខាធិការ ចំណែកអគ្គលេខាធិការរង មានឋានៈស្មើអនុរដ្ឋលេខាធិការ។ ចំណែកមាត្រា៥៦ ចែងថា អគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវបាត់បង់តំណែងក្នុងករណីសាមីខ្លួនទទួលមរណភាព ឬលាឈប់ ឬបាត់បង់សម្បទាវិជ្ជាជីវៈ ឬមានទោសជាប់ពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។