គ.ជ.ប នឹង​បញ្ជូន​ឈ្មោះ​ដែល​រង​ការ​ចោទ​ប្រកាន់​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ស្រាវជ្រាវ

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សម្រេច​បញ្ជូន​ឈ្មោះ​របស់​ពលរដ្ឋ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ជា​ជនជាតិ​វៀតណាម ឲ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ ដើម្បី​ស្រាវជ្រាវ​ពី​ការ​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​របស់​ពួក​គេ។ ការ​អះអាង​របស់ គ.ជ.ប នេះ ទទួល​បាន​ការ​ស្វាគមន៍​ពី​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​ប្ដឹង​ទាមទារ​ឲ្យ​លុប​ឈ្មោះ។

សមាជិក គ.ជ.ប ឲ្យ​ដឹង​ថា ដំណើរ​ការ​ដែល​ឈាន​ទៅ​ស្រាវជ្រាវ​ករណី​ភាព​មិន​ប្រក្រតី នៃ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ អាច​នឹង​ត្រូវ​ដោះស្រាយ​នៅ​ចុង​ឆ្នាំ​២០១៧។

សមាជិក គ.ជ.ប លោក មាន សទិ ឲ្យ​ដឹង​ថា បញ្ជី​ឈ្មោះ​ដែល គ.ជ.ប នឹង​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ លុះត្រា​តែ គ.ជ.ប រក​ឃើញ​ថា មាន​ករណី​សង្ស័យ​ពី ៧០%ទៅ ៨០% ជា​ជន​បរទេស ឬ​ជា​ជនជាតិ​វៀតណាម ទើប គ.ជ.ប បញ្ជូន​ឈ្មោះ​នោះ​ទៅ​ក្រសួង​មហាផ្ទៃ ស្រាវជ្រាវ។ ក្រៅ​ពី​នេះ សមាជិក គ.ជ.ប រូប​នេះ​ស្នើ​ឲ្យ​ដើម​បណ្ដឹង​ពិនិត្យ​ឈ្មោះ​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ការ​ចោទ​ប្រកាន់​ខុស​មនុស្ស៖ «ខ្ញុំ​សុំ​ជម្រាប​ឲ្យ​ខ្លីៗ​ទៅ​ចុះ បញ្ហា​ហ្នឹង​គ..ប បាន​គិត​ពិចារណា​ដែរ អ៊ីចឹង​ទីមួយ​ដើម​បណ្ដឹង​ក៏ ត្រូវ​ខ្លួន​ឯង​ដែរ ត្រូវ​ដក​ឲ្យ​អស់ មិនមែន​ដើរ​តែ​កត់​ឈ្មោះ​យក​ទេ ហើយ​គ..ប ក៏​ត្រូវ​ពិចារណា​ដែរ ថា​តើ​អ្នកណា​ខ្លះ​យើង​ត្រូវ​បញ្ជូន អ្នកណា​មិន​ត្រូវ​បញ្ជូន អ៊ីចឹង​យើង​ទៅ​ទំនាក់ទំនង​ជាមួយ​ក្រសួង​មហាផ្ទៃ​ដើម្បី​រក​យន្តការ​ដោះស្រាយ»

តែ​ទោះ​យ៉ាង​នេះ លោក មាន សទិ បញ្ជាក់​ថា បញ្ជី​ឈ្មោះ​ដែល​ដោះស្រាយ​រួច​ហើយ​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ គ.ជ.ប នៅ​តែ​រក្សា​ទុក​ដដែល​ក្នុង​អំឡុង​បញ្ជូន​ឈ្មោះ​ទាំងនោះ​ទៅ​ក្រសួង​មហាផ្ទៃ លុះត្រា​ណា​ក្រសួង​មហាផ្ទៃ រក​ឃើញ​ថា​មាន​ជនជាតិ​វៀតណាម ដូច​ការ​ចោទ​ប្រកាន់ ឬ​ជនជាតិ​វៀតណាម ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​នោះ​មិន​ត្រឹមត្រូវ​តាម​ច្បាប់ ទើប គ.ជ.ប លុប​ឈ្មោះ​ទាំងនោះ​ចេញ​បញ្ជី​ឈ្មោះ​បោះឆ្នោត៖ «សុំ​ជម្រាប​ថា បើ​កាលណា​សវនា​ចប់​ហើយ បញ្ជី​ឈ្មោះ​បោះឆ្នោត​ហ្នឹង​ទៅ​ជា​បញ្ជី​ផ្លូវការ​មិន​អាច​កែប្រែ​បាន​ទេ ហើយ​ដូច​ខ្ញុំ​ជម្រាប​មុន​អ៊ីចឹង បើថា មក​ក្រោយ​ទាល់​តែ​ដោះស្រាយ​ចុង​ឆ្នាំ សម្រាប់​លុប»

ការ​ថ្លែង​របស់​សមាជិក គ.ជ.ប ដូច​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ទី​១៩ ខែ​មករា ស្ដីពី​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង។

ជុំវិញ​ការ​លើក​ឡើង​របស់​សមាជិក គ.ជ.ប ដូច​នេះ អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​នៅ​ឡើយ​ទេ​ថ្ងៃ​ទី​១៩ ខែ​មករា។

ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នៃ​ក្រសួង​មហាផ្ទៃ លោក ឃៀង សុគន្ធា ថា​លោក​មិន​ទាន់​ដឹង​ព័ត៌មាន​នេះ​ពី​ថ្នាក់​លើ​របស់​លោក​នៅ​ឡើយ​ទេ។ ទាក់ទង​រឿង​ចោទ​ប្រកាន់​ពី​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ថា​មាន​ការ​ផ្តល់​ឲ្យ​ជន​បរទេស ឬ​ជនជាតិ​វៀតណាម នោះ លោក ឃៀង សុគន្ធា អះអាង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើ​ការងារ​ស្រប​តាម​ច្បាប់ និង​ផ្អែក​លើ​ឯកសារ ដោយ​មុន​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​ពលរដ្ឋ​ណា​មួយ លុះត្រា​តែ​បុគ្គល​រូប​នោះ​មាន​សំបុត្រ​បញ្ជាក់​កំណើត សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ ព្រះរាជក្រឹត្យ​ផ្តល់​សញ្ជាតិ​ខ្មែរ៖ «ខ្ញុំ​សុំ​បញ្ជាក់​ថា ​ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ មិនមែន​ចេះ​តែ​ផ្ដល់​ទេ គឺ​យើង​សំអាង លើ​ឯកសារ ពេល​ខ្លះ​មិនមែន​ថា មនុស្ស​នឹង​និយាយ​ខ្មែរ​មិន​ច្បាស់​មិនមែន​ខ្មែរ​ទេ ហើយ​មិនមែន​សំដៅ​ថា មនុស្ស​និយាយ​ខ្មែរ​ច្បាស់​ជា​ខ្មែរ​ទេ»

គិត​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែ​មករា គ.ជ.ប ដោះស្រាយ​ពាក្យ​បណ្ដឹង​ចំនួន​៣៩ ដែល​ដើម​បណ្ដឹង​ជា​ពលរដ្ឋ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​ឲ្យ​លុប​ឈ្មោះ​នៅ​បញ្ជី​បោះឆ្នោត​ចំនួន​៧៥៩ ប៉ុន្តែ គ.ជ.ប នៅ​រក្សា​ឈ្មោះ​ទាំងនោះ ព្រោះ គ.ជ.ប លើក​ឡើង​ថា បណ្ដឹង​ទាំងនោះ​គ្មាន​មូលដ្ឋាន​ច្បាប់​ពេញលេញ។

ថ្ងៃ​ទី​១៩ ខែ​មករា ជា​ថ្ងៃ​ទី​៤ ដែល គ.ជ.ប បន្ត​ដាក់​ពាក្យ​បណ្ដឹង​ស្នើ​លុប​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ដំបូង ប៉ុន្តែ គ.ជ.ប មិន​ទាន់​ដោះស្រាយ​ចប់​រួច​រាល់​នៅ​ឡើយ​ទេ។ ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ត​ទៅ គ.ជ.ប នឹង​ប្ដូរ​រូបមន្ត​ពី​សវនាការ​សួរ​ដេញដោល​ដែល​ប្រើ​រយៈពេល​វែង មក​រយៈពេល​ខ្លី​វិញ ព្រោះ​ស្ថាប័ន​បោះឆ្នោត​ថ្មី​មួយ​នេះ​លើក​ឡើង​ថា របៀប​ថ្មី​អាច​ចំណេញ​ពេលវេលា​ជាង​មុន។

ប៉ុន្តែ​ភាគី​គណបក្ស​ប្រឆាំង​មិន​គាំទ្រ​ការ​ដោះស្រាយ​បណ្ដឹង​លើ​យន្តការ​សវនាការ​សង្ខេប​នេះ​ទេ ព្រោះ​យល់​ថា​មិន​អាច​ធ្វើ​ឲ្យ​តំណាង​ដើម​បណ្ដឹង​មាន​ពេល​គ្រប់គ្រាន់​ចោទ​សួរ​ទៅ​ចុង​ចម្លើយ។

ចំណែក​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា រក​ឃើញ​ថា ការ​ចុះ​ឈ្មោះ​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី​មាន​ភាព​មិន​ប្រក្រតី​ជាង​នេះ​ទៅ​ទៀត។ ក្រុម​សង្គម​ស៊ីវិល​ដដែល​រក​ឃើញ​ថា ការ​ដោះស្រាយ​នៅ គ.ជ.ប និង​នៅ​ឃុំ-សង្កាត់ មិន​មាន​តម្លាភាព​ដែល​ធ្វើ​ឲ្យ​ភាគី​បណ្ដឹង​មិន​អស់​ចិត្ត។

ចំពោះ​ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​កិច្ចការ​បោះឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី ឲ្យ​ដឹង​ថា ប្រសិន​បើ គ.ជ.ប និង​ក្រសួង​មហាផ្ទៃ ដោះស្រាយ​ករណី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មាន​តម្លាភាព និង​យុត្តិធម៌ គឺ​ជា​រឿង​ល្អ។ ប៉ុន្តែ​អ្នកស្រី​មិន​សូវ​មាន​ជំនឿ​លើ​ការ​អះអាង​នេះ​នៅ​ឡើយ​ទេ ព្រោះ​អ្នកស្រី​លើក​ឡើង​ថា កន្លង​ទៅ គ.ជ.ប ស្នើសុំ​សហការ​ទៅ​ក្រសួង​មហាផ្ទៃ ទាក់ទង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ មិន​បាន​ឆ្លើយតប​នោះ​ទេ៖ «អបអរសាទរ​ចំពោះ​ព័ត៌មាន​ថ្មីៗ​ដែល​គ..ប បាន​បង្ហាញ​ថា បើ​ទោះ​ជា​ពួកគាត់ ( ចុង​ចម្លើយ ) អាច​ចុះ​ឈ្មោះ​បាន​ក៏​ពិតមែន ប៉ុន្តែ​នឹង​បញ្ជូន​ឈ្មោះ​ទៅ​ក្រសួង​មហាផ្ទៃ ធ្វើ​ការ​ស៊ើបអង្កេត​លើ​ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ»

អគ្គលេខាធិការ​រង គ.ជ.ប លោក ម៉ៅ សុភារិទ្ធ ឲ្យ​ដឹង​ដែរ​ថា មក​ទល់​ថ្ងៃ​ទី​១៨ ខែ​មករា គ.ជ.ប ទទួល​ពាក្យ​បណ្ដឹង​បាន ១៤៧​បណ្ដឹង ដែល​បណ្ដឹង​ស្នើ​ឲ្យ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង ដែល​បណ្ដឹង​ភាគច្រើន​ចោទ​ប្រកាន់​ថា​ជនជាតិ​វៀតណាម។ លោក​ថា ក្នុង​ចំណោម​ពាក្យ​បណ្ដឹង​ទាំងនោះ មាន​ដើម​បណ្ដឹង​ម្នាក់​បាន​ដក​ពាក្យ​បណ្ដឹង​របស់​ខ្លួន​វិញ។

ចំណែក​អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា និយាយ​ថា ប្រសិន​បើ​មាន​ការ​រក​ឃើញ​ថា ជនជាតិ​វៀតណាម ដែល​ពលរដ្ឋ និង​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​នោះ​បាន​បន្លំ​ធ្វើ​ជា​ពលរដ្ឋ​ខ្មែរ ដើម្បី​ចុះ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​នោះ ពួក​គេ​នឹង​ត្រូវ​ចោទ​ប្រកាន់ និង​ចំណែក​អាជ្ញាធរ​ដែល​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ទាំងនោះ ក៏​នឹង​មាន​បញ្ហា​ចោទ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។