តំណាងអង្គការសង្គមស៊ីវិល ចំនួន ៦០ស្ថាប័ន មិនគាំទ្រចំពោះសេចក្ដីស្នើច្បាប់ចំនួនពីរ គឺសេចក្ដីព្រាងសេចក្ដីស្នើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត និងសេចក្ដីព្រាងសេចក្ដីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលក្រុមការងារគណបក្សទាំងពីរបានរៀបចំសិក្ខាសាលាថ្នាក់ជាតិ នៅព្រឹកថ្ងៃទី៩ មីនា នេះទេ។
តំណាងអង្គការសង្គមស៊ីវិលទាំងនេះ រួមមានសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតហៅថា អ៊ឺរ៉ា (ERA) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា វេទិកាអង្គការមិនមែនរដ្ឋាភិបាល បណ្ដាញស្ត្រីនិងយេនឌ័រ និងអង្គការជាច្រើនទៀត បានធ្វើសន្និសីទកាសែតរួមគ្នាភ្លាមៗ បន្ទាប់ពីក្រុមការងារគណបក្សទាំងពីរបានធ្វើសន្និសីទកាសែតចប់នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃដដែលនេះ។
តំណាងអង្គការសង្គមស៊ីវិលទាំងនោះ ដែលធ្វើការតាមដានពីសកម្មភាពគណបក្សទាំងពីរបានធ្វើសេចក្ដីព្រាងច្បាប់កន្លងមកនេះ បានលើកពីហេតុផលថា ពួកគាត់មិនចូលរួមក្នុងសិក្ខាសាលានេះ ដោយសារតែសិក្ខាសាលានេះមិនបានផ្ដល់របៀបវារៈឲ្យអង្គការសង្គមស៊ីវិលជាមុន។ ម្យ៉ាងទៀតឯកសារសម្រាប់ពិគ្រោះយោបល់ គណបក្សទាំងពីរបញ្ជូនឲ្យកៀកពេលពេក។ ក្រុមអង្គការសង្គមស៊ីវិលចាត់ទុកថា សិក្ខាសាលានេះ ធ្វើឡើងដើម្បីតែផលប្រយោជន៍គណបក្សទាំងពីរប៉ុណ្ណោះ មិនមែនដើម្បីសាធារណជនទូទៅទេ។
ក្រុមអង្គការសង្គមស៊ីវិលទាមទារឲ្យក្រុមការងារគណបក្សទាំងពីរ យកសេចក្ដីព្រាងច្បាប់នេះដាក់ពិគ្រោះយោបល់ជាមុនសិន មុននឹងដាក់ឲ្យសភាអនុម័ត និងសុំឲ្យទទួលយករាល់អនុសាសន៍ទាំងឡាយរបស់សង្គមស៊ីវិល និងត្រូវដកចេញមាត្រា៨៤ និយាយពីការគាបសង្កត់អង្គការសង្គមស៊ីវិល និងត្រូវធានាឲ្យមានការគោរពរដ្ឋធម្មនុញ្ញ និងមាត្រា ១៥ ស្ដីពីគណបក្សនយោបាយដែលចែងពីឯករាជភាពរបស់កងកម្លាំងប្រដាប់អាវុធ តុលាការ យោធា មិនឲ្យជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយ ។ល។
ទោះបីជាយ៉ាងនេះក្ដី នៅក្នុងសិក្ខាសាលាសិក្សាស្វែងយល់ពីច្បាប់ទាំងពីរនេះ ក្រុមការងារគណបក្សទាំងពីរអះអាងថា សេចក្ដីព្រាងច្បាប់នេះល្អជាងច្បាប់ចាស់ដែលធានានូវឯករាជ្យរបស់ស្ថាប័ន គ.ជ.ប និងជៀសវាងការជាប់គាំងនៅក្រោយពេលការបោះឆ្នោត។
សមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជា លោក កើត រិទ្ធិ មានប្រសាសន៍ថា ក្រុមការងារគណបក្សទាំងពីរបានខិតខំធ្វើច្បាប់ទាំងពីរនេះក្នុងគោលដៅធានាឲ្យស្ថាប័ន គ.ជ.ប ថ្មីក្លាយទៅជាស្ថាប័នឯករាជ្យពិតប្រាកដ។
នៅក្នុងសិក្ខាសាលានេះ មានអ្នកចូលរួមជិត ៥០០នាក់ ក្នុងនោះមានសមាជិករដ្ឋសភា តំណាងរដ្ឋាភិបាល សិស្សនិស្សិត អង្គទូតមួយចំនួន តំណាងរបស់សហភាពអឺរ៉ុប (EU) និងតំណាងអង្គការសង្គមស៊ីវិលមួយចំនួន។
នៅក្នុងសិក្ខាសាលានេះ ទោះបីជាមិនបានបើកឲ្យសួរដោយសេរីក្ដី ក៏ប៉ុន្តែមានសំនួរជាង ៩០សំណួរ ក្នុងនោះសំណួរឡើងសួរផ្ទាល់ជាង ២០សំណួរ និង ៧០សំណួរទៀតសរសេរជាលាយលក្ខណ៍អក្សរ។
ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន មានប្រសាសន៍ថា ក្រុមការងារគណបក្សទាំងពីរនឹងលើកយកសំណួរ និងមតិយោបល់ ឬអនុសាសន៍របស់អ្នកចូលរួមទៅពិចារណាមុននឹងដាក់ឲ្យសភាអនុម័ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។