តំណាង​ស្ត្រី​ជំរុញ​ឲ្យ​បក្ស​នយោបាយ​បង្កើន​បេក្ខភាព​ស្ត្រី

0:00 / 0:00

ស្រប​ពេល​ដែល​អ្នក​នយោបាយ​កំពុង​ខ្វល់ខ្វាយ​រឿង​ឃោសនា ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ​បក្ស​ខ្លួន​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ខាង​មុខ​នេះ ក្រុម​នារីៗ​ក៏​ខ្វល់ខ្វាយ​ឃោសនា​ទាក់ទាញ​អ្នក​នយោបាយ​ឲ្យ​ជួយ​លើក​ស្ទួយ​សិទ្ធិ​នារី​ក្នុង​តួនាទី​ក្នុង​ឆាក​នយោបាយ​ឲ្យ​ស្មើ​បុរស​ដែរ។

ដើម្បី​ឲ្យ​ចំនួន​នារី​អាច​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​កើន​ឡើង មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​តំណាង​ស្ត្រី​មួយ​ចំនួន នឹង​រៀបចំ​កិច្ច​ពិភាក្សា​មួយ​នៅ​ថ្ងៃ​ទី២៨ មីនា ដើម្បី​ឲ្យ​បក្ស​នយោបាយ​នានា​បង្កើន​បេក្ខភាព​ស្ត្រី​ក្នុង​បញ្ជី​បេក្ខភាព​របស់​ខ្លួន ឲ្យ​បាន​ច្រើន​ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ​នេះ។

កិច្ច​ពិភាក្សា​នេះ នឹង​ផ្ដោត​លើ​យន្តការ និង​វិធី​លើក​កម្ពស់​ការ​ចូលរួម និង​ភាព​ជា​តំណាង​របស់​ស្ត្រី​ក្នុង​ឆាក​នយោបាយ​ថ្នាក់​ជាតិ ក្នុង​គោល​បំណង​ឲ្យ​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​អ្នក​តំណាង​រាស្ត្រ និង​ការ​ចូលរួម​របស់​ស្ត្រី រួម​ទាំង​គណបក្ស​នយោបាយ រួម​គ្នា​ពិភាក្សា​លើ​វិធី​ជាក់ស្តែង​ឲ្យ​មាន​ចំនួន​ស្ត្រី​ក្នុង​ការងារ​នយោបាយ​ឲ្យ​បាន​ច្រើន។

អ្នកស្រី ជរ ច័ន្ទធីតា អ្នក​សម្រប​សម្រួល​គម្រោង​លើក​ស្ទួយ​សមាសភាព​ស្ត្រី ក្នុង​វិស័យ​នយោបាយ​នៅ​កម្ពុជា នៃ​មជ្ឈមណ្ឌល​សិទ្ធ​មនុស្ស​កម្ពុជា អ្នកស្រី​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៧ មីនា ថា កិច្ច​ពិភាក្សា​នោះ​នឹង​ជំរុញ​ឲ្យ​ចំនួន​បេក្ខភាព​ស្ត្រី​ក្នុង​ឆាក​នយោបាយ បាន​យ៉ាង​ហោច​ណាស់​បាន​ចំនួន ៣០% ដែរ នៅ​ពេល​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ៖ «យើង​នឹង​លើក​ឡើង​នូវ​អនុសាសន៍​ផ្សេងៗ​អាច​រួម​មាន​ជា​យន្តការ ជា​គំនិត​ផ្ដួចផ្ដើម ដើម្បី​រំលេច​ថា តើ​យើង​ធ្វើ​បែប​ម៉េច ដើម្បី​លើក​កម្ពស់​ស្ត្រី និង​វិស័យ​នយោបាយ​ហ្នឹង។ បញ្ហា​ដែល​យើង​លើក​ឡើង គឺ​ស្ត្រី​នៅ​មាន​កម្រិត​ទាប​ក្នុង​វិស័យ​នយោបាយ​នៅ​ឡើយ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ...»

ចំណែក​អ្នកស្រី រស់ សុភាព នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា បាន​បន្ទរ​ថា ទោះ​បី​ជា​ប្រទេស​កម្ពុជា សព្វថ្ងៃ ប្រកាន់​យក​របប​នយោបាយ​បែប​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ណា​ក្ដី ក៏​រដ្ឋាភិបាល​មិន​សូវ​គិតគូរ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​ក្នុង​ឆាក​នយោបាយ​ដែរ។

អ្នកស្រី រស់ សុភាព ដែល​ជា​អនុប្រធាន​ដឹកនាំ​នៃ​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ក៏​បាន​រិះគន់​គណបក្ស​នយោបាយ​ទាំងអស់​ដែរ​ថា មាន​ការ​រើសអើង​ចំពោះ​ស្ត្រី​ក្នុង​ការ​ដាក់​បេក្ខជន​ក្នុង​បញ្ជី​បេក្ខភាព​របស់​បក្ស​នៅ​ឡើយ៖ «នៅ​ក្នុង​គណបក្ស​នយោបាយ ក៏​យ៉ាង​ដូច្នេះ​ដែរ ក្នុង​គណបក្ស​នីមួយៗ​គេ​មាន​ហៅថា​ចលនា​ស្ត្រី ហើយ​ចលនា​ស្ត្រី​គ្រាន់​តែ​មាន​ទេ ក៏ប៉ុន្តែ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទេ។ ហើយ​គណបក្ស​នយោបាយ​ដែល​ជា​បុរស​ហ្នឹង មាន​ការ​រើសអើង​ស្ត្រី​ផង​ដែរ ធ្វើ​ឲ្យ​ស្ត្រី​ហ្នឹង​លំបាក​ក្នុង​ការិយាល័យ​របស់​គាត់ អ៊ីចឹង ធ្វើ​ឲ្យ​ស្ត្រី​ហ្នឹង​ប្រឈម​គ្រប់​យ៉ាង»

ការ​អះអាង​នេះ ហាក់​ស្រប​នឹង​បេក្ខភាព​ស្ត្រី​ក្នុង​ឆាក​នយោបាយ​បច្ចុប្បន្ន។ របាយការណ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បង្ហាញ​ថា បេក្ខភាព​ស្ត្រី​ចូលរួម​ការ​បោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​២០១២ មាន​ចំនួន​ប្រហែល ២​ពាន់​នាក់​ប៉ុណ្ណោះ។ ក្នុង​នោះ បេក្ខភាព​ស្ត្រី​គណបក្ស​ប្រជាជន មាន​ច្រើន​ជាង​គេ គឺ​ជិត ១.៨០០​នាក់ បក្ស សម រង្ស៊ី ស្ថិត​នៅ​លំដាប់​ទី២ គឺ​ចំនួន​ប្រហែល ២៣០​នាក់ បក្ស​សិទ្ធិ​មនុស្ស ចំនួន ១២​នាក់ បក្ស​ហ៊្វុនស៊ិនប៉ិច ចំនួន ៥​នាក់ និង​បក្ស នរោត្តម រណឫទ្ធិ ចំនួន ៣​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។