កិច្ចព្រមព្រៀងក្នុងការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី សម្រាប់ការបោះឆ្នោតនៅអាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខនេះ បានក្លាយទៅជាប្រធានបទដែលសាធារណជនលើកយកមកវែកញែកយ៉ាងផុលផុស។
តើគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅអាណត្តិទី៥ ឆ្នាំ២០១៣ យល់យ៉ាងណាចំពោះសមាសភាពថ្មីរបស់ គ.ជ.ប?
គណបក្សនយោបាយមួយចំនួន ដែលបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនីតិកាលទី៥ ក្រៅអំពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមិនមានអាសនៈក្នុងរដ្ឋសភា បានចាប់អារម្មណ៍ប្រហាក់ប្រហែលគ្នាចំពោះសមាសភាព គ.ជ.ប ថ្មី ដើម្បីកែទម្រង់ការបោះឆ្នោតនៅអាណត្តិក្រោយនោះ ថាមិនបានផ្ដល់យុត្តិធម៌ដល់ពួកគេ និងមិនអាចជឿទុកចិត្តបានសម្រាប់ឲ្យចូលរួមប្រកួតប្រជែងបន្តនៅអាណត្តិថ្មី។
នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ កាលពីឆ្នាំ២០១៣ មានគណបក្សនយោបាយចំនួន៨ ចូលរួមប្រកួតប្រជែង។
គណបក្សដែលធ្លាប់តែមានសំឡេងគាំទ្រភ្លូកទឹកភ្លូកដីកាលពីបោះឆ្នោតឆ្នាំ១៩៩៣ ដែលជាការបោះឆ្នោតដំបូងនៅកម្ពុជា នោះ គឺគណបក្សហ៊្វុនស៊ិនប៉ិច ដែលមាន លោក ញឹក ប៊ុនឆៃ ជាអគ្គលេខាធិការនៃគណបក្សនេះ។ លោក ញឹក ប៊ុនឆៃ បានសម្ដែងការមិនពេញចិត្តចំពោះការរៀបចំ គ.ជ.ប តាមវិធីដែលបានព្រមព្រៀងគ្នាដោយគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមានសមាសភាពម្ខាង៤ និងមានសមាជិកទី៩ ជាសង្គមស៊ីវិល ដែលស្នើដោយបក្សទាំងពីរ។ ហើយបច្ចុប្បន្ន គេដឹងថា គឺអ្នកស្រី ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ នោះ។ លោកបានដាក់ការសង្ស័យចំពោះសមាជិកទី៩ គ.ជ.ប រូបនេះថា តើមានភាពឯករាជ្យពិតប្រាកដឬយ៉ាងណា? ហើយប្រាកដណាស់ បក្សនយោបាយទាំងសងខាងនឹងស្វែងរកប្រយោជន៍ឲ្យបក្សខ្លួន។
លោក ញឹក ប៊ុនឆៃ៖ «បើនិយាយរឿងដូចគណបក្សហ៊្វុនស៊ិនប៉ិច ខ្ញុំថាឲ្យខ្ញុំពេញចិត្ត ដូចជាខ្ញុំមិនពេញចិត្តទេ ព្រោះអានេះវាជាការមួយដែលបែងចែកគ្នា តើគណបក្សដែលមានអាសនៈនៅក្នុងសភា វាមិនមែនជា គ.ជ.ប មួយដែលឯករាជ្យ អព្យាក្រឹត្យ សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ មិនមែនគ្រាន់ជាប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សនយោបាយ។ សួរថាខ្ញុំចង់បានម៉េច? ខ្ញុំចង់បាន គ.ជ.ប មួយដែលឯករាជ្យពិតប្រាកដ មិនលម្អៀងមាននិន្នាការទៅរកបក្សនយោបាយណាមួយនោះ អាហ្នឹងជាការប្រសើរ សម្រាប់ការបោះឆ្នោតទូទៅទាំងអស់គ្នា»។
ទន្ទឹមនឹងគ្នានេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមាន លោក ខឹម វាសនា ជាប្រធាន ក៏បានរិះគន់ គ.ជ.ប ថ្មីនេះដែរថា ពុំមែនជា គ.ជ.ប ដែលឯករាជ្យ និងមានភាពអព្យាក្រឹត្យនោះទេ គឺជា គ.ជ.ប ដែលមានការសុខព្រមពីគណបក្សទាំងពីរនោះតែប៉ុណ្ណឹង។ លោក ខឹម វាសនា យល់ថា គ.ជ.ប ប្រភេទនេះ គឺមិនមែនជា គ.ជ.ប សម្រាប់បម្រើឲ្យប្រជាពលរដ្ឋទូទៅដែលចង់បានយុត្តិធម៌សន្លឹកឆ្នោតនោះឡើយ ផ្ទុយទៅវិញ គឺជា គ.ជ.ប របស់គណបក្សនយោបាយ។
លោក ខឹម វាសនា៖ «ខ្ញុំវិញវាមិនសូវផ្ដោតទៅលើ ថាយើងមានគណបក្សមួយដែររួចហើយ គេមិនបានឲ្យយើងចូល វាអយុត្តិធម៌សម្រាប់យើងខ្ញុំ មិនចង់និយាយចឹងទេ ខ្ញុំចង់និយាយថា តើប្រជាពលរដ្ឋខ្មែរកាត់ចូលចិត្តតែលម្អៀងអ៊ីចឹង ហើយគាត់យល់ថាហ្នឹងមិនមែនជាភាពអយុត្តិធម៌សម្រាប់ខ្លួនគាត់ទេ ទុកនៅតែអ៊ីចឹងទៅ សម្រាប់ខ្ញុំ បង្កើតគណបក្សមកនៅក្នុងចេតនា ដើម្បីជួយមនុស្សអ៊ីចឹង។ ខ្ញុំដូចអត់មានអីដែលត្រូវទោមនស្សជាជាងប្រជាពលរដ្ឋនៃពូជសាសន៍មួយហ្នឹង បើគាត់យល់ថាអ៊ីចឹង គាត់ទទួលបាន ខ្ញុំយល់ថាវាមិនមែនជាផលល្អទេសម្រាប់ប្រជាពលរដ្ឋទេ បើសិនណានិយាយក្នុងនាមយើងជាប្រជាពលរដ្ឋ យើងចង់ឃើញ គ.ជ.ប ដែលជារបស់ជាតិមួយ គឺជារបស់មួយល្អ របស់មួយទាំងអស់គ្នាបាន»។
ដោយឡែកពីគណបក្សមួយទៀត លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានបង្ហាញភាពស្ទាក់ស្ទើរសម្រាប់ការចូលរួមប្រកួតប្រជែងនៅអាណត្តិក្រោយ។ ភាពស្ទាក់ស្ទើររបស់គណបក្សលោក នៅត្រង់របៀបរបបនៃការធ្វើការរបស់ គ.ជ.ប ថ្មីនេះ ដែលលោកនឹងស្ទង់មើលជាមុនសិន។
លោក សេង សុខេង៖ «ខ្ញុំចង់បញ្ជាក់ថា ពីមុនមកវាមិនមានសង្គមស៊ីវិលចូលរួមទេ វាមានតែគណបក្សពីរ។ ពីមុនឡើយមានតែគណបក្សដែលឈ្នះមានតែ សម រង្ស៊ី មានតែគណបក្សប្រជាជន អ៊ីចឹង ប៉ុន្តែឥឡូវនេះវាមានចំណុចវិជ្ជមានមួយ ត្រង់ថាវាមានសង្គមស៊ីវិលចូលរួម គណបក្សដទៃទៀតគេមិនឲ្យចូលមិនឲ្យអី អាហ្នឹងខាងគណបក្សគេអ្នកឈ្នះ សិទ្ធិរបស់គេអ្នកឈ្នះ អាហ្នឹងរឿងរបស់គេ។ ប៉ុន្តែគ្រាន់តែបញ្ចូលសង្គមស៊ីវិលទៅប៉ុន្មានក៏ដោយ របៀបរបបនៃការធ្វើការនោះវារបៀបម៉េច យើងមិនទាន់ដឹង អ៊ីចឹងបានខ្ញុំថាចំណុចចាប់ផ្ដើមឃើញថាវាល្អ ប៉ុន្តែការអនុវត្តយ៉ាងម៉េចនោះ យ៉ាងណាយើងមិនទាន់ថាបានទេ»។
ផ្ទុយទៅវិញ អនុប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ លោក ចាន់ យ៉េត បានគាំទ្រចំពោះការរៀបចំ គ.ជ.ប ថ្មីនេះ ប៉ុន្តែលោកទទូចឲ្យគណបក្សទាំងពីរធ្វើការប្រកបដោយតម្លាភាព ឥតលម្អៀងទៅគណបក្សខ្លួន៖ «សំណើឲ្យធ្វើយ៉ាងណា គណបក្សទាំងពីរក្រៅពីការមានតួនាទីក្នុង គ.ជ.ប សុំឲ្យគណបក្សទាំងពីរហ្នឹង ធ្វើយ៉ាងណាឲ្យអព្យាក្រឹត្យ ធ្វើយ៉ាងណាកុំឲ្យមានការលម្អៀង គណបក្សនយោបាយម្ខាងៗ ធ្វើយ៉ាងណាឲ្យស្របទៅតាមសន្ដានចិត្តប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតប៉ុណ្ណឹងទៅ»។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីបញ្ចេញទស្សនៈជុំវិញការបង្កើត គ.ជ.ប ថ្មីនេះ តែមិនអាចទាក់ទងបាន។
រីឯ លោក ក្រវ៉ាញ ដារ៉ន ដែលជាប្រធានគណបក្សខ្មែរឈប់ក្រ បានសាទរចំពោះការផ្ដល់ឱកាសឲ្យលោកបញ្ចេញសំឡេងនៅពេលនេះ ដោយមិនបំភ្លេចគណបក្សដែលបានចូលរួមប្រកួតប្រជែង។ លោក ក្រវ៉ាញ ដារ៉ន ដែលកំពុងរស់នៅសហរដ្ឋអាមេរិក មានមតិថា ការរៀបចំបង្កើត គ.ជ.ប ថ្មីនៅពេលនេះ គឺជាការឥតប្រយោជន៍ទទេ។ បញ្ហាចម្បង គឺការដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋខ្មែរកំពុងតែរងទុក្ខក្នុងពេលបច្ចុប្បន្ន ដូចជា ការបាត់បង់ដីធ្លី គ្មានទីលំនៅ និងរស់នៅក្នុងភាពក្រីក្រ ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ក៏លោកបានរំលឹកថា លទ្ធផលឆ្នោតអាណត្តិទី៥នេះ គឺត្រូវបានលោកតវ៉ាតាំងពីដំបូង តាមរយៈការសរសេរសំបុត្រទៅ គ.ជ.ប ថាលទ្ធផលមិនបញ្ជាក់ពីភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក ក្រវ៉ាញ ដារ៉ន៖ «ហេតុអីបានជាខ្ញុំថាអត់ប្រយោជន៍ ពីព្រោះ៤បូកនឹង៤ វាស្មើនឹង១ មិនមែនស្មើនឹង៨ទេ នោះមានន័យថា មនុស្សតែ១ទេ។ អ៊ីចឹង ៤បូក៤ វាស្មើនឹង១ យើងឃើញហើយខ្ញុំសួរទៅវិញថា ថាការដែលចូលរួមហ្នឹង វាពេញនឹងបំណងដែលប្រជាពលរដ្ឋនាំគ្នាបះបោរ ចំណាយពេលវេលាលក់ស្រែឆ្កែឆ្មារ សព្វបែបយ៉ាងហ្នឹងលក់ជាតិមាតុភូមិទេ តើលោកពេញចិត្តទេ ក្នុងការចូលរួមគ្នាហ្នឹង? ខ្ញុំចង់ជូនយោបល់ហ្នឹងទៅឲ្យប្រជាពលរដ្ឋវិញ ពីព្រោះលោកចង់បានសេរីភាព យុត្តិធម៌រៀបចំបោះឆ្នោតជ្រើសរើសរាប់សន្លឹកឆ្នោតហ្នឹងឡើងវិញ ប៉ុន្តែផលដែលបានវាអត់បានទៅវិញ»។
បើទោះជាគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង បានសម្ដែងក្ដីបារម្ភផ្សេងៗគ្នាជុំវិញការបង្កើត គ.ជ.ប សម្រាប់ការបោះឆ្នោតនៅអាណត្តិទី៦ ឆ្នាំ២០១៨ ថាយ៉ាងនេះក្ដី ក៏មានអ្នកវិភាគមួយចំនួនលើកឡើងថា បញ្ហានេះវាអាស្រ័យទៅលើការអនុវត្តរបស់ គ.ជ.ប ដែលនឹងបង្កើតថ្មីនេះ ថាតើពួកគេនឹងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងឯករាជ្យ មិនប្រកាន់បក្ខពួកដែរ ឬយ៉ាងណា?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។