សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងប្រកាស ធ្វើពហិការមិនចូលប្រជុំរហូតចប់អាណត្តិ បើសិនណាជារដ្ឋសភារបស់គណបក្សកាន់អំណាចនៅតែអនុម័តច្បាប់តែឯងទៀតនោះ។ ជំហរនេះ ធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភា ប្រកាសថា ស្ថាប័ននីតិប្បញ្ញត្តិមួយនេះនឹងបើកកិច្ចប្រជុំសាមញ្ញលើកទី៥ នីតិកាលទី៣ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ខាងមុខ។
ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំអនុម័ត លើរបៀបវារៈចំនួនបី នៅព្រឹកថ្ងៃទី៧ ខែកក្កដា។ របៀបវារៈទាំងនោះរួមមាន ពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់លើកិច្ចព្រមព្រៀង ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកយុត្តិធម៌ក្នុងវិស័យរដ្ឋប្បវេណី រវាងកម្ពុជា និងវៀតណាម ច្បាប់ស្ដីពីបត្យាប័នរវាងកម្ពុជា និងវៀតណាម ច្បាប់ស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រវាងកម្ពុជា និងវៀតណាម។ ក៏ប៉ុន្តែ កិច្ចប្រជុំនោះនឹងនៅតែមិនមានវត្តមានរបស់ព្រឹទ្ធសមាជិកមកពីបក្សប្រឆាំងទេ។ មិនតែប៉ុណ្ណោះ ព្រឹទ្ធសមាជិកទាំងនោះអាចធ្វើសកម្មភាពនានា ដើម្បីរិះគន់កិច្ចប្រជុំនោះទៀតផង។
ប្រធានក្រុមសមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោក គង់ គាំ លើកឡើងថា ស្ថាប័នព្រឹទ្ធសភា ជាស្ថាប័នមិនសូវសំខាន់ឡើយ ហើយស្ថាប័ននោះហាក់ដូចជាចាំតែបោះត្រាប៉ុណ្ណោះ។ លោកបន្តថា ការប្រជុំសម្រេចលើសេចក្តីព្រាងច្បាប់នានា ដែលសភាឯកបក្សសម្រេចរួចនោះ គឺជាការលើកទឹកចិត្តឲ្យរដ្ឋាភិបាល និងរដ្ឋសភា បន្តធ្វើការផ្ទុយពីរដ្ឋធម្មនុញ្ញ។ ហេតុនេះ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៉ី ទាំងអស់មិនចូលប្រជុំទេ៖ «យើងនឹងរិះរកមធ្យោបាយដែលអាចសម្ដែងមតិណា ដែលមានប្រសិទ្ធភាពជាវិជ្ជមានដល់យើង។ យើងនឹងធ្វើសេចក្តីថ្លែងការណ៍ និងតវ៉ាតាមរបៀបផ្សេងទៀត»។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យព្រឹទ្ធសភា លោក អ៊ុំ សារិទ្ធ ពន្យល់ថា ព្រឹទ្ធសភានៅតែអញ្ជើញសមាជិកទាំងអស់ឲ្យចូលរួមប្រជុំ។ ចំពោះការដែលចូលរួម ឬមិនចូលរួមជាសិទ្ធិរបស់ព្រឹទ្ធសមាជិកទាំងអស់។ លោកបន្ថែមថា ទោះបីជាព្រឹទ្ធសមាជិកបក្សប្រឆាំងធ្វើពហិការ ក៏ព្រឹទ្ធសភានៅតែដំណើរការតាមច្បាប់ ហើយក៏នៅតែបើកប្រាក់ខែឲ្យព្រឹទ្ធសភាទាំងនោះដដែល៖ «អាហ្នឹងជាទម្លាប់របស់គាត់ទៅហើយ ពេលខ្លះក៏គាត់ចូល ពេលខ្លះក៏មិនចូល ទោះគាត់មិនចូលក៏គេធ្វើបានដែល។ ស៊ី.ភី.ភី (CPP) មានសមាជិកលើស ២ភាគ៣ ហើយ»។
ទាក់ទងនឹងបញ្ហានេះ នាយកប្រតិបត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា អង្គការនិកហ្វិច (NICFEC) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការសម្រេចនៅឆាករបស់ព្រឹទ្ធសភាជាសិទ្ធិរបស់ព្រឹទ្ធសមាជិកម្នាក់ៗ។ ប៉ុន្តែ ពលរដ្ឋត្រូវយល់ថា ទាំងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា សុទ្ធតែធ្វើការងារដើម្បីគណបក្សរៀងៗខ្លួន ជាជាងស្វែងរកប្រយោជន៍សម្រាប់ជាតិ។ ព្រឹទ្ធសមាជិករបស់គណបក្ស សម រង្ស៉ី ទាំង ១១នាក់ បានចាប់ផ្ដើមមិនចូលប្រជុំ ចាប់តាំងពីឆ្នាំ២០១៣ នៅពេលដែលរដ្ឋសភាអនុម័តច្បាប់ប្រឆាំងអ្នកដែលមិនទទួលស្គាល់របបខ្មែរក្រហម។ នៅច្បាប់២០១៤ នេះ សមាជិកព្រឹទ្ធសភា បដិសេធអនុម័តច្បាប់សំខាន់មួយចំនួន រួមមាន សេចក្តីព្រាងច្បាប់ថវិកា និងសេចក្តីព្រាងច្បាប់ទាំងបី ពាក់ព័ន្ធនឹងវិស័យតុលាការ ជាដើម។
មន្ត្រីសង្គមស៊ីវិលមួយចំនួន ធ្លាប់រិះគន់ថា ស្ថាប័នព្រឹទ្ធសភាជាស្ថាប័នមិនសូវមានអំណាច និងមិនសូវសំខាន់ ដោយផ្អែកលើច្បាប់កំពូលកម្ពុជា។
រដ្ឋធម្មនុញ្ញមាត្រា១១៣ថ្មី ចែងថា ព្រឹទ្ធសភា មានតួនាទីជាអ្នកសម្របសម្រួលរវាងរាជរដ្ឋាភិបាល និងរដ្ឋសភា។ មាត្រា១១៤ថ្មីចែងថា យន្តការនៃការអនុម័តច្បាប់របស់ព្រឹទ្ធសភា។ ច្បាប់នេះចែងថា បើសិនណាព្រឹទ្ធសភា មិនយល់ព្រម ឬបដិសេធច្បាប់ណាមួយ ដែលរដ្ឋសភាបានអនុម័តនោះ រដ្ឋសភាត្រូវពិចារណា និងពិភាក្សាជាថ្មី។ ក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ និងស្នើច្បាប់ជាលើកទី២នេះ រដ្ឋសភាត្រូវអនុម័តដោយការបោះឆ្នោតចំហ ហើយសេចក្តីព្រាងច្បាប់ និងស្នើច្បាប់នោះ ត្រូវប្រកាសឲ្យប្រើតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។