(វីដេអូនៅខាងក្រោម)
អស់រយៈពេល ២៣ឆ្នាំមកហើយដែលប្រទេសកម្ពុជា ប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ចែងថា ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងសន្តិសុខផ្ទាល់ខ្លួន។ ទោះបីជាយ៉ាងណា អំពើឃាតកម្ម និងការសម្លាប់ក្រៅច្បាប់នៅតែកើតមានជាហូរហែមកទល់នឹងពេលបច្ចុប្បន្ន ហើយភាគច្រើននៃករណីទាំងនោះ មិនត្រូវបានអាជ្ញាធរវែកមុខចាប់ជនប្រព្រឹត្តិ ឬស្វែងរកអ្នកទទួលខុសត្រូវបាននៅឡើយ។ សង្គមស៊ីវិល និងគណបក្សប្រឆាំង ចាត់ទុកករណីទាំងនេះជាអំពើនិទ្ទណ្ឌភាពដែលជះឥទ្ធិពលអាក្រក់ដល់ដំណើរនីតិរដ្ឋរបស់កម្ពុជា។
គិតចាប់តាំងពីឆ្នាំ១៩៩៣ មក យ៉ាងហោចណាស់មានមនុស្សជាង ១០០នាក់ ត្រូវបានគេធ្វើឃាតដោយសារការបំពេញមុខងាររបស់ខ្លួន ការបញ្ចេញមតិ ការជាប់ពាក់ព័ន្ធជាមួយអ្នកនយោបាយ និងហេតុផលផ្សេងទៀត។ អ្នកទាំងនោះរួមមាន អ្នកសារព័ត៌មាន សកម្មជនគណបក្សនយោបាយ សកម្មជនបរិស្ថាន សកម្មជនការពារដីធ្លី សិល្បករ សហជីព កម្មកររោងចក្រ និងចុងក្រោយគឺអ្នកវិភាគបញ្ហាសង្គម និងនយោបាយ។
របាយការណ៍របស់អង្គការលីកាដូ (LICADHO) ដែលមានចំណងជើងថា «យុត្តិធម៌សម្រាប់អ្នកសារព័ត៌មាន»ចេញផ្សាយកាលពីឆ្នាំ២០១៣ បានរាយនាមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១០នាក់ ដែលត្រូវបានឃាតកសម្លាប់ចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១២ ដោយមូលហេតុនៃការរាយការណ៍ព័ត៌មានរិះគន់រដ្ឋាភិបាល បរិហារការធ្វើជំនួញខុសច្បាប់ និងមូលហេតុមួយចំនួនទៀត។
និពន្ធនាយកនៃកាសែតសំឡេងយុវជនខ្មែរ លោក នួន ចាន់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅខែកញ្ញា ឆ្នាំ១៩៩៤ នៅក្រុងភ្នំពេញ។ មុនពេលត្រូវគេបាញ់សម្លាប់ លោក នួន ចាន់ ធ្លាប់ទទួលបានការហាមឃាត់ និងគំរាមកំហែងពីជនអនាមិកជាច្រើនដង ចំពោះការចេញផ្សាយអត្ថបទព័ត៌មានទាក់ទងនឹងអំពើពុករលួយរបស់រដ្ឋាភិបាល។
អ្នកយកព័ត៌មាននៃកាសែតកោះសន្តិភាព លោក ចាន់ ដារ៉ា ត្រូវបានគេបាញ់សម្លាប់នៅខេត្តកំពង់ចាម នៅខែធ្នូ ឆ្នាំ១៩៩៤។ ក្រោយការបាញ់ប្រហារ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានចាប់ខ្លួនមន្ត្រីប៉ូលិសម្នាក់ដែលបានផ្ញើលិខិតគំរាមកំហែងទៅកាសែតកោះសន្តិភាព និងកាសែតព្រាបនាំសារ ព្រមទាំងភរិយារបស់លោក ចាន់ ដារ៉ា។ ប៉ុន្តែជននោះត្រូវបានដោះលែងវិញនៅប៉ុន្មានខែក្រោយ បន្ទាប់ពីតុលាការគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់។
អ្នកនិពន្ធសៀវភៅ និងជាអតីតអ្នកបោះពុម្ពផ្សាយរបស់កាសែតឧត្តមគតិខ្មែរ លោក ធន់ ប៊ុនលី ត្រូវបានឃាតកបាញ់សម្លាប់នៅខែឧសភា ឆ្នាំ១៩៩៦ ពេលដែលលោកកំពុងជិះម៉ូតូឌុប។ លោកគឺជាអ្នកគាំទ្រគណបក្សជាតិខ្មែរ របស់លោក សម រង្ស៊ី ដ៏លេចធ្លោម្នាក់នៅជំនាន់នោះ។ មុនពេលឃាតកម្ម លោក ធន់ ប៊ុនលី ធ្លាប់ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានរិះគន់រដ្ឋាភិបាលនៅក្នុងអត្ថបទ លិខិត និងរូបត្លុកផ្សេងៗ។
អ្នកយកព័ត៌មាននៃកាសែតអ្នកប្រយុទ្ធ លោក ចិត្រ ដួងតារាវុទ្ធ ត្រូវបានសម្លាប់នៅក្នុងព្រឹត្តិការណ៍បោកគ្រាប់បែកលើហ្វូងបាតុករដឹកនាំដោយលោក សម រង្ស៊ី នៅមុខរដ្ឋសភា កាលពីឆ្នាំ១៩៩៧ ពេលដែលលោកកំពុងចុះយកព័ត៌មាន។
អ្នកបច្ចេកទេសនៃស្ថានីយទូរទស្សន៍ជាតិក្នុងខេត្តព្រះសីហនុ លោក ពេជ្រ អ៊ឹម ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយចូលក្នុងស្ថានីយផ្សាយ ដោយខ្មាន់កាំភ្លើង ៧នាក់ នៅខែឧសភា ឆ្នាំ១៩៩៧។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់ចំពោះចំនួនពីរគ្រាប់ និងបានស្លាប់នៅថ្ងៃបន្ទាប់។ មុនថ្ងៃបាញ់ប្រហារ មានមន្ត្រីប៉ូលិសខេត្តម្នាក់បានស្នើទៅស្ថានីយ ឲ្យចាក់ផ្សាយសំឡេងមេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ប៉ុន្តែត្រូវបានស្ថានីយបដិសេធ។
អ្នកផ្សាយព័ត៌មានតាមទូរទស្សន៍ និងជាគ្រូបង្រៀនភាសាអង់គ្លេស លោក ម៉ៃឃើល សុខាន់ ត្រូវបានទាហានបាញ់សម្លាប់នៅចំពោះមុខប្រពន្ធ និងបងថ្លៃរបស់លោក នៅខែកក្កដា ឆ្នាំ១៩៩៧ ពេលដែលលោកថតរូបក្រុមទាហានទាំងនោះកំពុងលួចអីវ៉ាន់នៅក្នុងផ្សារ។
អ្នកយកព័ត៌មាននៃកាសែតសំឡេងរាស្ត្រខ្មែរ លោក អ៊ូ សារឿន ត្រូវបានគេបាញ់សម្លាប់នៅខែតុលា ឆ្នាំ១៩៩៧ ក្រោយពេលលោកត្រូវសន្តិសុខផ្សារធំថ្មីក្រៀកចេញទៅផ្លូវ អំឡុងពេលដែលលោកកំពុងយកកាសែតទៅឲ្យអាជីវករនៅក្នុងផ្សារធំថ្មី។ លោកត្រូវបានគេសម្លាប់ស្របពេលដែលកាសែតសំឡេងរាស្ត្រខ្មែរ កំពុងស៊ើបអង្កេតករណីគំរាមយកប្រាក់នៅផ្សារធំថ្មី។
និពន្ធនាយករងនៃវិទ្យុតាព្រហ្ម របស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច លោក ជួ ជេដ្ឋារិទ្ធិ ត្រូវបានឃាតកបាញ់សម្លាប់នៅក្បែរស្ថានីយវិទ្យុ នៅខែតុលា ឆ្នាំ២០០៣។ ទាំងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី នាពេលនោះ សុទ្ធតែអះអាងថា នេះជាឃាតកម្មខាងនយោបាយ ដោយសារតែវិទ្យុតាព្រហ្ម ផ្សាយរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកសារព័ត៌មាននៃកាសែតមនសិការខ្មែរ ដែលស្និទ្ធនឹងគណបក្ស សម រង្ស៊ី លោក ឃឹម សំបូរ និងកូនប្រុសម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅខែកក្កដា ឆ្នាំ២០០៨។ ជាញឹកញាប់ លោក ឃឹម សំបូរ សរសេរអត្ថបទទាក់ទងនឹងអំពើពុករលួយរបស់រដ្ឋាភិបាល និងតែងរិះគន់ចំៗទៅលើលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។
ឃាតកម្មទាំងអម្បាលម៉ានលើក្រុមអ្នកកាសែត មិនដែលត្រូវបានសមត្ថកិច្ចវែកមុខចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់នោះឡើយ។ ភាគច្រើន សមត្ថកិច្ចឆ្លើយថាមិនអាចកំណត់អត្តសញ្ញាណជនដៃដល់ ឬមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់។
ក្រៅពីអ្នកសារព័ត៌មាន សកម្មជនបក្សប្រឆាំង និងក្រុមសហជីព ក៏ទទួលរងនូវការវាយប្រហារ និងបាញ់សម្លាប់ដូចគ្នា។
របាយការណ៍នៃការកាន់អំណាចរបស់លោក ហ៊ុន សែន រយៈពេល ៣០ឆ្នាំរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ចេញផ្សាយកាលពីឆ្នាំ២០១៣ បង្ហាញថា ការវាយប្រហារ និងបាញ់សម្លាប់ក្រៅច្បាប់ទៅលើសកម្មជនបក្សប្រឆាំង និងសហជីព កើតមានជាច្រើនករណីនៅចន្លោះការបោះឆ្នោតជាតិអាណត្តិទី២ និងទី៣។
នៅខែមីនា ឆ្នាំ១៩៩៧ គ្រាប់បែកចំនួន ៤គ្រាប់ត្រូវបានមនុស្សមួយក្រុមគប់ចូលក្នុងហ្វូងបាតុករដឹកនាំដោយលោក សម រង្ស៊ី នៅមុខអតីតវិមានរដ្ឋសភា។ ការវាយប្រហារដោយហិង្សាទៅលើបាតុករដែលទាមទារឲ្យមានការកែប្រែប្រព័ន្ធយុត្តិធម៌នេះ បានធ្វើឲ្យមនុស្ស ១៦នាក់ស្លាប់ និងជាង ១៥០នាក់ផ្សេងទៀតរងរបួស។

៤ខែក្រោយមក គឺនៅថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ រដ្ឋប្រហារបង្ហូរឈាមបានផ្ទុះឡើងកក្រើកក្រុងភ្នំពេញ។ អង្គការសហប្រជាជាតិ រកឃើញថា មានមន្ត្រីបក្សនយោបាយប្រមាណពី ៤០នាក់ទៅ ៦០នាក់ ត្រូវបានសម្លាប់ក្រៅច្បាប់។ អ្នករងគ្រោះភាគច្រើនជាកងកម្លាំងរបស់ហ៊្វុនស៊ិនប៉ិច ហើយក្នុងនោះមានមន្ត្រីជាន់ខ្ពស់ខាងយោធា និងស៊ីវិល ដូចជាលោក ចៅ សម្បត្តិ លោក ក្រូច យឿម និងលោក ហូ សុក ជាដើម ត្រូវបានគេបាញ់សម្លាប់។
អាជ្ញាធររដ្ឋាភិបាលមិនបានវែកមុខចាប់ជនដៃដល់ និងអ្នកនៅពីក្រោយខ្នងករណីហិង្សាទាំងពីរយកមកផ្ដន្ទាទោសតាមច្បាប់នោះទេ ផ្ទុយទៅវិញ អ្នកដែលគេរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអំពើហិង្សាទាំងនោះ បែរជាត្រូវបានដំឡើងឋានៈ និងតួនាទីនៅក្នុងជួររដ្ឋាភិបាលទៅវិញ។
ករណីឃាតកម្មលើសកម្មជនគណបក្សនយោបាយ បានកើតឡើងជាបន្តបន្ទាប់។ នៅខែមីនា ឆ្នាំ១៩៩៩ សកម្មជនគណបក្ស សម រង្ស៊ី លោក ជុំ ឌឿន ត្រូវបានគេធ្វើឃាត ហើយនៅឆ្នាំ២០០០ សកម្មជនគណបក្ស សម រង្ស៊ី នៅមូលដ្ឋាន លោក ជីម ជួន ត្រូវបានគេធ្វើឃាត។ បន្ទាប់មកទៀត នៅឆ្នាំ២០០១ សកម្មជនគណបក្ស សម រង្ស៊ី ១៥នាក់ ត្រូវបានឃាតកបាញ់សម្លាប់។
អំពើឃាតកម្មទៅលើសកម្មជននយោបាយបក្សប្រឆាំង មិនបានបញ្ឈប់ត្រឹមនោះទេ។ នៅអំឡុងការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០០៣ មន្ត្រីគណបក្ស សម រង្ស៊ី ៧នាក់ផ្សេងទៀត ត្រូវបានគេសម្លាប់។ នៅឆ្នាំដដែលនោះ ទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច លោក ឱម រដ្ឋសាឌី ត្រូវបានគេបាញ់សម្លាប់នៅរាជធានីភ្នំពេញ ដែលអំពើឃាតកម្មនេះត្រូវបានគេអះអាងថា ជាការគំរាមកំហែងផ្នែកនយោបាយចំពោះគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី។

ក្រោយការបោះឆ្នោតឆ្នាំ២០០៣ អំពើឃាតកម្មត្រូវបានធ្វើឡើងសំដៅក្រុមសហជីពវិញម្តង។ ប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា ដែលស្និទ្ធនឹងគណបក្ស សម រង្ស៊ី ត្រូវបានឃាតកបាញ់សម្លាប់នៅតូបលក់កាសែតជិតវត្តលង្កា នៅខែមករា ឆ្នាំ២០០៤។ ក្រោយឃាតកម្ម ឃាតកសិប្បនិម្មិត ២រូប គឺ ប៊ន សំណាង និង សុខ សំអឿន ត្រូវបានអាជ្ញាធរនាំមកកាត់ទោស និងឃុំខ្លួនអស់រយៈពេល ៦ឆ្នាំដោយគ្មានទោសកំហុស។ អ្នកទាំងពីរត្រូវបានតុលាការកំពូល សម្រេចដោះលែងឲ្យមានសេរីភាពវិញនៅឆ្នាំ២០១៣។
ជាង ៤ខែក្រោយឃាតកម្មលើលោក ជា វិជ្ជា មេដឹកនាំសហជីពមួយរូបទៀត គឺលោក រស់ សុវណ្ណារ៉េត ត្រូវបានគេសម្លាប់ ហើយនៅឆ្នាំ២០០៧ ថ្នាក់ដឹកនាំសហជីពម្នាក់ទៀត គឺលោក ហ៊ី វុទ្ធី ក៏ត្រូវបានគេសម្លាប់ដូចគ្នា។ នៅឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងសមាសភាពពិសេសក្នុងគណៈកម្មការអន្តរក្រសួង ដើម្បីស៊ើបអង្កេតលើករណីឃាតកម្មលើមេដឹកនាំសហជីពទាំងបីរូបនេះ។ ទោះបីជាយ៉ាងណា មកទល់នឹងពេលបច្ចុប្បន្ន គណៈកម្មការពិសេសមួយនេះមិនទាន់បង្ហាញលទ្ធផលស៊ើបអង្កេតរបស់ខ្លួនដល់សាធារណជននៅឡើយ។
ឃាតកម្មទៅលើសកម្មជននយោបាយ និងអ្នករិះគន់បញ្ហាសង្គម ហាក់មានការថយចុះនៅអាណត្តិទី៣ ពោលគឺនៅពេលដែលគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ឈ្នះអាសនៈច្រើនលើសលប់ដល់ទៅ ៩០អាសនៈក្នុងរដ្ឋសភា។ ទោះបីជាយ៉ាងណា នៅក្រោយពេលដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កាន់អំណាចពេញដៃនៅគ្រានោះ ហេតុការណ៍ដែលសំខាន់ជាងគេ គឺការងើបតវ៉ាប្រឆាំងរបស់ពលរដ្ឋស្ទើរគ្រប់ខេត្ត-ក្រុងចំពោះគោលនយោបាយផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ទៅឲ្យក្រុមហ៊ុនឯកជន ដែលបានបង្កផលប៉ះពាល់ដល់ការរស់នៅ និងជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋាន។ ហើយជាញឹកញាប់ សកម្មជនដីធ្លីនៅតាមបណ្ដាខេត្ត ត្រូវរងការគំរាមកំហែង និងសម្លាប់ជាច្រើនករណី។

នៅខែមេសា ឆ្នាំ២០១២ សកម្មជនការពារព្រៃឈើ និងបរិស្ថានដ៏សកម្មមួយរូប គឺលោក ឈុត វុទ្ធី ត្រូវបានកងរាជអាវុធហត្ថដែលដើរតួជាសន្តិសុខរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយ បាញ់សម្លាប់នៅក្នុងព្រៃក្នុងខេត្តកោះកុង នៅពេលរូបលោកចុះពិនិត្យសកម្មភាពកាប់ព្រៃឈើដោយខុសច្បាប់ជាមួយអ្នកសារព័ត៌មាន។
ក្រៅពីនេះ សិល្បករល្បីៗមួយចំនួន ក៏ត្រូវគេបាញ់ប្រហារ និងសម្លាប់ដូចគ្នា។ តារាសម្ដែង អ្នកស្រី ពិសិដ្ឋ ពិលិការ ត្រូវបានឃាតកបាញ់ប្រហារនៅតាមផ្លូវសាធារណៈទាំងកណ្ដាលថ្ងៃត្រង់ នៅខែកក្កដា ឆ្នាំ១៩៩៩ ហើយបានទទួលមរណភាពនៅប៉ុន្មានថ្ងៃបន្ទាប់។
៤ឆ្នាំក្រោយមក គឺនៅឆ្នាំ២០០៣ តារាចម្រៀង ទូច ស៊ុននិច ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ហើយនៅដើមឆ្នាំ២០០៧ ការបាញ់ប្រហារដូចគ្នានេះ បានកើតឡើងចំពោះអ្នកចម្រៀងម្នាក់ទៀត គឺកញ្ញា ពៅ បញ្ញាពេជ្រ។ ថ្វីត្បិតតែមិនបាត់បង់ជីវិត សិល្បករទាំងពីរត្រូវធ្លាក់ខ្លួនពិការ និងបន្តស្ថិតក្នុងស្ថានភាពជំងឺធ្វើទុក្ខជាប្រចាំ។ ករណីឃាតកម្ម និងបាញ់ប្រហារសិល្បករនេះ ក៏ដូចករណីឃាតកម្មលើសកម្មជនបក្សនយោបាយ បរិស្ថាន និងអ្នកសារព័ត៌មានដែរ គឺឃាតក និងអ្នកពាក់ព័ន្ធមិនត្រូវបាននាំយកមកកាត់ទោសតាមច្បាប់នោះឡើយ។
ការបាញ់ប្រហារ និងសម្លាប់ក្រៅច្បាប់ បានកក្រើកឡើងវិញជាថ្មីទៀតនៅក្រោយការបោះឆ្នោតអាណត្តិទី៥ ពោលគឺនៅពេលមានមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ប្រឆាំងនឹងលទ្ធផលបោះឆ្នោត និងនៅពេលកម្មកររោងចក្រជាច្រើនបាននាំគ្នាចេញតវ៉ាដំឡើងប្រាក់ខែ។
យុវជនម្នាក់ឈ្មោះ ម៉ៅ សុខចាន់ ដែលជាកម្មករសំណង់ ត្រូវបានសមត្ថកិច្ចបាញ់ចំក្បាល និងស្លាប់ភ្លាមៗនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ អំឡុងពេលមានការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងបាតុករនៅម្តុំស្ពានអាកាសក្បាលថ្នល់ ស្របពេលនៃការធ្វើបាតុកម្មថ្ងៃទីមួយរបស់គណបក្សសង្គ្រោះជាតិ ដែលប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ។ យុវជន ម៉ៅ សុខចាន់ មិនមែនជាបាតុកររបស់គណបក្សសង្គ្រោះជាតិ នោះទេ តែជាកម្មករសំណង់ដែលទើបត្រឡប់មកពីធ្វើការនៅរាជធានី ទៅលំនៅឋានវិញ។

២ខែក្រោយមក គឺនៅខែវិច្ឆិកា ឆ្នាំ២០១៣ អ្នកលក់បាយនៅមុខសាលារៀនស្ទឹងមានជ័យ លោកស្រី អេង សុខុម ត្រូវបានសមត្ថកិច្ចបាញ់ឲ្យស្លាប់នៅអំឡុងពេលការប៉ះទង្គិចរវាងសមត្ថកិច្ច និងកម្មកររោងចក្រ អែស.អិល (SL) នៅមុខវត្តស្ទឹងមានជ័យ។ ហេតុការណ៍ដ៏ហិង្សានៅពេលនោះ កើតឡើងពេលក្រុមកម្មករជិត ១ពាន់នាក់ នាំគ្នាដង្ហែក្បួនទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងការងារ ដើម្បីទាមទារឲ្យថៅកែរោងចក្រអនុវត្តកិច្ចសន្យាដែលបានព្រមព្រៀងជាមួយគ្នាកាលពីពេលមុន ប៉ុន្តែក្បួននេះត្រូវបានរារាំងដោយសមត្ថកិច្ចរាប់រយនាក់ដែលប្រដាប់ដោយខែល ដំបង និងកាំភ្លើង រួមជាមួយឡានទឹកជាច្រើនគ្រឿងផង។
ជាបន្តបន្ទាប់ ការបង្ក្រាបរបស់សមត្ថកិច្ចទៅលើកម្មករមានរូបភាពកាន់តែសាហាវ។ នៅដើមឆ្នាំ២០១៤ កម្មករ ៤នាក់បានស្លាប់ និងម្នាក់ទៀតបាត់ខ្លួន ក្នុងការបាញ់បង្ក្រាបដោយហិង្សារបស់សមត្ថកិច្ចរាជធានីភ្នំពេញ ទៅលើក្រុមកម្មករនៅផ្លូវវ៉េងស្រេង ដែលធ្វើកូដកម្មទាមទារប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយខែ។
គ្មានអ្នកណាត្រូវបាននាំយកមកកាត់ទោសចំពោះហេតុការណ៍បាញ់សម្លាប់ក្នុងការបង្ក្រាបរបស់អាជ្ញាធរនេះឡើយ ហើយភាគីសមត្ថកិច្ចតែងឆ្លើយថា នេះជាការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងជាការបង្ក្រាបក្រុមដែលបង្កចលាចលក្នុងសង្គម។
ហេតុការណ៍ឃាតកម្មចុងក្រោយបង្អស់ បានកើតឡើងលើបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏មានប្រជាប្រិយភាព។ លោកត្រូវបានឃាតកបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ កក្កដា ក្នុងហាងលក់ទំនិញស្តារម៉ាត (Star Mart) នៅក្បែរស្តុបបូកគោ ក្រុងភ្នំពេញ។
នៅចំពោះមុខឃាតកម្មជាបន្តបន្ទាប់បែបនេះ រដ្ឋាភិបាលកម្ពុជា បានរងនូវការរិះគន់ពីសាធារណមតិជាតិ និងអន្តរជាតិ ថាបរាជ័យក្នុងការការពារសន្តិសុខជូនពលរដ្ឋ និងរកយុត្តិធម៌ជូនជនរងគ្រោះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ មិនបដិសេធនឹងការលើកឡើងបែបនេះឡើយ។ លោកថា សមត្ថកិច្ចទទួលស្គាល់អ្វីដែលមិនទាន់ធ្វើបាន ហើយនិងបន្តស៊ើបអង្កេតករណីឧក្រិដ្ឋកម្មទាំងនេះតទៅមុខទៀត ដោយមិនបិទបញ្ចប់សំណុំរឿងជាដាច់ខាត៖ « យើងស្រាវៗ ( ស្រាវជ្រាវ ) ទៅ រឿងវាដាច់តែម្តង។ វាតែលតោលមិនដឹងទៅឯណាទៀត។ យើងមិនបិទសំណុំរឿងហ្នឹងជាដាច់ខាត ដរាបណាជនល្មើសមិនទាន់ត្រូវបាននាំខ្លួនទៅកាន់តុលាការ »។
លោកស្នើឲ្យពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយសមត្ថកិច្ច ដើម្បីជំរុញដំណើរការអនុវត្តច្បាប់ឲ្យមានយុត្តិធម៌៖ « ចង់បានយុត្តិធម៌ លុះត្រាតែផ្តល់ព័ត៌មានមកសមត្ថកិច្ច។ គាត់រត់ចោលប្រទេសតែអ៊ីចឹង ប៉ូលិសដឹងទាល់តែមានសាក្សី។ ខ្ញុំជឿថាវាមិនដែលខ្មែរគ្នាឯងទៅសម្លាប់គ្នាទេ »។
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់ថា ការដែលអាជ្ញាធរមិនអាចរកឃើញឃាតក និងអ្នកពាក់ព័ន្ធដែលសម្លាប់អ្នកសារព័ត៌មាន សកម្មជន និងបុគ្គលល្បីៗនាពេលកន្លងទៅ អាចធ្វើឲ្យគេគិតថា ករណីទាំងនោះជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ។ លោកជំរុញឲ្យសមត្ថកិច្ចបង្ហាញលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីបំបាត់មន្ទិលរបស់សាធារណជន៖ « អ្នកកាន់អំណាច បើមិនចង់ឲ្យសង្ស័យខ្លួន ចោទប្រកាន់ខ្លួន ខ្លួនត្រូវតែស្រាវជ្រាវរកឃាតកពិត និងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតាមផ្លូវច្បាប់មក។ ពេលនោះប្រជាពលរដ្ឋជឿជាក់ហើយ ដូចនៅបណ្ដាប្រទេសគោរពសិទ្ធិមនុស្ស គោរពគោលការណ៍ប្រជាធិបតេយ្យ ប្រជាពលរដ្ឋរបស់គេមិនដែលស្រពេចស្រពិលទេ។ កាលណាមានអំពើឃាតកម្មទៅលើអ្នកនយោបាយ ឬអ្នកណាក៏ដោយ គឺគេតែងចាប់ឃាតកមកផ្ដន្ទាទោស »។

អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ហៅការសម្លាប់សកម្មជននយោបាយ បរិស្ថាន សង្គម និងអ្នកសារព័ត៌មាន ថាជាឃាតកម្មខាងនយោបាយ។ លោកថា ដោយសារតែមូលហេតុនេះហើយដែលធ្វើឲ្យសមត្ថកិច្ចពិបាកនឹងវែកមុខចាប់ជនដៃដល់ និងអ្នកពាក់ព័ន្ធយកមកផ្ដន្ទាទោសតាមច្បាប់៖ « រឿងខ្លះ បើសមត្ថកិច្ចរកឃើញ ហើយបញ្ចេញការពិត ឬស៊ើបអង្កេតរកការពិតជុំវិញករណីឃាតកម្មហ្នឹង ឬអ្នកពាក់ព័ន្ធឃាតកម្មហ្នឹង គាត់អាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់ទាក់ទងនឹងសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។ នេះវាធ្វើឲ្យការស៊ើបអង្កេតមិនអាចរកការពិតបាន »។
លោក អំ សំអាត ហៅយុត្តិធម៌ក្នុងសំណុំរឿងទាំងនេះ ថាជាយុត្តិធម៌ស្រមោល ដែលស្ថិតនៅជើងមេឃ ពោលគឺជនរងគ្រោះ និងគ្រួសារបានត្រឹមតែរង់ចាំដោយគ្មានលទ្ធផល។ លោកថា នេះជានិទ្ទណ្ឌភាព ហើយវានឹងជះឥទ្ធិពលអាក្រក់ដល់ដំណើរការនីតិរដ្ឋនៅកម្ពុជា និងជាពិសេស រួមចំណែកឲ្យមានការប្រព្រឹត្តអំពើឃាតកម្មបែបនេះទៀតនៅពេលខាងមុខ៖ « ការបាញ់សម្លាប់ជាបន្តបន្ទាប់ទាក់ទងនឹងអ្នកលើកឡើងការពិត និងអ្នករិះគន់នេះ វាជះឥទ្ធិពលអាក្រក់ដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា យើង ជាពិសេសគឺធ្វើឲ្យមានការភិតភ័យចំពោះអ្នកដែលគាត់បញ្ចេញមតិ ដើម្បីធ្វើការរិះគន់ស្ថាបនាជាដើម។ បើសិនជាករណីឃាតកម្ម ហើយមិនត្រូវបានចាប់ ដូច្នេះអ្នកដទៃ ឬក៏ឃាតកដដែលអាចប្រព្រឹត្តបទល្មើសជាបន្តទៀត »។
មន្ត្រីសិទ្ធិមនុស្សរូបនេះ អំពាវនាវដល់រដ្ឋាភិបាល ជាពិសេសសមត្ថកិច្ច ឲ្យចាត់វិធានការបន្ថែមដើម្បីពង្រឹងសន្តិសុខ និងធានាសុវត្ថិភាពជូនពលរដ្ឋគ្រប់រូប។ ទន្ទឹមនឹងនេះ លោកក៏ទទូចដល់អាជ្ញាធរឲ្យវែកមុខចាប់ជនដៃដល់ និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងទាំងនោះមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីកសាងទំនុកចិត្តរបស់ពលរដ្ឋទៅលើថ្នាក់ដឹកនាំ និងដើម្បីកុំឲ្យមានការចោទប្រកាន់ថា ឃាតកម្មសំខាន់ៗដែលកើតមានកន្លងទៅ គឺជាឃាតកម្មផ្នែកនយោបាយ៕
វីដេអូ៖ ឃាតកម្មនិងការសម្លាប់មនុស្សក្រៅច្បាប់កើតមានលើសពី១០០ករណីរយៈពេល២៣ឆ្នាំ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។