លោក ជាម យៀប សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា។ លោកមានប្រសាសន៍នៅថ្ងៃសៅរ៍ ទី៥ ខែតុលា ថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ត្រៀមបើកកិច្ចប្រជុំនៅថ្ងៃច័ន្ទ ទី៧ ខែតុលា មុននឹងបើកកិច្ចប្រជុំរដ្ឋពេញអង្គរដ្ឋសភា នៅថ្ងៃទី១០ ខែតុលា ដើម្បីជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង៩ នៃរដ្ឋសភាអាណត្តិទី៥។
លោកបន្តថា តំណែងក្នុងគណៈកម្មការជំនាញរដ្ឋសភានីតិកាលទី៥ បានបើកទ្វារស្វាគមន៍បេក្ខភាពតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដើម្បីចូលរួមក្នុងការជ្រើសតាំងនេះ៖ «ខ្ញុំមានការសោកស្ដាយណាស់ គេលើកឡើងថា រដ្ឋសភា និងរាជរដ្ឋាភិបាល ដែលបានជ្រើសតាំងមកនេះ សុទ្ធតែសភា និងរាជរដ្ឋាភិបាលមិនគ្រប់ទឹក។ ខ្ញុំថា ទៅមិនគ្រប់ទឹកយើងទៅបង្គ្រប់ទឹកជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយទៅគ្រប់ទឹកទៅតាមច្បាប់។ អាអ្នកថាមិនគ្រប់ទឹកហ្នឹង គឺខ្លួនឯងទេ ដែលមិនគ្រប់ទឹក មិនព្រមអនុវត្តច្បាប់នោះ។ ការចរចា គឺគណបក្សប្រជាជនកម្ពុជា នៅបើកជើងមេឃ ដើម្បីចរចាគ្នា ហើយកុំនិយាយថា ឯកបក្ស ព្រោះមានគណបក្សចំនួន៨ បានចូលរួមក្នុងការបោះឆ្នោត ហើយក្នុងនោះ បក្សពីរបានជាប់ឆ្នោត តែបើបក្សមួយមិនព្រមចូល តើឲ្យខ្ញុំធ្វើម៉េចទៅ»។
យ៉ាងនេះក្តី លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់នៅថ្ងៃសៅរ៍ ថា បក្សខ្លួននៅរក្សាជំហរ ឬធ្វើពហិការមិនចូលរួមក្នុងកិច្ចប្រជុំជ្រើសតាំងតំណែងគណៈកម្មការជំនាញនៃរដ្ឋសភា នីតិកាលទី៥ ទេ ដរាបណាគ្មានកំណែទម្រង់ស្ថាប័នកំពូលមួយនេះទេ។ ប៉ុន្តែលោកថា ការសម្រេចបែបណា ទុកឲ្យម្ចាស់ឆ្នោតជាអ្នកសម្រេចចិត្តនៅក្នុងសមាជមហាជន នាថ្ងៃអាទិត្យ ទី៦ ខែតុលា៖ «អ្វីៗដែលកើតឡើងចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា មក នៅក្នុងរដ្ឋសភាហ្នឹង គឺមិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញទេ។ ដូច្នេះ ជំហរគណបក្សសង្គ្រោះជាតិ គឺមិនចូលរួមក្នុងកិច្ចប្រជុំហ្នឹងទេ ដរាបណាមិនទាន់មានការជជែកដោះស្រាយបញ្ហាដែលជាប់គាំងនយោបាយ បញ្ហាការពិត បញ្ហាយុត្តិធម៌ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតជាមុនសិន»។
ទោះជាបែបណា លោក ជាម យៀប មន្ត្រីជាន់ខ្ពស់បក្សប្រជាជន បានអះអាងថា គណបក្សសង្គ្រោះជាតិ អាចនឹងបាត់បង់អាសនៈរដ្ឋសភាអាណត្តិទី៥ ទាំង ៥៥អាសនៈ បើគេមិនចូលរួមប្រជុំសភាតាមច្បាប់កំណត់នោះទេ៖ «ច្បាប់ចែងមកថាអ៊ីចឹងតែម្តង អត់មាននរណាទៅរំលោភច្បាប់ទេ»។
ត្រង់ចំណុចនេះ លោក យឹម សុវណ្ណ បានបញ្ជាក់ថា គណបក្សខ្លួនមិនចាប់អារម្មណ៍ការគំរាមរបស់មន្ត្រីបក្សប្រជាជន ឬតំណែងគណៈកម្មការជំនាញទាំង៩ នៃរដ្ឋសភានេះទេ។ ប៉ុន្តែ លោកថា អ្វីដែលបក្សប្រឆាំងចង់បាន គឺឲ្យមានកែទម្រង់ស្ថាប័នជាតិមួយចំនួន ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិជាថ្ងៃអនាគត។
ទាក់ទិនបញ្ហានេះ លោកបណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ និងជាសកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ បានផ្តល់វិភាគថា ការបង្កើតសភាតែឯកឯង ឬឯកតោភាគី នឹងជំរុញឲ្យសង្គមកម្ពុជា មានវិបត្តិនយោបាយ និងសេដ្ឋកិច្ចធ្ងន់ធ្ងរនាថ្ងៃអនាគត៖ «នៅពេលដែលយើងមិនទាន់បានដោះស្រាយបញ្ហានយោបាយឲ្យបានឯកភាពគ្នា ហើយយើងទៅបង្កើនការប្រជុំ ហើយអត់មានដំណោះស្រាយ ធ្វើឲ្យយើងមានវិបត្តិទៅថ្ងៃខាងមុខ ពីព្រោះយើងឃើញហើយមានប្រទេស ៣ធំៗ ទី១ មានប្រទេសជប៉ុន ទី២ សហគមន៍អឺរ៉ុប គឺមាន ២៨ប្រទេស ហើយមួយទៀត គឺសហរដ្ឋអាមេរិក។ យើងត្រូវដោះស្រាយទំនាស់កើតមានមុន និងក្រោយពេលបោះឆ្នោតឲ្យបានត្រឹមត្រូវ និងយុត្តិធម៌។ ដូចនេះ បើសិនយើងមិនដោះស្រាយទេ យើងនឹងជាប់នូវវិបត្តិនយោបាយ ហើយយើងនឹងបាត់បង់នូវថវិកាកម្ចីពីប្រទេសទាំងអស់ហ្នឹង។ ហើយថ្មីៗនេះ យើងឃើញមានការព្យួរថវិការបស់ធនាគារពិភពលោកទាំងអស់ហ្នឹង គឺសុទ្ធតែបញ្ហាដែលយើងត្រូវដោះស្រាយ»។
លោកបណ្ឌិត សុខ ទូច បន្តផ្តល់វិភាគថា ដរាបណាអ្នកនយោបាយកម្ពុជា ឬបក្សឈ្នះអាសនៈសភានីតិកាលទី៥ មិនបានដោះស្រាយវិបត្តិនយោបាយឲ្យបានឯកភាពគ្នាជាមុនទេ ហើយទៅបង្កើតសភា ឬរដ្ឋាភិបាលតែឯកឯងនោះ នោះនាំឲ្យកម្ពុជា ខាតបង់ជំនួយ ឬប្រាក់កម្ចីផ្សេងៗពីបណ្ដាប្រទេសម្ចាស់ជំនួយ ហើយកម្ពុជា នឹងឯកោ៖ «បើសិនជាគណបក្សឈ្នះឆ្នោតគាត់បានបង្កើតសភាតែម្នាក់ឯង ហើយប្រជុំសភាតែម្នាក់ឯងនោះ នោះកាន់តែជំរុញបញ្ហានយោបាយឲ្យកាន់តែមិនប្រក្រតីកាន់តែជ្រៅទៅៗ ធ្វើឲ្យវិបត្តិនឹងកើតឡើង។ អ្វីដែលជាការនិយាយរបស់អ្នកនយោបាយ វាគ្រាន់តែជាការរលកសំឡេងនៅក្នុងអ្នកនយោបាយទេ។ ប៉ុន្តែ សង្គមកម្ពុជា បច្ចុប្បន្ន កំពុងស្ថិតក្នុងកែវភ្នែករបស់មហាអំណាចសេដ្ឋកិច្ច»។
លោកថា បញ្ហានេះមេដឹកនាំឈ្នះអាសនៈសភាទាំងពីរ គួររិះរកវិធីដោះស្រាយការខ្វែងគំនិតគ្នាឲ្យបានត្រឹមត្រូវ និងត្រូវលះបង់ប្រយោជន៍ ឬបក្ខពួក មកគិតប្រយោជន៍សង្គមជាតិ និងពលរដ្ឋជាធំ ទើបប្រទេសជាតិមានការអភិវឌ្ឍនាថ្ងៃអនាគត។
កាលពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០១៣ មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី បានបើកកិច្ចប្រជុំលើការខ្វែងគំនិតគ្នាជុំវិញលទ្ធផលបោះឆ្នោត ដើម្បីរកច្រកបង្កើតរដ្ឋាភិបាលថ្មីអាណត្តិទី៥ ក្រោយការបោះឆ្នោត។ ប៉ុន្តែ ត្រូវបរាជ័យ ដោយបក្សប្រឆាំងបានទាមទារឲ្យមានតុល្យភាពអំណាច ឬទាមទារតំណែងប្រធានរដ្ឋសភា។ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា បដិសេធ ហើយបានបង្កើតរដ្ឋសភា និងរដ្ឋាភិបាលជាឯកតោភាគី នៅថ្ងៃទី២៣-២៤ ខែកញ្ញា តាមរយៈការកោះប្រជុំសភាលើកដំបូង ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។