អ្នកដឹកនាំចលនាបាតុកម្មទម្លាក់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា កាលពីខែតុលា កន្លងទៅ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំងជាជំនួយការរបស់លោក។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា លោកមិនបានដឹងពីការតែងតាំងនេះទេ។
អនុក្រឹត្យចុះហត្ថលេខាដោយ លោក ហ៊ុន សែន កាលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ បានប្រកាសតែងតាំង លោក ប៉ាន់ខែម ប៊ុនថន ជាជំនួយការនាយករដ្ឋមន្ត្រីកម្ពុជា ដែលមានឋានៈស្មើអគ្គនាយករង។
អនុក្រឹត្យនេះ ក៏បានបញ្ជាឲ្យទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការនៃគ្រប់ក្រសួងដែលពាក់ព័ន្ធទាំងឡាយ ឲ្យដឹងឮការតែងតាំងនេះ។
ក៏ប៉ុន្តែ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនបានឃើញអនុក្រឹត្យតែងតាំងនេះនៅឡើយទេ៖ «ខ្ញុំអត់បានទទួលព័ត៌មានហ្នឹងផង។ គួរសួរទៅខាងខុទ្ទកាល័យសម្ដេច។ Check (ឆែក) មើលទៅ (លោក) អ៊ាង សុផល្លែត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក អ៊ាង សុផល្លែត ដើម្បីសុំការបញ្ជាក់បានទេនៅថ្ងៃទី២៣ ធ្នូ នេះ។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ បាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រមាណ ៣ពាន់នាក់ បានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភា ធ្វើបាតុកម្មទាមទារឲ្យរដ្ឋសភាដក លោក កឹម សុខា ចេញពីកៅអីអនុប្រធានទី១ នៃរដ្ឋសភា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងថា ការដែលជំនួយការនាយករដ្ឋមន្ត្រីទៅធ្វើបាតុកម្មនេះ ជាសិទ្ធិរបស់មនុស្សគ្រប់រូបដែលធានាដោយរដ្ឋធម្មនុញ្ញ។ តែលោកថា ការប្រើសិទ្ធិទៅប្រព្រឹត្តអំពើហិង្សាលើអ្នកតំណាងរាស្ត្រនេះ ជាទង្វើខុសច្បាប់៖ «ក៏ប៉ុន្តែ អ្វីៗដែលជាកំហុសឆ្គង គឺបាតុកម្មបានក្លាយជាអំពើហិង្សា ហើយអំពើហិង្សាហ្នឹងមានភ័ស្ដុតាងដែលមានពាក់ព័ន្ធជាមួយអ្នកដែលធ្វើបាតុកម្ម។ នេះជាបញ្ហា ដែលយើងធ្វើម៉េចត្រូវតែស៊ើបអង្កេត ធ្វើម៉េចរកមើលជនដៃដល់ ដែលបានប្រព្រឹត្តអំពើឃោរឃៅលើអ្នកតំណាងរាស្ត្រទាំងពីររូប»។
តាមរយៈរូបភាពដែលត្រូវបានផ្សព្វផ្សាយ លោក ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិក្រុមយុវជនសម្ព័ន្ធសេនានាគ បានបង្រៀនក្រុមបាតុករឲ្យនិយាយស្រែកទាមទារទម្លាក់អនុប្រធានគណបក្សសង្គ្រោះជាតិ។
សម្រាប់អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី វិញ លោកមិនភ្ញាក់ផ្អើលនឹងតួនាទីដែល លោក ប៉ាន់ខែម ប៊ុនថន បានទទួលការតែងតាំងជាជំនួយការនាយករដ្ឋមន្ត្រីនោះទេ។ ទោះយ៉ាងណា លោកសង្កេតឃើញថា ដំណើរការស៊ើបអង្កេតរកជនដៃដល់ដែលវាយប្រហារលើអ្នកតំណាងរាស្ត្រមានភាពយឺតយ៉ាវ៖ «ហ្នឹងហើយដែលសាធារណជនសង្ស័យថា ហេតុអ្វីការស៊ើបអង្កេតទៅលើករណីអំពើហិង្សានៅថ្ងៃទី២៦ តុលា។ យើងឃើញថា មកដល់ពេលនេះហើយ មិនទាន់ទៅណានោះ ដោយសារគេសង្ស័យថា អាចមានជាប់ពាក់ព័ន្ធជាមួយមនុស្សសំខាន់ៗដែលនៅជិតស្និទ្ធជាមួយរដ្ឋាភិបាល នៅពីក្រោយខ្នងការរៀបចំអំពើហិង្សាហ្នឹង»។
លោក ប៉ាន់ខែម ប៊ុនថន បានដើរដឹកមុខក្រុមបាតុករ ដោយកាន់បដាសរសេរសារទាមទារឲ្យដក លោក កឹម សុខា ពីតំណែង។ ប៉ុន្មានម៉ោងក្រោយមក អំពើហិង្សាបានផ្ទុះឡើង ដោយក្រុមបាតុករបានវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបឲ្យរងរបួសធ្ងន់ធ្ងរ។
ក្រុមបាតុករដែលដឹកនាំដោយក្រុមយុវជនសម្ព័ន្ធសេនានាគ បានបដិសេធថា មិនបានប្រើហិង្សាទៅលើតំណាងរាស្ត្រទាំងពីរនាក់នេះទេ ដោយ លោក ប៉ាន់ខែម ប៊ុនថន អះអាងថា ក្រុមលោកបានចាកចេញពីក្រុមអ្នកតវ៉ានៅមុនពេលអំពើហិង្សាកើតឡើង។
ទោះបីយ៉ាងណា រូបភាព និងវីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ត្រូវបានគេជឿជាក់ថា ជនដៃដល់ដែលប្រើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាសមាជិកក្រុមយុវជនសម្ព័ន្ធសេនានាគ។
បីថ្ងៃក្រោយបាតុកម្មនេះ សភាបានបើកការប្រជុំដោយអវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឯកភាពបោះឆ្នោតទម្លាក់ លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា។
ព័ត៌មាននៃការតែងតាំង លោក ប៉ាន់ខែម ប៊ុនថន ជាជំនួយការរបស់ លោក ហ៊ុន សែន នេះ កើតឡើងខណៈដែលជនដៃដល់ជាច្រើនផ្សេងទៀត ដឹកនាំក្រុមសម្ព័ន្ធយុវជនសេនានាគ ដែលបានប្រព្រឹត្តហិង្សាលើអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង មិនទាន់ត្រូវបានសមត្ថកិច្ចវែកមុខចាប់ខ្លួនមកផ្ដន្ទាទោសនៅឡើយ ក្រៅតែពីជនដៃដល់ ៣នាក់ ដែលបានចូលសារភាពកាលពីពេលកន្លងទៅ៕
សូមស្ដាប់បទសម្ភាសន៍ជាមួយអគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្កិ បន្ថែម៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។