រលកនៃការតវ៉ារបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា នឹងបន្តបោកបក់ទៅដល់ទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (New York) នៅថ្ងៃសុក្រ នេះទៀត។
គាប់ជួនពេលដែលអង្គការសហប្រជាជាតិ កំពុងបើកមហាសន្និបាតលើកទី៧២ របស់ខ្លួននៅទីក្រុងញូវយ៉ក ពលរដ្ឋខ្មែរនៅតាមបណ្តារដ្ឋនានា នឹងប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខស្នាក់ការរបស់អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា នេះ។
ពលរដ្ឋខ្មែរអាមេរិកម្នាក់គឺលោក អ៊ុង ឬទ្ធី មកពីក្រុងឡូវែល ដែលនឹងចូលរួមតវ៉ាឲ្យដោះលែង លោក កឹម សុខា ប្រាប់អាស៊ីសេរី ថាពលរដ្ឋខ្មែរអាមេរិកាំង ជាច្រើនបានសំណូមពរឲ្យនាំគ្នាធ្វើបាតុកម្មនៅកន្លែងមហាសន្និបាតរបស់អង្គការសហប្រជាជាតិនេះ ដោយសារចង់ផ្ញើសារឲ្យឮដល់មេដឹកនាំនៃបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកដែលមកចូលរួមក្នុងសន្និបាតនោះ បានដឹងពីការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖ "យើងចង់ផ្ញើសារទៅពិភពលោកឲ្យដឹង ឲ្យជួយដោះស្រាយបញ្ហាប្រទេសរបស់យើង ជាពិសេសពាក់ព័ន្ធនឹងការចាប់ឃុំឃាំងប្រធានគណបក្សសង្គ្រោះជាតិ។ ទីពីរ ប្រសិនជាមានការចាប់ចងប្រធានគណបក្សអ៊ីចឹង ការបោះឆ្នោតនឹងមិនអាចប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌។ ទីបី សុំឲ្យមានស្ថិរភាពក្នុងរឿងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើង ព្រោះកំពុងរងការលំបាក និងដើរថយក្រោយ។ ទីបួន គឺសុំទាមទារឲ្យអង្គការសហប្រជាជាតិ ជួយបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត នៅឆ្នាំ២០១៨ ខាងមុខនេះ"។
ក្នុងមហាសន្និបាតលើកទី៧២ របស់អង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែកញ្ញានេះ ប្រទេសកម្ពុជា បានចាត់រដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន ឲ្យមកចូលរួមប្រជុំ។ ប៉ុន្តែលោក អ៊ុង ឬទ្ធី បញ្ជាក់ថា ការធ្វើបាតុកម្មនេះ គឺដើម្បីផ្ញើសារទៅមេដឹកនាំពិភពលោក រួមទាំងម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនសំខាន់ថាមាន ឬគ្មានវត្តមានតំណាងរដ្ឋាភិបាលលោក ហ៊ុន សែន មកចូលរួមប្រជុំនោះទេ៖ "ទោះបីលោក ប្រាក់ សុខុន មក ឬមិនមក សំខាន់យើងចង់ធ្វើម៉េចក្នុងនាមយើងជាជនជាតិខ្មែរ ដែលរស់នៅប្រទេសក្រៅ យើងចង់ឲ្យពិភពលោកដឹងថា យើងមិនពេញចិត្តនឹងអ្វីដែលរដ្ឋាភិបាលកម្ពុជា កំពុងធ្វើសព្វថ្ងៃនេះឡើយ"។
តាំងពីក្រោយការចាប់ខ្លួន ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា រលកបាតុកម្មរបស់សហគមន៍ខ្មែរនៅក្រៅប្រទេស ដែលប្រឆាំងនឹងចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន បានផ្ទុះឡើងស្ទើរគ្រប់ទីន្លែងដែលមានខ្មែររស់នៅ។ នៅថ្ងៃទី២៦ ខែកញ្ញាឋខាងមុខនេះ ពលរដ្ឋខ្មែរមកពីរបណ្ដាប្រទេសសហគមន៍អឺរ៉ុប នឹងធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក កឹម សុខា នៅមុខការិល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ចំណែកឯពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង នឹងនាំគ្នាធ្វើមហាបាតុកម្មទាមទារដូចគ្នានេះដែរ នៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។