ព្រះបរមរាជរាំងបដិសេធព័ត៌មានដែលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលមានបន្ទូលលើកឡើងថា ព្រះមហាក្សត្រគ្រោងនឹងកោះហៅបក្សនយោបាយធំៗទាំង៣ មកពិភាក្សាពីបញ្ហាព្រំដែន។ យ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ព្រមានធ្ងន់ៗចំពោះសម្ដីរបស់សម្ដេចក្រុមព្រះនៅពេលនេះផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៧ កក្កដា ព្រមានធ្ងន់ៗ ទៅសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យមានជំហររឹងមាំ ក្នុងការធ្វើនយោបាយ និងអំពាវនាវកុំឲ្យសម្ដេចក្រុមព្រះ យកព្រះមហាក្សត្រមកលេងសើច ជៀសវាងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសព្រះមហាក្សត្រ៖ «សូមទូលទៅព្រះអង្គ ( សម្ដេចក្រុមព្រះ ) វិញ បើព្រះអង្គធ្វើតែអ៊ីចឹង ព្រះអង្គអត់កៅអីហើយ ទូលដោយត្រង់ៗតែម្ដង ក្នុងឋានៈ អ្នកជាស្រឡាញ់ បាននិយាយត្រង់ ព្រោះធ្វើតាំងពីមានកៅអី រហូតគ្មានកៅអីសោះទៅហើយ ហើយឥឡូវនៅបន្តអ៊ីចឹងទៀត ពីមុនថាតាមស៊ីកេរ្តិ៍សម្ដេចព្រះបិតា ( ព្រះបរមកោដ្ឋ នរោត្ដម សីហនុ ) ឥឡូវចង់ស៊ីកេរ្តិ៍ព្រះអនុជ ( នរោត្តម សីហមុនី ) ទៀត»។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានសម្ដេចក្រុមព្រះនេះនៅស្របពេលស្ថាប័នរាជបល្ល័ង្ក បានចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធបន្ទូលសម្ដេចក្រុមព្រះដែលថា ព្រះមហាក្សត្រ នឹងកោះហៅតំណាងគណបក្សធំៗទាំងបីទៅគាល់ព្រះមហាក្សត្រអំពីបញ្ហាព្រំដែន។
សេចក្ដីប្រកាសព័ត៌មានរបស់ព្រះបរមរាជរាំងចុះនៅថ្ងៃទី២៧ កក្កដា ជាការឆ្លើយតបទៅនឹងការចុះផ្សាយរបស់កាសែតក្នុងស្រុកមួយចំនួន ដែលស្រង់សម្ដីរបស់សម្ដេចក្រុមព្រះ ចុះផ្សាយនៅព្រឹកថ្ងៃទី២៧ កក្កដាដដែលថា ជាព័ត៌មានមិនពិត។
សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា ព្រះមហាក្សត្រពុំមានព្រះរាជតម្រិះ ឬព្រះរាជឱង្ការ ឬផែនការកោះហៅមេដឹកនាំគណបក្សទាំង៣ មកពិភាក្សាពីបញ្ហាព្រំដែនឡើយ។ តែបើព្រះមហាក្សត្រមានកិច្ចការសំខាន់ៗទាក់ទងនឹងបញ្ហាប្រទេសជាតិនោះ គឺទ្រង់នឹងពិគ្រោះយោបល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិប្រតិបត្តិ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីខុទ្ទកាល័យសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិដើម្បីសុំការបំភ្លឺអំពីករណីនេះបាននៅឡើយទេ នៅថ្ងៃទី២៧ កក្កដា។
ប៉ុន្តែព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបន្ទូលទៅកាន់អ្នកកាសែត បន្ទាប់ពីជួបជុំជាមួយយុវជនរាប់រយនាក់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ កក្កដា ហាក់មិនបានបញ្ជាក់ច្បាស់លាស់ថា ព្រះមហាក្សត្រនឹងគ្រោងកោះហៅតំណាងបក្សនយោបាយធំៗទាំងបី ទៅពិភាក្សាពីបញ្ហាព្រំដែននៅពេលណានោះទេ ដោយទ្រង់អះអាងថា ព្រះអង្គបានដឹងព័ត៌មាននោះតាមអ្នកកាសែតប៉ុណ្ណោះ៖ «ខ្ញុំឮថាព្រះមហាក្សត្រ ចង់កោះហៅថ្នាក់ដឹកនាំបក្សធំទាំង៣ ដើម្បីផ្ដល់យោបល់ថ្វាយព្រះអង្គ នូវបញ្ហាបូរណភាពទឹកដី ខ្ញុំ ( សម្ដេចក្រុមព្រះ ) មិនដឹងថាគណបក្សធំទី៣ ជាគណបក្សណាទេ តែខ្ញុំសង្ឃឹមថា ជាបក្សហ្វ៊ិនស៊ិនប៉ិចហ្នឹងឯង តែយើងគ្មានអាសនៈ ( ក្នុងរដ្ឋសភា )ទេ»។
យ៉ាងណាក៏ដោយកាសែតក្នុងស្រុកមួយចំនួនបានស្រង់បន្ទូលរបស់សម្ដេចក្រុមព្រះ ដោយបញ្ជាក់ត្រឹមថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានឮថាព្រះមហាក្សត្រចង់អញ្ជើញមេដឹកនាំបក្សនយោបាយទាំងបី ឲ្យផ្ដល់គំនិតពីបញ្ហាព្រំដែន ដើម្បីដោះស្រាយជាមួយប្រទេសជិតខាង។
ក្រៅពីនេះទៀតការបញ្ចេញប្រតិកម្មរបស់ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ព្រមានធ្ងន់ៗទៅសម្ដេចក្រុមព្រះនេះនៅស្របពេលគណបក្សប្រឆាំង កំពុងតែសើរើបញ្ហាព្រំដែន កម្ពុជា-វៀតណាមដ៏ចម្រូងចម្រាស់នាពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។