តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានជេរប្រទេចដាក់បណ្ដាសាដល់ លោក សម រង្ស៊ី ឲ្យជួបគ្រោះថ្នាក់ដល់អាយុជីវិតក្នុងពេលធ្វើដំណើរតាមយន្តហោះទៅក្រៅប្រទេស៖ «ខ្ញុំឆ្ងល់ណាស់ បើថា សម រង្ស៊ី មានគំនិតរបៀបហ្នឹង ពេលជិះកប៉ាល់ហោះ ម៉េចមិនធ្លាក់កប៉ាល់ហោះងាប់ទៅ។ ហើយទីពីរទៀត គឺថាពេលចុះទៅដល់ដី គឺធ្វើឲ្យកម្ពុជា ច្របូកច្របល់គ្រប់បែបយ៉ាងទាំងអស់។ អាហ្នឹងបានជាប្រជាជនកម្ពុជា គេដាក់ឈ្មោះឲ្យពួកសង្គ្រោះជាតិ ថា ថៅកែបាតុកម្ម»។
ការជេរប្រមាថរបស់ លោក ជាម យៀប ធ្វើឡើងនៅស្របពេលដែលមេដឹកនាំបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កំពុងធ្វើដំណើរទៅក្រៅប្រទេស ដើម្បីបង្ហាញអន្តរជាតិឲ្យបានដឹងអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត ទាមទារឲ្យសហគមន៍អន្តរជាតិមិនទទួលស្គាល់រដ្ឋសភា ដែលបង្កើតឡើងដោយបក្សតែមួយ និងទាមទារឲ្យប្រទេសម្ចាស់ហត្ថលេខី មកជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឡើងវិញ។
បើទោះបីជាមានការដាក់បណ្ដាសាពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ទៅលើមេដឹកនាំបក្សជំទាស់យ៉ាងណាក៏ដោយ ក៏ លោក សម រង្ស៊ី មានប្រសាសន៍យ៉ាងខ្លីប៉ុណ្ណោះពីប្រទេសបារាំង ថា លោកមិនចាប់អារម្មណ៍ចំពោះការជេរប្រមាថនោះឡើយ៖ «អត់ទេ ខ្ញុំអត់ចង់ឆ្លើយឆ្លងទេ លោកអើយ! អត់ចង់ឆ្លើយ អត់ចង់ប្រតិកម្ម អត់ចង់អត្ថាធិប្បាយអ្វីទេ! អត់ត្រូវការតែម្តង។ ខ្ញុំមិនចាប់អារម្មណ៍ ហើយមិនរវល់ទាល់តែសោះ។ ខ្ញុំមិនរវល់ ខ្ញុំមានការងារខ្ញុំផ្សេងទៀត»។
នេះមិនមែនជាលើកទីមួយទេ ដែលក្រុមតំណាងរាស្ត្ររបស់បក្សប្រជាជនកម្ពុជា បានប្រើភាសាមិនសូវមានសីលធម៌ទៅលើក្រុមអ្នករិះគន់។
កាលពីចុងឆ្នាំ២០១២ តំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ធ្លាប់បានជេរប្រមាថក្រុមតំណាងរាស្ត្រពីខាងបក្សជំទាស់ថា មានចរិតកាចសាហាវដូចព្នង។ ប៉ុន្តែ ក្រោយមក លោក ឈាង វុន បានលាងសម្ដីរបស់ខ្លួនវិញ តាមរយៈការសុំទោសជាសាធារណៈចំពោះការមើលងាយដល់ក្រុមជនជាតិដើមភាគតិចព្នង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។