ក្រុម​ប្រឹក្សា​ខេត្ត​ក្រុង​បក្ស​សម​រង្ស៊ី​នៅ​កំពង់ចាម​៨៧​នាក់​ត្រូវ​បាន​ដក​ពី​សមាជិក​ភាព

0:00 / 0:00

សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ របស់​គណបក្ស សម រង្ស៊ី នៅ​ខេត្ត​កំពង់ចាម បាន​ហៅ​ការ​ដក ឬ​លុប​ឈ្មោះ​ពួក​គាត់​ចេញ​ពី​សមាជិក​ភាព​នៃ​ក្រុម​ប្រឹក្សា ដោយ​ស្ថិត​នៅ​ក្រោម​ហេតុផល​ថា ពួក​គាត់​បាន​ឈរ​ឈ្មោះ​ជា​សមាជិក​ភាព​គណបក្ស​សង្គ្រោះ​ជាតិ នោះ គ្រាន់​ជា​បញ្ហា​នយោបាយ។ ចំណែក​អាជ្ញាធរ​ខេត្ត មិន​បាន​បកស្រាយ​ច្រើន​នោះ​ទេ​ជុំវិញ​បញ្ហា​នេះ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ខាង​ខេត្ត គឺ​ធ្វើ​ទៅ​តាម​សេចក្តី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ។

ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ របស់​គណបក្ស សម រង្ស៊ី ចំនួន ៨៧​រូប នៅ​ខេត្ត​កំពង់ចាម ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ដក​សិទ្ធិ​ពី​សមាជិក​ភាព​របស់​ខ្លួន​ចេញ ដោយសារ​ពួក​គាត់​បាន​ប្ដូរ​ទៅ​ឈរ​ឈ្មោះ​នៅ​គណបក្ស​សង្គ្រោះ​ជាតិ។ លើស​ពី​នេះ ក្រុម​ប្រឹក្សា​ទាំង​នោះ​ក៏​បាន​សម្ដែង​អារម្មណ៍​មិន​ពេញ​ចិត្ត​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត ដែល​បាន​កាត់​ផ្តាច់​ប្រាក់​ខែ​របស់​ពួក​គាត់​នៅ​ប្រចាំ​ខែ​មីនា ទៀត​ផង។

សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស សម រង្ស៊ី ខេត្ត​កំពង់ចាម មួយ​រូប គឺ​លោក កៅ ចេស្តា មាន​ប្រសាសន៍​ថា ពួក​គាត់​ទាំង ៨៧​នាក់ ដែល​ជា​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ នោះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ចេញ​សេចក្តី​សម្រេច​មួយ​កាល​ពី​ថ្ងៃ​ទី​២០ មីនា ដើម្បី​ដក​សិទ្ធិ​ចេញ​ពី​តំណែង​ក្រុម​ប្រឹក្សា​របស់​គណបក្ស សម រង្ស៊ី ដោយសារ​តែ​ពួក​គាត់​បាន​ឈរ​ឈ្មោះ​ជា​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បន្ត​ថា ក្នុង​សេចក្តី​សម្រេច​នោះ​មិន​បាន​បញ្ជាក់​រឿង​ផ្តាច់​ប្រាក់​ខែ​សម្រាប់​ខែ​មីនា នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បែរ​ជា​ផ្តាច់​ប្រាក់​ខែ​នោះ​ពី​ពួក​គាត់​ទៅ​វិញ រហូត​ដល់​មាន​នៅ​ស្រុក​ខ្លះ​បាន​ធ្វើ​ការ​តវ៉ា​ខ្លាំង ទើប​ព្រម​បើក​ប្រាក់​ប្រចាំ​ខែ​មីនា ជូន ប៉ុន្តែ​ចំពោះ​ក្រុម​ប្រឹក្សា​ខេត្ត​នៅ​តែ​មិន​ទទួល​បាន​ប្រាក់​ខែ​ប្រចាំ​ខែ​មីនា ដដែល។

លោក​បន្ថែម​ទៀត​ថា ការ​ដក​សិទ្ធិ​របស់​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ របស់​គណបក្ស សម រង្ស៊ី ពី​សំណាក់​ក្រសួង​មហាផ្ទៃ និង​ការ​មិន​បើក​ប្រាក់​ខែ​ឱ្យ​នោះ គឺ​ជា​ចេតនា​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​ទៅ​វិញ៖ «មាន​ស្រុក​ច្រើន​ហ្នឹង​បាន​តវ៉ា ដូច​ក្រុង​កំពង់ចាម ស្រុក​កំពង់សៀម ស្រុក​មេមត់ អី​ហ្នឹង គេ​បាន​តវ៉ា​ទៅ គេ​បើក​ឱ្យ ចំណែក​ខេត្ត​ហ្នឹង គឺ​ដាច់​ខាត​ហ្មង​គឺ​មិន​ឱ្យ វា​មាន​លក្ខណៈ​ខុស​គ្នា​អ៊ីចឹង។ អ៊ីចឹង​បាន​ថា​រឿង​នេះ​មិន​មែន​ជា​រឿង​នេះ​ទេ ជា​ចេតនា​នយោបាយ គេ​មិន​ចង់​ឱ្យ​យើង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ហ្នឹង​ប៉ុន្មាន​ទេ ប៉ុន្តែ​គ្រាន់​តែ​ច្បាប់​គេ​តម្រូវ​ឱ្យ​មាន​ក្រុម​ប្រឹក្សា​ស្រុក​ខេត្ត​ទេ ពីព្រោះ​នៅ​ក្រុម​ប្រឹក្សា​ស្រុក​ខេត្ត​ហ្នឹង មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ទារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ ដូច​ជា​ករណី​រំលោភ​ផ្សេងៗ»

លោក កៅ ចេស្តា ចង់​ឱ្យ​រាជ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ចំពោះ​បញ្ហា​នេះ ជា​ជាង​ធ្វើ​អ្វី​មួយ​ដែល​ប្រាសចាក​ពី​គោលការណ៍​នៃ​ច្បាប់ ហើយ​នៅ​តែ​ប្រព្រឹត្ត​រឿង​ដែល​ខុស​ដដែលៗ​នោះ។

នាយក​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម លោក គឹម គុណវុឌ្ឍ បាន​មាន​ប្រសាសន៍​បញ្ជាក់​ដោយ​ខ្លី​ថា ខាង​លោក​ធ្វើ​ទៅ​តាម​លិខិត​របស់​ក្រសួង​មហាផ្ទៃ និង​រុញ​បញ្ហា​នេះ​ឱ្យ​ទៅ​សួរ​ក្រសួង​មហាផ្ទៃ៖ «ព្រោះ​អា​ហ្នឹង​មាន​ការ​ណែនាំ​មួយ​របស់​ក្រសួង​មហាផ្ទៃ ហើយ​មើល​ច្បាប់​អង្គការ​ដែល​មាន​នៅ​ក្នុង​ហ្នុង អ្នក​ដែល​ចេញ​ពី​គណបក្ស​នយោបាយ​មួយ​ទៅ​ឈរ​ឱ្យ​គណបក្ស​នយោបាយ​មួយ​ទៀត វា​អស់​សិទ្ធិ​ពី​គណបក្ស​នយោបាយ​ចាស់​ហើយ។ ខ្ញុំ​មិន​ច្បាស់​ទេ ប៉ុន្តែ​សុំ​សួរ​ទៅ​មហាផ្ទៃ សួរ​ទៅ​មហាផ្ទៃ គេ​ដឹង​ហើយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទំនាក់ទំនង​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​មហាផ្ទៃ គឺ​លោក ខៀវ សុភ័គ បាន​ទេ​នៅ​ថ្ងៃ​ទី​២ មេសា។

ប៉ុន្តែ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វែ្រល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ត្បិត​តែ​មិន​មាន​ច្បាប់​ណា​ចែង​អំពី​តំណែង​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូច​តំណែង​តំណាង​រាស្ត្រ​ក៏ដោយ ក៏ប៉ុន្តែ​គេ​ក៏​ត្រូវ​អនុលោម​ទៅ​តាម​គោលការណ៍​ដែល​មាន​ស្រដៀង​គ្នា​ទៅ​នឹង​តំណែង​តំណាង​រាស្ត្រ​ដែរ។ លោក​បន្ត​ថា ក្រសួង​មហាផ្ទៃ មិន​អាច​រុះរើ ឬ​ដក​សិទ្ធិ ឬ​ក៏​ផ្តាច់​ប្រាក់​ខែ​ចំពោះ​តំណែង​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ របស់​គណបក្ស​មួយ ដោយសារ​តែ​គាត់​បាន​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ឱ្យ​គណបក្ស​ថ្មី​នោះ​ទេ នៅ​ក្នុង​កំឡុង​ពេល ៦​ខែ​មុន​ការ​បោះ​ឆ្នោត​មក​ដល់​នោះ។

លោក គល់ បញ្ញា៖ «ជា​ចរិត​រៀប​នយោបាយ​ច្រើន​ជាង​ដែល​ក្រសួង​មហាផ្ទៃ ធ្វើ​អ៊ីចឹង​ដែល​ចរិត​នយោបាយ​ដាក់​ទៅ​គណបក្ស​ផ្សេង ដែល​មិន​មែន​ជា​គណបក្ស​កាន់​អំណាច ពីព្រោះ​វា​មិន​មែន​ជា​ច្បាប់ តែ​ចែង​ពី​បញ្ហា​នេះ​ច្បាស់​លាស់ បើ​គ្មាន​ច្បាប់​អ៊ីចឹង គេ​ត្រូវ​គោរព​ទៅ​សិទ្ធិ​របស់​ក្រុម​ប្រឹក្សា​ហ្នឹង​ដែល​ជិត​បោះ​ឆ្នោត អ៊ីចឹង​វា​ធម្មតា​ទេ គាត់​មិន​ទៅ​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ឱ្យ​គណបក្ស​របស់​គាត់​ណា​ថ្មី ឬ​ក៏​ចាស់​ដដែល ធម្មតា​គាត់​អា​ហ្នឹង។ បើ​គាត់​ចេញ​ចូល​មុន​ហ្នឹង​មុន ៦​ខែ មុន​ការ​បោះ​ឆ្នោត បាន​ថា​គាត់​មិន​ដើរ​តាម​គណបក្ស​តាម​អី​អ៊ីចឹង​ទៅ គេ​អាច​ដក​ចេញ​ពី​សមាជិក ឬ​អាច​បាត់​បង់​សមាជិក ទើប​គេ​អាច​និយាយ​ពី​ការ​ដក​បេក្ខភាព​របស់​គាត់។ ប៉ុន្តែ​នៅ​ក្នុង​កំឡុង​នេះ គេ​មិន​អាច​រុះរើ​បាន​ទេ គេ​អត់​អាច​រុះរើ​អ៊ីចឹង​បាន​ទេ​ណា៎»

លោក​បន្ថែម​ទៀត​ថា ការ​ធ្វើ​ដូច​នេះ​អាច​ជា​ការ​រំលោភ​សិទ្ធិ​ទៅ​លើ​សមាជិក​ភាព​របស់​សមាជិក​ក្រុម​ប្រឹក្សា​ទាំង​នោះ ហើយ​ជា​ការ​បង្កើត​បញ្ហា​ឱ្យ​កាន់​តែ​មាន​ច្រើន និង​អាច​ធ្វើ​ឱ្យ​មាន​ការ​តវ៉ា​ណា​មួយ​កើត​ឡើង ដោយសារ​តែ​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា នោះ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។