គណបក្សសង្គ្រោះជាតិ ចងក្រងភាពយន្តឯកសារពលរដ្ឋរងគ្រោះនៃការបង្ខំបណ្ដេញចេញពីផ្ទះសម្បែងជាច្រើនរយគ្រួសារនៅខេត្តក្រចេះ ផ្ញើជូនទៅមេធាវីអន្តរជាតិ ដើម្បីដាក់ជូនការិយាល័យព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
មន្ត្រីរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលមិនចាប់អារម្មណ៍នឹងបណ្ដឹងទាំងឡាយនៅតុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ ប៉ុន្តែមេធាវីរដ្ឋាភិបាលនឹងការពារក្តីប្រសិនបើតុលាការកោះហៅ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា គណបក្សប្រឆាំងជួយប្រមែប្រមូលភស្តុតាងជាច្រើនស្ដីពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដើម្បីឲ្យតុលាការអន្តរជាតិជួយរកយុត្តិធម៌ឲ្យជនរងគ្រោះ។
គណបក្សសង្គ្រោះជាតិ បានផលិតភស្តុតាងចុងក្រោយជាភាពយន្តឯកសាររយៈពេល ជាងបួននាទីស្ដីពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចវៀតណាម បានបង្ខំបណ្ដេញពលរដ្ឋជាច្រើនរយគ្រួសារ រស់នៅស្រុកស្នួល ខេត្តក្រចេះ ចេញពីផ្ទះសម្បែង និងបានដុតបំផ្លាញទ្រព្យសម្បត្តិ និងដំណាំពួកគេ។ ឯកសារនោះបង្ហាញពីការតវ៉ារបស់ពលរដ្ឋដែលបាត់បង់ផ្ទះសម្បែង ហើយបានបង្ខំចិត្តធ្វើដំណើរមកភ្នំពេញ ស្នាក់នៅឯវត្តសាមគ្គីរង្សី រង់ចាំដំណោះស្រាយ។
បច្ចុប្បន្នគណបក្សសង្គ្រោះជាតិ បានផ្ញើភាពយន្តឯកសារនេះទៅឲ្យលោកមេធាវី រីឆាដ រ៉ចជើរ (Richard Rogers) នៃក្រុមហ៊ុនមេធាវី Global Diligence ដើម្បីបញ្ចូលបន្ថែមលើពាក្យបណ្ដឹងប្រឆាំងរដ្ឋាភិបាល ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ កាលពីដើមខែឧសភា ឆ្នាំ២០១៤ លោក រីឆាដ រ៉ចជើរ បានរៀបចំពាក្យបណ្ដឹងមួយប្ដឹងប្រឆាំងរដ្ឋាភិបាលកម្ពុជា ជុំវិញការបង្ខំបណ្ដេញចេញ ដែលបណ្ដាលឲ្យពលរដ្ឋប្រមាណ ៧សែននាក់ រងផលប៉ះពាល់ក្នុងរយៈពេល ១២ឆ្នាំចុងក្រោយនេះ។ ពាក្យបណ្ដឹងក៏បង្ហាញផងដែរអំពីការចាប់ឃុំឃាំងពលរដ្ឋដោយខុសច្បាប់ ព្រមទាំងការធ្វើទុក្ខបុកម្នេញលើជនជាតិដើមភាគតិច និងអ្នកនយោបាយ មានលក្ខណៈធ្ងន់ធ្ងរ កើតឡើងជាបន្តបន្ទាប់ និងដដែលៗ។ ប៉ុន្តែលោក សម រង្ស៊ី គូសបញ្ជាក់ថា ការប្រមូលភស្តុតាងពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប្ដឹងរដ្ឋាភិបាលកម្ពុជានេះ មិនប៉ះពាល់ទៅដល់ដំណើរការចរចានយោបាយរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាឡើយ។
លោក សម រង្ស៊ី៖ «ខ្ញុំបានជួបជនរងគ្រោះផ្ទាល់ ខ្ញុំបានទទួលព័ត៌មានអំពើធ្វើការបាបប្រជារាស្ត្រ គឺសម្លាប់ប្រជារាស្ត្រ តាមរយៈលួចប្លន់ដីធ្លី និងបណ្ដេញចេញពីផ្ទះសម្បែង។ វាចូលពីបទប្រឆាំងនឹងមនុស្សជាតិ»។
កាលពីខែមីនា ឆ្នាំ២០១៤ លោក មូរតុន ក្លា (Morton Sklar) មេធាវីអាមេរិកាំង ក៏បានដាក់ពាក្យបណ្ដឹងប្រឆាំងលោក ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ការិយាល័យព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ កំពុងពិនិត្យមើលបណ្ដឹងចំនួន ៣ ដើម្បីកំណត់ថាតើបណ្ដឹងទាំងនោះស្របនឹងលក្ខន្តិកៈទីក្រុងរ៉ូម (Rome) ដែលអាចអនុញ្ញាតឲ្យតុលាការបើកសវនាការជំនុំជម្រះក្តីបាន។
លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីអះអាងថា រដ្ឋាភិបាលមិនចាប់អារម្មណ៍នឹងពាក្យបណ្ដឹងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ ប៉ុន្តែនឹងបញ្ជូនមេធាវីការពារក្តី ប្រសិនបើតុលាការកោះហៅ។
លោកចោទថា គណបក្សសង្គ្រោះជាតិ ជាអ្នកនៅពីក្រោយពាក្យបណ្ដឹងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ៖ «ឯកឧត្ដម សម រង្ស៊ី គាត់ធ្វើឡើងហ្នឹងតាមមហិច្ឆតា អំណាចផ្ទាល់ខ្លួនរបស់គាត់។ សំណុំរឿងនៅតុលាការអន្តរជាតិ ដូចជាមិនឆ្លើយតបនឹងធាតុផ្សំទេ»។
គណបក្សសង្គ្រោះជាតិ ធ្លាប់អះអាងថា គណបក្សនេះមិនពាក់ព័ន្ធនឹងបណ្ដឹងប្រឆាំងរដ្ឋាភិបាលកម្ពុជា នៅតុលាការអន្តរជាតិឡើយ។ ចំណែកមេធាវីជនជាតិអង់គ្លេស លោក រីឆាដ រ៉ចជើរ និងលោក មូរតុន ក្លា ក៏ធ្លាប់បញ្ជាក់ថា ជនរងគ្រោះបានស្នើឲ្យពួកលោកដាក់ពាក្យបណ្ដឹង ហើយបណ្ដឹងនេះមិនជាប់ពាក់ព័ន្ធនឹងនយោបាយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។