សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានតំណាងរាស្ត្រទាំង ៦៨រូប របស់គណបក្សប្រជាជនកម្ពុជា លើកដៃអនុម័តយ៉ាងរលូននៅថ្ងៃទី១៣ ខែកក្កដា នេះ។ ចំណែកតំណាងរាស្ត្របក្សប្រឆាំងវិញ ធ្វើពហិការមិនចូលរួមអនុម័តសេចក្តីព្រាងច្បាប់មួយនេះឡើយ ស្របពេលអង្គការសមាគម និងសហគមន៍អន្តរជាតិ បង្ហាញការមិនគាំទ្រឲ្យមានច្បាប់នេះ។
សេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមាន ៩ជំពូក និង ៣៩មាត្រា ត្រូវបានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា អានពីមាត្រាមួយទៅមាត្រាមួយទៀត និងអនុម័តម្តងមួយជំពូកៗ ដោយគ្មានការប្រឆាំងទាស់ត្រង់ចំណុចណាមួយឡើយ។ ក្រុមតំណាងរាស្ត្រឯកបក្ស ដែលដើរតួជាតំណាងរាស្ត្រផង និងខ្លះជាមន្ត្រីរដ្ឋាភិបាលផង បានថ្លែងការពារ អះអាងថាជាច្បាប់ល្អ និងរិះគន់ក្រុមអ្នកប្រឆាំង និងមិនចូលរួមការអនុម័តសេចក្តីព្រាងច្បាប់ដែលសភាធ្វើនៅថ្ងៃទី១៣ ខែកក្កដា។
មិនខុសពីតំណាងរាស្ត្របក្សកាន់អំណាចផ្សេងទៀត តំណាងរាស្ត្រវ័យក្មេង លោក ហ៊ុន ម៉ានី ជាកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងគាំទ្រសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
លោក ហ៊ុន ម៉ានី មានប្រសាសន៍ទៀតថា នៅពេលច្បាប់នេះចេញជាធរមាន នឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល និងសមាគម។ ទោះបែបនេះក្តី លោក ហ៊ុន ម៉ានី ក៏មានចំណុចនៅស្រពិចស្រពិល និងស្នើតំណាងរដ្ឋាភិបាលពន្យល់បន្ថែម៖ «ខ្ញុំសុំមានការគាំទ្រខ្ពស់ចំពោះគោលបំណងដែលយើងចង់ឃើញទាំង អស់គ្នា។ សេចក្តីព្រាងច្បាប់នេះ គឺនឹងផ្ដល់ឱកាសនៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាសមាគម»។
អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន ជាអ្នកទទួលបន្ទុកអានមាត្រាមួយៗនៃសេចក្តីព្រាងច្បាប់នេះ ចាប់តាំងពីជំពូកទី១ ដល់ជំពូកទី៩។ មាត្រាមួយចំនួននៃជំពូកនោះ មានអ្នកតំណាងរាស្ត្រថ្លែងបញ្ជាក់បន្ថែមប្រាប់អង្គប្រជុំ។ យ៉ាងហោចណាស់ តំណាងរាស្ត្រចំនួន ៩រូប ថ្លែងការពារច្បាប់។
ដូចគ្នានេះដែរ អ្នកតំណាងរាស្ត្រ អ្នកស្រី ឡោក ខេង ថ្លែងអះអាងម្តងហើយម្តងទៀតថា ច្បាប់នេះល្អ ហើយអ្នកស្រីថាប្រទេសកម្ពុជា ត្រូវការច្បាប់នេះ រហូតដល់ប្រធានរដ្ឋសភាប្រាប់ដល់ម៉ោង ទើបអ្នកស្រីឈប់និយាយ។ ចំណែកជំពូកខ្លះទៀតនៃមាត្រានោះ ត្រូវក្រុមតំណាងរាស្ត្រលើកដៃអនុម័តគ្មានស្ទាក់ស្ទើរ។
នៅដំណាក់កាលចុងក្រោយ មុននឹងសេចក្តីព្រាងច្បាប់នេះមកដល់ដៃសភាពេញអង្គប្រជុំអនុម័ត រដ្ឋសភាបានធ្វើសិក្ខាសាលានៅរដ្ឋសភាកាលពីថ្ងៃទី៨ ខែកក្កដា ថ្មីៗនេះ ដោយគណៈកម្មាធិការជំនាញរបស់រដ្ឋាភិបាលសម្រេចកែប្រែមាត្រា៥ ដែលចែងថា ការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក តម្រូវឲ្យមានសមាជិកស្ថាបនិកដែលជារូបវន្តបុគ្គលសញ្ជាតិខ្មែរចំនួនយ៉ាងតិច ៣រូប ដែលម្នាក់ៗមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលកាលពីមុនទាមទារឲ្យមានស្ថាបនិកចំនួន ៥រូប។ ចំណុចបន្ទាប់ដែលលើកឡើងថា "មិនធ្លាប់បំពេញតួនាទីជាថ្នាក់ដឹកនាំនៃសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលត្រូវបានលុបឈ្មោះចេញពីបញ្ជី" ត្រូវលុបចោល។ ដោយឡែកមាត្រា១១ និងមាត្រា៣០ គ្រាន់តែសរសេរបញ្ជាក់បន្ថែមតិចតួចពាក្យពេចន៍ ប៉ុន្តែខ្លឹមសារដើមនៅដដែល។

មាត្រា២៤ ដែលចែងថា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ឬសមាគមបរទេស ត្រូវកាន់ជំហរអព្យាក្រឹត្យចំពោះគ្រប់គណបក្សនយោបាយនៅព្រះរាជាណាចក្រកម្ពុជា។
ត្រង់ចំណុចនេះ លោក ស ខេង ដែលឡើងថ្លែងការពារច្បាប់នេះបញ្ជាក់ថា ច្បាប់តម្រូវឲ្យអង្គការ-សមាគម ដែលចែងខាងលើ ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ប៉ុន្តែអាចធ្វើសកម្មភាពគ្រប់គណបក្សនយោបាយ។ ចំពោះអ្នកដែលប្រឆាំងការបង្កើតច្បាប់នេះ លោក ស ខេង ថា នេះជាសិទ្ធិរបស់គេ។ ចំពោះការគំរាមផ្តាច់ជំនួយរបស់សហភាពអឺរ៉ុប ព្រោះតែសភាអនុម័តសេចក្តីព្រាងច្បាប់នេះ លោក ស ខេង បញ្ជាក់ថា នេះជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៖ «ខ្ញុំគិតថា ការរិះគន់ជាសិទ្ធិរបស់អ្នករិះគន់។ ច្បាប់នេះជាច្បាប់ដែលទន់ភ្លន់ យើងប្រើពេល ២០ឆ្នាំ ដើម្បីធ្វើច្បាប់នេះ»។
ក្រោយចប់កិច្ចប្រជុំ មន្ត្រីរដ្ឋាភិបាល តំណាងរាស្ត្របក្សកាន់អំណាចចេញពីមន្ទីររដ្ឋសភាតាមទ្វារមុខ ចំណែកឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែរជាចេញច្រកទ្វារក្រោយស្ងាត់ៗ គេចមុខពីក្រុមអ្នកកាសែត ខណៈក្រុមពលរដ្ឋ មន្ត្រីអង្គការសង្គមស៊ីវិល ស្រែកប្រឆាំងសេចក្តីព្រាងច្បាប់នេះនៅក្រៅរបងសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។