ព្រះអង្គម្ចាស់ ធម្មិកោ ប្រកាស​លា​ឈប់​ពី​តួនាទី​ក្នុង​ព្រះរាជវាំង

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ព្រមាន​ចាត់​វិធាន​ការ​ចាប់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដាក់​ទោស​តាម​ផ្លូវ​ច្បាប់ ដោយសារ​តែ​ព្រះអង្គ​មិន​ប្រកាស​ទ្រព្យ​សម្បត្តិ​កាល​ពី​សប្ដាហ៍​មុន។ ឥឡូវ ព្រះអង្គម្ចាស់ ធម្មិកោ បាន​ប្រកាស​ទ្រព្យ​សម្បត្តិ​រួច​ហើយ ហើយ​ព្រះអង្គ​ក៏​បាន​សម្រេច​លា​ចាក​ពី​តួនាទី​ក្នុង​ព្រះរាជវាំង​ផង​ដែរ។

0:00 / 0:00

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បញ្ជាក់​នៅ​ថ្ងៃ​ទី២៦ ឧសភា ថា ព្រះអង្គ​នឹង​ផ្ញើ​ចុតហ្មាយ​មួយ​ទៅ​ព្រះ​មហាក្សត្រី​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី២៩ ខែ​ឧសភា ដើម្បី​លា​ឈប់​ពី​តួនាទី​ជា​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្ដេចម៉ែ និង​ផ្តាច់​ខ្លួន​ចេញ​ទាំង​ស្រុង​ពី​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ។

ព្រះអង្គ​ពន្យល់​ពី​មូលហេតុ​ដែល​លា​ឈប់​ថា ដោយសារ​តែ​ព្រះអង្គ​ចង់​ឲ្យ​ស្ថាប័ន​ព្រះមហាក្សត្រ​ជា​ស្ថាប័ន​ឯករាជ្យ មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ និង​មិន​ចង់​ឲ្យ​អ្នក​នយោបាយ​អូស​ទាញ​ស្ថាប័ន​ព្រះមហាក្សត្រ ឬ​បញ្ចេញ​ព្រះនាម​ព្រះមហាក្សត្រ ឬ​ព្រះនាម​របស់​ព្រះ​មហាក្សត្រី មក​ក្នុង​ឆាក​នយោបាយ​ទេ។ មួយ​វិញ​ទៀត ការ​ផ្តាច់​ខ្លួន​ចេញ​ពី​ស្ថាប័ន​ព្រះមហាក្សត្រ ក៏​ដើម្បី​ឲ្យ​ព្រះអង្គ​អាច​ចូលរួម​ប្រឡូក​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ បាន ១០០%៖ «ខ្ញុំ​ការពារ​ព្រះ​កិត្តិនាម​ព្រះ​កិត្តិយស​របស់​លោក ហេតុ​ហ្នឹង​ហើយ បាន​ខ្ញុំ​សម្រេច​ចិត្ត​ផ្តាច់​ខ្លួន​ចេញ​ពី​ព្រះរាជ​ខុទ្ទកាល័យ ហើយ​និង​ពី​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្ដេចម៉ែ ដើម្បី​ចូល​មក​បម្រើ​គណបក្ស​សង្គ្រោះ​ជាតិ»

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ព្រះសីហនុ សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ខាង​មុខ។

លោក ហង្ស ពុទ្ធា នាយក​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា និចហ្វិក (NICFEC) យល់​ថា ការ​លា​ឈប់​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជា​សញ្ញា​មួយ​វិជ្ជមាន ហើយ​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​ព្រះអង្គ ដែល​ហ៊ាន​ចូល​ប្រឡូក​ក្នុង​នយោបាយ ហើយ​ហ៊ាន​លះ​បង់​តួនាទី ឬ​ឋានន្តរសក្តិ​ឯ​ទៀត ដែល​សព្វថ្ងៃ​កម្រ​ឃើញ​ឥស្សរជន ឬ​អ្នក​នយោបាយ​ខ្លះ​លា​លែង​ដូច​ព្រះអង្គ៖ «ការ​សម្រេច​ចិត្ត​លា​លែង​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​ព្រះមហាក្សត្រ​នេះ ខ្ញុំ​គិត​ថា​ជា​ជម្រើស​របស់​ព្រះអង្គ​ផ្ទាល់។ ប៉ុន្តែ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ច្បាស់​លាស់​របស់​ព្រះអង្គ ត្រង់​ថា​ហ៊ាន​ធ្វើ​ហ៊ាន​ទទួល​ខុស​ត្រូវ ដែល​សព្វថ្ងៃ​យើង​កម្រ​នឹង​ឃើញ​ឥស្សរជន ឬ​អ្នក​នយោបាយ​ខ្លះ​គាត់​លា​លែង​ណាស់»

ទន្ទឹម​នឹង​ការ​ផ្តាច់​ខ្លួន​ចេញ​ពី​ស្ថាប័ន​ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏​បាន​ដាក់​លិខិត​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រួច​ហើយ កាល​ពី​ថ្ងៃ​ទី២៥ ខែ​ឧសភា កន្លង​ទៅ។ ការ​ដាក់​លិខិត​ប្រកាស​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ព្រះអង្គ​បដិសេធ​ដាច់​អហង្ការ​មិន​ចុះ​ញ៉ម ឬ​មិន​ព្រម​ប្រកាស​ទ្រព្យ​សម្បត្តិ​ឡើយ ដោយ​សម្អាង​ហេតុផល​ថា ព្រះរាជវាំង​ជា​ទី​ដែល​ព្រះអង្គ​គង់​បំពេញ​ការងារ មិន​មែន​ជា​កន្លែង​ដែល​មាន​ឱកាស​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដូច​ស្ថាប័ន​រដ្ឋាភិបាល ឬ​ស្ថាប័ន​តុលាការ​ទេ។ បើ​ទោះ​ជា​មាន​ការ​ព្រមាន​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាប់​ព្រះអង្គ​ដាក់​ពន្ធនាគារ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ពន្យល់​ថា ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ពេល​នេះ មិន​មែន​ព្រះអង្គ​ខ្លាច​ការ​ចាប់​ដាក់​ច្រវាក់​នោះ​ទេ តែ​ជា​សារ​មួយ​ដែល​បង្ហាញ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​តែ​អង្គភាព​នេះ​រក​រឿង​ព្រះអង្គ​មិន​ប្រកាស​ទ្រព្យ​សម្បត្តិ នា​គ្រា​ដែល​ព្រះអង្គ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ៖ «ហេតុ​អី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​លើក​ករណី​របស់​ខ្ញុំ​ពី​ឆ្នាំ​២០១១ ហេតុ​អី​បាន​លើក​ឆ្នាំ​២០១៣ ពេល​ដែល​ខ្ញុំ​ចូល​គណបក្ស​សង្គ្រោះ​ជាតិ។ អា​ហ្នឹង​ហើយ​ដែល​ខ្ញុំ​ចង់​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ។ ឥឡូវ​មតិ​ជាតិ អន្តរជាតិ ដឹង​ហើយ​ថា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គឺ​ជា​អង្គភាព​មួយ​ជា​ឧបករណ៍​មួយ​របស់​គណបក្ស​ប្រជាជន។ ខ្ញុំ​បាន​ជោគជ័យ​ហើយ ដូច្នេះ​ខ្ញុំ​បំពេញ​ទៅ​ឲ្យ​គេ​ទៅ ដើម្បី​ឲ្យ​ឯកឧត្តម ឱម យ៉ិនទៀង គាត់​សម្រាន្ត​ឲ្យ​ស្រួល»

យ៉ាង​ណា ការ​លើក​ឡើង​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ចាត់​ទុក​បន្ទូល​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជា​បន្ទូល​បង្កាច់​បង្ខូច និង​លាប​ពណ៌​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ភ្ជាប់​ទៅ​ជា​រឿង​នយោបាយ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ជូន​ដំណឹង​ទៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០១៣ ហើយ​មាន​មន្ត្រី​ជាប់​កាតព្វកិច្ច​ជិត ៣​ម៉ឺន​នាក់ បាន​ប្រកាស​ទ្រព្យ​សម្បត្តិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។