ការបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក នឹងចាប់ផ្ដើមធ្វើនៅថ្ងៃទី១៨ ខែឧសភា ខាងមុខ។ ការបោះឆ្នោតនេះជាការបោះឆ្នោតអសកល គឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងប្រមាណ ១២.០០០នាក់ប៉ុណ្ណោះ ដែលមានសិទ្ធិចូលរួមបោះឆ្នោតរើសយកសមាជិកក្រុមប្រឹក្សាចំនួនប្រហែល ៣.៣០០នាក់ ចូលកាន់តំណែង។
តើការបោះឆ្នោតនេះមានសារប្រយោជន៍អ្វីខ្លះ?
ការបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ខណ្ឌ ស្រុក កាន់តែខិតជិតមកដល់ហើយ ប៉ុន្តែមិនសូវមានប្រជាពលរដ្ឋចាប់អារម្មណ៍ចំពោះការរៀបចំបោះឆ្នោតនេះទេ ហើយសូម្បីតែចំនួនគណបក្សនយោបាយចូលរួមប្រកួតដើម្បីដណ្ដើមតំណែងក្នុងក្រុមប្រឹក្សានេះ ក៏មានចំនួនតិចជាងចំនួនគណបក្សនយោបាយដែលចូលក្នុងការប្រកួតរើសតំណាងរាស្ត្រដែរ។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងនៅថ្ងៃទី២៣ មេសា ថា មានគណបក្សនយោបាយចំនួន៥ចូលរួមក្នុងការប្រជែងយកតំណែងក្នុងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក។ មកទល់ពេលនេះ គ.ជ.ប បានរៀបចំបញ្ជីអ្នកមានសិទ្ធិបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតមកពីគណបក្សនយោបាយនានា បានចប់សព្វគ្រប់ហើយ។
គណបក្សនយោបាយទាំង៥ ដែលចូលរួមប្រកួតក្នុងការបោះឆ្នោតនេះមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
លោក ទេព នីថា បានឲ្យដឹងបន្ថែមថា សម្រាប់ការបោះឆ្នោតនេះ គ.ជ.ប បានលើកគម្រោងចំណាយប្រាក់ប្រមាណ ១លាន ៧សែនដុល្លារ។ ចំពោះសារប្រយោជន៍នៃការបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ខណ្ឌ ស្រុក នេះ លោក ទេព នីថា មានប្រសាសន៍ថា ច្បាប់នៃប្រទេសកម្ពុជា បានតម្រូវឲ្យមានការរៀបចំបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក ដែលមានអាណត្តិ៥ឆ្នាំ ហើយអ្នកជាប់ឆ្នោត គឺជាអ្នកតំណាងប្រជាពលរដ្ឋនៅតំបន់រាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក ដែលខ្លួនឈរឈ្មោះ។
លោក ទេព នីថា៖ «តាមច្បាប់ ក្នុងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នីមួយៗ តម្រូវឲ្យមានក្រុមប្រឹក្សា។ នេះជាការងារយើងអនុវត្ត។ បន្ទាប់មកតម្រូវឲ្យមានការបោះឆ្នោត ហើយ គ.ជ.ប អនុវត្តតាមនោះ ហើយក្រុមប្រឹក្សានោះមានសារសំខាន់តាមតួនាទីរបស់គាត់ គឺគាត់ជាតំណាងប្រជាពលរដ្ឋនៅក្នុងមណ្ឌលរបស់គាត់នោះ។ គាត់មានភារកិច្ចជំរុញឲ្យមានចិរភាពតាមបែបប្រជាធិបតេយ្យនៅក្នុងមណ្ឌលរបស់គាត់»។
ចំណែក លោក ហង្ស ពុទ្ធា នាយកអង្គការសង្កេតការណ៍ការបោះឆ្នោតមួយឈ្មោះ គណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) មានយោបល់ថា ការបោះឆ្នោតនេះមានសារប្រយោជន៍ ដោយសាររាល់ភាពជាតំណាងនៅក្នុងសង្គមប្រជាធិបតេយ្យ គឺកើតមានចេញពីការបោះឆ្នោត ហើយសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក នេះមានតួនាទីអាចត្រួតពិនិត្យការងារដឹកនាំរបស់គណៈអភិបាលរាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក បានទៀតផង។
លោក ហង្ស ពុទ្ធា៖ «សារសំខាន់ក្នុងការរើសក្រុមប្រឹក្សានេះ គឺទី១ យើងបានបង្រៀនប្រជាពលរដ្ឋកម្ពុជា ឲ្យយល់ដឹងពីការបោះឆ្នោតថា ភាពជាតំណាងធ្វើឡើងដោយការបោះឆ្នោត។ ទោះបីជាមិនទាន់មានសុក្រិតភាពក៏ដោយក្នុងពេលបច្ចុប្បន្ន។ ទី២ ឋានានុក្រមក្នុងសង្គម គឺកើតឡើងដោយការបោះឆ្នោតនេះហើយ»។
លោក ញឹក ប៊ុនឆៃ ជាអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច យល់ថា វត្តមានក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះមានភាពចាំបាច់។ លោកមានប្រសាសន៍ថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាចជួយតម្រង់ផ្លូវគណៈអភិបាលរាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក ឲ្យយកចិត្តទុកដាក់ធ្វើការបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងជាក្រុមមួយដែលអាចជំរុញឲ្យក្រុមគណៈអភិបាលតាមរាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក ចៀសវាងការអនុវត្តមុខងារ ធ្វើឲ្យបាតុភាពខុសឆ្គងនានាខ្លះៗដែរ។
លោក ញឹក ប៊ុនឆៃ៖ «សារសំខាន់ក្នុងការបោះឆ្នោតនេះ ដើម្បីបានកៅអីក្នុងខេត្ត ក្នុងស្រុកនោះ ជួយដល់ប្រជាពលរដ្ឋផ្ទាល់នៅមូលដ្ឋាននោះ ពិសេសចង់បានមានការដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋកំពុងប្រឈមសព្វថ្ងៃនេះ ដូចជា បញ្ហាពុករលួយ បញ្ហាជនអន្តោប្រវេសន៍មិនស្របច្បាប់ បញ្ហាការរំលោភបំពានដីធ្លី និងបណ្ដេញចេញ បញ្ហាភាពអយុត្តិធម៌ និងបញ្ហាសេវានានាមិនត្រឹមត្រូវ ហើយប្រជាពលរដ្ឋយើងកំពុងតែជួបការលំបាក»។
ប៉ុន្តែ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការសង្កេតការណ៍ការបោះឆ្នោតមួយឈ្មោះ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) បានរិះគន់ថា ការបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក នេះមិនមានសារប្រយោជន៍អ្វីទេ ពីព្រោះក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះគ្មានអំណាចពិតប្រាកដ ក្នុងការចាត់ចែងកិច្ចការជួយប្រជាពលរដ្ឋមូលដ្ឋានទេ ហើយការបោះឆ្នោតនោះទៀតសោត ជាការចំណាយប្រាក់ និងពេលវេលាអត់ប្រយោជន៍។
លោក គល់ បញ្ញា៖ «គាត់គ្មានអំណាចពិតប្រាកដទេ។ អ៊ីចឹងបានថារាល់ថ្ងៃនេះ វាច្របូកច្របល់អារឿងចាត់ចែងវិមជ្ឈការ និងវិសហមជ្ឈការនៅតាមខេត្តក្រុងអីនោះ។ គាត់អត់មានរៀបចំឲ្យដូចសភា និងរដ្ឋាភិបាលទេ នៅខាងក្រោមនោះ គាត់ថាឲ្យអ៊ីចឹងទៅ តែតាមពិត អំណាចនៅថ្នាក់លើទាំងអស់។ វាអត់មានអីជាប្រព័ន្ធ មើលឃើញថា ទៅពង្រឹងប្រព័ន្ធលើកទឹកចិត្តអភិបាលកិច្ច ការទទួលខុសត្រូវអី ដោយសារមានវត្តមានក្រុមប្រឹក្សានេះទេ។ មែនទែនទៅ វាគ្រាន់តែធ្វើឲ្យមើលឃើញថា នៅខាងក្រោមនោះមានក្រុមប្រឹក្សាមានអីគ្រប់សព្វអ៊ីចឹងទៅ»។
លោក គល់ បញ្ញា មានមតិថា បើសិនជាគណបក្សនយោបាយដែលមានសិទ្ធិចាត់ចែងវាសនាជាតិ គឺគណបក្សប្រជាជនកម្ពុជា មានបំណងធ្វើការកែទម្រង់ និងពង្រឹងអំណាចថ្នាក់ក្រោមជាតិពិតប្រាកដមែន គេគួរចាត់ចែងឲ្យមានការបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ខណ្ឌ ស្រុក នេះដោយផ្ទាល់ពីប្រជាពលរដ្ឋ ហើយអនុញ្ញាតឲ្យក្រុមប្រឹក្សានេះមានសិទ្ធិតែងតាំងគណៈអភិបាលនោះ ទើបក្រុមប្រឹក្សានេះមានអំណាចពិតប្រាកដ អាចជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋបាន។
លោក ទេព នីថា ប្រតិកម្មតបចំពោះការលើកឡើងរបស់ លោក គល់ បញ្ញា នេះថាជាសិទ្ធិយល់ឃើញផ្ទាល់ខ្លួន ហើយលោកក៏មិនសូវយល់ច្បាស់ពីបំណងរបស់ លោក គល់ បញ្ញា ដែរ៖ «មិនមែនជាការនិយាយលើកទី១របស់គាត់ទេ អានេះជាការយល់ឃើញថាសំខាន់ ឬមិនសំខាន់របស់គាត់។ ក៏ប៉ុន្តែ មិនដឹងថាគាត់ជំទាស់នឹងក្រុមប្រឹក្សា ឬគាត់ជំទាស់នឹងរបៀបបោះឆ្នោត។ អ៊ីចឹងខ្ញុំពិបាកវាយតម្លៃដែរ អ៊ីចឹងការចូលរួម ឬមិនចូលរួមជាសិទ្ធិរបស់គាត់។ ទី១ បើគាត់ជំទាស់នឹងក្រុមប្រឹក្សា អាហ្នឹងយើងអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ និងគាត់ពេញចិត្ត ឬមិនពេញចិត្តរដ្ឋធម្មនុញ្ញ វាជារឿងរបស់គាត់។ ទី២ បើគាត់ជំទាស់របៀបជ្រើសរើសក្រុមប្រឹក្សានេះតាមរបៀបអសកល នេះជាការយល់ឃើញរបស់គាត់ ប៉ុន្តែច្បាប់កំណត់បែបនេះ យើងអនុវត្តបែបនេះ»។
ចំពោះគណបក្សនយោបាយវិញ លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច មានយោបល់ថា គណបក្សលោកចូលរួមការបោះឆ្នោតនោះ បើទោះបីជាមិនមានបេក្ខជនឈរឈ្មោះគ្រប់មណ្ឌលបោះឆ្នោតក៏ដោយ៖ «គណបក្សខ្ញុំមានដាក់នៅតែបន្ទាយមានជ័យ សៀមរាប កំពង់ធំ និងឧត្តរមានជ័យ ទេចំពោះក្រុមប្រឹក្សាខេត្ត។ ចំពោះក្រុមប្រឹក្សាស្រុក ក្រៅពីខេត្តទាំងនេះមានខេត្តមួយចំនួន មានឈរតាមបណ្ដាស្រុកខ្លះ ដូចជា នៅបាត់ដំបង មាន ២ស្រុក នៅកំពង់ចាម មាន ២ស្រុក នៅព្រៃវែង មាន ២ស្រុក។ អ៊ីចឹងទៅ យោងតាមសំឡេងដែលយើងមាន»។
ចំណែក លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានប្រសាសន៍ថា លោកចង់ឲ្យការបោះឆ្នោតនេះប្រព្រឹត្តទៅតាមរបៀបទូទៅ ដូចការបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែរ៖ «វាអត់សំខាន់អីទេ វាជាការបោះបង្គ្រប់កិច្ចទេ។ បើសិនណាជាវាសំខាន់នោះ ក្រុមប្រឹក្សានេះបោះដោយប្រជាពលរដ្ឋតែម្តង។ បោះនេះគ្រាន់តែបង្គ្រប់កិច្ចទេ តែយើងអត់ដឹងថា ចៀសយ៉ាងម៉េចបាន ព្រោះយើងមានចំនួនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាចបោះបានក្រុមប្រឹក្សាស្រុកមួយអ៊ីចឹងបោះទៅ»។
រីឯគណបក្សសង្គ្រោះជាតិ វិញ លោក ម៉ៅ មុនីវណ្ណ ជាមន្ត្រីជាន់ខ្ពស់គណបក្សមានប្រសាសន៍ថា គណបក្សចង់ឲ្យមានការបោះឆ្នោតជាសកល មិនមែនអសកលទេ។ ចំពោះការបោះឆ្នោតអសកល ហើយជ្រើសរើសគណបក្សនយោបាយបែបនេះ គេសឹងតែដឹងលទ្ធផលនៃការបោះឆ្នោតនេះជាមុនទៅហើយ៖ «ជាគោលនយោបាយ គណបក្សសង្គ្រោះជាតិ មិនចង់ឲ្យមានការបោះឆ្នោតអសកលបែបនេះទេ គឺយើងចង់ជំរុញឲ្យមានការបោះឆ្នោតសកលតែម្តង គឺចង់ឲ្យមានការបោះឆ្នោតចេញពីប្រជាពលរដ្ឋផ្ទាល់តែម្តង ព្រោះយើងយល់ថា ការបោះឆ្នោតអសកលនេះ វាមិនប្រជាធិបតេយ្យទូលំទូលាយទេ»។
លោក ឈាង វុន សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា មានប្រសាសន៍ថា ច្បាប់កាលណារដ្ឋសភាអនុម័តហើយ គឺត្រូវតែអនុវត្តតាម។ លោកយល់ថា ពិតមែនតែលទ្ធិប្រជាធិបតេយ្យមានលក្ខណៈនៅថ្មីនៅឡើយ ប៉ុន្តែរាល់ការបោះឆ្នោតនានា គឺសុទ្ធតែជាឱកាសឲ្យប្រជាពលរដ្ឋ និងអ្នកតំណាងប្រជាពលរដ្ឋ មានឱកាសប្រើសិទ្ធិរបស់ខ្លួនដើម្បីជ្រើសរើសអ្នកតំណាង៖ «ខ្ញុំមិនហ៊ានថាល្អ ឬមិនល្អទេ។ ការសម្រេចរបស់រដ្ឋសភាដែលមានគណបក្សដែលមានអាសនៈក្នុងពេលធ្វើច្បាប់ហ្នឹង គេបានបោះឆ្នោតអនុម័តរួចហើយច្បាប់ហ្នឹង។ ច្បាប់ហ្នឹងចែងថា បោះឆ្នោតជាអសកល។ ខ្ញុំជាអ្នកតំណាងរាស្ត្រ កាលណាច្បាប់នោះចេញ អ្នកតំណាងរាស្ត្រទាំងអស់ ទាំងអ្នកបោះឆ្នោតឲ្យក៏ដោយ មិនបោះឆ្នោតឲ្យក៏ដោយ ត្រូវគាំទ្រច្បាប់ហ្នឹង ពីព្រោះរដ្ឋសភាអនុម័តរួចហើយ។ បើកាលណាយើងចង់បោះអីក៏បានដែរ បោះអីក៏ល្អដែរ ឲ្យតែការបោះឆ្នោតនោះត្រឹមត្រូវ មិនយកអំពើហិង្សាមកប្រើប្រាស់ មិនយកអំណាចទៅគាបសង្កត់ប្រជារាស្ត្រ អាហ្នឹងត្រឹមត្រូវហើយ»។
ពិតមែនថាមតិមួយចំនួនចង់ឲ្យការបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក នេះតាមរបៀបសកល តែច្បាប់បានកំណត់ថា ការបោះឆ្នោតនេះ គឺតាមរបៀបអសកល។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងថា ក្នុងចំណោមគណបក្សនយោបាយទាំង៥ដែលចូលរួមប្រកួតក្នុងការបោះឆ្នោតនេះ គឺគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះនៅគ្រប់មណ្ឌលទាំងអស់ ដែលមានចំនួន ២២២កន្លែង ហើយបន្ទាប់មក គឺគណបក្សសង្គ្រោះជាតិ មានបេក្ខជនឈរឈ្មោះនៅ ១៩៨មណ្ឌលនៅទូទាំងប្រទេស។
ការបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក នេះធ្វើនៅថ្ងៃទី១៨ ឧសភា ហើយយុទ្ធនាការឃោសនាមានរយៈពេល ១៥ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។