បច្ចុប្បន្ននេះ មានទំនាស់រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ទាក់ទងនឹងលទ្ធផលបោះឆ្នោត ហើយគេឃើញមានការចល័តកម្លាំងប្រដាប់អាវុធចូលមកទីក្រុង និងទីប្រជុំជននានា ក្រោមមូលហេតុថា រក្សាសន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។
តើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមានតួនាទីធ្វើអ្វីខ្លះក្នុងសង្គមកម្ពុជា?
កម្ពុជា មានកងកម្លាំងកាន់អាវុធ ៣ស្ថាប័នធំៗ គឺកងយោធពលខេមរភូមិន្ទ ឬកងទ័ព កងរាជអាវុធហត្ថ ឬប៉េអិម និងកងកម្លាំងនគរបាលជាតិ។ កងយោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថ ស្ថិតនៅក្រោមចង្កោមរបស់ក្រសួងការពារជាតិ។ រីឯស្ថាប័នអគ្គស្នងការនគរបាលជាតិ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ។
រដ្ឋធម្មនុញ្ញកម្ពុជា បង្ហាញថា កងកម្លាំងប្រដាប់អាវុធទាំងអស់មានតួនាទីផ្សេងៗគ្នា និងស្ថិតក្រោមក្រសួងខុសគ្នាក៏ពិតមែន ប៉ុន្តែ កងកម្លាំងទាំងអស់មានមេបញ្ជាការកំពូលតែម្នាក់គត់ គឺព្រះមហាក្សត្រ។
មន្ត្រីប្រធានផ្នែកបច្ចេកទេសអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា តាមច្បាប់ កងកម្លាំងប្រដាប់អាវុធទាំងអស់ មានតួនាទីអព្យាក្រឹត្យ មិនប្រកាន់និន្នាការនយោបាយឡើយ។ លោកបន្តថា កងកម្លាំងប្រដាប់អាវុធចាយប្រាក់ខែដែលបានមកពីការបង់ពន្ធរបស់ពលរដ្ឋ ហើយច្បាប់បានហាមឃាត់ដាច់ខាតមិនឲ្យកម្លាំងប្រដាប់អាវុធណាមួយ ប្រើប្រាស់អាវុធប្រឆាំងនឹងពលរដ្ឋខ្លួនឯង ដែលតវ៉ា ឬធ្វើបាតុកម្មអហិង្សានោះទេ។
លោកបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ ត្រូវស្តាប់បញ្ជាមេបញ្ជាការរបស់ខ្លួនជាការចាំបាច់បំផុត ប៉ុន្តែបញ្ជានោះត្រូវប្រាកដថា ជាបញ្ជាដែលបម្រើផលប្រយោជន៍ទូទៅចំពោះប្រជាពលរដ្ឋ និងបូរណភាពទឹកដី។
លោកបន្តថា ច្បាប់ហាមមិនឲ្យកងកម្លាំងផ្ទុះអាវុធជាដាច់ខាត នៅពេលដែលមិនមានបញ្ជារបស់មេបញ្ជាការខ្លួន ហើយមេបញ្ជាការអាចបញ្ជាឲ្យកូនចៅបាញ់កាំភ្លើងបាន លុះត្រាតែការបាញ់នោះដើម្បីការពារជាតិ ឬដើម្បីបង្ក្រាបចោរដែលបង្កអសន្តិសុខសង្គមប៉ុណ្ណោះ។
ទាក់ទិននឹងអារម្មណ៍របស់ពលរដ្ឋ ជុំវិញតួនាទីរបស់កម្លាំងប្រដាប់អាវុធវិញ ស្ត្រីម្នាក់នៅក្នុងភ្នំពេញ សុំមិនប្រាប់ឈ្មោះ មានប្រសាសន៍ថា គាត់មិនបានដឹងថា សមត្ថកិច្ចប្រដាប់អាវុធបានប្រាក់ខែពីណាទេ គ្រាន់តែដឹងថា កម្លាំងទាំងអស់ ភាគច្រើនជាកូនចៅប្រជាពលរដ្ឋ។ លោកស្រីបន្តថា គ្រួសារគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីឃើញសមត្ថកិច្ច ប៉េអិម បង្កើនការពង្រាយតាមភ្លើងស្តុបនានា នៅភ្នំពេញ។
លោកស្រីបញ្ជាក់ថា ពលរដ្ឋទូទៅមិនចង់ឃើញកម្លាំងប្រដាប់អាវុធវាយបង្ក្រាប ឬបាញ់ប្រហារលើពលរដ្ឋទេ ទោះបីជាពលរដ្ឋតវ៉ា ឬធ្វើបាតុកម្មណាមួយក៏ដោយ។ ពួកគាត់គ្រាន់តែចង់ឃើញអ្នកកាន់កាំភ្លើង រក្សាសន្តិសុខសង្គមដោយអហិង្សា។
តាមច្បាប់ស្ដីពីសហលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា១ ចែងថា កងយោធពលខេមរភូមិន្ទមានភារកិច្ចបម្រើប្រទេសជាតិ។ បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ គឺត្រូវរៀបចំកម្លាំងដើម្បីការពារ កសាងមាតុភូមិ និងដើម្បីបម្រើផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។
ក្នុងកាលៈទេសៈចាំបាច់ កងយោធពលខេមរភូមិន្ទ នឹងអាចចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និងជាជំនួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ឬមានអាសន្នមហន្តរាយ។ យោធិនត្រូវគោរពវិន័យយ៉ាងម៉ឺងម៉ាត់ ភក្តីភាព និងក្លាហាន ហ៊ានធ្វើពលិកម្មនៅគ្រប់កាលៈទេសៈទាំងអស់ ចំពោះជាតិមាតុភូមិ។ យោធិនត្រូវបំពេញករណីកិច្ចជាចាំបាច់ ដើម្បីសក្ដិសមទៅនឹងការគោរពស្រឡាញ់ពីសំណាក់ប្រជាពលរដ្ឋ។
គេហទំព័ររបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់ថា កងរាជអាវុធហត្ថបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ ដែលស្ថិតក្រោមបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រី។ ប៉ុន្តែ អង្គភាពនេះក៏ជាផ្នែកមួយនៃកងទ័ពដែរ គ្រាន់តែវិសាលភាពនៃការអនុវត្តការងារច្រើនលើសពីកងទ័ព។ កងរាជអាវុធហត្ថ ធ្វើការងារការពារបូរណភាពទឹកដី ជានគរបាលយុត្តិធម៌ និងជាកងកម្លាំងមនុស្សធម៌ ព្រមទាំងមានសិទ្ធិពិសេសក្នុងការចាប់ខ្លួនមន្ត្រីកងទ័ព ឬនគរបាលដែលល្មើសច្បាប់ព្រហ្មទណ្ឌ និងច្បាប់យោធា។
ទន្ទឹមនឹងនេះ ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន យល់ថា កងកម្លាំងប្រដាប់អាវុធ ចាំបាច់បំផុតត្រូវអនុវត្តច្បាប់ជាចម្បង។ លោកបន្តថា ដើម្បីឲ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព កងកម្លាំងទាំងអស់ត្រូវចេះច្បាប់ ដឹងពីគោលការណ៍សិទ្ធិមនុស្ស និងហ្វឹកហាត់ជំនាញវិជ្ជាជីវៈឲ្យស្ទាត់ជំនាញ និងពិសេស គឺហ្វឹកហ្វឺនផ្នែកផ្លូវចិត្ត។
ឆ្លើយនឹងសំណួរដែលសួរថា បើមានបាតុកម្មកើតឡើង តើកម្លាំងប្រដាប់អាវុធត្រូវធ្វើដូចម្តេច ទើបមិនខុសច្បាប់? លោក សុក សំអឿន មានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធអាចបង្ក្រាបបាតុកម្មដែលពលរដ្ឋតវ៉ាបាន តែត្រូវធ្វើដោយសន្តិវិធី បើកការចរចា ជៀសវាងដាច់ខាតការបាញ់កាំភ្លើងសំដៅបាតុករ។
រយៈពេលកន្លងទៅ ពលរដ្ឋមានបញ្ហាដីធ្លី និងសង្គមស៊ីវិល ធ្លាប់បានរិះគន់ថា កងកម្លាំងប្រដាប់អាវុធដែលចូលរួមបង្ក្រាបបាតុកម្ម ឬការតវ៉ា មិនមានជំនាញចរចាជាមួយអ្នកតវ៉ាទេ ហើយកងកម្លាំងនោះថែមទាំងប្រើហិង្សាវាយបង្ក្រាបអ្នកតវ៉ាទៀតផង។
ហេតុការណ៍បង្ក្រាបអ្នកតវ៉ាក្នុងជម្លោះដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីឆ្នាំ២០១២ ដែលរដ្ឋាភិបាលចោទថា ជាតំបន់អបគមន៍នោះ បានបណ្ដាលឲ្យកុមារីម្នាក់ស្លាប់ ដោយសារគ្រាប់កាំភ្លើងសមត្ថកិច្ច។ សង្គមស៊ីវិលបានអំពាវនាវឲ្យមានការអង្កេតករណីនេះ តែរាជរដ្ឋាភិបាលគ្រាន់តែផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារសពប៉ុណ្ណោះ។
ផ្ទុយពីនេះ កាលពីឆ្នាំ២០០៨ ពេលដែលកម្ពុជា មានសង្គ្រាមជាយដែនជាមួយប្រទេសថៃ ពលរដ្ឋទូទាំងប្រទេសបានគាំទ្រយ៉ាងក្លៀវក្លាចំពោះកងកម្លាំងប្រដាប់អាវុធ។ ពលរដ្ឋរាប់ទាំងអ្នកសុំទាន កុមារា កុមារី ជនពិការ សុទ្ធតែបានអង្គាសប្រាក់ឧបត្ថម្ភកងទ័ពសមរភូមិមុខ។ មូលនិធិជាច្រើនដែលបង្កើតដើម្បីបម្រើឲ្យផលប្រយោជន៍កម្លាំងការពារជាតិ ត្រូវបានគេបង្កើតឡើង ដោយប្រមូលបានប្រាក់រាប់លានដុល្លារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា កម្ពុជា មានបរមាណូ ១គ្រាប់ ដែលសៀម មិនអាចមើលស្រាលបាន គឺកម្លាំងពលរដ្ឋទាំងនគរ ដែលមានប្រជាពលរដ្ឋជាង ១៤លាននាក់។
ទោះយ៉ាងណាក្តី ការបញ្ជូនកងទ័ព និងអាវុធមកកាន់រាជធានីភ្នំពេញ នៅក្រោយការបោះឆ្នោតនេះ ធ្វើឲ្យពលរដ្ឋមានអារម្មណ៍ភ័យខ្លាច និងមិនស្វាគមន៍ដូចកាលដែលបញ្ជូនទាហានទៅកាន់តំបន់ព្រះវិហារ នោះឡើយ។
តាមច្បាប់ស្ដីពីសហលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៩ ចែងថា យោធិនមានសិទ្ធិសេរីភាពដូចពលរដ្ឋដទៃទៀត ក៏ប៉ុន្តែការប្រើប្រាស់សិទ្ធិ និងសេរីភាពខ្លះ ត្រូវបានកម្រិតតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់នេះ។ យោធិនត្រូវមានអព្យាក្រឹត្យភាពក្នុងមុខនាទី ក្នុងសកម្មភាពការងារ និងហាមឃាត់ចំពោះការប្រើប្រាស់មុខងារ និងប្រើប្រាស់សម្ភារៈរដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយ។
ច្បាប់ស្ដីពីសហលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា១៧ ចែងថា យោធិនត្រូវគោរព និងអនុវត្តរាល់បញ្ជាដោយមានស្មារតីទទួលខុសត្រូវ។ បញ្ជាណាដែលមានភាពច្បាស់ក្រឡែត ផ្ទុយពីច្បាប់ ឬផ្ទុយពីអនុសញ្ញាអន្តរជាតិ ត្រូវហាមឃាត់។ ក្នុងករណីនេះ អ្នកបញ្ជាក្តី អ្នកអនុវត្តន៍ក្តី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។