មន្ត្រីរដ្ឋាភិបាលកម្ពុជា ជំនាញផ្នែកផែនទីផ្ទៀងផ្ទាត់ឃើញថា ផែនទី យូ.ធី.អឹម (UTM) ខ្នាត ១/១០០.០០០ ដែលអង្គការសហប្រជាជាតិ (យូ.អិន = UN) ឲ្យខ្ចីចំនួន ១៨ផ្ទាំង គឺដូចគ្នាទៅនឹងផែនទីរដ្ឋាភិបាលប្រើប្រាស់បោះបង្គោលព្រំដែនជាមួយវៀតណាម ដែលជាផែនទីបោន (Bonne)។
ការលើកឡើងបែបនេះ ក្នុងពិធីប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទីពីអង្គការសហប្រជាជាតិ ថ្ងៃទី២០ ខែសីហា នៅវិមានសន្តិភាព មានការចូលរួមពីគ្រប់ភាគីស្ថាប័នរដ្ឋ និងមន្ត្រីគណបក្សនយោបាយធំៗនៅកម្ពុជា។
ការផ្ទៀងផ្ទាត់ផែនទី ត្រូវបានពិនិត្យ និងអត្ថាធិប្បាយដោយ លោក វ៉ា គឹមហុង ប្រធានកិច្ចការព្រំដែន និងអនុប្រធានរបស់លោក គឺអ្នកស្រី កុយ ពិសី និងមានរដ្ឋលេខាធិការក្រសួងការបរទេស លោក ឡុង វិសាលោ នៅឈរក្បែរគ្នានោះដែរ។ លោក វ៉ា គឹមហុង យកផែនទីម្ដងមួយផ្ទាំងៗរហូតគ្រប់ចំនួន ១៨ផ្ទាំង ជាផែនទីរដ្ឋាភិបាល និងផែនទីរបស់អង្គការសហប្រជាជាតិ ដែលជាលទ្ធផល គឺលោកអះអាងថា មានខ្សែបន្ទាត់ព្រំដែនដូចគ្នា។
ថ្លែងក្នុងឱកាសនោះ ប្រធានកិច្ចការព្រំដែន លោក វ៉ា គឹមហុង ថាការរកឃើញថ្ងៃនេះបញ្ជាក់ថា ផែនទី និងខ្សែព្រំដែនដែលរដ្ឋាភិបាលប្រើប្រាស់ គឺត្រឹមត្រូវដូចអ្វីដែលអង្គការសហប្រជាជាតិ បានបង្ហាញ។ លោកបន្តទៀតថា ផែនទីរបស់រដ្ឋាភិបាលមិនទាន់ផ្ទៀងផ្ទាត់ដែលនៅសេសសល់ចំនួន ៨ផ្ទាំងផ្សេង គឺមិនសូវមានសារសំខាន់ទេ ព្រោះស្ថិតក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតំបន់ព្រៃភ្នំ៖ «បញ្ជាក់ថា ផែនទីដែលប្រើជាផែនទីត្រឹមត្រូវ ខ្សែព្រំដែនដែលយើងយកប្រើជាខ្សែដូចជាមាននៅលើផែនទីរបស់អង្គការសហប្រជាជាតិ»។
មុនផែនទីនេះបង្ហាញវត្តមាននៅប្រទេសកម្ពុជា មន្ត្រីកិច្ចការព្រំដែន រួមមាន លោក វ៉ា គឹមហុង អនុប្រធានកិច្ចការព្រំដែន អ្នកស្រី កុយ ពិសី និងរដ្ឋលេខាធិការក្រសួងការបរទេស លោក ឡុង វិសាលោ ធ្លាប់បានបញ្ជាក់ថា ផែនទីនេះមិនមែនជាផែនទីស្ដីពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ឡើយ គឺគ្រាន់តែជាផែនទីកម្ពុជា ប្ដឹងទៅអង្គការសហប្រជាជាតិ ស្ដីពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ប៉ុណ្ណោះ។ យ៉ាងនេះក្តី ផែនទីដែលផ្តល់ដោយអង្គការសហប្រជាជាតិ នេះ មានកាត់ចេញផ្នែកខ្លះ ដូចជាក្បាល ផ្នែកចំហៀងនៃផែនទី ដែលមិនអាចបង្ហាញឲ្យដឹងពីកំណត់សម្គាល់ខ្លះនៃផែនទី។
លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលចូលរួមក្នុងការផ្ទៀងផ្ទាត់ផែនទីនេះដែរ មានប្រសាសន៍ថា បន្ទាប់ពីឃើញលទ្ធផលបែបនេះ រាជបណ្ឌិត្យសភានឹងផ្ទៀងផ្ទាត់ផែនទីដែលមានទាំងប៉ុន្មាន ទៅតាមអនុសញ្ញានានាដែលពាក់ព័ន្ធ និងដំណាក់កាលចុងក្រោយ ផ្ទៀងផ្ទាត់ផែនទីទៅនឹងផែនដី។ លោកបណ្ឌិតពន្យល់ថា មូលហេតុដែលផែនទីរបស់ យូ.អិន មានផ្នែកខ្លះដូចនេះ ព្រោះរដ្ឋាភិបាលខ្មែរសម័យនោះកាត់ចំណុចដែលទាក់ទងនឹងអាមេរិកទម្លាក់គ្រាប់ ទៅប្ដឹងអង្គការសហប្រជាជាតិ ប៉ុណ្ណោះ៖ «យើងនឹងផ្ទៀងផ្ទាត់រវាងផែនទីនិងផែនដី តើផែនទីដូចផែនដីដោយមូលហេតុអី មិនដូចដោយមូលហេតុអី? ដូចចងក្រងជាសៀវភៅទុក»។
កាលពីចុងខែកក្កដា អង្គការសហប្រជាជាតិ បានឆ្លើយតបទៅនឹងសំណើរបស់រដ្ឋាភិបាលកម្ពុជា គឺអង្គការសហប្រជាជាតិ មិនអាចរកឃើញផែនទីខ្នាត ១/១០០.០០០ ផលិតនៅចន្លោះឆ្នាំ១៩៣៣ និងឆ្នាំ១៩៥៣ ដែលបោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន បានទេ ប៉ុន្តែ យូ.អិន រកឃើញផែនទី យូ.ធី.អឹម ចំនួន ១៨ផ្ទាំងស្ដីពីអាមេរិក ទម្លាក់គ្រាប់បែកនៅកម្ពុជា។
ប្រធានស្តីទីបណ្ណាល័យនៃអង្គការសហប្រជាជាតិ អ្នកស្រី មេរៀនី គេឡេទី វ៉ាកាស៊ីស៊ីកាកាឡា (Mereani Keleti Vakasisikakala) ឲ្យដឹងថា ការមកដល់របស់មន្ត្រីអង្គការសហប្រជាជាតិ នៅពេលនេះ ដើម្បីប្រគល់ផែនទីទៅរដ្ឋាភិបាលកម្ពុជា មិនមែនគាំទ្រ ឬយល់ព្រមជាផ្លូវការចំពោះខ្សែបន្ទាត់ព្រំដែន និងឈ្មោះនានាដែលបានបង្ហាញនៅក្នុងផែនទីនេះទេ៖ «ក្នុង គោលបំណងនេះ អង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ចុះកិច្ចព្រមព្រៀងជាមួយគ្នាបង្កើតនូវលក្ខខណ្ឌនានា និងការយោគយល់គ្នាជាមួយរដ្ឋាភិបាល។ ដើម្បីធានាថា ផែនទីនឹងត្រូវបានថែរក្សាការពារ និងប្រគល់ទៅឲ្យអង្គការសហប្រជាជាតិវិញនូវច្បាប់ដើម។ អនុលោមទៅតាមកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិជាមួយរដ្ឋាភិបាល កម្ពុជា យើងខ្ញុំមកកាន់ទីនេះក្នុងនាមជាមន្ត្រីរបស់អង្គការសហប្រជាជាតិ ដើម្បីធ្វើការប្រគល់ផែនទីទៅឲ្យរដ្ឋាភិបាលកម្ពុជា។ យើងខ្ញុំសូមគូសបញ្ជាក់ថា ដោយសារតែការប្រគល់ផែនទីទៅឲ្យកម្ពុជា នេះ អង្គការសហប្រជាជាតិមិនត្រូវបានបកស្រាយក្នុងការគាំទ្រ ឬយល់ព្រមជាផ្លូវការចំពោះខ្សែបន្ទាត់ព្រំដែន និងឈ្មោះនានាដែលបានបង្ហាញនៅលើផែនទីទាំងនោះទេ»។
ទោះបីជាការផ្ទៀងផ្ទាត់ផែនទីរកឃើញថា ផែនទីរបស់អង្គការសហប្រជាជាតិ ដូចនឹងផែនទីរបស់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា នៅតែត្រូវការផែនទីពីប្រទេសមហាអំណាច រួមមាន បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក ដែលខ្លួនបានស្នើខ្ចី។
ទាក់ទិននឹងការទទួលនិងផ្ទៀងផ្ទាត់ផែនទីពីអង្គការសហប្រជាជាតិនេះដែរ លោកបណ្ឌិត សុខ ទូច ក្រុមស្រាវជ្រាវនៃបណ្ឌិត្យសភាដែលបានចូលរួម និងតាមដាននេះបានអះអាងថា ផែនទីដែលបក្សប្រឆាំងប្រគល់អោយក្រុមស្រាវជ្រាវនៃបណ្ឌិត្យសភា ផែនទីរបស់រដ្ឋាភិបាល និងផែនទីដែលអង្គការសហប្រជាជាតិទើបអោយកម្ពុជា ខ្ចីនោះ គឺដូចគ្នា។ ដូច្នេះលោក សុខ ទូច គូសបញ្ជាក់ថា មានតែផែនទីរបស់រដ្ឋាភិបាលទេ ទើបអាចយកប្រើប្រាស់សម្រាប់ការបោះបង្គោលខណ្ឌសីមាព្រំដែនប្រទេសកម្ពុជា ជាមួយប្រទេសវៀតណាម បាន ហើយអំពាវនាវសូមឲ្យអ្នកពាក់ព័ន្ធគ្រប់និន្នាការនយោបាយ ឈប់ខ្វែងគំនិតគ្នាលើការប្រើប្រាស់ផែនទីនេះតទៅទៀត។
សូមស្ដាប់ការបកស្រាយរបស់លោកបណ្ឌិត សុខ ទូច តាមការសាកសួររបស់អ្នកស្រី ម៉ៅ សុធានី៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។