អង្គការសហប្រជាជាតិ កំពុងព្រួយបារម្ភពីបរិយាកាសនយោបាយធ្លាក់ចុះនៅប្រទេសកម្ពុជា បច្ចុប្បន្ន បន្ទាប់ពីកើតមានអំពីហិង្សាវាយប្រហារអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក ញ៉យ ចំរើន និងលោក គង់ សភា កាលពីថ្ងៃទី២៦ តុលា។ មន្ត្រីរដ្ឋាភិបាលឲ្យដឹងថា ការស៊ើបអង្កេតកំពុងបន្ត និងមានផ្លែផ្កាខ្លះ។
ឧត្ដមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនមួយច្បាប់ ដោយចាត់ទុកបរិយាកាសនៅប្រទេសកម្ពុជា ថាធ្លាក់ដុនដាបសម្រាប់អ្នកនយោបាយ និងសកម្មជនគណបក្សប្រឆាំង។
សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៣០ តុលា ហើយចេញផ្សាយនៅថ្ងៃទី២ វិច្ឆិកា ឧត្ដមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានសរសេរពីការព្រួយបារម្ភរបស់ខ្លួនពាក់ព័ន្ធនឹងហេតុការណ៍ ដែលក្រុមអ្នកតវ៉ាគាំទ្ររដ្ឋាភិបាលនៅភ្នំពេញ វាយប្រហារដោយផ្ទាល់មាត់ និងលើរូបរាងកាយសមាជិកសភារបស់គណបក្សប្រឆាំង និងគំរាមដល់សុវត្ថិភាពលំនៅឋានរបស់អនុប្រធានទី១ នៃរដ្ឋសភា គឺលោក កឹម សុខា។ អង្គការសហប្រជាជាតិ ចាត់ទុកទង្វើនេះ ថាមានចរិតជាការវាយប្រហារមានការរៀបចំទុក។
ឧត្ដមស្នងការនៃអង្គការសហប្រជាជាតិ ក៏បានទទួលសេចក្ដីរាយការណ៍ថា នគរបាល និងកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល បានឈរមើល នៅពេលដែលការវាយប្រហារនេះកើតឡើង ដែលវាផ្ទុយស្រឡះទៅនឹងការឆ្លើយតបរបស់ពួកគេទៅលើក្រុមអ្នកតវ៉ា ឬបាតុកម្ម រិះគន់រដ្ឋាភិបាលកន្លងមក។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោ ខៀវ សុភ័គ មានប្រសាសន៍ថា លោកមិនគិតពីបញ្ហាលើកឡើងដោយអង្គការសហប្រជាជាតិ ទេ៖ «គណៈកម្មការយើងខ្ញុំមិនគិតថា វាយប្រហារ ឬមិនវាយប្រហារអីទេ អ្វីដែលយើងខ្ញុំខិតខំធ្វើនេះ គឺស្វែងរកជនល្មើស។ នរណាថាអីថាទៅ ជាសិទ្ធិរបស់គាត់។ អង្គការសហប្រជាជាតិ ឬនរណាក៏ដោយ វាមិនមែនថាអ៊ីចឹងទៅស្វែងរកជនល្មើសបានទេ សំខាន់គឺការបំផុសឲ្យផ្ដល់សាក្សីជាកត្តាបញ្ជាក់ជាផ្លូវការ។ រឿងថា ម៉េចក៏មិនមានអង្គការសិទ្ធិមនុស្សមកចូលរួមការស៊ើបអង្កេត អាហ្នឹងខ្ញុំគិតថាមិនអាចធ្វើបានទេ ព្រោះកម្ពុជា យើងជារដ្ឋអធិបតេយ្យ»។
លោកបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ គណៈកម្មការស៊ើបអង្កេតកំពុងស្វែងរកកិច្ចសហការពីម្ចាស់ហ្វេសប៊ុក (Facebook) នានា ដែលបានបង្ហោះរូបភាព ឬវីដេអូបង្ហាញពីភស្តុតាងនៃការវាយប្រហារលើអ្នកតំណាងរាស្ត្របក្សប្រឆាំងពីររូប ក្នុងនោះ គណៈកម្មការស៊ើបអង្កេត ក៏អញ្ជើញអ្នកបើករថយន្តរបស់អ្នកតំណាងរាស្ត្រ គង់ សភា ឲ្យផ្ដល់ព័ត៌មានមួយរូបដែរ ប៉ុន្តែលើកទី២ អ្នកបើកបររូបនោះ មិនទាន់បានអញ្ជើញទៅទេ ដោយឲ្យមេធាវីទៅជំនួស។
ចំពោះសំណួរទាក់ទងនឹងរូបថត និងវីដេអូរបស់យោធិនមួយរូប ដែលគេបង្ហោះផ្សព្វផ្សាយពេញបណ្ដាញសង្គមហ្វេសប៊ុកនោះ លោក ខៀវ សុភ័គ ថ្លែងថា មិនទាន់យកជាការបាននៅឡើយទេ៖ «រហូតមកដល់ពេលនេះ យើងមិនទាន់ថាអ្នកណាជានរណាទេ មិនទាន់អាចថាបាន ប្រសិនបើមិនទាន់សាក្សីផ្ទាល់។ ឧទាហរណ៍ថា យើងឃើញរូបហ្វេសប៊ុក ការចោទប្រកាន់អាស្រ័យទៅលើភស្តុតាងរឹងមាំច្បាស់លាស់តាមផ្លូវច្បាប់ រកសាក្សីដើម្បីបញ្ជាក់ថា រូបហ្នឹងជារូបគាត់ផ្ទាល់»។
ឧត្ដមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស គូសបញ្ជាក់ថា សិទ្ធិជួបប្រជុំដោយសន្តិវិធី និងសេរីភាពបញ្ចេញមតិ គឺជាសិទ្ធិរបស់បុគ្គលគ្រប់រូប ដោយមិនគិតអំពីគំនិតនយោបាយ ឬគំនិតផ្សេងទៀតឡើយ។ សេចក្ដីថ្លែងការណ៍សរសេរបន្តថា វាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងការធានាថា បុគ្គលទាំងឡាយមិនត្រូវបានគេកំណត់គោលដៅ សម្រាប់និន្នាការនយោបាយរបស់ខ្លួន ឬសម្រាប់ការសម្ដែងមតិជំទាស់ឡើយ។
ថ្វីបើឧត្ដមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ស្វាគមន៍រដ្ឋាភិបាលកម្ពុជា ដែលបង្កើតគណៈកម្មការស៊ើបអង្កេតលើហេតុការណ៍វាយប្រហារអ្នកតំណាងរាស្ត្របក្សប្រឆាំងពីររូបនោះក្ដី ក៏ឧត្ដមស្នងការនៃអង្គការសហប្រជាជាតិ បញ្ជាក់ថា ដើម្បីឲ្យជឿទុកចិត្តបាន លុះត្រាតែការស៊ើបអង្កេតនេះ ធ្វើឡើងដោយឯករាជ្យ មិនលម្អៀង ធ្វើដោយហ្មត់ចត់ និងឆាប់រហ័ស។ ជនណាដែលទទួលខុសត្រូវចំពោះអំពើហិង្សានេះ ត្រូវតែបាននាំខ្លួនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់។
ឧត្ដមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ក៏ជំរុញឲ្យរដ្ឋាភិបាលចាត់រាល់វិធានការចាំបាច់នានា ដើម្បីធានាសន្តិសុខរបស់អ្នកតំណាងរាស្ត្រ ដែលប្រជាពលរដ្ឋកម្ពុជា បោះឆ្នោតឲ្យតាមបែបប្រជាធិបតេយ្យ ដោយមិនគិតពីនិន្នាការនយោបាយរបស់ពួកគេទេ ហើយក៏ត្រូវធានាដែរថា កងយោធពលខេមរភូមិន្ទ និងកងកម្លាំងសន្តិសុខរបស់រដ្ឋ ត្រូវគោរពទាំងស្រុងនូវក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ តាមសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។