ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក និងឯកអគ្គរដ្ឋទូតនៃសហគមន៍អឺរ៉ុបប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) នៅថ្ងៃអង្គារ ទី១៩ ខែធ្នូ នេះ នឹងកោះប្រជុំតំណាងប្រទេសមួយចំនួន រួមទាំងតំណាងរបស់ប្រទេសជប៉ុន ផងដែរ ដើម្បីពិភាក្សាអំពីការរំលាយគណបក្សសង្គ្រោះជាតិ។
សេចក្ដីរាយការណ៍របស់ឯកអគ្គរដ្ឋទូតខ្មែរប្រចាំអង្គការសហប្រជាជាតិ លោក ទុយ រី ដែលបានផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែធ្នូ ហើយត្រូវបានបែកធ្លាយតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នោះ បានរៀបរាប់ថា តំណាងរបស់ប្រទេសជប៉ុន បានសម្រេចចិត្តបញ្ជូនមន្ត្រីកម្រិតលេខាទី១ ទទួលបន្ទុកសិទ្ធិមនុស្សមកចូលរួមក្នុងនាមជាអ្នកចូលរួមធម្មតាប៉ុណ្ណោះ។
កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ អនុគណៈកម្មាធិការរដ្ឋសភាអាមេរិក ផ្នែកកិច្ចការបរទេស បានបើកសវនាការមួយស្តាប់សក្ខីកម្មមន្ត្រីគណបក្សសង្គ្រោះជាតិ និងតំណាងអង្គការសង្គមស៊ីវិលអំពីស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
ក្រុមតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក នៃអនុគណៈកម្មាធិការនេះ បានសន្យាថា នឹងទាក់ទងប្រទេសសម្ព័ន្ធមិត្តដូចជាសហគមន៍អឺរ៉ុប និងប្រទេសជប៉ុន ដើម្បីរកវិធានការដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។
រហូតមទល់ពេលនេះ ប្រទេសដែលមិនទាន់បង្ហាញជំហរក្នុងការដាក់ទណ្ឌកម្មណាមួយដល់រដ្ឋាភិបាលកម្ពុជា នោះ រួមមានប្រទេសបារាំង ជប៉ុន និងប្រទេសអូស្ត្រាលី។ ប៉ុន្តែកាលពីខែវិច្ឆិកា កន្លងទៅ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Jolie Bishop) បានប្រាប់ក្រុមមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ថា អូស្ត្រាលីនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជាតិនៅកម្ពុជា ក្នុងឆ្នាំ២០១៨ ខាងមុខនោះទេ ប្រសិនបើការបោះឆ្នោតនោះធ្វើឡើងដោយគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។