តំណាងរាស្ត្រសហរដ្ឋអាមេរិក មួយចំនួនជំរុញឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កៀរគរសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដាក់គំនាបរដ្ឋាភិបាល លោក ហ៊ុន សែន អនុញ្ញាតឲ្យកម្ពុជា មានលទ្ធិប្រជាធិបតេយ្យពេញលេញ និងនីតិរដ្ឋ។
តំណាងរាស្រ្តសហរដ្ឋអាមេរិក ចំនួន ៨រូបពីខាងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋនិយម រួមមានលោក អេដ រ៉យ (Ed Royce) លោក អាលែន ឡូវែនថល (Alan Lowenthal) លោក ស្ទីវ ឆាបុត (Steve Chabot) អ្នកស្រី និគី តុងហ្កាស់ (Niki Tsongas) និងតំណាងរាស្ត្របួនរូបទៀត កាលពីថ្ងៃច័ន្ទ ទី១៨ កញ្ញា បានសរសេរលិខិតមួយច្បាប់ទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក រិក ធីលលើសិន (Rex Tillerson) សម្តែងការព្រួយបារម្ភអំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដែលកំពុងជួបវិបត្តិដ៏ធ្ងន់ធ្ងរ ហើយអាចប៉ះទង្គិចដល់ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។
ក្រុមតំណាងរាស្ត្ររបស់អាមេរិកទាំងនេះក៏បានថ្កោលទោសជាខ្លាំងដល់ការរំលោភបំពានទាំងគ្មានដីកាទៅលើដំណើរការប្រជាធិបតេយ្យតាមរយៈការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា រឹតត្បិតសេរីភាពសារព័ត៌មាន និងការចោទប្រកាន់ថា សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយបដិវត្តន៍ពណ៌ដែលធ្វើឲ្យអស្ថិរភាពដល់កម្ពុជា។
តំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក ដ៏មានឥទ្ធិពលទាំងនេះអះអាងថា ការចាប់ខ្លួនលោក កឹម សុខា ពីបទក្បត់ជាតិជាការបង្ក្រាបជាប្រព័ន្ធទៅលើវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យាស្ថានជាតិ ប្រជាធិបតេយ្យ (NDI) និងការគំរាមធ្វើសង្គ្រាមជាមួយប្រជាពលរដ្ឋ ប្រសិនបើបក្សកាន់អំណាចចាញ់ឆ្នោតនោះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញ ក្នុងការធ្វើឲ្យលំហប្រជាធិបតេយ្យ កាន់តែរួមចង្អៀត។
អាស៊ីសេរីមិនទាន់អាចសុំសេចក្ដីអត្ថាធិប្បាយពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេ ដោយលោកអះអាងថា កំពុងជាប់រវល់។
ទោះជាយ៉ាងណាក៏ដោយតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក ទាំង ៨រូបនេះជំរុញសហគមន៍អន្តរជាតិក្រោកឈរឡើងតតាំងជាមួយរដ្ឋាភិបាល លោក ហ៊ុន សែន កំពុងកាត់បន្ថយសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលពួកគេត្រូវមានសេរីភាពពេញលេញក្នុងការចូលរួមការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស។ ពួកគេទាមទារឲ្យក្រសួងការបទេសសហរដ្ឋអាមេរិក ធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការប្រើគ្រប់យន្តការការទូតដែលចាំបាច់ទាំងអស់ដើម្បីបង្ខំឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន គោរពស្តង់ដារប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ក្រុមតំណាងរាស្ត្រអាមេរិកទាំងនេះក៏បានទាត់ចោលផងដែរចំពោះការចោទប្រកាន់ពីបទក្បត់ជាតិទៅលើគណបក្សនយោបាយ អង្គការសង្គមស៊ីវិល សកម្មជន និងអ្នកវិភាគនយោបាយ។ ពួកគេព្រមានថា ការបំផ្លាញគណបក្សប្រឆាំងនៅកម្ពុជា គឺជាការបញ្ជាក់យ៉ាងច្បាស់ថា ដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ នឹងប្រព្រឹត្តទៅដោយគ្មាន លក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ។ ជាងនេះទៅទៀតពួកគេជំរុញឲ្យឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) បន្តជជែកជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងកម្រិតមួយខ្ពស់បំផុតដែល តំណាងឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីបង្ហាញអំពីការព្រួយបារម្ភទាំងឡាយទៅកាន់លោក ហ៊ុន សែន ក្នុងការដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា ឲ្យគោរពសិទ្ធិពលរដ្ឋរបស់ខ្លួនតាមរយៈការអនុញ្ញាតឲ្យមានសេរីភាពសារព័ត៌មាន និងការគោរពដល់ដំណើរការបោះឆ្នោតនៅពេលខាងមុខ។
តំណាងរាស្ត្ររបស់អាមេរិកទាំង ៨រូបនេះលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជា គោរពលក្ខខណ្ឌទាំងនេះ ប្រសិនបើកម្ពុជាចង់មានទំនាក់ទំនងយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏ធំជាមួយសហរដ្ឋអាមេរិក។ បើទោះបីជាកម្ពុជា កំពុងរងការថ្កោលទោសជាខ្លាំងពីបណ្ដាប្រទេសលោកសេរី កម្ពុជាក៏កំពុងបោះជំហានយ៉ាងជ្រៅទៅរកបណ្ដាប្រទេសកុម្មុយនិស្តដែរ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃសុក្រ សប្ដាហ៍មុនបានថ្លែងចំពោះមុខនិស្សិតរាប់រាយនាក់ក្នុងទីក្រុងភ្នំពេញថា ទំនាក់ទំនងការទូតរបស់កម្ពុជា នៅពេលខាងមុខនឹងពឹងផ្អែកទៅលើ ប្រទេសចិន និង រុស្សី។ ប៉ុន្តែអ្នកស្រាវជ្រាវខាងកិច្ចការបរទេស លោក ឡុង គឹមឃន ធ្លាប់ព្រមានថា ប្រសិនបើវិបត្តិទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅបន្តកើតមានទៀត នោះកម្ពុជានឹងជួបហានិភ័យខាងផ្នែកពាណិជ្ជកម្មរបស់ខ្លួនធ្ងន់ធ្ងរដោយសារចិន មិនមែនជាទីផ្សាទិញផលិតផល កសិផល និងផលិតផលកាត់ដេរពីកម្ពុជា បានទេ ខណៈផលិតផល របស់ប្រទេសនេះកំពុងសល់ចាល់ហូរហៀរ។
ពាក់ព័ន្ធនឹងវិបត្តិប្រជាធិបតេយ្យនៅកម្ពុជានេះ អនុប្រធានសភាអឺរ៉ុប អ្នកស្រី ហ្វែតឌឺរីកា មូកហឺរីនី (Federica Mogherini) កាលពីថ្ងៃច័ន្ទ ថ្លែងថា សហភាពអឺរ៉ុបគឺជាទីផ្សារនាំចូលផលិតផលដ៏ធំបំផុតរបស់ កម្ពុជា។ អ្នកស្រីជឿថា វានឹងគ្មាននិរន្តរភាពសម្រាប់ការអភិវឌ្ឍន៍ទៀតទេ ប្រសិនបើគ្មានការគោរពសិទ្ធិមនុស្ស និងគ្មានការធានាដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ អ្នកស្រីជំរុញឲ្យសភាអឺរ៉ុបនឹងប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ក្នុងការស្នើ និងធ្វើកិច្ចការដើម្បីឲ្យមានការកែប្រែបរិបទនយោបាយបច្ចុប្បន្ននៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។