ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងប្រមុខទូតមួយចំនួនទៀត បានអញ្ជើញសាច់ញាតិមន្ត្រីអាដហុក (ADHOC) សាច់ញាតិរបស់មន្ត្រី គ.ជ.ប កំពុងជាប់ឃុំក្នុងពន្ធនាគារ ឲ្យទៅចូលរួមពិធីពិសាអាហារជាមួយប្រមុខទូតផ្សេងៗទៀតនៅគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ្ដ៍ (William Heidt) នារាត្រីថ្ងៃទី៤ ខែឧសភា។
ភរិយារបស់លោក ណៃ វ៉ង់ដា មន្ត្រីសមាគមអាដហុក ដែលកំពុងជាប់ឃុំ លោកស្រី ភាវ ម៉ី បានឲ្យដឹងក្រោយជំនួបកាលពីរាត្រីថ្ងៃទី៤ ឧសភា ថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក គាំទ្រសកម្មភាពការងារក្រុមសង្គមស៊ីវិលដែលកំពុងជាប់ឃុំ។ លោកស្រីបន្តថា លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លើកទឹកចិត្តសាច់ញាតិមន្ត្រីអាដហុក សាច់ញាតិរបស់មន្ត្រី គ.ជ.ប កុំតក់ស្លុតចំពោះស្ថានការណ៍នេះ៖ « គាត់គ្រាន់តែនិយាយថ្លែងអំណរគុណលើកទឹកចិត្តយើង ការងារអង្គការសង្គមស៊ីវិលផ្សេង គាត់លើកទឹកចិត្ត ( ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ្ដ៍ (William Heidt) គាត់លើកទឹកចិត្តឲ្យខ្ញុំជាភរិយារឹងមាំឡើង កុំទន់ជ្រាយ »។
លោកស្រី ភាវ ម៉ី ឲ្យដឹងទៀតថា ក្រៅពីជួបសាច់ញាតិមន្ត្រីអាដហុក សាច់ញាតិរបស់មន្ត្រី គ.ជ.ប លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏អញ្ជើញមន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគស្ថានការណ៍នយោបាយដែលមានអ្នកចូលរួមប្រមាណ ៦០នាក់។
អ្នកទាំង ៥នាក់ដែលរងការចោទប្រកាន់ និងកំពុងជាប់ឃុំឃាំង រួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី ជាមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។