ប្រទេសវៀតណាម ជំរុញឲ្យកម្ពុជា ពន្លឿនការបោះបង្គោលខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឲ្យបានឆាប់រហ័ស។ ការជំរុញនេះ ធ្វើឡើងនៅក្នុងជំនួបមួយរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ផាម ប៊ិញម៉ិញ (Pham Binh Minh) នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៥ ខែសីហា។
កម្ពុជា-វៀតណាម គួរស្វែងរកការបញ្ចប់ការបោះបង្គោលខណ្ឌសីមាព្រំដែន និងការបោះតម្រុយបង្គោលព្រំដែនឲ្យបានឆាប់។ នេះ គឺជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ផាម ប៊ិញម៉ិញ ហើយដែលត្រូវបានបណ្ដាញសារព័ត៌មានវៀតណាម ញូវ (Vietnam News) ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃទី៥ ខែសីហា។
ក្រៅពីបញ្ហាព្រំដែន លោក ផាម ប៊ិញម៉ិញ ក៏បានលើកឡើងពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងកម្ពុជា-វៀតណាម ហើយបានជំរុញឲ្យប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងធ្វើការជាមួយគ្នា ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៤ នៅក្នុងឆ្នាំ២០១៥ នេះ។
បណ្ដាញសារព័ត៌មានវៀតណាម ញូវ ឲ្យដឹងដែរថា ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង លើកឡើងថា កម្ពុជា-វៀតណាម គួរសហការបន្ថែមទៀតលើការងារគ្រប់គ្រងព្រំដែន ហើយមិនត្រូវអនុញ្ញាតឲ្យបញ្ហាព្រំដែននេះ ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនោះឡើយ។
យ៉ាងណាក៏ដោយ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ដើម្បីសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះបាននៅឡើយនៅថ្ងៃទី៦ សីហា។
ការជំរុញរបស់រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម នៅពេលនេះ ធ្វើឡើងខណៈដែលកម្ពុជា កំពុងមានភាពចម្រូងចម្រាស និងមិនមានការឯកភាពផ្ទៃក្នុងទៅលើផែនទីដែលរដ្ឋាភិបាលកម្ពុជា យកទៅប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ក្នុងពេលបច្ចុប្បន្ន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ មានប្រសាសន៍នៅថ្ងៃទី៦ សីហា ថា កម្ពុជា ត្រូវធ្វើការពិនិត្យឲ្យបានច្បាស់លាស់ មុននឹងធ្វើការបោះបង្គោលព្រំដែនជាមួយវៀតណាម។ លោកថា អ្វីដែលសំខាន់ គឺធ្វើយ៉ាងណាឲ្យការបោះបង្គោលព្រំដែននេះ ធ្វើឡើងប្រកបដោយសុក្រឹតភាព ត្រឹមត្រូវ ដែលភាគីទាំងសងខាងអាចទទួលយកបាន។
មន្ត្រីបក្សប្រឆាំងរូបនេះ កត់សម្គាល់បន្ថែមថា ការដែលវៀតណាម ជំរុញឲ្យកម្ពុជា ពន្លឿនការបោះបង្គោលព្រំដែន គឺដោយសារវៀតណាម យល់ឃើញថា ពួកគេនឹងចំណេញពីការបោះបង្គោលនេះ។ យ៉ាងណាក៏ដោយលោកថា កម្ពុជា គួរតែមានការជជែករវាងភាគីផ្ទៃក្នុងឲ្យមានការស្រុះស្រួលគ្នាទាំងស្រុងជាមុនសិន មុននឹងបន្តការបោះបង្គោលព្រំដែនជាមួយវៀតណាម៖ «ខ្ញុំយល់ថា ការបោះបង្គោលព្រំដែនអត់ត្រូវការប្រញាប់ប្រញាល់ពេកទេ ខ្ញុំឃើញបញ្ហាធំ គឺបញ្ហាផែនទី។ ទី២ គឺបញ្ហាមិនគោរពនូវការបោះបង្គោលព្រំដែន ជាពិសេសនៅតែឃើញថា បោះបង្គោលហើយនៅតែមានការហូរចូល ការបំពានមកលើដីកម្ពុជា ទៀត»។

ទាក់ទងនឹងការបោះបង្គោលព្រំដែនជាមួយវៀតណាម នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣ សីហា បានប្រកាសជំរុញឲ្យបក្សប្រឆាំងយកផែនទីដែលខ្លួនមាន ទៅប្រគល់ឲ្យរដ្ឋាភិបាល ឬថ្វាយព្រះមហាក្សត្រ ឬប្រគល់ទៅឲ្យរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើការសិក្សា។ លោក ហ៊ុន សែន ថ្លែងដែរថា លោកនឹងមិនលើកលែងដល់ក្រុមទាំងឡាយណា ដែលមិនព្រមចូលរួមក្នុងការពិនិត្យជាមួយរដ្ឋាភិបាល ហើយចេះតែនាំគ្នាដើរស្រែកខាងក្រៅ ដែលនេះលោកសំដៅទៅលើបក្សប្រឆាំង ដែលមានផែនទីហើយ តែមិនព្រមយកឲ្យរដ្ឋាភិបាល ឬអ្នកស្រាវជ្រាវ តែបែរជាយកទៅបង្ហោះនៅតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ទៅវិញ។
លោក ហ៊ុន សែន ក៏បានថ្លែងរបៀបឌឺដងទៅតំណាងរាស្ត្របក្សប្រឆាំងដែរថា បើចង់ឲ្យរដ្ឋាភិបាលប្ដឹងរឿងព្រំដែនកម្ពុជា-វៀតណាម ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) មែននោះ បក្សប្រឆាំងត្រូវធ្វើសារណាបង្ហាញពីចំណុចឈ្នះ និងចាញ់ឲ្យរដ្ឋាភិបាលឃើញជាមុន។
លោក អ៊ូ ច័ន្ទឫទ្ធិ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ អាចយកផែនទីទាំងអស់ដែលខ្លួនមានទៅជជែក និងផ្ទៀងផ្ទាត់ជាមួយរដ្ឋាភិបាល ដើម្បីរកដំណោះស្រាយរួម។ ទាក់ទងនឹងការប្ដឹងផ្តល់ទៅតុលាការយុត្តិធម៌អន្តរជាតិ វិញ លោកថា បក្សប្រឆាំងចង់ដោះស្រាយឲ្យមានការស្រុះស្រួលគ្នាផ្ទៃក្នុងរវាងភាគីកម្ពុជា ជាមុនសិន មុននឹងទៅដោះស្រាយជាមួយភាគីវៀតណាម ដើម្បីធ្វើយ៉ាងណាឲ្យការបោះបង្គោលព្រំដែនអាចទទួលយកបានទាំងអស់គ្នា។ យ៉ាងណា លោកថាបើនៅតែមិនអាចដោះស្រាយជាមួយភាគីវៀតណាម បានទៀតនោះ កម្ពុជា គួរតែរកមធ្យោបាយផ្សេងក្រៅពីនេះ។
ទោះជាបែបនេះក្តី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក សុខ អាន បានបញ្ជាក់កាលពីថ្ងៃទី២២ កក្កដា នៅក្នុងវេទិកាតុមូលរបស់រដ្ឋាភិបាលថា រដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្តការងារបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។