ជនជាតិ​វៀតណាម​មាន​ជំហរ​មិន​ស្រប​គ្នា​ចំពោះ​ប័ណ្ណ​ប្រកាស​ជា​ជន​អន្តោប្រវេសន៍

0:00 / 0:00

ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ដែល​កំពុង​រស់នៅ​កម្ពុជា បង្ហាញ​ជំហរ​មិន​ស្រប​គ្នា​ចំពោះ​ការ​ផ្តល់​ប័ណ្ណ​ប្រកាស​ជា​ក្រុម​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់ សម្រាប់​រស់នៅ​កម្ពុជា ដែល​ផ្តល់​ជូន​ដោយ​ក្រសួង​មហាផ្ទៃ។

ការ​បង្ហាញ​ជំហរ​នេះ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​ចំនួន​ពីរ​នៅ​ខេត្ត​កណ្ដាល គឺ​ស្រុក​ល្វាឯម និង​ស្រុក​កៀនស្វាយ ធ្វើ​ពិធី​ចែក​ប័ណ្ណ​នេះ​ទៅ​ឲ្យ​ជនជាតិ​វៀតណាម មួយ​ចំនួន ដែល​កំពុង​រស់នៅ​ក្នុង​មូលដ្ឋាន​ទាំង​ពីរ​នេះ។

ពេល​ឈាន​ជើង​ទៅ​ដល់​សហគមន៍​ជនជាតិ​វៀតណាម ដ៏​រឹងមាំ​មួយ​ស្ថិត​នៅ​ត្រើយ​ម្ខាង​ទន្លេ​បាសាក់ ទល់​មុខ​ក្រុង​រណប​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ឬ​នៅ​ជិត​កំពង់​ចម្លង​អរិយក្សត្រ​ត្រើយ​ខាង​កើត​នោះ មាន​អារម្មណ៍​ចម្លែក​ម្យ៉ាង គឺ​ហាក់​ស្ថិត​នៅ​កណ្ដាល​ប្រទេស​វៀតណាម ដូច្នោះ​ដែរ។

«សំឡេង​ជនជាតិ​វៀតណាម ជជែក​គ្នា»

សហគមន៍​នេះ​ស្ថិត​ក្នុង​ភូមិ​អរិយក្សត្រ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។ អ្នក​រស់នៅ​ទីនោះ ភាគ​ច្រើន​បំផុត​ជា​ជនជាតិ​វៀតណាម ហើយ​កម្រ​មាន​ការ​សន្ទនា​គ្នា​ជា​ភាសា​ខ្មែរ​ណាស់ រាប់​តាំង​ពី​ក្មេង​តូចៗ​ឡើង។ សូម្បី​តែ​រឿង​វីដេអូ ទូរទស្សន៍ ក៏​បើក​ប៉ុស្តិ៍​ផ្សាយ​ពី​វៀតណាម ដែរ។

«សំឡេង​ជនជាតិ​វៀតណាម ជជែក​គ្នា»

ប្រធាន​ភូមិ​វៀតណាម ឬ​អ្នក​ខ្លះ​ទម្លាប់​ហៅ​ថា​ភូមិ​យួន លោក ទ្រឿង វុំាងតឺយ (Truong Van Toi) វ័យ​ប្រមាណ ៧០​ឆ្នាំ ហើយ​លោក​មាន​ឈ្មោះ​ខ្មែរ​មួយ​ទៀត គឺ​ឈ្មោះ ស៊ី យូ។ លោក​ឲ្យ​ដឹង​ថា សហគមន៍​គាត់​មាន​អ្នក​រស់នៅ​ជាង ២០០​គ្រួសារ​ទាំង​នៅ​លើ​ទឹក និង​លើ​គោក។

ពេល​សាកសួរ​ពី​ព័ត៌មាន​នៃ​ការ​ផ្តល់​ប័ណ្ណ​ប្រកាស​ជា​ក្រុម​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់ អ្នក​ភូមិ​ខ្លះ​ហាក់​មិន​បាន​ដឹង​អំពី​រឿង​នេះ​ឡើយ ហើយ​ខ្លះ​ទៀត​ហាក់​មិន​ខ្វល់​ពី​រឿង​ច្បាប់​ទម្លាប់​នៃ​ការ​រស់នៅ​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​កម្ពុជា នេះ​ឡើយ ដោយ​គិត​តែ​ពី​រឿង​រក​ស៊ី ហើយ​បើ​សិន​មាន​ការ​រក​រឿង​ពី​អាជ្ញាធរ ពួក​គេ​ប្រើ​លុយ​កាក់​ជា​មធ្យោបាយ​ដោះស្រាយ​ជា​ការ​ស្រេច។

ចំណែក​អ្នក​ខ្លះ​ទៀត​ហាក់​សម្រេច​ដោយ​ខ្លួន​ឯង​រួច​បាត់​ទៅ​ហើយ​ថា គេ​ជា​ជនជាតិ​ខ្មែរ ដោយ​មិន​ខ្យល់​ពី​ច្បាប់ ពីព្រោះ​គេ​សំអាង​ថា គេ​រស់នៅ​យូរ​ឆ្នាំ​ហើយ គឺ​ក្រោយ​ឆ្នាំ​១៩៨០ បន្ទាប់​ពី​របប ប៉ុល ពត បាន​បញ្ចប់ ឬ​អ្នក​ខ្លះ​ហៅ​ថា តាំង​ពី​សម័យ​យួន​ចូល​ភ្នំពេញ អ្នក​ខ្លះ​គេ​អះអាង​ថា គេ​កើត​នៅ​ស្រុក​ខ្មែរ​នេះ​ផ្ទាល់​ហើយ៖ «សំឡេង»។

ទាក់ទង​នឹង​ការ​ផ្តល់​ប័ណ្ណ​ប្រកាស​ជា​ក្រុម​ជន​អន្តោប្រវេសន៍​វៀតណាម ប្រធាន​ភូមិ លោក ទ្រឿង វុំាងតឺយ ឬ ស៊ី យូ មាន​ប្រសាសន៍​ថា អ្នក​ទើប​មក​ពី​វៀតណាម ថ្មីៗ​សប្បាយ​ចិត្ត​ដោយ​សង្ឃឹម​ថា​ធ្វើ​ប័ណ្ណ​បាន ២ ទៅ ៣​ដង នឹង​បាន​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​អ្នក​មក​នៅ​យូរ​ហើយ គេ​មិន​សប្បាយ​ចិត្ត​ទេ ព្រោះ​បើ​ទទួល​យក​ប័ណ្ណ​នេះ មាន​ន័យ​ថា ពួក​គេ​នៅ​តែ​ជា​ជន​អន្តោប្រវេសន៍​ដដែល។ ពួក​គាត់​អះអាង​ថា គេ​ម្នាក់ៗ​មក​រស់នៅ​ពី ២០ ទៅ ៣០​ឆ្នាំ​ហើយ គួរ​តែ​មាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់​ដោយ​ស្វ័យ​ប្រវត្តិ ឬ​ទទួល​បាន​សញ្ជាតិ​ខ្មែរ៖ «សំឡេង»។

លោក​បញ្ជាក់​ថា ប្រតិកម្ម​នេះ​កើត​ឡើង​កាល​ពី​អាជ្ញាធរ​ចុះ​ស្រង់​ស្ថិតិ​ជនជាតិ​វៀតណាម កាល​ពី​លើក​មុន។ តែ​សម្រាប់​ពេល​នេះ​ទៀត លោក​ថា​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ ដោយ​ទើប​នឹង​មាន​សេចក្តី​ជូន​ដំណឹង​ជា​ថ្មី​ឲ្យ​ជនជាតិ​វៀតណាម ទាំងអស់​ទៅ​ធ្វើ​ប័ណ្ណ​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់ ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ។

កាល​ពី​ថ្ងៃ​ទី​២៧ សីហា អាជ្ញាធរ​ប៉ូលិស​បាន​ធ្វើ​ពិធី​ចែក​ប័ណ្ណ​ប្រកាស​ជា​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់​រស់នៅ​កម្ពុជា ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ជូន​ជនជាតិ​វៀតណាម ប្រមាណ​ជាង ១០០​នាក់ នៅ​ស្រុក​ល្វាឯម និង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។ ប័ណ្ណ​នេះ​មាន​សុពលភាព​រយៈពេល ២​ឆ្នាំ និង​ត្រូវ​បង់​ប្រាក់ ២៥​ម៉ឺន​រៀល ហើយ​បើ​ផុត​ពេល​កំណត់ ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​រស់នៅ​បន្ត​ទៀត ក្នុង​ករណី​ដែល​មិន​ទាន់​ចង់​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។

មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​បញ្ជាក់​ថា ជនជាតិ​វៀតណាម គ្រប់​អាយុ ១៨​ឆ្នាំ​ទាំងអស់​ដែល​កំពុង​រស់នៅ​ក្នុង​ទឹក​ដី​កម្ពុជា ត្រូវ​ធ្វើ​ពាក្យ​ស្នើសុំ​ជា​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់​ពី​អាជ្ញាធរ​កម្ពុជា ទាំងអស់​គ្នា។

បុរស​ជនជាតិ​វៀតណាម ម្នាក់​ឈ្មោះ ង្វៀង វុំាងថាន់ (Nguyen Van Thanh) អាយុ​ជាង ៤០​ឆ្នាំ មាន របរ​នេសាទ​ត្រី នៅ​ភូមិ​កណ្ដាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ដែល​បាន​ទទួល​ប័ណ្ណ​រួច​ហើយ​នោះ បាន​សម្ដែង​ការ​រីករាយ និង​ហាក់​មាន​ភាព​កក់ក្តៅ​ក្នុង​ចិត្ត បើ​ទោះ​ជា​គាត់​បាន​រស់នៅ​ក្នុង​ស្រុក​ខ្មែរ​យូរ​ហើយ​ក្តី៖ «សំឡេង»។

លោក​ថា នៅ​ភូមិ​កណ្ដាល មាន​ជនជាតិ​វៀតណាម ប្រមាណ​ជាង ៦០​គ្រួសារ ហើយ​ភាគ​ច្រើន​ពួក​គាត់​បាន​ទទួល​ប័ណ្ណ​សម្គាល់​ជា​ក្រុម​អន្តោប្រវេសន៍​រស់នៅ​ស្រប​ច្បាប់​រួច​ហើយ។ លោក ង្វៀង វុំាងថាន់ បាន​បញ្ជាក់​ពី​មូលហេតុ​គ្រួសារ​គាត់ និង​អ្នក​ដទៃ​ទៀត​ព្យាយាម​តស៊ូ​រស់នៅ​ក្នុង​ស្រុក​ខ្មែរ ដោយសារ​ពួក​គាត់​ជា​ជន​ក្រីក្រ​ក្នុង​ប្រទេស​វៀតណាម គ្មាន​ផ្ទះ​សម្បែង ពិបាក​រកស៊ី​ដោយ​គ្មាន​ដើម​ទុន​គ្រប់គ្រាន់៖ «សំឡេង»។

ទាក់ទង​បញ្ហា​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​នៅ​កម្ពុជា នេះ​ដែរ គណបក្ស​ប្រឆាំង​ធ្លាប់​រិះគន់​ខ្លាំងៗ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ច្បាស់​លាស់ ក្នុង​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​វៀតណាម នេះ។

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ការ​ចែក ឬ​ធ្វើ​បន្ត​នូវ​ប័ណ្ណ​ប្រកាស​ជា​ក្រុម​ជន​អន្តោប្រវេសន៍​វៀតណាម នេះ មិន​មែន​ជា​ការ​ឆ្លើយ​តប​នឹង​ការ​រិះគន់​របស់​គណបក្ស​ប្រឆាំង​នោះ​ទេ។ លោក​បញ្ជាក់​ថា គម្រោង​នេះ​ក្រសួង​បាន​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​ឆ្នាំ​២០០២ មក​ហើយ៖ «សំឡេង»។

លោក​បន្ត​ថា ការ​ផ្តល់​ប័ណ្ណ​នេះ ដើម្បី​ងាយ​ស្រួល​ដល់​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ឲ្យ​នៅ​ក្រោម​ច្បាប់ និង​អាច​ប្រមូល​បាន​ថវិកា​ខ្លះ​ចូល​រដ្ឋ៖ «សំឡេង»។

យ៉ាង​ណា​ក៏ដោយ នាយក​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច លោក អាង ច័ន្ទឫទ្ធិ គាំទ្រ​ចំពោះ​ការ​ចេញ​ប័ណ្ណ​ប្រកាស​ជា​ក្រុម​ជន​អន្តោប្រវេសន៍​នេះ ប៉ុន្តែ​សូម​ធ្វើ​ដោយ​មាន​តម្លាភាព និង​បង្ហាញ​ពី​នីតិវិធី​ក្នុង​ដំណាក់​កាល​នីមួយៗ ព្រម​ទាំង​កំណត់​ទិសដៅ​ឲ្យ​បាន​ច្បាស់​លាស់ ជាពិសេស​ការ​អនុវត្ត​ត្រូវ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «សំឡេង»។

លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា តាម​ការ​ធ្វើ​ជំរឿន​ស្ថិតិ​កាល​ពី​ឆ្នាំ​២០០២ រក​ឃើញ​ជន​អន្តោប្រវេសន៍​វៀតណាម ដែល​រស់នៅ​ស្រុក​ខ្មែរ​មាន​ប្រមាណ​ជាង ១​សែន​នាក់ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​ទៀត ចំនួន​នេះ​លោក​ពុំ​ទាន់​ដឹង​ថា​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​នោះ​ទេ ហើយ​ដំណើរ​ការ​ធ្វើ​ប័ណ្ណ​សម្គាល់​អន្តោប្រវេសន៍​នេះ ក៏​មិន​ទាន់​កំណត់​រយៈពេល​បញ្ចប់​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។