ស្ត្រី​ម្នាក់​ដើរ​ពី​ខេត្ត​កំពង់ចាម​ជាមួយ​កូន​បី​នាក់​មក​ចូល​រួម​បាតុកម្ម​របស់​បក្ស​ប្រឆាំង

មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ចូល​រួម​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​៣ ដែល​ចាប់​ផ្ដើម​ធ្វើ​កាល​ថ្ងៃ​ទី​២៣ ខែ​តុលា។ ក្រុម​បាតុករ​ភាគ​ច្រើន​បាន​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ផ្សេងៗ មក​ធ្វើ​បាតុកម្ម។ អ្នក​ខ្លះ​ជិះ​ម៉ូតូ អ្នក​ខ្លះ​ជិះ​ឡាន​ផ្ទាល់​ខ្លួន អ្នក​ខ្លះ​ទៀត​រៃ​លុយ​គ្នា​ជួល​ឡាន ជិះ​រ៉ឺម៉ក​កង់​បី​ជាដើម។ ប៉ុន្តែ​ស្ត្រី​បាតុករ​ម្នាក់​ជា​អតីត​អ្នក​រស់​នៅ​តំបន់​បុរីកីឡា និង​កូន​បី​នាក់ បាន​ដើរ​រយៈពេល ២៣​​ថ្ងៃ​ពី​​ខេត្ត​កំពង់ចាម មក​ចូល​រួម​បាតុកម្ម​នៅ​​ទីលាន​ប្រជាធិបតេយ្យ។

0:00 / 0:00

«ខ្ញុំ​មក​នេះ មិន​មែន​ដើម្បី​ប្រយោជន៍​ខ្ញុំ​ទេ ខ្ញុំ​ធ្វើ​ដើម្បី​ប្រយោជន៍​កូន​ចៅ​ក្រោយៗ​ទៀត»៖ នេះ​សម្ដី​របស់​ស្ត្រី​ជា​បាតុករ ឈ្មោះ សៅ ពៅ ដែល​ដើរ​ពី​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មក​ចូល​រួម​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ។ គាត់​ដើរ​បណ្ដើរ​រើស​អេតចាយ​បណ្ដើរ ដើម្បី​ឧបត្ថម្ភ​បេសកកម្ម​រក​យុត្តិធម៌​សម្រាប់​មនុស្ស​ស្រករ​ក្រោយ​របស់​គាត់​នេះ។ ស្ត្រី​រូប​នេះ ជា​អតីត​អ្នក​បម្រើ​នៅ​ដំណាក់​ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស ហើយ​ធ្លាក់​ខ្លួន​មេម៉ាយ បន្ទាប់​ពី​ប្ដី​ទី​១ របស់​គាត់ ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ភ្នំពេញ ក្នុង​ព្រឹត្តិការណ៍​ប្រយុទ្ធ​បង្ហូរ​ឈាម​រវាង​កងទ័ព​របស់ លោក ហ៊ុន សែន និង​កងទ័ព​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាល​ពី​ថ្ងៃ​ទី​៥ និង ៦ កក្កដា ឆ្នាំ​១៩៩៧។

លោកស្រី សៅ ពៅ អះអាង​ថា គាត់​ធ្លាប់​ជា​អ្នក​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៣ រួច​ក៏​ប្ដូរ​ចិត្ត​ទៅ​គាំទ្រ​បក្ស លោក សម រង្ស៉ី វិញ ព្រោះ​តែ​ខឹង​នឹង​ទាហាន​របស់​បក្ស​ប្រជាជន​កម្ពុជា ដែល​បាញ់​សម្លាប់​ប្ដី​របស់​គាត់។

បន្ទាប់ពី​ប្ដី​ដែល​ជា​ទី​ពឹង​តែ​ម្នាក់​គត់​បាន​ទទួល​អនិច្ចកម្ម​ទៅ គាត់​បាន​ជួប​តា​ស៊ីក្លូ​ម្នាក់ ដែល​ស្ម័គ្រស្មោះ​ស្រលាញ់​និង​ថែរក្សា។ ស្ត្រី​រូប​នោះ​សម្រេច​ចិត្ត​រួម​រស់​ជាមួយ​តា​ស៊ីក្លូ​បាន​កូន​ប្រុស​ស្រី ៣​នាក់។ គ្រួសារ​ក្រីក្រ​នេះ​រស់​នៅ​ក្នុង​ផ្ទះ​ជួល​នៅ​ម្តុំ​បុរីកីឡា​អស់​ពេល​ជាង ១០​ឆ្នាំ។ ពេល​ដែល​ប្លុក​បុរីកីឡា ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច គ្រួសារ​គាត់​ក៏​ត្រូវ​បណ្ដេញ​ចេញ​ពី​ផ្ទះសម្បែង និង​ត្រូវ​រស់​នៅ​តាម​ទី​សាធារណៈ​ ពេល​នោះ​ហើយ​ដែល​ប្តី​ទី​២ របស់​គាត់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ស្លាប់​ចោល​គាត់​និង​កូនៗ។

ស្ត្រី សៅ ពៅ ត្រូវ​រស់​នៅ​ក្រោម​សំយាប​ផ្ទះ​គេ​រស់​នៅ​តាម​ថ្នល់​ជាមួយ​កូន​តូចៗ ៣​នាក់ ដោយ​ពឹង​លើ​របរ​រើស​អេតចាយ​លក់​ទិញ​បាយ​ហូប។ ប៉ុន្តែ​គ្រួសារ​កម្សត់​នេះ​បែរ​ជា​មាន​សង្ឃឹម​បន្តិច​វិញ ដោយសារ​មាន​បុរស​ចំណាស់​ម្នាក់​សន្យា​ថា នឹង​ជួយ​ទំនុក​បម្រុង ហើយ​ទទួល​ទៅ​រស់​នៅ​នា​ឃុំ​តាម៉ៅ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ជា​ទី​ដែល​គាត់​ហត់​ទាំង​កាយ នឿយ​ទាំង​ចិត្ត។

កូន​ទាំង​បី​នាក់​របស់ លោកស្រី សៅ ពៅ កំពុង​សម្រាក​ថ្ងៃ​ត្រង់​នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៣។
កូន​ទាំង​បី​នាក់​របស់ លោកស្រី សៅ ពៅ កំពុង​សម្រាក​ថ្ងៃ​ត្រង់​នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៣។ (RFA/Vann Vichar)

លោកស្រី សៅ ពៅ ប្រាប់​ថា គ្រួសារ​គាត់​ក្រ​មែន តែ​អាជ្ញាធរ​មិន​អាណិត​ឡើយ បែរ​ជា​គំរាមកំហែង​ទៅ​វិញ ព្រោះ​តែ​គេ​ដឹង​ថា គាត់​គាំទ្រ​បក្ស​ប្រឆាំង។ ក៏​ប៉ុន្តែ​លោកស្រី​នៅ​តែ​មាន​ទស្សនៈ​ចង់​ផ្លាស់ប្តូរ​ដើម្បី​យុត្តិធម៌​សង្គម៖ «ចង់​បាន​ឲ្យ​តែ​ដឹកនាំ​ប្រទេស​ឲ្យ​រុងរឿង ឲ្យ​តែ​ល្អ កុំ​ឲ្យ​ពុករលួយ​ទៀត ខ្ញុំ​ចង់​បាន​តែ​ប៉ុណ្ណឹង​ទេ។ ខ្ញុំ​ទុក្ខ​លំបាក​សព្វ​ថ្ងៃ​ដោយសារ​តែ​គណបក្ស​ប្រជាជន ហ៊ុន សែន ថា​ឲ្យ​តែ​គាត់​ឈ្នះ​គាត់​ជួយ​រក​ការងារ​ឲ្យ​ធ្វើ តែ ហ៊ុន សែន គាត់​ទទួល​តំណែង គិត​ទៅ​រយៈពេល ៥​អាណត្តិ​ហើយ កូន​ខ្មែរ​នៅ​តែ​ទៅ​ថៃ ទៅ​ម៉ាឡេស៊ី គេ​វ៉ៃ​ទម្លាក់​ពី​លើ​ផ្ទះ គេ​ចាប់​ចង​ក្រៀក​អី​ក៏​មាន​ដែរ»

គឺ​ដោយ​បារម្ភ​ពី​អនាគត​កូនៗ​របស់​គាត់​នេះ​ហើយ ទើប​គាត់​សម្រេច​ចិត្ត​ដើរ​ពី​កំពង់​ចាម​មក​ធ្វើ​បាតុកម្ម។

ក្នុង​វ័យ ៤៧​ឆ្នាំ លោកស្រី សៅ ពៅ មាន​មាឌ​ស្គម មុខ​ស្រួច ពាក់​វ៉ែនតា​ពណ៌​ខ្មៅ ពាក់​មួក​គណបក្ស​សង្គ្រោះ​ជាតិ អាវ​ដៃ​វែង​ពណ៌​ត្រួយ​ចេក​ខ្ចី ដែល​មាន​បិទ​ស្លាក​ថា ដូរ។ នៅ​កណ្ដាល​ថ្ងៃ​ក្តៅ​ហែង មុខ​វេទិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី សៅ ពៅ បាន​រាំ​ពត់ពេន​ខ្លួន​ជាមួយ​បាតុករ​ជាច្រើន​នាក់​ទៀត តាម​ចង្វាក់​ភ្លេង​របស់​ក្រុម​តន្ត្រី​បក្ស​ប្រឆាំង ដែល​ប្រគំ​បទ​កន្ទ្រឹម​កំដរ​បាតុករ​សម្រាក​ថ្ងៃ​ត្រង់។ រាំ​ទាំង​មុខ​ស្ងួត បាន​ពីរ​បទ ស្ត្រី​បាតុករ សៅ ពៅ បាន​ស្ទុះ​ទៅ​រក​ស្តង់​ដែល​មាន​កូន​ស្រី​តូច​នៅ​ចាំ​ទី​នោះ។

រាំ​ទាំង​មុខ​ស្ងួត​បាន​ពីរ​បទ ស្ត្រី​បាតុករ សៅ ពៅ បាន​ស្ទុះ​ទៅ​រក​ស្តង់​ដែល​មាន​កូន​ស្រី​តូច​នៅ​ចាំ​ទី​នោះ។

លោកស្រី​រំលឹក​ថា ពេល​ចេញ​ពី​កំពង់ចាម ជាមួយ​កូន​បី​នាក់ រូប​គាត់​មាន​លុយ​ក្នុង​ខ្លួន ៧​ពាន់​រៀល ចាន​៤ ស្លាបព្រា​៤ ឆ្នាំង​២ និង​អង្ករ ៥​គីឡូ ព្រម​ទាំង​មុង​ភួយ​មួយ​សម្រាប់។ រូប​គាត់​ព​កូន​ស្រី​ពៅ​អាយុ ៦​ឆ្នាំ កូន​ប្រុស​អាយុ ១៣​ឆ្នាំ ជា​អ្នក​លី​មុង​ភួយ និង​កន្ទេល ហើយ​រើស​អេតចាយ​ទុក​លក់​យក​ទិញ​ម្ហូប​តាម​ផ្លូវ កូន​ប្រុស​អាយុ ១០​ឆ្នាំ ជា​អ្នក​ទូល​អង្ករ។

ស្ត្រី​រូប​នេះ​បញ្ជាក់​ថា គាត់​ធ្លាប់​សុំ​ឡាន​គេ​ជិះ​មក​ភ្នំពេញ ដែរ តែ​គេ​មិន​ឲ្យ​ជិះ​ទេ ព្រោះ​តែ​គាត់​មិន​មាន​លុយ៖ «គេ​ថា​ឡាន​គេ​អត់​មាន​ចាក់​ទឹក​ទេ ឡាន​គេ​ចាក់​សាំង ខ្ញុំ​មាន​ប្រាក់​តែ ៧​ពាន់​ហើយ​កូន​បី​និង​ប្រដាប់ប្រដា​ហ្នឹង​មាន​តែ​សំលៀក​បំពាក់ មាន​អង្ករ មាន​ចាន មាន​ឆ្នាំង។ កូន​អា​មួយ​អាយុ ១៣​ឆ្នាំ ទួល​ខ្លះ»

នៅ​ខេត្ត​កំពង់ចាម គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត ដោយ​ទទួល​បាន​អាសនៈ​សភា​ចំនួន ១០​កៅអី ទល់​នឹង​គណបក្ស​​ប្រជាជន​កម្ពុជា ​ដែល​ឈ្នះ​ឆ្នោត ៨​កៅអី បើ​ទោះ​បី​ជា​ថ្នាក់​ដឹក​នាំ​ធំៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈរ​ជា​អ្នក​តំណាង​រាស្ត្រ​នៅ​ខេត្ត​នេះ​ដែរ​ក៏ដោយ។

អង្គុយ​មើល​អ្នក​កាសែត​សម្ភាស លោកស្រី សៅ ពៅ តាំង​ពី​ចាប់​ផ្ដើម​នោះ បាតុករ​ម្នាក់ ឈ្មោះ សុក មាស ដែល​រស់​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ឲ្យ​ដឹង​ថា ពួក​គាត់​មិន​ចូល​ចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​តែ​បញ្ហា​រំលោភ​បំពាន​ដីធ្លី និង​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់។ លោក​បញ្ជាក់​ថា រូប​គាត់​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ នៅ​ពេល​ដែល​បាន​ដឹង​ថា មាន​អ្នក​ស្រុក​របស់​គាត់​ដើរ​មក​ធ្វើ​បាតុកម្ម​តាំង​ពី​កំពង់ចាម ដល់​ភ្នំពេញ ហើយ​ទង្វើ​នេះ​ពិត​ជា​មិន​សរសើរ​មិន​បាន​ទេ៖ «គាត់​ដើរ​រយៈ​ពេល​ប៉ុណ្ណឹង ខ្ញុំ​សរសើរ​គាត់ គាត់​ស្រឡាញ់​ជាតិ»

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ដែល​តាម​ដាន​កិច្ច​សម្ភាសន៍​របស់​ស្ត្រី សៅ ពៅ និង​អ្នក​កាសែត​នោះ យល់​ថា ករណី​ស្ត្រី​ដើរ​ថ្មើរ​ជើង​មក​ធ្វើ​បាតុកម្ម​នេះ ជា​ករណី​ត្រូវ​តែ​សិក្សា។ លោក​បន្ត​ថា ស្ត្រី​រូប​នេះ​រងគ្រោះ​ដោយសារ​បញ្ហា​គ្រួសារ​ផង និង​ដោយសារ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ ដែល​បង្ក​ផល​លំបាក​សម្រាប់​ពលរដ្ឋ​ទូទៅ​ផង។ លោក​យល់​ថា រឿងរ៉ាវ​របស់​ស្ត្រី​រើស​អេតចាយ​រូប​នេះ ពិត​ជា​គួរ​ឲ្យ​អាណិត ប៉ុន្តែ​រឿង​នេះ​អាច​ជា​គំរូ​សម្រាប់​ពលរដ្ឋ​ទូទៅ​យក​ទៅ​ត្រិះរិះ​ពិចារណា៖ «ការ​ដឹក​នាំ​ប្រទេស ការ​គ្រប់គ្រង​ប្រទេស មិន​បាន​ផ្តល់​ផល​ឲ្យ​មនុស្ស​គ្រប់​គ្នា មិន​បាន​ស្មើ​គ្នា​ក៏​ហី​ចុះ ឲ្យ​តែ​បាន​ប្រហាក់​ប្រហែល​គ្នា តែ​ឥឡូវ​គាត់​សម្លឹង​ឃើញ​ជម្រើស​មួយ​ថ្មី ប្រហែល​ជា​គណបក្ស​ផ្សេង​ក្រៅ​ពី​បក្ស​ប្រជាជន អាច​មាន​ប្រយោជន៍​សម្រាប់​ជីវភាព​របស់​គាត់។ ការ​តស៊ូ​របស់​គាត់ គាត់​បាន​បញ្ជាក់​ថា មិន​សម្រាប់​ខ្លួន​គាត់​ទេ តែ​ស៊ូ​តវ៉ា​ដើម្បី​ការ​ផ្លាស់ប្ដូរ»

នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​តុលា កូន​ប្រុស​ទាំង​ពីរ​របស់​ស្ត្រី សៅ ពៅ មិន​ទំនេរ​ឡើយ។ ពួក​គេ​ដើរ​រើស​ដប​ទឹក​សុទ្ធ ដើម្បី​ប្រមូល​ទុក​លក់​យក​លុយ​ធ្វើ​សោហ៊ុយ​ជិះ​ឡាន​ត្រឡប់​ទៅ​កំពង់ចាម វិញ។ ចំណែក​លោកស្រី សៅ ពៅ និង​កូន​ស្រី​អាយុ ៦​ឆ្នាំ​វិញ ឈរ​ចាំ​ទះ​ដៃ​ស្រែក​ហ៊ោកញ្ជ្រៀវ​តាម​សំឡេង​ក្រុម​បាតុករ​ដទៃ​ទៀត ដែល​ឡើង​ថ្លែង​ពី​បញ្ហា​នានា​នៅ​ចំពោះ​មុខ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង។

ពេល​ឃើញ​លោក កឹម សុខា និង លោក សម រង្ស៉ី ឡើង​និយាយ​ទៅ​កាន់​ក្រុម​បាតុករ លោកស្រី សៅ ពៅ ញញឹម​បិទ​មាត់​មិន​ជិត​ឡើយ។ គាត់​បញ្ជាក់​ថា រូប​គាត់​ពេញ​ចិត្ត​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ដោយសារ​បាត​ដៃ​បុគ្គល​ទាំង​ពីរ​មិន​ប្រឡាក់​ឈាម​ខ្មែរ។ ហើយ​មេ​បក្ស​ប្រឆាំង​ល្បី​ខាង​ស្អាតស្អំ មិន​ពុក​រលួយ។ លោកស្រី​បន្ថែម​ថា ពេល​ចប់​បាតុកម្ម បើ​លក់​ដប​ទឹក​មិន​បាន​គ្រប់​លុយ​ជិះ​ឡាន​ទៅ​ផ្ទះ​វិញ​ទេ​នោះ រូប​គាត់​នឹង​សុំ​ឡាន​បាតុករ​ផ្សេង​ទៀត​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ តែ​គាត់​នឹង​មក​ទីលាន​ប្រជាធិបតេយ្យ​នៅ​លើក​ក្រោយៗ​ទៀត បើ​សិន​ណា​បក្ស​ប្រឆាំង​នៅ​តែ​ធ្វើ​បាតុកម្ម​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។