អ្នកតាមដាននយោបាយ និងបញ្ហាសង្គមលើកឡើងថា កម្ពុជាមិនគួរបន្តពឹងផ្អែកលើជំនួយបរទេសទៀតនោះទេ គឺត្រូវប្រឹងរស់ដោយខ្លួនឯងតាមរយៈការខិតខំពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន។ ការលើកឡើងនេះ គឺនៅបន្ទាប់ពីប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន ថ្លែងអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តផ្ដល់ជំនួយមកកម្ពុជា ដើម្បីការកសាងសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ នៅក្នុងពិធីរំឭកខួបអនុស្សាវរីយ៍រណសិរ្ស ២ ធ្នូ លើកទី៣៧ នៅព្រឹកថ្ងៃទី២ ខែធ្នូ។
បើទោះបីជារដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អួតអាងពីសមិទ្ធផលច្រើនស្អេកស្កះ ហើយប្រជាជនមានជីវភាពលូតលាស់រស់នៅដោយសុខសន្តិភាព និងមានសិទ្ធិសេរីភាពដ៏ពេញលេញសម្បូរសប្បាយ ក្រោយឆ្លងផុតពីរបបកាប់សម្លាប់ជាង ៣០ឆ្នាំដោយសារថ្ងៃកំណើតរណសិរ្ស ២ ធ្នូ ឆ្នាំ១៩៧៨ និងជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ ក្តី។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា នៅតែបន្តពឹងផ្អែកទៅលើជំនួយសហគមន៍អន្តរជាតិ។
ថ្លែងក្នុងពិធីរំឭកខួបអនុស្សាវរីយ៍រណសិរ្ស ២ ធ្នូ លើកទី៣៧ នៅវិទ្យាស្ថានជាតិអប់រំ ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន បានថ្លែងអំណរគុណប្រទេសដែលបានផ្ដល់ជំនួយមកម្ពុជា ក្នុងរយៈពេល ៣៧ឆ្នាំមកនេះ។ លោកក៏អំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តផ្ដល់ជំនួយដើម្បីការកសាងសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ៖ «យើងខ្ញុំសង្ឃឹមជឿជាក់ថា សហគមន៍អន្តរជាតិនឹងបន្តផ្ដល់វិភាគទានដ៏ថ្លៃថ្នូរនេះទៀត ដើម្បីរួមចំណែកពង្រឹងបុព្វហេតុសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា»។
ការអំពាវនាវនេះ ក្រោយពីសភាសហភាពអឺរ៉ុប គំរាមថា អាចនឹងលុបចោលជំនួយជាច្រើនលានដុល្លារដែលពួកគេគ្រោងផ្ដល់ឲ្យកម្ពុជា ប្រសិនបើរដ្ឋាភិបាលមិនធ្វើឲ្យរីកចំរើនលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងនោះសភាសហភាពអឺរ៉ុប ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលបទចោទប្រកាន់នានាលើលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងសកម្មជនបក្សប្រឆាំង។
ពាក់ព័ន្ធនឹងបញ្ហាជំនួយនេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី លើកឡើងថា វាជាកាតព្វកិច្ចរបស់ប្រទេសអភិវឌ្ឍន៍ដែលបានព្រមព្រៀងគ្នាជាសកលក្នុងការជួយជ្រោមជ្រែងកម្ពុជា ឲ្យអនុវត្តលទ្ធិប្រជាធិបតេយ្យ និងស្ដារប្រទេសឡើងវិញ។ ប៉ុន្តែបើកម្ពុជា ដើរនៅលើផ្លូវខុសនោះ គឺគេនឹងរៀបចំលក្ខខណ្ឌមួយចំនួន និងប្ដូររបៀបជួយកម្ពុជា ដូចជាដាក់ទណ្ឌកម្មមិនឲ្យនាំចេញជាដើម៖ «ក្នុងរយៈពេលកន្លងមកនេះ គឺរដ្ឋាភិបាលកំពុងតែតោងប្រទេសកម្ពុជា ឲ្យដើរទៅលើផ្លូវខុសទាំងស្រុងតែម្ដង ប្រហែលជាទណ្ឌកម្មនៃការផ្ដាច់ជំនួយ ឬមួយក៏យុទ្ធសាស្ត្រផ្សេងៗទៀត ដែលសហគមន៍អន្តរជាតិ នឹងបន្តធ្វើ បើទោះមានការអំពាវនាវក៏ដោយ»។
លោកបន្ថែមថា ជំនួយដែលគេផ្ដល់ឲ្យរដ្ឋាភិបាលកម្ពុជា នោះ គឺធ្លុះធ្លាយពុំសូវបានដល់ដៃអ្នកទទួលផលចុងក្រោយឡើយ។ ជំនួយភាគច្រើន លោកសង្កេតឃើញថា រដ្ឋាភិបាលប្រើប្រាស់ដើម្បីពង្រឹងអំណាច និងប្រជាប្រិយភាពបុគ្គលនយោបាយច្រើនជាងផលប្រយោជន៍សហគមន៍។
នៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញីវយ៉ក នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏រម្លឹកឲ្យប្រទេសអភិវឌ្ឍន៍បន្តផ្ដល់ជំនួយដល់ប្រទេសអភិវឌ្ឍន៍តិចតួចតាមការសន្យាដែរ។
នាយកវេទិកាអនាគត និងជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា មានរយៈពេលយូរដែរហើយដែលកម្ពុជា គួរតែរៀបចំប្រទេសធ្វើយ៉ាងណាឈប់ពឹងផ្អែកលើជំនួយបរទេស ដើម្បីរំដោះខ្លួនកុំឲ្យនៅក្រោមឥទ្ធិពលប្រទេសដទៃ៖ «ជំនួយ ខាងលិចគ្រាន់បើបន្តិច ប៉ុន្តែនៅតែមានឥទ្ធិពលមួយចំនួន ប៉ុន្តែជំនួយខាងកើត ដូចជាប្រទេសចិន អីនេះ គឺជារឿងមួយដែលយើងព្រួយបារម្ភ។ កម្ពុជានៅតែត្រូវការជំនួយ ប៉ុន្តែយើងនៅតែមិនព្យាយាមប្រឹងប្រែងដោយខ្លួនឯង ហាក់ដូចជាធ្វើខ្លួនអោយកម្សត់ អោយជាជនរងគ្រោះ ដើម្បីបន្តអោយគេជួយ ប៉ុន្តែប្រទេសយើងនៅតែមិនអាចរៀបចំពង្រឹងនីតិរដ្ឋ ពង្រឹងប្រជាធិបតេយ្យបាន។ ខ្ញុំគិតថា អន្តរជាតិកំពុងតែមានភាពធុញទ្រាន់ដោយសារបញ្ហាពិភពលោក គឺមានច្រើន មិនមែនមានតែកម្ពុជា នោះទេ»។
ដើម្បីឲ្យកម្ពុជា ឈរជើងដោយខ្លួនឯងបាននោះ អ្នកតាមដាននយោបាយ និងបញ្ហាសង្គមលើកឡើងថា កម្ពុជាត្រូវតែពង្រឹងសេដ្ឋកិច្ចខ្លួនឯងតាមរយៈកំណែទម្រង់ដីធ្លី ជំរុញឲ្យមានឧស្សាហកម្មខ្នាតធំ និងស្វែងរកទីផ្សារអន្តរជាតិ សម្រាប់នាំចេញផលិតផល។ ទន្ទឹមនេះ ពង្រឹងប្រព័ន្ធពន្ធដារពន្ធគយ និងគាំទ្រអ្នកមាន និងក្រឲ្យមានសមភាព និងលទ្ធភាពដូចគ្នា។ យ៉ាងណាក៏ដោយ លោកថា ការពង្រឹងសេដ្ឋកិច្ចក៏តម្រូវឲ្យអ្នកនយោបាយឈប់ឈ្លោះគ្នា ហើយប្រើគំនិតរួមគ្នាដោះស្រាយបញ្ហាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។