មន្ត្រីជាន់ខ្ពស់នៃទីបញ្ជាការដ្ឋានកងអង្គរក្ស ប្ដេជ្ញាជាថ្មីថា កងអង្គរក្សគឺត្រៀមខ្លួនទុកជាស្រេចដើម្បីចេញប្រតិបត្តិការការពារក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងសង្គម។ ការប្រកាសការពារជាថ្មីនេះ ធ្វើឡើងក្នុងពិធីរំលឹកខួប ៩ឆ្នាំនៃការបង្កើតទីបញ្ជាការដ្ឋានកងអង្គរក្សនៅថ្ងៃទី៤ កញ្ញា។
ទីបញ្ជាការដ្ឋានកងអង្គរក្សដែលធ្លាប់រងការចោទប្រកាន់ថាបានបន្លំខ្លួនជាមួយក្រុមហ្វូងបាតុករ វាយទាត់ធាក់យ៉ាងដំណំទៅលើតំណាងរាស្ត្រគណបក្សប្រឆាំងចំនួន ២នាក់ កាលពីឆ្នាំ២០១៥ បានបញ្ជាក់ជំហរជាថ្មីថា ខ្លួនមានសព្វាវុធទំនើបៗគ្រប់ប្រភេទមានដូចជា រថក្រោះ រថពាសដែក គ្រាប់កាំភ្លើងធំ និងកងទ័ពថ្មើរជើងជាដើម ដែលជាកងចល័តប្រយុទ្ធពិសេសអាចចេញអន្តរាគមន៍បានទាន់ពេលវេលា។
អគ្គបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថ្លែងប្រាប់បណ្ដាញសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលថា ក្រៅពីភារកិច្ចការពារសេចក្ដីសុខឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារលោក ហ៊ុន សែន កងអង្គរក្សទាំងនេះក៏ជាកងកម្លាំងពិសេសរបស់ក្រសួងការពារជាតិ ស្ថិតក្រោមបញ្ជាផ្ទាល់របស់លោក ហ៊ុន សែន ដើម្បីចេញអន្តរាគមន៍នៅពេលណាកម្ពុជា ត្រូវបានប្រទេសជិតខាងឈ្លានពានដែរ៖ «ស្ថិតក្រោមបញ្ជាដឹកនាំផ្ទាល់របស់សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហើយកម្លាំងបញ្ជាការដ្ឋានកងអង្គរក្ស គឺជាកម្លាំងពិសេស មានទាំងកម្លាំងថ្មើរជើង មានទាំងកម្លាំងគ្រឿងចក្រធន់ធ្ងន់ៗចេញអន្តរាគមន៍ នៅពេលណាដែលចាំបាច់»។
ការថ្លែងប្ដេជ្ញាជាថ្មីរបស់លោក ហ៊ីង ប៊ុនហៀង នេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ កញ្ញា ក្នុងពិធីប្រារព្ធខួបលើកទី៩ឆ្នាំនៅឯទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល បន្ទាប់ពីទីបញ្ជាការដ្ឋានកងអង្គរក្សនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៩។ ទីបញ្ជាការដ្ឋានកងអង្គរក្សដែលមានអាយុកាលជិត ១០ឆ្នាំនេះ កើតចេញពីកងវរសេនាតូចលេខ២៤៦ ដែលជាកងពលបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសម័យរដ្ឋកម្ពុជា ឆ្នាំ១៩៩០។
បណ្ដាញសារព័ត៌មានហ្វ្រែសញូវ (Fresh News) ស្រង់សម្ដីរបស់លោក ហ៊ីង ប៊ុនហៀង ចុះផ្សាយទៀតថា កងអង្គរក្សនេះមានរថក្រោះចំនួន ១០០គ្រឿង និងមិនមែន ៥០គ្រឿងដូចការសង្ស័យខ្លះឡើយ ហើយរថក្រោះទាំងនេះនឹងទុកដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនរដ្ឋាភិបាល និងប្រជាជន ហើយមិនមែនទុកធ្វើសង្គ្រាមនោះទេ។ លើសពីនេះ ទីបញ្ជាការដ្ឋានកងអង្គរក្ស នឹងគាំទ្របេក្ខភាពលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ។
ចំណែកអ្នកសិក្សាស្រាវជ្រាវពីបញ្ហាសង្គម លោកបណ្ឌិត មាស នី យល់ឃើញថា ការប្រកាសរបស់កងអង្គរក្សដើម្បីការពារលោក ហ៊ុន សែន នៅពេលនេះ មិនមានអ្វីខុសឆ្គងឡើយ ព្រោះលោកថាកងអង្គរក្សដែលបានបង្កើតឡើង គឺសម្រាប់ការពារមេដឹកនាំដែលកំពុងស្ថិតក្នុងការកាន់អំណាច។
ផ្ទុយទៅវិញ លោកបញ្ជាក់ថា ប្រសិនបើក្រសួងការពារជាតិ ប្រកាសគាំទ្រគណបក្សនយោបាយនោះ ទើបជាការខុសឆ្គង។ រីឯការប្រកាសរបស់លោក ហ៊ីង ប៊ុនហៀង ថានឹងប្រើរថក្រោះចំនួន ១០០គ្រឿងទុកការពារសន្តិសុខ និងសណ្ដាប់ធ្នាប់នៅក្នុងសង្គមនោះ ត្រូវបានលោក មាស នី ថ្លែងថា នៅក្នុងសង្គមដែលមាននីតិរដ្ឋត្រឹមត្រូវ គឺកិច្ចការងារទាំងនេះជាភារកិច្ចរបស់កងកម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ ទៅវិញទេ៖ «យើងពិបាកថាដែរ ព្រោះអ្វីក៏គេអាចធ្វើបានដែរ ពេលខ្លះមានការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ មិនត្រឹមត្រូវតាមតួនាទីដែរ ធ្វើឲ្យកងកម្លាំងប្រដាប់អាវុធច្រឡំតួនាទីពួកគាត់។ បើក្រសួងមហាផ្ទៃ ធ្វើការលែងកើតហើយ អាហ្នឹងបានគេបញ្ជូនកងកម្លាំងប្រដាប់អាវុធទៅបន្ថែម ប៉ុន្តែបើក្នុងលក្ខខណ្ឌដំបូងៗ គឺប៉ូលិសមហាផ្ទៃ មានតួនាទីបង្ក្រាប ឬសម្របសម្រួលផ្សេងៗ»។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងប្រកាសធ្វើសង្គ្រាមប្រសិនបើបក្សលោកចាញ់ឆ្នោត និងព្រមានប្រើកម្លាំងកម្ចាត់មនុស្ស ១០០ ទៅ ២០០នាក់ ដែលលោកហៅថាជាក្រុមបដិវត្តន៍ពណ៌ចង់កម្ទេចត្រកូល «ហ៊ុន» របស់លោក។ មេដឹកនាំកម្ពុជា ជិតកន្លះសតវត្សរូបនេះ ក៏បានអួតជារឿយៗថា លោកគឺជាមនុស្សតែម្នាក់គត់នៅកម្ពុជា ដែលអាចឲ្យកងកម្លាំងចម្រុះទាំងអស់ស្ដាប់បញ្ជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។