អ្នកតំណាងរាស្ត្របក្សប្រឆាំងដែលសកម្មក្នុងការឃ្លាំមើលបញ្ហាព្រំដែនបានអះអាងថា មកដល់ពេលនេះ គេរកឃើញចំណុចជម្លោះដែលវៀតណាម រំលោភមកខាងកម្ពុជា មានយ៉ាងតិច ៧កន្លែង តាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។ ស្របពេលគ្នានេះដែរ បក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលយកបញ្ហាព្រំដែននេះប្ដឹងទៅតុលាការអន្តរជាតិឲ្យបានឆាប់។
នៅសប្ដាហ៍ក្រោយនេះ ក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ នឹងផ្ញើលិខិតជាផ្លូវការទៅរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយស្នើឲ្យលើកយកបញ្ហាវៀតណាម រំលោភព្រំដែនកម្ពុជា ទៅតុលាការអន្តរជាតិ (ICJ)។
អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ នៃរដ្ឋសភា លោក កឹម សុខា ចាត់ទុកបញ្ហាព្រំដែនគឺជាអាយុជីវិតស្លាប់រស់របស់ជាតិ។ លោកសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាលតាមរយៈការចេញកំណត់ទូត ក៏ប៉ុន្តែការចេញកំណត់ទូតនេះ មិនទាន់គ្រប់គ្រាន់ទេសំខាន់រដ្ឋាភិបាលចាំបាច់ត្រូវប្រើប្រាស់យន្តការច្បាប់អន្តរជាតិដែលមានតម្លៃជាសាកល ដើម្បីជំរុញឲ្យវៀតណាម គោរពនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា។
លោក កឹម សុខា៖ «យើងលើកទឹកចិត្តថា រដ្ឋាភិបាលបានធ្វើហើយ ប៉ុន្តែកំណត់ទូតនេះ វាមិនបានផ្លែផ្កា ទាល់តែរដ្ឋាភិបាលចាប់ប្រើប្រាស់ផ្សេងទៀត ជាពិសេសយន្តការអន្តរជាតិ នៅលើសន្ធិសញ្ញាអន្តរជាតិ»។
ស្របពេលជាមួយគ្នានេះដែរ ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៥ ខែមិថុនា របស់ខ្លួន ដោយទទូចឲ្យក្រសួងការបរទេស កំណត់កាលបរិច្ឆេទច្បាស់លាស់ឲ្យភាគីវៀតណាម ឆ្លើយតបរឿងកំណត់ទូត។ ទាមទារឲ្យរដ្ឋាភិបាលផ្ដល់ផែនទីដែលប្រើប្រាស់សម្រាប់ការបោះបង្គោលព្រំដែន និងស្នើឲ្យរដ្ឋសភាកោះប្រជុំអនុម័តលុបសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
ចំណែកអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប លោក អ៊ុំ សំអាន បានឲ្យដឹងដែរថា នៅសប្ដាហ៍ទី២ នៃខែកក្កដា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងដាក់លិខិតមួយទៀតទៅរដ្ឋាភិបាលស្នើសុំផ្អាកបោះបង្គោលព្រំដែនបណ្ដោះអាសន្ន និងសូមបង្ហាញឲ្យច្បាស់ពីតំបន់ណាដែលដីកម្ពុជា លយចូលវៀតណាម ឬវៀតណាម លយចូលមកកម្ពុជា ព្រមឲ្យបង្ហាញឈ្មោះភូមិខ្មែរនៅតំបន់ណាខ្លះ ឬស្រុកខេត្តណាខ្លះដែលត្រូវកាត់ទៅឲ្យវៀតណាម គ្រប់គ្រង និងភូមិវៀតណាមណាខ្លះដែលត្រូវកាត់ឲ្យមកខ្មែរវិញជាលក្ខណដោះដូរដើម្បីសម្រួលខ្សែបន្ទាត់ព្រំដែនតាមរូបភាពជាធ្មេញរណា មុននឹងសម្រេចបោះបង្គោលព្រំដែនជាផ្លូវការនោះ។
លោក អ៊ុំ សំអាន បន្តថា ចំពោះការសុំផ្អាកបោះបង្គោលព្រំដែនបណ្ដោះអាសន្ននោះ គឺមានរយៈពេលកំណត់មួយច្បាស់លាស់ ដើម្បីទុកពេលចរចាដោះស្រាយជាមួយភាគីវៀតណាម ឲ្យបានម៉ត់ចត់ និងត្រូវរៀបចំបង្កើតគណៈកម្មការព្រំដែនចម្រុះមួយដែលមានសមាសភាពមកពីគណបក្សជាប់ឆ្នោតដែលមានអាសនៈក្នុងរដ្ឋសភារួមគ្នាធ្វើការងារនេះដោយតម្លាភាព។
លោក អ៊ុំ សំអាន៖ «ពេលបង្កើតគណៈកម្មការនេះបានហើយ ពេលនោះគឺអាចបោះបង្គោលព្រំដែនបានហើយ បើបង្កើតគណៈកម្មការនេះអត់ចេញទេ គឺសូមឲ្យរង់ចាំរហូតដល់ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨ បើបោះឥឡូវវាខាត គឺត្រូវចាំមានរយៈពេលសមរម្យដោះស្រាយរួចត្រឹមត្រូវចាំបោះវាមិនយូរប៉ុន្មានទេ»។
ឆ្លើយតបនឹងសំណើនេះ ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែននៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក វ៉ា គឹមហុង មានប្រសាសន៍នៅថ្ងៃទី២៦ ខែមិថុនា ថា លោកមិនអត្ថាធិប្បាយយ៉ាងណាទេ ដោយរង់ចាំទទួលបានលិខិតស្នើនោះជាផ្លូវការសិន។ ប៉ុន្តែលោកគិតថា សំណើទាំងនេះវាហួសពីសមត្ថភាពលោក ហើយវាអាចជាការសម្រេចរបស់ប្រមុខរដ្ឋាភិបាល។ ចំណែកការស្នើសុំឲ្យភាគីវៀតណាម ឆ្លើយតបតាមកំណត់ទូតមកកម្ពុជា វិញ ឲ្យបានលឿន ឬត្រូវកំណត់ឱសានវាទទៅសមភាគីរបស់ខ្លួនយ៉ាងណានោះគឺមិនអាចទៅរួចទេ។
លោក វ៉ា គឹមហុង ពន្យល់ថា ការស្នើបែបនេះ គឺខុសនឹងរបៀបរបបការទូត៖ «ប្រទេសធំណាៗក៏ដូចតែគ្នាទេ គឺទុកឲ្យគេឆ្លើយតបទៅតាមបែបបទការទូត ហើយរឿងដែលចង់ទៅ ICJ ឬអង្គការសហប្រជាជាតិ សូមឲ្យពិចារណាមែនទែន មិនមែនដូចទៅដើរលេងផ្សារថ្មីទេ ទៅតុលាការត្រូវមានឯកសារត្រឹមត្រូវ»។
តំណាងរាស្ត្រគណបក្សប្រឆាំង អះអាងថា ការរំលោភបំពានគឺមានស្ទើរគ្រប់ទីកន្លែងនៅតាមបណ្តាយព្រំដែនកម្ពុជា-វៀតណាម គឺមាននៅតំបន់តន់ហន់ ខេត្តកំពត នៅភ្នំដិន ខេត្តតាកែវ នៅស្រុករំដួល ខេត្តស្វាយរៀង នៅភូមិអន្លង់ជ្រៃ ស្រុកពញាក្រែក ដែលជាភូមិលោក ហេង សំរិន ប្រធានរដ្ឋសភា និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅភូមិឡំ ខេត្តរតនគិរី និងនៅស្រុកកោះធំ ខេត្តកណ្ដាល ជាដើម។ ក្នុងតំបន់ទាំងនេះ កន្លែងខ្លះបានបោះបង្គោលព្រំដែនជាផ្លូវការរួចហើយ។
រាល់ការតវ៉ារបស់ប្រជាពលរដ្ឋនៅតាមតំបន់ទាំងនេះ និងតំណាងរាស្ត្រមកពីគណបក្សប្រឆាំងពុំទាន់មានលទ្ធផលណាមួយជាដុំកំភួន ឬបានដីដែលបាត់មកវិញ ឬក៏វៀតណាម ដកចេញពីទីតាំងដែលពលរដ្ឋកម្ពុជា ចោទថា វៀតណាមកំពុងរំលោភលើបូរណភាពដែនដី ភូមិឋានរបស់ពួកគាត់នោះនៅឡើយទេ រហូតមកដល់ពេលនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះបានទទូចឲ្យរដ្ឋាភិបាលវៀតណាម គោរពបូរណភាពទឹកដីខ្មែរនៅតំបន់ទាំងនោះផង ហើយកាលពីថ្ងៃទី២៣ មិថុនា ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហ្វា ទ្រុង (Le Hoai Trung) រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង ក៏បានក្រើនរំលឹករដ្ឋាភិបាលវៀតណាម ជាថ្មីទៀតអំពីបញ្ហានេះ។ យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ រដ្ឋាភិបាលវៀតណាម មិនទាន់បានឆ្លើយតបផ្លូវការចំពោះកំណត់ទូតរបស់កម្ពុជា នៅឡើយទេ។ លោក ឡេ ហ្វា ទ្រុង ប្រាប់លោក ហោ ណាំហុង ថា ថ្នាក់ដឹកនាំវៀតណាម កំពុងរង់ចាំរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានរបស់ពួកគេជាមុនសិន។
យ៉ាងណាក៏ដោយ លោក វ៉ា គឹមហុង ឲ្យដឹងថា គណៈកម្មាធិការចម្រុះទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា វៀតណាម គ្រោងនឹងជួបប្រជុំគ្នារយៈពេលបីថ្ងៃ នៅក្រុងសៀមរាប នៅដើមខែកក្កដា ខាងមុខនេះ ដើម្បីពិភាក្សាដោះស្រាយបញ្ហាដែលនៅសេសសល់ពាក់ព័ន្ធនឹងបញ្ហាកំណត់បោះបង្គោលព្រំដែននៃប្រទេសទាំងពីរ។ លោកបញ្ជាក់ថា កិច្ចប្រជុំនេះជាសក្ខីភាពមួយបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយចំពោះបញ្ហាព្រំដែននេះឡើយ។
ទោះយ៉ាងនេះក្តី អ្នកស្រាវជ្រាវបញ្ហាសង្គម លោក កែម ឡី បង្ហាញថា ការពឹងផ្អែកលើរដ្ឋាភិបាលកម្ពុជា អោយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដែលមានភាពមិនប្រក្រតីនោះ គឺមិនអាចទៅរួចទេ ពីព្រោះការបណ្ដោយឲ្យវៀតណាម ទន្ទ្រានវាទីទឹកដីមកលើកម្ពុជា គឺជាកំហុសឆ្គងធ្ងន់ធ្ងររបស់រដ្ឋាភិបាលហើយកាន់តែលង់ខ្លួនជ្រៅទៅៗ។
លោកថ្លែងបែបនេះ ក្រោយពីលោកបានធ្វើដំណើរទស្សនកិច្ចមើលខ្សែបន្ទាត់ព្រំដែននៅច្រកជៀសឫស្សី ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងនៅច្រកទ្វារតំបន់ស្វាយអាង៉ោង ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាប់ព្រំដែនវៀតណាម ជាមួយព្រះសង្ឃ និងយុវជនប្រមាណ ៥០នាក់ កាលពីថ្ងៃទី២៥ ខែមិថុនា។ អ្នកម្ចាស់ស្រុកបានឲ្យដឹងថា តំបន់នេះកំពុងមានការរំលោភព្រំដែនពីវៀតណាម គួរឲ្យព្រួយបារម្ភ។
លោក កែម ឡី បន្តថា លោកនឹងសរសេររបាយការណ៍បច្ចុប្បន្នភាពមួយស្ដីពីបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម ដោយភ្ជាប់ជាមួយឯកសារប្រវត្តិសាស្ត្រផង ថ្វាយជូនព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ជ្រាប និងចូលរួមដោះស្រាយនៅពេលដ៏ឆាប់ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។