មេដឹកនាំគណបក្សសង្គ្រោះជាតិ អះអាងថា ពេលអ្នកតំណាងរាស្ត្រគណបក្សនេះចូលសភា នឹងស្រាវជ្រាវ ឬសើរើនូវរាល់ឯកសារពាក់ព័ន្ធសកម្មភាពបោះបង្គោលព្រំដែនគោករវាងកម្ពុជា ជាមួយប្រទេសជិតខាងឲ្យបានត្រឹមត្រូវ។
សម្រាប់មេដឹកនាំសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ថ្លែងគាំទ្រមេដឹកនាំបក្សប្រឆាំងដែលបង្ហាញឆន្ទៈសើរើឯកសារបោះបង្គោលព្រំដែនដ៏ចម្រូងចម្រាសកន្លងមក។
ការអះអាងរបស់មេដឹកនាំបក្សប្រឆាំងពេលនេះ កើតឡើងនៅគ្រាអ្នកតំណាងរាស្ត្រទាំង ៥៥រូប របស់គណបក្សសង្គ្រោះជាតិ នឹងចូលប្រជុំសភាក្នុងពេលដ៏ឆាប់ខាងមុខ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា បញ្ហាព្រំដែនគឺជាបញ្ហាជាតិទាំងមូល គឺមិនសម្រាប់គណបក្សណាមួយនោះទេ។ ប៉ុន្តែលោកថា សម្រាប់គណបក្សសង្គ្រោះជាតិនឹងមិនសម្ងំស្ងៀម ឬបៀមដៃមើលបរទេសឈ្លានពាន ឬរំលោភបូរណភាពទឹកដីកម្ពុជា បានជាដាច់ខាត។ លោកថា កន្លងមកតាមរយៈសកម្មភាពបោះបង្គោលព្រំដែនគោកជាមួយប្រទេសវៀតណាម មានពលរដ្ឋលើកឡើងថា បាននាំឲ្យបាត់បង់ដីស្រែធ្លាប់បង្កបង្កើនផលរបស់ពួកគាត់ជាច្រើនគ្រួសារ។
ត្រង់ចំណុចនេះ លោក កឹម សុខា បញ្ជាក់ថា ទិសដៅនៅថ្ងៃអនាគត គណបក្សនេះនឹងស្រាវជ្រាវនូវរាល់ឯកសារពាក់ព័ន្ធសកម្មភាពបោះបង្គោលព្រំដែនគោកជាមួយប្រទេសជិតខាងឲ្យបានត្រឹមត្រូវ។ ជាងនេះអ្នកពាក់ព័ន្ធអាចនឹងត្រូវកោះហៅមកឆ្លើយតបបំភ្លឺក្នុងរដ្ឋសភា បើរកឃើញកំហុសឆ្គងក្នុងការបោះបង្គោលព្រំដែននេះ។
លោក កឹម សុខា៖ «នេះជាបញ្ហារបស់ជាតិ បញ្ហាសម្រាប់ទាំងអស់គ្នា មិនមែនបញ្ហារបស់គណបក្សណាមួយនោះទេ។ អ៊ីចឹងហើយ ពេលដែលយើងចូលទៅសភា ដូចដែលខ្ញុំបានលើកនៅក្នុងសន្និបាតជាតិគណបក្សហើយ គឺតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវតែចុះទៅតាម ឬទៅត្រួតពិនិត្យ តើគេធ្វើដោយតម្លាភាព ឬធ្វើទៅ តើវាមានប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ឬប្រជាពលរដ្ឋយ៉ាងណា? ហើយបើបានព័ត៌មានច្បាស់លាស់ហើយ យើងនឹងលើក ឬស្នើសុំក្នុងរដ្ឋសភា ស្នើគណៈកម្មការក្នុងរដ្ឋសភា ដើម្បីស្នើសុំរដ្ឋមន្ត្រីមកសាកសួរ»។
ទាក់ទងរឿងនេះ រដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៣ បានបង្កើនសកម្មភាពបោះបង្គោលព្រំដែនគោករវាងប្រទេសជិតខាងកម្ពុជា មានវៀតណាម និងថៃ ជាដើម ចប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែសកម្មភាពនេះ មិនទាន់បានជោគជ័យទេ។
បញ្ហានេះ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ធ្លាប់បញ្ជាក់ថា កម្ពុជាមិនឆោតល្ងង់បោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងនាំឲ្យបាត់បង់ទឹកដីខ្លួននោះទេ។ លោកថា រដ្ឋាភិបាលមានអ្នកជំនាញសម្រាប់គិតគូរក្នុងការបោះកំណត់បង្គោលព្រំដែនបានច្បាស់លាស់ គឺមិនមែនដូចការរិះគន់របស់សង្គមស៊ីវិល ឬបក្សប្រឆាំងនោះទេ។
យ៉ាងណាក៏ដោយ លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានស្នើដល់មេដឹកនាំគណបក្សឈ្នះអាសនៈសភានីតិកាលទី៥ទាំងពីរ ត្រូវរួមសហការគ្នាពិនិត្យទៅលើសកម្មភាពបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឲ្យបានច្បាស់លាស់។
លោកថា គណបក្សសង្គ្រោះជាតិ ដែលត្រៀមចូលសភា គឺមានតួនាទីសំខាន់ក្នុងការស្រាវជ្រាវរកឯកសារពាក់ព័ន្ធ នឹងការងារបោះបង្គោលព្រំដែនជាមួយវៀតណាម ដែលរងការរិះគន់កន្លងមក។
មេដឹកនាំនិស្សិតរូបនេះរិះគន់ថា សកម្មភាពបោះបង្គោលព្រំដែនរបស់រដ្ឋាភិបាលជាមួយវៀតណាម កន្លងមក ត្រូវពលរដ្ឋចោទថា នាំឲ្យបាត់បង់ដីស្រែពួកគាត់អស់ជាច្រើនហិកតារ៖ «ស្នើឲ្យគណបក្សទាំងពីរធ្វើយ៉ាងម៉េចប្រឹងឲ្យអស់លទ្ធភាព ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបូរណភាពទឹកដីកម្ពុជា។ ព្រោះថា នៅពេលថ្មីៗនេះ ការលើកឡើងរបស់មន្ត្រីនាំពាក្យស្ថានទូតវៀតណាម គឺជាការសាកល្បងនូវភាពជាអ្នកដឹកនាំនៃប្រទេសកម្ពុជា របស់យើង។ ហើយខ្ញុំអាចហៅបានម្យ៉ាងទៀតថា វៀតណាមកំពុងតែធ្វើតេស្តនូវយុទ្ធសាស្ត្រច្រេះស៊ីដែករបស់គេ ដែលបំពេញទៅដល់ទស្សនវិស័យ ឬចក្ខុវិស័យរបស់លោក ហូ ជីមិញ គឺដំណើរឆ្ពោះទៅទិសខាងលិច។ អ៊ីចឹងទេ នេះគឺជាការព្រួយបារម្ភមួយរបស់ប្រជាពលរដ្ឋខ្មែរ និងនិស្សិតបញ្ញវន្តរបស់យើង ក៏ដូចជាអ្នកដឹកនាំប្រទេសដែលត្រូវតែដោះស្រាយ រកវិធីសាស្ត្រ ឬរកមធ្យោបាយ ធ្វើយ៉ាងម៉េចទប់ស្កាត់ឲ្យបាននូវយុទ្ធសាស្ត្រច្រេះស៊ីដែករបស់វៀតណាមឲ្យបាន»។
ប្រទេសកម្ពុជា មានបង្គោលព្រំដែនគោកជាមួយថៃ ដែលទទួលស្គាល់ដោយអាណាព្យាបាលបារាំង ក្រោយឆ្នាំ១៩០៤ ចំនួន ៧៣បង្គោល និងលាតសន្ធឹងតាមព្រំដែនប្រមាណ ៨០០ គីឡូម៉ែត្រ។
គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ ក៏បានឯកភាពរួមគ្នាថា នឹងស្រាវជ្រាវរកចំណុចដើមនៃបង្គោលព្រំដែនដែលបោះនៅជំនាន់បារាំង ដើម្បីកំណត់ព្រំដែនប្រទេសទាំងពីរនៅថ្ងៃអនាគត។ ចំណែកព្រំដែនជាមួយវៀតណាម ប្រទេសទាំងពីរមានព្រំដែនគោក និងព្រំដែនទឹកសរុបជាង ២.៥០០គីឡូម៉ែត្រ (២.៥៧២)។ មន្ត្រីជំនាញកិច្ចព្រំដែនកម្ពុជា បានឲ្យដឹងថា កម្ពុជា និងវៀតណាម បានបោះបង្គោលព្រំដែនរួមគ្នាបានជិត ៣០០បង្គោលហើយ ក្នុងចំណោមបង្គោលព្រំដែនដីគោកសរុប ៣១៤បង្គោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។