រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម អះអាងថា គម្រោងសំណង់ដែលវៀតណាម បានសាងសង់នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺស្ថិតនៅលើទឹកដីរបស់វៀតណាម។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ឡេ ហាយប៊ិញ (Le Hai Binh) បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានវៀតណាម នៅថ្ងៃទី១៦ កក្កដា ថា ប្រទេសវៀតណាម បានគោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងដែលបានចុះជាមួយកម្ពុជា ក្នុងការគ្រប់គ្រងតំបន់ព្រំដែនក្នុងអំឡុងពេលដំណើរការបោះបង្គោល និងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំង២។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម រូបនេះ បញ្ជាក់ដែរថា ក្នុងកំណត់ទូតរបស់ខ្លួនផ្ញើទៅកាន់ក្រសួងការបរទេសកម្ពុជា និងទៅគណៈកម្មការកិច្ចការព្រំដែន ក៏ដូចជានៅក្នុងកិច្ចប្រជុំរវាងគណៈកម្មការកិច្ចការព្រំដែនកម្ពុជា-វៀតណាម ចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែកក្កដា រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ច្បាស់ហើយថា រាល់ការសាងសង់នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ទាំងអស់ គឺសុទ្ធតែធ្វើឡើងនៅក្នុងទឹកដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម។
លោក ឡេ ហាយ ប៊ិញ ថ្លែងបន្តថា ភាគីវៀតណាម ថែមទាំងបានស្នើដល់ភាគីកម្ពុជា ជាផ្លូវការឲ្យគោរពតាមគោលការណ៍ដែលមានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ដែលប្រទេសទាំង២ បានចុះជាមួយគ្នាកាលពីឆ្នាំ២០១១ ទៀតផង នោះគឺការរក្សាស្ថានភាពនៅតាមព្រំដែនឲ្យនៅដដែល រហូតដល់មានការបោះបង្គោលព្រំដែនត្រឹមត្រូវ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះ អះអាងថា ភាគីកម្ពុជា មិនបានឆ្លើយតបចំពោះសំណើប្រកបដោយសុឆន្ទៈរបស់វៀតណាម នោះឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ចំពោះការលើកឡើងរបស់រដ្ឋាភិបាលវៀតណាម បាននៅឡើយទេ។
យ៉ាងណាក៏ដោយ អ្វីដែលរដ្ឋាភិបាលវៀតណាម លើកឡើងនៅពេលនេះ គឺផ្ទុយទាំងស្រុងទៅនឹងអ្វីដែលរដ្ឋាភិបាលកម្ពុជា បានលើកឡើងនៅបន្ទាប់ពីកិច្ចប្រជុំជាមួយភាគីវៀតណាម កាលពីពេលថ្មីៗនេះ។
រដ្ឋាភិបាលកម្ពុជា អះអាងថា នៅក្នុងកិច្ចប្រជុំនោះ ភាគីវៀតណាម បានសន្យាថា នឹងលុបស្រះជីកនៅក្នុងខេត្តរតនគិរី ផ្អាកការសាងសង់ប៉ុស្តិ៍យោធានៅស្រុកកោះធំ ខេត្តកណ្ដាល និងផ្អាកការសាងសង់ផ្លូវនៅស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង តាមការតវ៉ារបស់កម្ពុជា។
ទាក់ទងបញ្ហានេះ អនុប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា អ្នកស្រី កុយ ពិសី មានប្រសាសន៍ថា អ្នកស្រីមិនបានទទួលព័ត៌មានជុំវិញការលើកឡើងរបស់រដ្ឋាភិបាលវៀតណាម នេះនៅឡើយទេ។ យ៉ាងណាក៏ដោយ អ្នកស្រីបញ្ជាក់ថា ដរាបណាប្រទេសវៀតណាម ធ្វើការសាងសង់សំណង់រំលោភបំពានចូលទឹកដីកម្ពុជា នោះកម្ពុជា នឹងនៅតែបន្តការតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។