កម្ពុជា​ប្រកាស​ទទួល​យក​ជន​ភៀស​ខ្លួន​ខុស​ច្បាប់​ពី​អូស្ត្រាលី

0:00 / 0:00

រដ្ឋាភិបាល​កម្ពុជា ប្រកាស​ទទួល​យក​ជន​ភៀសខ្លួន​ទាំង​ឡាយ​ណា​ដែល​សមត្ថកិច្ច​អូស្ត្រាលី ឃាត់​ខ្លួន​នៅ​ពេល​ព្យាយាម​ធ្វើ​ដំណើរ​ខុស​ច្បាប់​ទៅ​សុំ​សិទ្ធិ​រស់​នៅ​ឯ​ប្រទេស​អូស្ត្រាលី។ មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ ស្វាគមន៍​រដ្ឋាភិបាល​កម្ពុជា ហើយ​សន្យា​នឹង​ផ្ដល់​ការ​គាំទ្រ​បន្ថែម​លើ​គម្រោង​នេះ ប្រសិនបើ​រដ្ឋាភិបាល​ត្រូវ​ការ​ជំនួយ។

លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស បាន​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ ទី​២៩ ថា រដ្ឋាភិបាល​កម្ពុជា បាន​យល់​ព្រម​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) កាល​ពី​ខែ​កុម្ភៈ ទទួល​យក​ជនភៀសខ្លួន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ឃុំឃាំង​នៅ​ពេល​ពួកគេ​ព្យាយាម​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី។ លោក​បន្ត​ថា ជា​គោលការណ៍ រដ្ឋាភិបាល​កម្ពុជា ទទួល​យក​សំណើ​របស់​អូស្ត្រាលី យោង​ទៅ​តាម​លក្ខខណ្ឌ​អន្តរជាតិ។

លោក អ៊ុច បូររិទ្ធ បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​ពិស្ដារ​ប្រាប់​អ្នកសារព័ត៌មាន​ឡើយ ប៉ុន្តែ​អះអាង​ថា ការ​យល់​ព្រម​ទទួល​យក​ជនភៀសខ្លួន​នេះ មិនមែន​ដើម្បី​ផ្លាស់ប្ដូរ​យក​ជំនួយ​ប្រទេស​អូស្ត្រាលី​ឡើយ។
ឧត្ដម​ស្នងការ​រង​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អ្នកស្រី ហ្វ្លារៀ ផានស៊េរី (Flavia Pansieri) កាល​ពី​ថ្ងៃ​ទី​២៩ មេសា នៅ​ក្នុង​ជំនួប​ជាមួយ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​សំដែង​ការ​គាំទ្រ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ហើយ​សន្យា​នឹង​គាំទ្រ​គម្រោង​រដ្ឋាភិបាល ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា ស្នើ​សុំ។ អ្នកស្រី​បញ្ជាក់​ថា តាម​រយៈ​ការ​ប្ដេជ្ញា​ចិត្ត​នេះ រដ្ឋាភិបាល​កម្ពុជា ពិត​ជា​បាន​យល់​ពី​កាតព្វកិច្ច​អន្តរជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សិទ្ធិ​មនុស្ស​កម្ពុជា សំដែង​ក្តី​បារម្ភ​ថា កម្ពុជា​មិន​ទាន់​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​យក​ជនភៀសខ្លួន​ទាំង​នោះ​រស់​នៅ​កម្ពុជា នៅ​ឡើយ​ទេ។

លោក អ៊ូ វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​អះអាង​ថា កន្លង​មក​រដ្ឋាភិបាល​កម្ពុជា មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ជន​ភៀស​ខ្លួន​មួយ​ចំនួន ដែល​​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​កម្ពុជា ហើយ​ជន​ភៀស​ខ្លួន​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​ប្រទេស​ដើម​កំណើត​វិញ៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ជនភៀសខ្លួន រដ្ឋាភិបាល​បរាជ័យ​ការពារ​សិទ្ធិ​របស់​ជន​ភៀស​ខ្លួន»

លោក អ៊ូ វីរៈ ក៏​បាន​រិះគន់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​មិន​អនុវត្ត​កាតព្វកិច្ច​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ជន​ភៀស​ខ្លួន។ លោក​បន្ត​ថា រដ្ឋាភិបាល​អូស្ត្រាលី ពិត​ជា​សន្យា​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា និង​ផ្ដល់​ជំនួយ​ផ្សេងៗ​ទៀត ប្រសិនបើ​ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ។

នាយករដ្ឋមន្ត្រី​ថ្មី​របស់​អូស្ត្រាលី លោក តូនី អេបបុត្រ (Tony Abbott) ដែល​បាន​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ​២០១៣ បាន​ប្រកាន់​គោលការណ៍​តឹងរ៉ឹង​ប្រឆាំង​ជន​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រកកោន​ពី​ប្រទេស​ម៉ាឡេស៊ី ដោយ​ប្ដេជ្ញា​បញ្ឈប់​រាល់​ការ​ប្រើប្រាស់​ទូក​ឆ្លង​សមុទ្រ​ចូល​មក​ទឹកដី​ប្រទេស​អូស្ត្រាលី។

ប្រទេស​អូស្ត្រាលី បាន​បង្កើត​មជ្ឈមណ្ឌល​ឃុំឃាំង​នៅ​ប្រទេស​ប៉ាពូញូវហ្គីណេ (Papua New Guinea) និង ណាវរូ (Nauru) ដើម្បី​ឃុំខ្លួន ជនភៀសខ្លួន​ទាំង​ឡាយ​ណា​ដែល​អាជ្ញាធរ​អូស្ត្រាលី ចាប់​បាន។ ជនភៀសខ្លួន​ភាគ​ច្រើន​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ទូក ដែល​មាន​សភាព​បាក់បែក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។